Podcasts by Category

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

RFI ខេមរភាសា / Khmer

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

504 - អឺរ៉ុបមិនរំពឹង​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ​ពី​នយោបាយការបរទេសរបស់​លោក ត្រាំ
0:00 / 0:00
1x
  • 504 - អឺរ៉ុបមិនរំពឹង​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ​ពី​នយោបាយការបរទេសរបស់​លោក ត្រាំ

    បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិក​ពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មី​ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស លោក ដូណាល់ ត្រាំ អាចផ្តោតកាន់តែខ្លាំងលើវិស័យការបរទេស ដែលជាផ្នែកមួយស្ថិតក្រោមអំណាចផ្ទាល់របស់ប្រធានាធិបតីអាមេរិក​។

    គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ទទួល​បរាជ័យបាក់មុខខ្លាំង ក្នុងការបោះឆ្នោតសភា​អាមេរិក​ពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ អ្នកបោះឆ្នោតអាមេរិក បាន​បង្ហាញការធុញទ្រាន់នឹងការធ្វើអន្តរាគមន៍យោធា​និង​ការទូត​អាមេរិក នៅក្រៅប្រទេស។ ម្ចាស់ឆ្នោត​អាមេរិក ចង់ឲ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តោតលើបញ្ហាប្រចាំថ្ងៃ ដូចជាវិបត្តិជីវភាព​ អតិផរណាទំនិញ និងបញ្ហា​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ដែល​ជា​ឆ្នាំងបាយ​ក្នុងស្រុក​អាមេរិក​ច្រើន​ជាង​រឿង​ខាងក្រៅ​។

    និន្នាការនេះ អាចធ្វើឲ្យទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កាន់តែប្រុងប្រយ័ត្នចំពោះការចំណាយ និងការចូលរួមលូកដៃក្នុងជម្លោះអន្តរជាតិ។ ក៏​ប៉ុន្តែ វាពុំ​មែនមានន័យថា គោលនយោបាយការបរទេសអាមេរិក នឹងប្រែជាទន់ភ្លន់ចំពោះបណ្តាប្រទេស​អឺរ៉ុប នោះទេ។​ ដ្បិត​ លោក ត្រាំ នៅតែមានពេល២ឆ្នាំថែមទៀត ក្នុងការកំណត់ទិសដៅការបរទេសរបស់អាមេរិក។  លោក ត្រាំ នឹងអាច​បន្តអនុវត្តអ្វី​ស្រេច​នឹង​ចិត្ត​ឯងទៀត​។ នេះជាការបញ្ជាក់ថា ប្រទេសអឺរ៉ុប មិនអាចសង្ឃឹមលើការផ្លាស់ប្ដូរនយោបាយបរទេសរបស់អាមេរិក ​ក្នុងអនាគតឆាប់ៗនេះទេ។

    ក្រៅពី​វិស័យ​ការទូត ចៅហ្វាយ​សេតវិមាន​ ក៏​នៅតែមានអំណាចយ៉ាងទូលំទូលាយលើ សន្តិសុខ ការពារជាតិ និងពាណិជ្ជកម្ម។ ភាគី​អឺរ៉ុប ចាំបាច់​ត្រូវតែត្រៀមខ្លួនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន​។ ចំពោះ​សហភាពអឺរ៉ុប ការបរាជ័យរបស់គណបក្សសាធារណរដ្ឋ ក៏មិនអាចស្តារទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ឲ្យ​ត្រឡប់ទៅល្អូកល្អើន​ដូចអតីតកាល បានទេ​។ រដ្ឋអំណាច​ទីក្រុងវ៉ាស៊ីនតោន ក្រោម​កណ្តាប់​ដៃ​របស់​លោក ត្រាំ នឹងបន្តផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ​ខ្លួន ជាជាងផលប្រយោជន៍របស់សម្ព័ន្ធមិត្ត។ ផ្ទុយទៅវិញ  លោក​អាចកាន់តែខឹងសម្បារ និង មិនអាចព្យាករបាន បន្ទាប់ពីបរាជ័យក្នុង​ការ​បោះឆ្នោត​សភា​ក្នុងស្រុក​លើកនេះ។

