Filtrer par genre

ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្រ្តពិភពលោក

RFI ខេមរភាសា / Khmer

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន ទាំង​ដំណើររឿង​របស់​មនុស្សជាតិ ទាំង​ប្រវត្តិ​ចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល។

72 - ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz
0:00 / 0:00
1x
  • 72 - ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

    រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។

    Sergei Pavlovich Korolevកើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។Korolevបាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។

    ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀតKorolevបាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។Korolevត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់Andrei Tupolev(អ្នកបង្កើតយន្តហោះធុនTupolev)Sergei Korolevក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។

    នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​Korolev​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែតV2របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែតV2, Korolevក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែតV2​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។

    ចេញ​ពី​ម៉ូដែល​រ៉ុកកែតV2នេះKorolevបាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថាScudហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣Korolevបាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុនR-7ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។

    ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរR-7ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។

    R-7គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុនRD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុនRD-107)ចំនួន ១គ្រឿង។

    ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុនR-7គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែតR-7ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទKeroLoxពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។

    រ៉ុកកែតR-7ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណបSputnik។

    មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយKorolevនិង​ក្រុមការងារ​បាន​ប្រើ​រ៉ុកកែតR-7ដើម្បី​បាញ់បង្ហោះ​​យានអវកាស​ទីពីរ ទៅ​ក្នុង​គន្លង​តារាវិថី។ បេសកកម្មនេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថាSputnik-2​ដែល​នៅលើនោះ ​មានដឹកឆ្កែ​ឈ្មោះឡៃកាទៅជាមួយ ដោយ​ត្រូវ​បាន​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។

    ចាប់ពីពេលនោះមកKorolevនិង​ រ៉ុកកែតR-7បាន​សម្រេច​ជោគជ័យជាប្រវត្តិសាស្រ្ត​ជាច្រើន​ផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ការបញ្ជូន​យាន​គ្មានមនុស្ស​បើក​ទៅកាន់​ព្រះចន្ទ​ជាលើកទីមួយ ថតយករូបភាព​ពីផ្នែក​ម្ខាងទៀត​របស់ព្រះចន្ទ​ជាលើកទីមួយ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចេញ​ពី​ផែនដី សំដៅ​ទៅ​ហោះកាត់​ភពផ្សេងជាលើកទីមួយ គឺ​ភពសុក្រ និង​ចុងក្រោយ គឺ​ការ​បញ្ជូន​មនុស្ស​ទៅ​ក្នុង​ទីអវកាស​ជាលើកទីមួយ គឺ​បេសកកម្មVostokដឹក​អវកាសយានិក យូរី ហ្កាហ្ការីន ទៅ​ធ្វើ​ដំណើរ​ក្នុងគន្លង​តារាវិថី​មួយជុំផែនដី មុននឹង​វិលត្រឡប់​មក​ចុះលើ​ផែនដីវិញ​ដោយ​សុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។

    Korolevក៏​បាន​រៀបចំផែនការ​​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ផងដែរ ដើម្បី​​ប្រជែង​ជាមួយអាមេរិក ដោយ​ក្នុង​ផែនការ​នេះ Korolev គ្រោង​ផលិត​រ៉ុកកែត​ថ្មីស្រឡាង​មួយទៀត គឺ​រ៉ុកកែត​ធុនN-1ដែលគេអាច​និយាយបានថា ជា​គូប្រជែង​ជាមួយនឹង​រ៉ុកកែត​Saturn-Vរបស់​អាមេរិក និង​យានអវកាស​ធុន សូយូស (Soyuz) ដែល​ជា​គូប្រជែង​ជាមួយនឹង​យានអាប៉ូឡូ។

    ក៏ប៉ុន្តែ គម្រោង​រ៉ុកកែតN-1របស់​Korolevនេះ ត្រូវ​ជាប់គាំង​អស់រយៈពេល​ជាច្រើនឆ្នាំ រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៦៤ ទើបKorolev​បាន​ទទួល​​ភ្លើងខៀវ​ឲ្យ​ចាប់ផ្តើម​គម្រោង ដោយ​មក​ទល់​នឹង​ពេលនោះ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​ទីភ្នាក់ងារ​ណាសា​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​យ៉ាងពេញទំហឹង តាំង​ពីឆ្នាំ១៩៦១មកម៉្លេះ។

    ក្រៅពី​ចាប់ផ្តើម​យឺតជាង​អាមេរិក​​រហូតដល់​ទៅ​៣ឆ្នាំ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​សូវៀត​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដ៏ធំមួយទៀត គឺ​នៅ​ឆ្នាំ១៩៦៥ ត្រឹមតែ​មួយ​ឆ្នាំប៉ុណ្ណោះ ក្រោយ​ពី​គម្រោងរ៉ុកកែតN-1បាន​ទទួលភ្លើងខៀវពីរដ្ឋាភិបាលKorolevក៏​ធ្លាក់ខ្លួនឈឺ ដោយ​កើតជំងឺ​មហារីក ហើយ​ទទួលមរណភាព នៅ​ឆ្នាំ១៩៦៦។

    ក្រោយមរណភាព​របស់Korolevកម្មវិធីអវកាស​របស់​សូវៀត​ក៏​ត្រូវ​ជួបនឹង​បញ្ហា​ ហើយ​គម្រោង​ផលិតរ៉ុកកែតN-1ក៏​កាន់តែ​យឺតយ៉ាវ​ខ្លាំងឡើង ប្រជែង​មិនឈ្នះ​គម្រោងអាប៉ូឡូ​របស់​អាមេរិក ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ឆ្នាំ១៩៦៩។

    ៥ឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៧៤ សូវៀត​ក៏​បាន​សម្រេច​លុបចោល​គម្រោង​ផលិតរ៉ុកកែតN-1ដោយទុក​តែ​គម្រោងផលិតយានអវកាស​សូយូស ជាមួយនឹង​រ៉ុកកែតR-7ដែល​បន្សល់ទុក​ពី​សម័យ​Korolev។ រ៉ុកកែតR-7ដែល​ត្រូវ​បាន​គេ​យក​ទៅប្រើ​ជាប់ជាប្រចាំ នៅ​ក្នុង​វិស័យ​អវកាស​សូវៀត និង​បន្ទាប់មកទៀត វិស័យអវកាស​​​រុស្ស៊ី នៅក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត។