    ចំណែក​វិស័យ​ការពារជាតិ​វិញ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចអាណត្តិ​ទី២ ទំនាក់ទំនងយោធា​ជាមួយអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពី​ដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើអឺរ៉ុប អាមេរិក​មិនសូវប្តេជ្ញាចិត្តក្នុងវិស័យការពារសន្តិសុខ​ទេ​។ ដូច្នេះ អឺរ៉ុបមិនគួររំពឹងថា ការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងនាំមកនូវការស្តារទំនាក់ទំនងដូចមុនឡើយ។ រដ្ឋបាលអាមេរិក ស្ទើរគ្រប់ជំនាន់ក៏បានទាមទារឲ្យអឺរ៉ុបទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខនិងការពារ​ជាតិ​របស់ខ្លួន។ ចូរកុំភ្លេច​ថា​ រដ្ឋអំណាច​ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាសតាំងពីសម័យអតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ ថា អាមេរិក​ងាក​នឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅតំបន់​អាស៊ី។ ហើយក្នុង​​សម័យ​លោក ដូណាល់ ត្រាំ​នេះទៀត​ គឺអាមេរិក​ងាកខ្លាំងទៅ​តំបន់​អាមេរិក​ឡាទីន។​ ក្នុងស្ថានភាពបច្ចុប្បន្ន​ អឺរ៉ុបត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង និងពង្រឹងឯកភាពក្នុងតំបន់ ព្រោះការរួបរួមគ្នានេះជាលក្ខខណ្ឌចាំបាច់សម្រាប់ការធានាសន្តិសុខ និងពង្រឹង​ម្ចាស់ការលើខ្លួនឯង​។​

    ចំពោះវិបត្តិសង្គ្រាម​អ៊ុយក្រែន ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យអាចបង្កើនសម្ពាធឲ្យអាមេរិកបន្តគាំទ្ររដ្ឋាភិបាលក្រុងកៀវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសម្ព័ន្ធយោធាអូតង់។ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ មិនរំពឹងថា លោក ត្រាំ នឹងផ្លាស់ប្តូរជំហររបស់លោកភ្លាមៗទេ ដោយសារលោកនៅតែផ្តល់សារៈសំខាន់ខ្លាំង​ដល់ចំណងមេត្រីភាព​ផ្ទាល់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ ​ជាពិសេស លោកនៅតែមានទំនោរស្រប ឬ​ទោរទន់​តាម​រុស្ស៊ី ហើយ​​អាចបង្កភាពតានតឹងជាមួយសភាអាមេរិកថ្មី ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​។ ដ្បិត​ថា​ ក្រុម​គណ​បក្ស​ប្រជាធិបតេយ្យ ទំនង​ជា​ចង់​ជំរុញ​ឲ្យ​សហការស៊ីជម្រៅ​ជា​មួយ​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ​និងជួយ​គាំទ្រកាន់តែច្រើន​ដល់​​រដ្ឋាភិបា​ល​ទីក្រុង​កៀវ ​​។

    ដោយឡែក ​គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ​ ក៏ទំនងជាគ្មាន​ផ្លាស់ប្តូរជាមូលដ្ឋានច្រើន​ដែរ។ ទោះបីគណបក្សប្រជាធិបតេយ្យអាចព្យាយាមកាត់បន្ថយភាពតានតឹងជាមួយកាណាដា ដែល​ប្រទេសជិតខាង ក៏ដោយ ក៏ការប្រើប្រាស់ពន្ធគយដើម្បីការពារផលប្រយោជន៍អាមេរិក ទំនងជានៅតែបន្តជាអាវុធ​មុខ​ស្រួច​របស់លោក ត្រាំ ដដែល​៕​

    Thu, 05 Nov 2026
  • 503 - ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធ​​អ៊ីពែសូនិកដ៏គ្រោះថ្នាក់

    កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន​បាញ់​បង្ហោះសាកល្បង​ នូវមីស៊ីល​​អ៊ីពែសូនិក ដំបូងបង្អស់ ដែល​ផលិតនៅលើទឹកដី​កូរ៉េខាងត្បូងដោយ​ផ្ទាល់​។ ការសាកល្បងនេះ​ គឺបាន​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកូរ៉េខាងជើង បានបាញ់​សាក​មីស៊ីលអ៊ីពែសូនិកចម្ងាយ​មធ្យម១គ្រាប់ដែរ​។ ទំព័រថ្មី​នៃ​ការប្រកួតប្រជែង​សព្វាវុធអ៊ីពែសូនិក បាន​ចាប់ផ្តើម​បើក​​ហើយនៅ​ឧបទ្វីបកូរ៉េ។ តើអ្វីទៅជា​អាវុធអ៊ីពែសូនិក ហើយតើវាមានគ្រោះថ្នាក់បែបណា​?

    ការប្រកួតប្រជែង​អាវុធអ៊ីពែសូនិក បានចាប់ផ្តើមជាផ្លូវការ​ហើយ រវាងប្រទេសកូរ៉េបងប្អូនទាំង​។ ប៉ុន្មានថ្ងៃ​ក្រោយកូរ៉េខាងជើង បានបាញ់សាក​មីស៊ីលអ៊ីពែសូនិក នៅ​ថ្ងៃទី​៩តុលាកូរ៉េខាងត្បូងបាន​បាញ់សាកល្បងអាវុធប្រភេទនេះដែរ​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ចែម្យុង បាន​ចូលរួម​តាមដានទស្សនាដោយ​ផ្ទាល់ នូវការ​បាញ់សាកល្បងនូវមីស៊ីលអ៊ីពែសូនិក ដែលកូរ៉េខាងត្បូងបានផលិតដោយខ្លួនឯ​ង។​

    អ្វីទៅជាអាវុធអ៊ីពែសូនិក​?

    អាចចាត់ទុកបាន​ថាជាគ្រឿងសព្វាវុធ​អ៊ីពែសូនិក (Hypersonic) គឺទាក់តែ​សព្វាវុធនោះមានល្បឿនហោះលឿនជាងល្បឿន​​សំឡេងដល់ទៅ​៥ដង​ ពោលគឺចាប់ពី ​៦១០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ជាមួយ​នឹង​​ល្បឿន​ដ៏លឿន​នេះ មានន័យថាអាវុធនេះ​ចំណាយ​ពេលតិចបំផុតដើម្បីទៅដល់គោលដៅ ហើយក៏មានន័យថាសត្រូវ​មាន​រយៈពេលតិចបំផុត ដើម្បីតាមស្ទាក់ឬត្រៀមលក្ខណៈបង្ការ។

    នៅលើអាវុធអ៊ីពែសូនិក គេអាចបំពាក់ក្បាល​គ្រាប់ផ្ទុះ​​ច្រើនប្រ​ភេទ មិនថាគ្រាប់ធម្មតា ឬគ្រាប់​នុយក្លេអ៊ែរ​​។ តួខ្លួន​​យាន​អ៊ីពែសូនិក​មុននឹងហោះសំកាំងក្នុងល្បឿនយ៉ាងលឿនបាន គឺទាល់តែវាត្រូវបាន​បាញ់បង្ហោះឡើងទៅលើ​សុញ្ញកាស ដោយយាន​បង្ហោះ​អវកាស ឬអាចជា​យានបាលីស្ទិក​។