    នៅក្នុងរយៈពេល​ជាង ៦០ឆ្នាំ​កន្លងទៅនេះ រ៉ុកកែតR-7ត្រូវ​បានគេ​យក​ទៅ​កែលម្អ និង​ផលិត​ចេញ​ជា​ប្រភេទ​ផ្សេងៗគ្នា ពី​ជំនាន់មួយទៅជំនាន់មួយ ដោយ​រ៉ុកកែតR-7ជំនាន់​ចុងក្រោយ​បង្អស់ នៅតែ​ត្រូវ​បាន​គេ​បន្ត​ប្រើ​ជាប់ជាប្រចាំ​រហូត​មកទល់​នឹង​សព្វថ្ងៃ ហើយដែលត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា« Soyuz »

    គិតជាសរុប រ៉ុកកែត​ធុនR-7គ្រប់ជំនាន់​ រាប់ចាប់តាំង​ពីSputnik, Vostokរហូតមកដល់Soyuzបច្ចុប្បន្ន ធ្លាប់​ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​រហូតដល់​ទៅ​ជិត ២ពាន់ដង ពោលគឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​អាច​​បំពេញ​បេសកកម្ម​អវកាស​បាន​ច្រើន​ជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​​ ជាង ៥០ឆ្នាំ​ក្រោយ​មរណភាព​របស់Sergei Korolevរ៉ុកកែតSoyuzដែល​ជាប្រភេទ​មួយ​នៃ​រ៉ុកកែតR-7អាច​នឹង​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​វិស័យអវកាស​រុស្ស៊ី នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​តទៅមុខទៀត៕

    Sun, 02 Jul 2023
  • 71 - ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

    រ៉ុកកែត​ Ariane-5 គឺ​ជា​រ៉ុកកែត​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្រាជោគជ័យ​ខ្ពស់ ហើយ​ជា​គន្លឹះជួយ​ឲ្យ​អឺរ៉ុប​បាន​គ្រប់គ្រង​ទីផ្សារ​បាញ់បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ។ ក៏ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​នេះ កម្មវិធីរ៉ុកកែតអវកាស​របស់​អឺរ៉ុប​បាន​ឆ្លងកាត់​នូវ​បរាជ័យ​ជាច្រើន រហូត​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់ចោល។

    នៅក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ក្នុងពេល​ដែល​វិស័យអវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​កំពុង​បោះជំហាន​ទៅមុខយ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្គ្រាមត្រជាក់ នៅ​អឺរ៉ុប​ឯណេះវិញ វិស័យអវកាស​ត្រូវ​ជាប់គាំងទៅមុខមិនរួច ដោយ​ការព្យាយាម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ក្នុង​ក្របខណ្ឌ​អឺរ៉ុប ជាពិសេស គម្រោង​ផលិត​រ៉ុកកែត​អវកាស« Europa »ត្រូវ​ទទួល​បរាជ័យ។

    ស្ថិត​នៅ​ក្នុងស្ថានភាព​ជាប់គាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​អឺរ៉ុប​នេះ បារាំង តាមរយៈ​មជ្ឈមណ្ឌលអវកាស ដែល​ហៅ​ជា​ភាសា​បារាំង​ថាCentre nationale d’études spatialesហៅកាត់​ថាCNESក៏បាន​ផលិត​រ៉ុកកែតអវកាស​ផ្ទាល់​ខ្លួនឯង គឺ​រ៉ុកកែត​ធុនDimantដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកទីមួយ នៅ​ឆ្នាំ១៩៦៥។ តាមរយៈ​ជោគជ័យ​នេះ បារាំង​ក៏​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ទីបី បន្ទាប់​ពី​អាមេរិក និង​សូវៀត ក៏ប៉ុន្តែ រ៉ុកកែត​ធុនDiamantនេះ ក៏​នៅតែ​មិន​អាច​ជួយ​ឲ្យបារាំង និង​អឺរ៉ុប​មាន​ឯករាជ្យ​នៅ​ក្នុង​វិស័យ​អវកាស​បាននោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​រ៉ុកកែត​ធុនតូច អាច​ផ្ទុក​ទម្ងន់​បានត្រឹមប្រមាណ​ជា ២០០គីឡូក្រាម​តែ​ប៉ុណ្ណោះ ទៅ​គន្លង​តារាវិថី​ទាប (Low Earth Orbit) ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​ជាច្រើន​របស់​​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត​របស់​អាមេរិក។

    ហេតុដូច្នេះហើយ​បាន​ជា​​បារាំង​នៅតែ​បន្តព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​អឺរ៉ុប ដើម្បី​ឈាន​ទៅ​ផលិត​រ៉ុកកែត​ធុនធ្ងន់ផ្ទាល់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នកដទៃ។ គម្រោង​អវកាស​អឺរ៉ុប ដែល​បារាំង​ចង់ធ្វើ ដោយ​មាន​ប្រទេស ៣ ជា​ជំហរ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ចូលរួម ដោយសារ​តែ​​មើល​ឃើញ​ពី​បរាជ័យ​ក្នុងគម្រោង« Europa »កាលពីមុន។ ចំណែក​អង់គ្លេស​វិញ ក៏មិនសូវ​ជា​ចង់​ចំណាយលុយ​​លើ​គម្រោង​ផលិត​រ៉ុកកែត​ថ្មី ដោយសារ​តែ​រំពឹង​លើ​រ៉ុកកែត​របស់​ណាសា។

    ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល ជាមួយ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អាមេរិក ជុំវិញ​ការ​បាញ់បង្ហោះ​ផ្កាយរណប​អឺរ៉ុប ឈ្មោះSymphonie

    Symphonieគឺ​ជា​ប្រភេទ​ផ្កាយរណប​ទូរគមនាគមន៍ ដែល​ផលិតឡើង​ ក្នុង​គម្រោង​រួមគ្នា រវាង​បារាំង និង​អាល្លឺម៉ង់ ហើយ​ដែល​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថីGeostationnaryពោលគឺ ទៅដល់​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។ ដោយសារ​តែ​អឺរ៉ុប​មិនមាន​រ៉ុកកែត​ធុនធ្ងន់​អាច​បាញ់បង្ហោះ​ផ្កាយរណប​នេះ​បាន គេ​ក៏​​ត្រូវការ​ទៅ​ពឹងអាមេរិក​ ដែល​នៅ​ពេលនោះ គឺ​ជា​ប្រទេស​មួយគត់ នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​មាន​រ៉ុកកែត​អវកាស​ធុនធ្ងន់ មានសមត្ថភាព​អាច​បាញ់បង្ហោះ​ផ្កាយរណបSymphonie​នេះ​បាន។