    ទាំងនេះគឺជាលក្ខណៈ និង​ជា​​អត្ថប្រយោជន៍ដ៏ពិសេសនៃអាវុធអ៊ីពែសូនិក។ ក្រៅពីមានល្បឿនលឿន អាវុធអ៊ីពែសូនិកអាចបត់ឆ្វេងបត់ស្តាំ​ មុជក្បាលចុះ​ឬហោះឡើងលើបានយ៉ាងងាយ ដែលធ្វើ​ឲ្យ​ប្រតិបត្តិការ​តាមស្ទាក់កាន់​​តែជួបការលំបាក។ ប្រព័ន្ធខែលការពារផ្លូវអាកាស​ទំនើបបំផុតនាពេលបច្ចុប្ប​​ន្ន​នេះ អាច​មានលទ្ធភាពតាមស្ទាក់តែប្រភេទមីស៊ីល​បាលីស្ទិក​ និង​មីស៊ីលក្រ័រស្យែរសាមញ្ញប៉ុណ្ណោះ។ ដូច្នេះ​ មីស៊ីលអ៊ីពែសូនិក គឺជា​ការគំរាម​ដ៏គ្រោះថ្នាក់​ ដែលពិបាក​តាមស្ទាក់​។ នេះគឺជាសំដីអះអាងរបស់​លោក Hong Sung-Pyo អ្នកជំនាញ​នៅវិទ្យាស្ថាន​កិច្ចការ​កងទ័ពនៅទីក្រុង​សេអ៊ូល​។ ប្រព័ន្ធរ៉ាដានៅលើដី​ មិនអាចតាមចាប់រលកសញ្ញា​អាវុធអ៊ីពែសូនិក​បានទាន់ពេលទេ មុននឹងវា​ហោះចូលមក​ដល់កៀកខ្លាំង​នឹងគោលដៅវាយប្រហារ​។

    មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងជើង ពិតជាខ្លាំងអស្ចារ្យមែនឬ?

    កាលពី​ដើមខែតុលានេះ ព្យុងយ៉ាងបានប្រកាសថា គេបាន​បាញ់សាក​ល្បងប្រកបដោយជោគជ័យ​នូវមីស៊ីលអ៊ីពែសូនិក ដោយ​បំពាក់ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ គីម​ យូចុង ប្អូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង បាន​អះអាងថា​ សព្វាវុធថ្មីរបស់កូរ៉េខាងជើង អាចមាន​សមត្ថភាព​ផ្លាស់ប្តូរផ្លូវហោះហើរ ក្នុងរយៈកំពស់ទាប​។ គីម​ យូចុង បានអួត​អាងទៀតថា គ្មានមធ្យោបាយឯណាអាចមកតាមស្ទាក់​មីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើងបានឡើយ​។

    លោក Hong Min អ្នកជំនាញនៅវិទ្យាស្ថាន​ដើម្បី​ការបង្រួមបង្រួម​​កូរ៉េ បាន​លើកឡើងថា ការបាញ់បង្ហោះរបស់​កូរ៉េខាងជើង មិនមែនគ្រាន់តែ​ជាការបង្ហាញសាច់ដុំ​ នៃអាវុធថ្មីតែមួយ​នោះទេ តែវាគឺជាការបង្ហាញកម្លាំង​អួតអំពី ប្រព័ន្ធមីស៊ីលថ្មីទាំងស្រុងតែម្តង​។ អ្នកជំនាញរូបនេះ​បានទាញសញ្ញាអាសន្នថា កូរ៉េខាងជើង​អាចនឹងមានមីស៊ីល​ល្បឿនលឿនបំផុត ក្នុងរយៈចំងាយ​ច្រើន​កម្រិត ហើយដែល​គ្មាននរណាអាចចាប់ស្ទាក់បានឡើយ​។

    តែដោយឡែក អ្នកជំនាញផ្សេងទៀត ដូចជាលោក Hong Sung-Pyo ជឿថា​ក្នុងពេលបច្ចុប្បន្ន​នេះ បច្ចេកវិទ្យារបស់កូរ៉េខាងជើង ដែលអាចកាច់ចង្កូត​បញ្ជាផ្លូវ​​របស់មីស៊ីល​ក្នុងពេលកំពុងហោះយ៉ាងលឿននោះ គឺនៅមានកម្រិត​​ខ្សោយ​នៅឡើយទេ​។ តាមយោបល់លោក គឺកូរ៉េខាងជើង​កំពុងតែសាកល្បង ធ្វើតេស្តដើម្បី​កែតម្រូវបច្ចេកវិទ្យានេះ​ឲ្យ​កាន់តែប្រសើរ ដោយ​បានជំនួយ​ពីបច្ចេកវិទ្យា​ផ្តល់​ឲ្យដោយរុស្ស៊ី​។

    មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងត្បូង ជាមធ្យោបាយ​កំញើញដោយ​​ស្មើភាព ដើម្បីបើកផ្លូវចរចា​​