    នៅពេលនោះ អាមេរិកយល់ព្រម​បាញ់បង្ហោះ​ផ្កាយរណបSymphonieឲ្យ​អឺរ៉ុប ក៏ប៉ុន្តែ ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌមួយ គឺ ​​ផ្កាយរណបនេះ ​អឺរ៉ុប​អាច​យក​ទៅប្រើប្រាស់​បានសម្រាប់​តែ​អឺរ៉ុប​ខ្លួនឯងតែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក ទៅធ្វើ​អាជីវកម្ម​​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​​​នោះទេ។ ការណ៍​ដែល​អាមេរិក​ដាក់លក្ខខណ្ឌ​បែបនេះ គឺ​ដើម្បី​ការពារ​ចំណែកទីផ្សារ​របស់ខ្លួន ពី​ការ​ប្រកួតប្រជែង​ពី​អឺរ៉ុប ក៏ប៉ុន្តែ សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​ការ​ដាស់ស្មារតី​ឲ្យ​ភ្ញាក់ខ្លួនថា ដើម្បី​អាច​មាន​នយោបាយ​អវកាស​ឯករាជ​ផ្ទាល់​ខ្លួនឯង អាច​ទាញយកផលចំណេញ​ពី​សក្តានុពល​វិស័យអវកាស​​ដោយ​ពេញលេញ​សម្រាប់​ខ្លួនឯង អឺរ៉ុប​ចាំបាច់​ត្រូវតែ​មាន​​​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯង។

    នៅទីបំផុត​ទៅ នៅ​​ឆ្នាំ១៩៧៣ បារាំង​ក៏បាន​ទទួល​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​​ចូល​រួម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ហើយគម្រោង​អភិវឌ្ឍ​រ៉ុកកែត​អារីយ៉ាន​ក៏​បាន​ចាប់កំណើតឡើង ដោយ​មាន​បារាំង​ជា​អ្នក​ចេញមុខ​រ៉ាប់រង​ការចំណាយច្រើន​ជាងគេ ​​ការគ្រប់គ្រង​គម្រោង​ផលិត​រ៉ុកកែត​អារីយ៉ាន​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយ​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែត​ក៏​​ស្ថិត​នៅ​ក្នុង​ទឹកដី​បារាំង គឺ​មជ្ឈមណ្ឌល​អវកាស​គូរូនៅ​ខេត្ត​ហ្គីយ៉ាន (ដែនដីនាយសមុទ្រ​របស់​បារាំង)។

    រ៉ុកកែត​អារីយ៉ាន​លើកដំបូង​បង្អស់ គឺAriane-1​ត្រូវ​បាន​គេ​ផលិត ​និង​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ​ នៅថ្ងៃទី២៤ ខែ​ធ្នូ​ ឆ្នាំ១៩៧៩។គិតជាសរុប ក្នុងរយៈពេល​ជាង ៤០​ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត​អារីយ៉ាន​​​ធ្លាប់​ត្រូវ​បាន​អភិវឌ្ឍ​ចេញ​ជា ៥​ជំនាន់​រួចមកហើយ ដោយ​ពី​មួយ​ជំនាន់ទៅមួយមួយជំនាន់ ត្រូវ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើបឡើងៗ​ គឺ​តាំង​ពី​Ariane-1រហូត​មក​ដល់Ariane-5

    Ariane-5ជា​ប្រភេទ​រ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសា​អង់គ្លេស​ថា«Heavy-lift space launch vehicul» (HLV) ពោលគឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជាមួយ​គ្នា​នឹង​រ៉ុកកែតFalcon 9របស់​ក្រុមហ៊ុនSpaceXនិង​រ៉ុកកែតLong March 5របស់ចិន។

    មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​កំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺ​ម៉ូទ័រ​ធុនVulcainប្រើឥន្ធនៈរាវ​ប្រភេទHydroLoxពោលគឺ អ៊ីដ្រូសែន និង​អុកស៊ីសែន​រាវ។ ​នៅ​អមសងខាង​កំណាត់ទីមួយ​នេះ ​មាន​ប៊ូស្ទ័រ​ (Booster) ចំនួន​ពីរ ប្រើ​ឥន្ធនៈរឹង (Solid fuel) ចំណែក​នៅ​កំណាត់ទីពីរវិញ គឺប្រើ​ម៉ូទ័រ​មួយគ្រឿង​ ធុនHM-7។​

    Ariane-5​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​បាន​ជាង ២០តោន ទៅកាន់​គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេស​ថា« Low-Earth Orbit » (LEO) គឺគន្លងតារាវិថី​ក្នុងចន្លោះ​ពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រ​ពីដី និង​ជាង ១០តោន សម្រាប់​គន្លង​តារាវិថីGeostationnaryដែល​ស្ថិត​នៅ​រយៈកម្ពស់​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។

    គិតចាប់តាំង​ពី​​ឆ្នាំ១៩៩៦​មកAriane-5ធ្លាប់ត្រូវបាន​គេ​បាន​គេ​បាញ់បង្ហោះ​​សរុប​ចំនួន ១១៦លើក ដោយ​នៅ​ក្នុងនោះ ជោគជ័យ ចំនួន ១១១លើក ពោលគឺ មាន​អត្រា​ជោគជ័យ​ដល់​ទៅ ៩៥%។ ជាមួយនឹង​សមត្ថភាព​ក្នុងការ​បាញ់បង្ហោះ​ផ្ការយណបច្រើន​គ្រឿង​យក​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ក្នុងរយៈកម្ពស់​ខុសៗគ្នា នៅ​ក្នុង​ការ​បាញ់បង្ហោះ​តែមួយ រ៉ុកកែតAriane-5ជារ៉ុកកែត​ដ៏ជោគជ័យបំផុត​មួយ នៅ​ក្នុង​ទីផ្សារ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប​ឯកជន ដោយ​ធ្លាប់​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​រហូតដល​់ទៅ​ ៥០% ទៅ ៦០% ឯណោះ នៅមុនពេល​មានការប្រកួតប្រជែង​ពី​រ៉ុកកែតFalcon 9របស់​ក្រុមហ៊ុនSpaceX

    ក្រៅពី​ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណបAriane-5ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ បេសកកម្ម​អវកាស​ធំៗ​ជាច្រើន​ផងដែរ រួមមានទាំង​ការ​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប កាល​ពីឆ្នាំ២០២១ ​ក៏ដូចជា ការ​បាញ់បង្ហោះ​យានរ៉ូហ្សេតា(Rosetta) កាល​ពីឆ្នាំ២០០៤ ដើម្បី​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ។

    នៅថ្ងៃទី១៦​មិថុនា​ឆាប់ៗ​ខាងមុខ​នេះAriane-5នឹង​ត្រូវ​គេ​បាញ់បង្ហោះ​ជាលើកទី ១១៧ និង​ជាលើកចុងក្រោយ​បង្អស់ មុននឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍ ហើយ​ជំនួស​មកវិញ ដោយ​Arianeជំនាន់​ថ្មី​មួយទៀត ដែល​រឹតតែ​ទំនើប​ជាងមុន គឺAriane-6

    Sun, 11 Jun 2023
  • 70 - ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

    ក្រោយពី​ទទួល​​ជោគជ័យ​​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ក្នុង​គម្រោង​អាប៉ូឡូ ទីភ្នាក់ងារ​ណាសា ដែល​កញ្ចប់​ថវិកា​ត្រូវ​កាត់បន្ថយ​ច្រើន ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ផលិត​រ៉ុកកែត Saturn V ហើយ​ងាកមក​ផ្តោត​លើ​គម្រោង​ថ្មី គឺ​យាន​ចម្លង​អវកាស (Space Shuttle) ក្នុងគោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូនអវកាសមួយ ដែល​អាច​ប្រើ​បាន​ច្រើន​ដង ហើយ​មាន​តម្លៃ​ថោកជាង​រ៉ុកកែត​ក្នុងគម្រោង​អាប៉ូឡូ។ 

    នៅឆ្នាំ១៩៦៩ នៅពេលដែលNiel ArmstrongនិងBuzz Aldrin​ឈានជើង​ជាន់ដី​ព្រះចន្ទ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួលជោគជ័យ ក្នុង​ការប្រជែង​អវកាស ដោយ​យក​ឈ្នះ​លើ​សហភាព​សូវៀត ហើយ​ក្នុងពេល​ជាមួយគ្នា កម្មវិធី​អាប៉ូឡូ ដែល​ត្រូវ​បាន​គេ​បង្កើតឡើងមក​ក្នុង​គោលដៅចម្បង​ ដើម្បី​​ប្រណាំង​ប្រជែង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ ក៏​ត្រូវ​ឈាន​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ។

    ជាមួយនឹង​នឹង​កញ្ចប់​ថវិកា​ដែល​ត្រូវ​កាត់បន្ថយ​ដោយ​សភា​អាមេរិក ទីភ្នាក់ងារ​ណាសា​ក៏​បាន​ងាកចេញ​ពី​រ៉ុកកែត Saturn V នៃ​គម្រោង​អាប៉ូឡូ ទៅបង្កើត​គម្រោង​ថ្មី​មួយទៀត គឺ​យានចម្លងអវកាស (Space Shuttle)។  គោលគំនិត​ចម្បង នៃ​គម្រោង​​យានចម្លង​អវកាស​នេះ គឺ​ចង់​ជំនួស​ការប្រើ​រ៉ុកកែត ដែល​បាញ់បានតែម្តង ហើយ​ត្រូវ​បោះចោល ដែល​ត្រូវ​ចំណាយលុយច្រើន ដោយ​ការប្រើ​​​រ៉ុកកែត និង​យាន​អវកាស ដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​​អាច​កាត់បន្ថយ​ការ​ចំណាយ នៅ​ក្នុង​​​ការធ្វើ​ដំណើរ​ទៅក្នុង​ទីអវកាស​។

    Space Shuttleនៅ​ក្នុង​គម្រោង​ថ្មី​នេះ មានទម្រង់​ជា​កូនកាត់ គឺ​ពាក់កណ្តាល​ជាយន្តហោះ និង​ពាក់កណ្តាល​ជា​រ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសា​ហៅជាភាសាអង់គ្លេស​ថា« Orbiter »មាន​ស្លាប និង​មាន​កង់ ដែល​អាច​ចុះចត​​ដូច​យន្តហោះ ក៏ប៉ុន្តែ នៅលើ​យាន​នេះ មាន​ម៉ូទ័រ​ចំនួន ៣គ្រឿង ដែល​ជា​ប្រភេទ​ម៉ូទ័ររ៉ុកកែតអវកាស ធុនRS-25សម្រាប់​ប្រើ​នៅពេល​បាញ់បង្ហោះ​យាន​ចេញ​ពី​ដី។

    នៅពេល​បាញ់ចេញ​ពីដីSpace Shuttleត្រូវ​ភ្ជាប់​ជាមួយ​នឹង​ធុងឥន្ធនៈ​ដ៏ធំមួយ​នៅ​កណ្តាល ដែល​មាន​ផ្ទុក​អុកស៊ីសែន និង​អ៊ីដ្រូសែន​រាវ សម្រាប់​ម៉ូទ័រRS-25ទាំង ៣គ្រឿង ហើយ​នៅ​អមសងខាង​ធុងឥន្ធនៈ​នេះ មាន​ភ្ជាប់​​ប៊ូស្ទ័រ​ចំនួន​ពីរ ដែល​​ជា​ប្រភេទ​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈ​រឹង (Solid fuel)។ ម៉ូទ័រRS-25ទាំង៣គ្រឿង បូករួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង​សងខាង​របស់Space Shuttleនេះ បង្កើត​ជា​កម្លាំងរុញ​សរុប​ជាង ៣០​មេហ្កាញូតុន (កម្លាំងខ្លាំងជាងFalcon Heavyរបស់​ក្រុមហ៊ុនSpaceXបច្ចុប្បន្ន​នេះ​ទៅទៀត) ហើយ​អាច​ផ្ទុក​ទម្ងន់​​បាន​ជាង ២៤តោន ទៅ​ដល់​គន្លង​តារាវិថី​ទាប (Low Earth Orbit)។

    ក្រោយ​ពី​បាញ់ចេញ​ពីដី ប៊ូស្ទ័រ​ទាំងពីរ អាច​មាន​ដំណើរការ​រយៈពេល ២នាទី ទើប​អស់​ឥន្ធនៈ ហើយ​ត្រូវ​ផ្តាច់ខ្លួន​ចេញ មុននឹង​បើកឆ័ត្រយោង​​ទម្លាក់​ខ្លួនសន្សឹមៗ​​ទៅ​លើ​ទឹកសមុទ្រ ដោយ​មាន​នាវា​នៅ​រង់ចាំ ដើម្បី​ស្រង់​ចេញ​ពី​ទឹក យក​ទៅ​​ជួសជុល​កែលម្អ ទុកប្រើ​នៅពេល​ក្រោយ។