    កូរ៉េខាងត្បូងទើបតែបាន​បាញ់បង្ហោះសាកល្បងជាលើកទី​១ នូវមីស៊ីលអ៊ីពែសូនិករបស់ខ្លួន កាលពីសប្តាហ៍​កន្លងទៅ។ ការសាកល្បងនេះ បានអនុញ្ញាតឲ្យអ្នកជំនាញ​សព្វាវុធកូរ៉េខាងត្បូង ពិនិត្យ​វាយតម្លៃលើ​ភាពធន់របស់គ្រឿងផ្សំទាំងអស់នៃមីស៊ីល ថាតើវាអាចធន់នឹងកម្តៅខ្លាំង​បានកម្រិតណា។ ក្រៅពីនេះ គេបានសាកល្បង​មើលប្រព័ន្ធបញ្ជាផ្លូវពីចម្ងាយ​​ ព្រមទាំងសមត្ថភាព​ហោះគេចចុះឡើងរបស់យាននេះ ក្នុងរយៈកំពស់ទាប​ជាមួយ​នឹងល្បឿនរត់​អ៊ីពែសូនិក​។ លោក​លី ចែម្យុង ប្រធានាធិបតីកូរ៉េខាងត្បូងបាន​លើកឡើងថា អាវុធប្រភេទនេះនៅពេលបំពាក់ក្បាលគ្រាប់ហើយ គឺអាចហោះទៅវាយ​ប្រហារចំគោលដៅយុទ្ធសាស្ត្រ​សំខាន់​ៗដែលគេកំណត់ទុក​។​

    លោក Jung Heon-Joo សាស្ត្រានៅ​សកលវិទ្យាល័យ Yonsei ក្រុងសេអ៊ូល បានលើកឡើងថា​ រដ្ឋាភិបាល​​កូរ៉េខាងត្បូង​​បាន​ប្រកាសផ្សាយ​ជាសាធារណៈនូវការសាកល្បងសព្វាវុធថ្មីនេះ គឺ​មានគោលបំណងនយោបាយច្រើនចំណុច។ ទីមួយចង់​ប្រាប់​ទៅកូរ៉េខាងជើង​ព្រមទាំងប្រទេសក្បែរខាងឯទៀតថា កូរ៉េខាតត្បូង​មានសមត្ថភាពពិសេស មានសព្វាវុធទំនើប​ច្រើនប្រភេទ។ ទី​២ គឺលោកលី ចែម្យុង ចង់​ឲ្យ​ប្រជាជនកូរ៉េខាងត្បូងខ្លួនឯងបានស្ងប់ចិត្ត និងជឿទុកចិត្ត​លើ​រដ្ឋាភិបាល​លោក បើទោះបីលោក​បានបោះដៃហៅ​លោក គីម ជុងអ៊ុន​ឲ្យ​មកចរចាគ្នាក៏ដោយ​។

    តើនឹងមានផលវិបាក​បែបណា ទៅលើតំបន់?

    កាលពីថ្ងៃចន្ទទី​១២តុលា កូរ៉េខាងជើងបានបាញ់​មីស៊ីល​បាលីស្ទិកច្រើនគ្រាប់។ កម្មវត្ថុនៃការបាញ់ច្រើនគ្រាប់ផ្ទួនៗគ្នា ជាមួយនឹងមីស៊ីលបាលីស្ទិកច្រើនប្រភេទនេះ គឺកូរ៉េខាងជើងចង់​​ធ្វើតេស្តសាកល្បងសមត្ថភាពស្ទាក់ នៃប្រព័ន្ធខែលមីស៊ីលកូរ៉េខាងត្បូងនិងអាមេរិក។ នេះបើផ្អែកតាមការពន្យល់របស់​លោក Yang Moo-Jin អតីតសកលវិទ្យាធិការ​សកលវិទ្យាល័យ​សិក្សាកូរ៉េខាងជើង។ លោក​បានបន្ថែមទៀតថា វត្តមានរបស់មីស៊ីល​អ៊ីពែសូនិក នឹងបន្ថែមល្បឿន​ដល់ការប្រកួតប្រជែងសព្វាវុធ​ នៅឧបទ្វីបកូរ៉េ ឲ្យ​កាន់តែលឿន​ ហើយធ្វើឲ្យតំបន់នេះ​ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង​។ កម្លាំងរត់លឿនគ្មានអ្វីអាចតាមទាន់របស់​មីស៊ីលអ៊ីពែសូនិកកូរ៉េខាងជើង​ នឹងប្រាកដ​ជា​ធ្វើបាប​​សមត្ថភាព​ការពារផ្លូវអាកាស​របស់អាមេរិក​និង​របស់ជប៉ុន ជាក់ជាមិនខាន​។ ចំណុចនេះ នឹងបង្ខំឲ្យជប៉ុនត្រូវតែប្រឹង​ស្វែងរកសព្វាវុធប្រភេទ​នេះដែរ​៕