    ចំណែក តួយាន ឬOrbiterឯណោះវិញ​ ម៉ូទ័រRS-25ទាំង ៣គ្រឿង​ អាច​មាន​ដំណើរការ​រហូតដល់​ទៅ ៨​នាទី​​ឯណោះ ពោលគឺ រហូតទាល់តែ​អាច​ធ្វើ​ដំណើរ​ទៅដល់​ក្នុង​គន្លង​តារាវិថី ទើប​ប្រើ​អស់​ឥន្ធនៈ ហើយ​ធុងឥន្ធនៈ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពី​​តួយាន។

    ក្រោយ​ពី​បញ្ចប់​បេសកកម្ម, តួយាន (Orbiter) ដែល​មាន​ស្រោបជុំវិញ​ទៅ​ដោយ​ខែល​ការពារ​កម្តៅ ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ ដើម្បី​សំដៅ​ទៅ​ចុះចត​នៅ​ទីតាំងដើមវិញ គឺ​​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា​នៅCape Canaveralរដ្ឋ​ផ្លរីដា​។

    យានចម្លង​អវកាស​ឈ្មោះ Columbiaត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយ​បាន​ដឹកអវកាស​យានិក​ចំនួន ២រូប ទៅ​ក្នុង​គន្លង​តារាវិថី មុននឹង​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​សុវត្ថិភាព ពីរថ្ងៃក្រោយ​មក​ទៀត។

    រាប់ចាប់តាំង​ពី​ពេលនោះមក រហូត​មកទល់​នឹង​ឆ្នាំ២០១១Space Shuttleចំនួន ៥គ្រឿង ត្រូវ​បាន​គេ​ផលិត និង​ដាក់​ឲ្យប្រើប្រាស់ គឺ​Columbia, Challenger, Discovery, AtlantisនិងEndeavourដោយ​យាន​ទាំង ៥គ្រឿងនេះ បាន​បំពេញ​បេសកកម្ម​ទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី គិត​ជាសរុប​ចំនួន ១៣៥​លើក ក្នុងនោះ រួមមាន​ទាំង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប បេសកកម្មបង្ហោះ​ និង​ជួសជុលថែទាំ​តេឡេស្កុបអវកាស​ហឺបល បេសកកម្ម​ដំឡើង​ស្ថានីយ៍អវកាសអន្តរជាតិ ក៏​ដូចជា បេសកកម្ម​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជាតិ។

    ក៏ប៉ុន្តែ ជាមួយនឹង​ជោគជ័យ​នេះ Space Shuttle​ក៏​បាន​ឆ្លង​កាត់​នូវ​បរាជ័យ​ដ៏​ចម្បង​ចំនួន​ពីរ​លើក​ផងដែរ គឺ​ការផ្ទុះ​Challengerនៅ​ឆ្នាំ​១៩៨៦ និងការផ្ទុះColumbiaនៅឆ្នាំ២០០៣ ដែលបណ្តាល​ឲ្យ​អវកាសយានិក​សរុប ១៤រូប ត្រូវ​បាត់បង់​ជីវិត។

    នៅ​ឆ្នាំ២០០៤ មួយឆ្នាំ​ក្រោយ​ការផ្ទុះColumbiaលោក​ប្រធានាធិបតី​អាមេរិក ចច ដាបិលយូ ប៊ូស ក៏​បាន​សម្រេច​​ថា ​នឹង​ដាក់​Space Shuttle​ឲ្យ​ចូល​និវត្តន៍ ​នៅ​ក្រោយ​ពេល​ដែល​បេសកកម្ម​ចុងក្រោយ គឺ​​ការដំឡើង​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់។ គម្រោងSpace Shuttle​ត្រូវ​បានប​ញ្ចប់ ជាមួយ​នឹង​ការ​ហោះហើរ​លើកចុងក្រោយ​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែល​ទីភ្នាក់ងារ​ណាសា លែងមាន​​រ៉ុកកែត និង​យាន​អវកាស សម្រាប់​ដឹកអវកាសយានិក​ដោយខ្លួនឯង ដោយ​រាល់​ការ​បញ្ជូន​សម្ភារៈ និង​អវកាសយានិក ទៅ​កាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត និង​យានអវកាស​​ធុន​សូយូស (Soyuz) របស់​រុស្ស៊ី រហូតមកទល់​នឹង​ឆ្នាំ​២០២០​កន្លងទៅ ក្រោយ​ពី​​ការដាក់​ឲ្យ​ដំណើរការយានCrew Dragonនិង​រ៉ុកកែតFalcon 9របស់​ក្រុមហ៊ុន​SpaceX

    Sat, 27 May 2023
  • 69 - រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់​នៃ​បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប

    រ៉ុកកែត​អវកាស (ក៏ដូចជា​​រ៉ុកកែត​​យោធា) មាន​ឫសគល់​​​ចេញ​ពី​ការរកឃើញ​រំសេវ និង​កាំជ្រួច​បាញ់​ជាការកម្សាន្ត នៅ​​ចិន​សម័យបុរាណ ហើយ​មាន​​​មូលដ្ឋាន​វិទ្យាសាស្រ្ត ពី​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​រ៉ុកកែត​សម័យទំនើប ដែល​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ មាន​ឫសគល់​ចេញ​ពី​អាវុធ​ដ៏​សំខាន់​មួយ របស់​អាល្លឺម៉ង់​ណាស៊ី ក្នុង​សម័យ​សង្គ្រាម​លោក​លើកទីពីរ គឺ​រ៉ុកកែត ដែល​គេ​ឲ្យឈ្មោះ​ថា V-2​ រចនាឡើង​ដោយ​វិស្វកររ៉ុកកែត​ដ៏ល្បី​របស់​អាល្លឺម៉ង់ គឺ Wernher von Braun។

    Wernher von Braunកើត​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូល​​ស្តុកស្តម្ភ​មួយ​ នៅ​អាល្លឺម៉ង់។ ​ជាក្មេង ដែល​ពីដំបូង​មិន​សូវ​ជា​រៀន​ពូកែ​ប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែ​ខាង​មុខវិជ្ជា​វិទ្យាសាស្រ្ត គឺ​គណិតវិទ្យា និង​រូបវិទ្យា ក៏ប៉ុន្តែ ជា​ក្មេង​ដែល​​ដក់ចិត្តខ្លាំង​ទៅលើ​ផ្នែក​អវកាស និង​តារាសាស្រ្ត។