    Tue, 13 Oct 2026
  • 502 - នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារ​ច្បាប់អន្តរជាតិ ខណៈ​លោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង

    អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម​​។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺ​លោកអេម៉ានុយអែល ​ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺ​​នូវទស្សនៈវិស័យ​២ផ្ទុយគ្នា ដោយ​ម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍​ជាតិខ្លួន​តែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត​។​

    អង្គមហាសន្និបាតឆ្នាំនេះ គឺ​ជា​លើកចុងក្រោយហើយ សម្រាប់​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតទែរស៍ ដែលនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះ។ ភាពចលាចល អស្ថិរភាព និងការបាក់បែកគ្នា កំពុងតែរួមរឹតពិភពលោកយើងខ្លាំងណាស់ ជាមួយ​នឹង​​ការចុះខ្សោយ​ឥទ្ធិពល ឬអាចនិយាយបានថា ជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ​ ក៏ថាបាន​។

    នៅក្នុងសុន្ទរថាលើកចុងក្រោយ​ នៅក្នុងឱកាសបើកអង្គមហាសន្និបាត លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវ ឲ្យគ្រប់គ្នាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមក និង​ កសាង​សុខសន្តិភាព​ពិភពលោក តាមរយៈការសហការគ្នា​។ ទាក់ទិននឹងសំណុំរឿង បញ្ញាសិប្បនិម្មិត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានថ្លែងហៅ​ប្រទេសធំៗដែល​មានបច្ចេកវិទ្យានេះ ត្រូវតែរួម​សហការគ្នារៀបចំក្របខណ្ឌច្បាប់ឲ្យបាន​ច្បាស់លាស់ ដើម្បីកសាងបច្ចេកវិទ្យាAI ដែល​មានតម្លាភាព ប្រកបដោយទំនុកចិត្ត។

    ខ្លឹមសារអំពាវនាវនេះ មានលក្ខណៈដូចគ្នាទៅនឹងសុន្ទរកថារបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​អង្គមហាសន្និបាតលើកនេះ ក៏ជាលើកចុងក្រោយដែរ​​​​ ព្រោះលោកនឹងចប់អាណត្តិនៅខែ​ឧសភាឆ្នាំក្រោយ​។ ក្នុងសុន្ទរកថា​ ប្រមាណ​៣០នាទី លោក​ម៉ាក្រុង​បានថ្លែងបន្លឺឡើងនូវ​ទស្សនវិស័យ​របស់​លោក ដែល​ចាត់ទុក​ទ្រឹស្តី “ពហុភាគីនិយម” ជាធំ។ ក្នុងន័យនេះ លោក​ម៉ាក្រុង បានថ្លែងការពារ​អង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះគឺ​ជាទីកន្លែង​​ដែលពិភពលោក​មកអង្គុយជុំគ្នា ជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា​។ អមដោយ​​សំឡេងទះដៃកងរំពង​ប្រកបដោយក្តីរំភើប ពីអង្គមហាសន្និបាត លោក​ម៉ាក្រុង​​បានអះអាងថា​ ​​អង្គការសហប្រជាជាតិ គឺ​ជាស្ថាប័ន​ការពារសង្គមអន្តរជាតិមួយ​ឲ្យ​​មាន​ច្បាប់ទំលាប់​។