    ចំណុចរបត់ចម្បង​​ ដែល​នាំvon Braun​ទៅ​រក​ដំណើរជីវិត​ជា​អ្នក​វិទ្យាសាស្ត្រ គឺ​កើតឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ១៩២៥។ នៅ​ពេល​នោះvon Braunដែល​មាន​វ័យ ១៣ឆ្នាំ បាន​អាន​សៀវភៅមួយក្បាល​​និពន្ធ​ដោយ​​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់​​មួយរូប ដែល​ត្រូវបានគេ​ចាត់បញ្ចូល​ទៅក្នុង​ចំណោម​បិតាស្ថាបនិក​ទាំង៣រូប នៃ​វិទ្យាសាស្រ្ត​រ៉ុកកែត គឺHermann Oberth។ សៀវភៅ​​នេះ​និយាយ​អំពី​​ចក្ខុវិស័យ​ក្នុងការប្រើ​រ៉ុកកែត នៅ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់ទីអវកាស ដែលជាប្រធានបទ​ត្រូវនឹង​ចំណង់ចំណូលចិត្ត​របស់von Braunក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មាន​ចំណុច​បច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារ​តែvon Braun​មិនសូវពូកែ​ខាង​រូបវិទ្យា និង​គណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែលvon Braunចាប់ផ្តើម​យកចិត្ត​ទុកដាក់ ប្រឹងប្រែង​រៀនសូត្រ​ រហូត​បាន​ក្លាយ​ជា​សិស្សឆ្នើម​មួយរូប​នៅ​សាលារៀន។

    Von Braunបាន​រៀនចប់​ថ្នាក់​វិស្វករខាង​​មេកានិក ហើយ​បន្ត​ការសិក្សា​រហូត​បាន​បញ្ចប់​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត ពី​​សកលវិទ្យាល័យ​ក្រុងប៊ែរឡាំង។ ​ក្នុង​ពេល​ជាមួយគ្នាvon Braunក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ នៅ​ក្នុង​ក្រុមសិក្សាស្រាវជ្រាវ​ខាង​រ៉ុកកែត ជាពិសេស គឺ​បាន​ទៅធ្វើ​ជា​ជំនួយការ​ឲ្យ​Hermann Oberthនៅ​ក្នុង​ការ​ស្រាវជ្រាវ និង​ពិសោធន៍ ទៅលើ​ម៉ូទ័រ​រ៉ុកកែត ដែល​ប្រើ​ឥន្ធនៈរាវ (Liquid-fuel)។

    គិតត្រឹម​ចុងឆ្នាំ១៩៣៤ ក្រុមការងារ​របស់von Braunបាន​ផលិត និង​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នូវរ៉ុកកែត​​ប្រើ​ឥន្ធនៈរាវ​ចំនួន​ពីរដើម ដែល​អាច​ហោះឡើង​ទៅដល់​រយៈកម្ពស់ ២៤០០ម៉ែត្រ​ពីដី ដែល​ជា​រយៈកម្ពស់​មួយ​ដ៏ខ្ពស់​ សម្រាប់​បច្ចេកវិទ្យារ៉ុកកែត ក្នុងសម័យកាល​នោះ។ ក៏ប៉ុន្តែ គិតមកទល់នឹង​ពេលនោះ អាល្លឺម៉ង់​ ដែល​ស្ថិត​ក្រោម​​កាន់​អំណាច​របស់​ហ៊ីត្លែរ បាន​ហាមឃាត់​​​ការ​សិក្សា និង​សាកល្បង​រ៉ុកកែត​ជាលក្ខណៈ​ឯកជន​ ដោយគ្រប់គម្រោង​សិក្សាស្រាវជ្រាវ​លើ​រ៉ុកកែត​ទាំងអស់​ ត្រូវ​ដាក់​​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព ហើយ​ប៉ុន្មានឆ្នាំក្រោយមកទៀត នៅ​ក្នុង​ពេល​ដែល​ពិភពលោក​​កំពុង​ឆាបឆេះ​ដោយ​សង្គ្រាម (​សង្គ្រាម​លោក​លើកទី២)von Braun​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យដឹកនាំ​ក្រុមស្រាវជ្រាវ​ដ៏ធំមួយ​របស់​កងទ័ព​អាល្លឺម៉ង់។ គោលដៅ គឺ​យកបច្ចេកវិទ្យារ៉ុកកែត ទៅផលិត​ជា​អាវុធ ដើម្បី​ប្រើ​នៅ​ក្នុង​សង្គ្រាម​ ហើយ​អាវុធ​ ដែល​von Braunផលិតបាន ​សម្រាប់​កងទ័ព​អាល្លឺម៉ង់​នៅពេលនោះ គឺ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះថាV-2

    រ៉ុកកែតV-2​នេះជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ មានប្រវែង ១៤ម៉ែត្រ​ ទម្ងន់​​តួ​រ៉ុកកែត ១៣តោន ផ្ទុក​ក្បាលគ្រាប់​ទម្ងន់​ជិត​១តោន ហើយ​អាច​​បាញ់ឡើងទៅលើ​​ដល់​រយៈកម្ពស់​រហូត​ដល់​ទៅ​ជាង ១៧០គីឡូម៉ែត្រ​ពីដី ពោលគឺ​ជា​រ៉ុកកែត​ដំបូងបង្អស់ ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​ធ្វើដំណើរ​ចេញ​ផុត​ពីស្រទាប់​បរិយាកាស​ផែនដី ចូល​ទៅដល់​ក្នុង​លំហអវកាស។

    រ៉ុកកែតV-2ត្រូវ​បាន​បាញ់សាកល្បង​ដោយជោគជ័យ​ជាលើកដំបូង នៅ​ឆ្នាំ១៩៤២ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ នៅ​ឆ្នាំ១៩៤៤ ដោយ​ប្រើ​ជាលើកដំបូងបង្អស់ វាយប្រហារ​ទៅលើ​ទីក្រុង​ប៉ារីស នៅខែកញ្ញា ឆ្នាំ១៩៤៤ គឺ ៣ខែក្រោយ​ពី​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​វាយលុកចូល​រំដោះប្រទេស​បារាំង តាមឆ្នេរ​Normandie

    នៅពេល​ដែល​សង្គ្រាម​លោកលើកទី២​ឈាន​ចូល​ដល់​ទីបញ្ចប់ ហើយ​អាល្លឺម៉ង់​ត្រូវ​ចាញ់​សង្គ្រាម ទាំងសហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​សូវៀត សុទ្ធតែ​បាន​ប្រជែងគ្នា​ចូល​កាន់កាប់​ទីតាំង​ស្រាវជ្រាវ និង​ផលិត​រ៉ុកកែតV2 រឹបអូសយក​ប្លង់​រ៉ុកកែត ក៏ដូចជា តួរ៉ុកកែត ដែល​នៅ​សេសសល់​មិនទាន់​ប្រើ ដើម្បី​យក​ទៅ​សិក្សា​លម្អិត អំពី​បច្ចេកវិទ្យា​របស់​វា។ ក៏ប៉ុន្តែ អ្វីដែល​កាន់តែ​សំខាន់​ជាង​រ៉ុកកែត និង​ប្លង់​រ៉ុកកែត​នេះ​ទៅទៀត គឺ​ខួរក្បាល ដែល​​នៅពីក្រោយ​​ការ​រចនា និង​ផលិតរ៉ុកកែត គឺWernher von Braun