    លោក​ម៉ាក្រុង បាន​​​ថ្លែងទៀតថា ពិភពលោកយើងបច្ចុប្បន្ននេះ កំពុងតែរងគ្រោះ​​ដោយ​ចរន្តគំនិតអាត្មានិយម ចក្រព័ត្រនិយម អាងយ៉ាងវាតទីយ៉ាងក្រអឺតក្រទម របស់​ប្រទេសមហាអំណាចខ្លះ ដែល​អាងតែកម្លាំងបាយ អាងតែសព្វាវុធ​។ ការប្រើ​ច្បាប់ព្រៃ អ្នកណាខ្លាំងអ្នកនោះឈ្នះនេះ ​កំពុងតែ​រុករាន​ទន្ទ្រាន និងរុញពិភពលោកយើង​ឲ្យធ្លាក់ក្នុងភាពចលាចល។ ដូច្នេះ ពេល​វេលានេះគឺជាពេលដែលគ្រប់គ្នារួមកម្លាំងសាមគ្គីនៅពីក្រោយអង្គការសហប្រជាជាតិ មិន​អាចឲ្យ​នរណាម្នាក់ មកដាក់សម្ពាធបង្កើតស្ថាប័ន​ថ្មីមួយទៀត ដើម្បី​​យកទៅដាក់ក្រោមក្លៀ​កខ្លួនឯងនោះឡើយ។ ចំណុចនេះ​ លោកម៉ាក្រុង​បានសំដៅ​យ៉ាងច្បាស់ ទៅលើ​ក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលលោកដូណាល់ ត្រាំ បានបង្កើតឡើងដើម្បីប្រជែងជាមួយ​អង្គការសហប្រជាជាតិ​​។​

    មុននឹងបញ្ចប់សុន្ទរកថា ដោយ​សម្រែកថា “ជ័យោអង្គការសហប្រជាជាតិ” លោក​ម៉ាក្រុងបានលើកឡើងដែរ នូវចំណុចខ្សោយរបស់ស្ថាប័ននេះ​​ ដែលត្រូវតែមានកំណែទម្រង់។ តួយ៉ាងដូចជាសិទ្ធិបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ ដែល​កន្លងមក គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែប្រើសិទ្ធិនេះ រារាំងមិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការណាមួយ។

    អ្នកប្រើច្បាប់ព្រៃ អ្នកអាងកម្លាំង អាងអាវុធនោះ គឺលោកម៉ាក្រុង ចង់សំដៅទៅលោកដូណាល់ ត្រាំ យ៉ាងច្បាស់ណាស់។ ការវាយប្រហារចាប់មេដឹកនាំវ៉េណេស៊ុយអេឡា សង្គ្រាមនៅអ៊ីរ៉ង់ ការគំរាម​ច្បាមយកកោះហ្គ្រូអិនឡង់របស់ដាណឺម៉ាក ព្រមទាំងសង្គ្រាមអត្រាពន្ធជាដើម ទាំងអស់នេះយើងដឹងហើយថាអ្នកណាជាអ្នកធ្វើ​វា​។

    នៅ​​ចំពោះមុខអង្គមហាសន្និបាត លោកដូណាល់ ត្រាំបានថ្លែងអួតថា លោកគឺជាអ្នក​កសាងសន្តិភាពពេញពិភពលោក។ តែឃ្លាបន្ទាប់ទៀត លោកដូណាល់ ត្រាំ ស្រាប់តែលើកឡើងថា លោក​កំពុងពិចារណាសម្រេចចិត្ត ថា​តើគួរ​​វាយកម្ទេចប្រទេសអ៊ីរ៉ង់​ឲ្យ​រាបដល់ដី​ ឬមួយក៏ចរចាជាមួយអ៊ីរ៉ង់​​។ អស់ពីគំរាម​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងប្រកាសយ៉ាងក្រអឺតក្រទមថា តំបន់អាមេរិក​ខាងត្បូង នឹងត្រូវតែស្ថិតក្នុងដែនឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិក​តែម្នាក់ប៉ុណ្ណោះ។ លោកត្រាំ អះអាងទៀតថា របបដឹកនាំគុយបានឹងដួលរំលំក្នុងពេលឆាប់ៗនេះហើយ។ លើសពីនេះ ទៀតលោកដូណាល់ ត្រាំ បាន​គំរាម​ដោយត្រង់ៗចំពោះ ចៅក្រម រដ្ឋអាជ្ញា និង​បុគ្គលិករបស់​តុលាការអន្តរជាតិទីក្រុងឡាអេ។​