    នៅដើម​ឆ្នាំ១៩៤៥ នៅពេល​ដែល​កងទ័ព​សូវៀត​វាយលុក​ចូល​ជិតដល់Peenamündeដែល​ជា​​​ទីតាំង​ស្រាវជ្រាវ និង​ផលិត​រ៉ុកកែតV2 von Braunនិង​ក្រុមស្រាវជ្រាវ​​បានសម្រេច​គ្នាថា ពួកគេ​​​​​សុខចិត្ត​ចុះចូល​ប្រគល់​ខ្លួន​ឲ្យ​អាមេរិក​ជាជាង​សូវៀត ដូច្នេះ ក៏​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពីPeenamündeហើយ​ប៉ុន្មានខែក្រោយ​មក​ទៀត ​បាន​ប្រគល់​ខ្លួន​ឲ្យ​កងទ័ព​អាមេរិក នៅ​ខែ​ឧសភា​ឆ្នាំ១៩៤៥។

    ទៅដល់​អាមេរិកvon Braun​ព្រមជាមួយ​នឹង​ក្រុមការងារ​ស្រាវជ្រាវ​រ៉ុកកែតV2រាប់រយនាក់ បាន​បន្តការងារ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​រ៉ុកកែត​ជា​បន្ត​ទៅទៀត ដោយ​ពីដំបូងvon Braunត្រូវ​បាន​តែងតាំង​ឲ្យ​​​ធ្វើ​​ជា​ប្រធាន​គម្រោង​អភិវឌ្ឍ​មីស៊ីល​បាលីស្ទិក​​ឲ្យ​កងទ័ព​អាមេរិក ហើយ​នៅ​ក្នុង​គម្រោង​នេះvon Braun​បាន​យក​បច្ចេកវិទ្យារ៉ុកកែតV2ទៅ​ផលិត​ជា​មីស៊ីល​​ថ្មីមួយទៀត គឺ​មីស៊ីល​ឈ្មោះRedstoneដែល​ជា​មីស៊ីល​​បាលីស្ទិក​លើកដំបូង​របស់​អាមេរិក និង​ជា​មីស៊ីល​ដំបូងបង្អស់​របស់​អាមេរិក​ ដែល​ត្រូវ​បាន​បាញ់​ដោយ​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ។

    Von Braunនិង​ក្រុមការងារ​ពីPeenamündeក៏​បាន​យក​បច្ចេកវិទ្យា​រ៉ុកកែតV2ទៅ​ផលិត​ជា​រ៉ុកកែត សម្រាប់​ប្រើ​ក្នុង​វិស័យ​អវកាស​ផងដែរ គឺ​រ៉ុកកែត​ឈ្មោះJunoដែល​ត្រូវ​បាន​ប្រើ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​របស់​អាមេរិក គឺ​ផ្កាយរណប​ឈ្មោះExplorer-1បាញ់បង្ហោះ​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ជាការឆ្លើយតប​នឹង​ការ​បាញ់បង្ហោះ​ផ្កាយរណបSputnikរបស់​សូវៀត កាល​ពី​ ៤ខែមុន។

    នៅ​ឆ្នាំ១៩៦០​Wernher von Braun​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​កងទ័ព ឲ្យ​ទៅ​ធ្វើការ​​នៅ​​ទីភ្នាក់ណាសា​ ដោយ​នៅទីនោះvon Braunត្រូវ​បាន​តែងតាំង​ជា​នាយក​មជ្ឈមណ្ឌលស្រាវជ្រាវ​ដ៏ធំមួយ​ឈ្មោះMarshall Space Flight Centerនិង​ជា​អ្នក​ទទួលខុសត្រូវ​ដឹកនាំ​គម្រោង​ផលិត​រ៉ុកកែតអវកាស​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិនៃ​​វិស័យអវកាស គឺ​រ៉ុកកែតSaturn Vដែល​អាមេរិក​ប្រើ ក្នុងការ​​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ជាលើកដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ គឺ​​បេសកកម្ម​អាប៉ូឡូ​ទី១១ នៅ​ឆ្នាំ១៩៦៩។

    ដូច្នេះ សរុបជារួមមកវិញ រ៉ុកកែតV2របស់​អាល្លឺម៉ង់​ក្នុងសម័យសង្គ្រាម​លោកលើកទី២គឺ​ជា​ឫសគល់រួម​ ​នៃ​បច្ចេកវិទ្យា​​រ៉ុកកែត​ទាំងពីរ​ប្រភេទ​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន៖ ទីមួយ មីស៊ីល​បាលីស្ទិក​ ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ជា​អាវុធ​ប្រល័យលោក និង​មួយទៀត រ៉ុកកែតអវកាស ដែល​ប្រើ​ក្នុងការ​​ធ្វើ​ដំណើរទៅ​ក្នុងទីអវកាស ហើយ​​ជួយ​ឲ្យ​មនុស្ស​យើង​អាច​ពង្រីក​ចំណេះដឹង​ទៅលើ​ចក្រវាល៕

    Mon, 03 Apr 2023
  • 68 - ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់​ដើមសតវត្សរ៍ទី២០

    បច្ចេកវិទ្យារ៉ុកកែត​បច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និង​រ៉ុកកែតយោធា មានគោលការណ៍គ្រឹះ​ចេញ​ពីទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​អង់គ្លេស​នៅ​សតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើ​ តាំង​ពី​រាប់រយឆ្នាំ​មុន​អ៊ីសាក់ ញូតុន ទៅទៀត។ ​រ៉ុកកែត​ដំបូង​គេ ដែល​គេ​អាច​បញ្ជាក់បាន​តាមរយៈឯកសារ​ប្រវត្តិសាស្រ្ត គឺ​មាន​ដើមកំណើត​ចេញ​ពី​ចិន​សម័យបុរាណ។

    ដំណើររឿង​ចាប់ផ្តើម​ឡើង នៅ​ក្នុងអំឡុង​ពាក់កណ្តាល​​​សតវត្សរ៍​ទី៩ ហើយ​មិនមែន​កើតឡើង​ចេញ​ពីការសិក្សា​ពាក់ព័ន្ធ​នឹង​រ៉ុកកែត​នេះទេ ក៏ប៉ុន្តែ ​កើតឡើង​ដោយ​ចៃដន់​ចេញ​ពី​ពិសោធន៍​ទៅលើ​រឿងផ្សេងពីគ្នា​ដាច់ស្រឡះ។

    នៅ​ក្នុង​អំឡុង​ពេលនោះ មានរាជគ្រូចិន​ ដែល​​​ឈ្មោះ​ត្រូវ​បាត់ដាន​​​ប្រវត្តិសាស្រ្ត​​ទៅហើយ​ បាន​ធ្វើ​ពិសោធន៍ស្វែងរក​ថ្នាំ​ទិព្វ​ផ្តល់​ជីវិតអមតៈ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ផ្សំគ្រឿងធ្វើ​ពិសោធន៍​នេះ ក៏ស្រាប់​តែ​ផ្សំ​ចេញ​បាន​ជា​ម្សៅម្យ៉ាង​ដែល​មាន​ចំហេះ​យ៉ាង​ខ្លាំង ឆាប​ឆេះរលាក​ទាំងខ្លួន​អ្នក​ធ្វើ​ពិសោធន៍ ហើយ​រហូត​ដល់​ឆេះទាំង​កន្លែងធ្វើ​ពិសោធន៍។  នោះ​គឺ​ជា​ការរកឃើញ​ដោយ​ចៃដន់​​នូវ​ម្សៅផ្ទុះ ឬ​រំសេវ ជាលើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត។

    កាល​ពីដំបូង ចិន​នៅមិនទាន់​យករំសេវ​នេះ​ទៅប្រើ​ធ្វើ​ជា​គ្រឿងផ្ទុះ​​​ប្រើ​ក្នុង​វិស័យ​កងទ័ព​​នៅឡើយទេ គឺ​ប្រើ​ធ្វើ​ត្រឹមជា​កាំជ្រួច សម្រាប់​ដុត​លេង​ជា​ការ​​កម្សាន្ត​តែ​ប៉ុណ្ណោះ។ រហូត​ទាល់តែ​ដល់​អំឡុងសតវត្សរ៍​ទី១២ និង​ទី១៣ ក្នុង​រាជវង្ស​សុង ទើប​ចិនយក​​រំសេវ​ធ្វើ​ជា​កាំជ្រួចភ្ជាប់​ជាមួយព្រួញភ្លើង ដើម្បី​ប្រើ​នៅ​ក្នុង​សមរភូមិ ជាពិសេស ប្រើ​​ចាប់ពី​ឆ្នាំ១២៣២ ក្នុង​អំឡុង​សង្គ្រាម​ទល់​នឹង​ពួក​ម៉ុងហ្គោល។

    ជាការពិត​ថា រវាង​រ៉ុកកែត​សម័យទំនើប និង​កាំជ្រួចបាញ់លម្អកម្សាន្ត​របស់​ចិន​សម័យបុរាណ​នោះ បច្ចេកវិទ្យា​មានគម្លាតគ្នា​យ៉ាង​ដាច់​​ឆ្ងាយ ក៏ប៉ុន្តែ វា​មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​លើ​គោលការណ៍​គ្រឹះ​តែមួយដូចគ្នា៖ រំសេវ​នៅ​ក្នុង​កាំជ្រួច​ដើរតួនាទី​ជា​ឥន្ធនៈ ប្រៀបបាន​ទៅនឹង​ឥន្ធនៈ​រឹង (Solid Fuel) របស់​រ៉ុកកែត​សម័យ​ទំនើប​ដែរ ហើយ​ប្រតិកម្ម​ចំហេះ​បង្កើត​ឡើង​ដោយ​រំសេវ​ វា​បង្កើត​ឲ្យ​មាន​ជាលំហូរឧស្ម័ន ក្នុង​សីតុណ្ហភាព​យ៉ាងខ្ពស់ និង​ល្បឿន​យ៉ាងលឿន ​ចេញ​ពី​តួរ៉ុកកែត​ចាក់ចុះ​ទៅ​ខាង​ក្រោម រួចហើយ​បង្កើត​ជា​កម្លាំង​រុញ​រ៉ុកកែត​ឲ្យ​ឡើង​ទៅលើ ទៅតាម​គោលការណ៍ ដែល​ប៉ុន្មាន​សតវត្សរ៍​ក្រោយមក​ទៀត​ត្រូវ​បាន​បង្កើត​ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត ដោយ ​អ៊ីសាក់ ញូតុន។

    ចាប់ពី​អំឡុងសតវត្សរ៍​ទី១៦ រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែទូលំទូលាយ នៅ​ក្នុង​វិស័យ​កងទ័ព ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​រីកសាយភាយ​រហូត​ទៅដល់​​​តំបន់​អឺរ៉ុប។ ​នៅ​អឺរ៉ុប ​បច្ចេកវិទ្យា​រ៉ុកកែត​បានឆ្លងកាត់​នូវការ​អភិវឌ្ឍ​​ជឿនលឿន​ ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត​បន្សល់ទុក​ពី​ចិន​សម័យបុរាណ ឆ្ពោះទៅរក​បច្ចេកវិទ្យា​រ៉ុកកែត​សម័យ​ទំនើប ដោយ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុកកែត​នេះ​ត្រូវ​បាន​ធ្វើឡើង ទាំង​តាមរយៈ​ការរកឃើញទ្រឹស្តី​វិទ្យាសាស្រ្ត​ ដោយ​អ្នក​ប្រាជ្ញ​សំខាន់ៗ​មួយ​ចំនួន ទាំង​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​​ជាមូលដ្ឋាន​​ ជាពិសេស កាលីលេ និង អ៊ីសាក់ ញូតុន ក៏ដូចជា អ្នកវិទ្យាសាស្រ្ត​ជំនាញ​ខាង​បច្ចេកវិទ្យា​រ៉ុកកែត​ដោ​យផ្ទាល់។

    ទាក់ទងនឹងជំនាញ​រ៉ុកកែត​នេះ មានអ្នកវិទ្យាសាស្រ្តចំនួន ៣រូប ដែល​ជាទូទៅ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី Konstantin Tsiolkovsky អ្នកវិទ្យាសាស្រ្តអាមេរិកRobert Goddardនិង​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់ ដើមកំណើតរូម៉ានីHermann Oberth៕

    Mon, 27 Mar 2023
Afficher plus d'épisodes