    ជារួម យើងសង្កេតឃើញថា សម្តីលោកត្រាំ​ពោរពេញដោយ​ ការប្រើកម្លាំង ការគំរាមសំឡុត​ ឲ្យអ្នកដ៏ទៃត្រូវខ្លាចខ្លួន​។ យុទ្ធសាស្ត្រសំឡុតបែបអ្នកលេងនេះ បានហុចលទ្ធផលសម្រាប់លោកដូណាល់ ត្រាំមែន ព្រោះក្នុងមហាសន្និបាតនេះ​ លោកត្រាំបានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ចុះកិច្ចព្រមព្រៀងជាមួយដាណឺម៉ាក ស្តីពីកោះហ្ក្រូអិនឡង់ដ៍​។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអាមេរិកសាងសង់​មូលដ្ឋានទ័ព​​២កន្លែងទៀត នៅលើកោះទឹកកកនេះ។ ជាថ្នូរវិញ លោកដូណាល់ ត្រាំ សន្យា​ទទួលស្គាល់អធិបតេយ្យភាព​របស់​ដាណឺម៉ាកទៅលើកោះហ្កូ្រអិនឡង់។

    ចំពោះបញ្ហាបច្ចេកវិទ្យា AI វិញ លោកត្រាំ បានបដិសេធថាមិនត្រូវឲ្យ​មានច្បាប់​ក្រមខណ្ឌណាមួយ មក​រារាំងរំខានដំណើរអភិវឌ្ឍន៍​របស់​បច្ចេកវិទ្យានេះ​ឡើយ​។ គោលជំហរ ដែលវាផ្ទុយទៅនឹងអគ្គនាយកក្រុមហ៊ុនAI ធំៗ ដែលប៉ុន្មានសប្តាហ៍មកនេះបានអំពាវនាវ​ឲ្យ​មានការបន្ថយល្បឿន ដើម្បីយកពេលជជែកគ្នា។ ដោយឡែកលោកម៉ាក្រុងវិញ បានអំពាវនាវ​ឲ្យមានច្បាប់អន្តរជាតិគ្រប់គ្រងAI ហើយទន្ទឹមនឹងនេះ​គ្រប់ប្រទេស ត្រូវប្រឹងប្រែងស្រាវជ្រាវប្រើ AI ខ្លួនឯង ដោយ​មិនពឹងផ្អែកទាំងស្រុង ទៅនឹងក្រុមហ៊ុនយក្សធំៗ​របស់អាមេរិក។ ថ្វីបើលោកត្រាំមាត់រឹង ថាមិនចង់ឲ្យ​មានវិធានច្បាប់ តែជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក​បានស្នើទៅកាន់ចិន ឲ្យមានយន្តការ​ផ្តល់ដំណឹង​ឲ្យ​គ្នាក្នុងករណីមានបញ្ហា​។

    គួរកត់សំគាល់ដែរថា ជាថ្មីម្តងទៀត សំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន នៅតែក្តៅគគុកពេញ​អង្គមហាសន្និបាទ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ  បានលើកឡើងថា អំពើហិង្សា ការបណ្តេញមនុស្សចុះឡើងឲ្យ​ផ្លាស់ទីរស់នៅ ព្រមទាំងការពង្រីកដែនដីអាណានិគមខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី បង្កឡើងដោយអាជ្ញាធរអ៊ីស្រាអែល វា​កំពុងតែបង្កើតឲ្យមានការសង្ស័យថា ថាអ៊ីស្រាអែលចង់បោសសំអាតជាតិសាសន៍។ បញ្ហាទាំងនេះ កំពុងតែធ្វើ​ឲ្យ ផែនការ “ដំណោះស្រាយរដ្ឋ២” ត្រូវរលាយសូន្យ។

    ដូចគ្នាដែរ លោកម៉ាក្រុង បានថ្លែងថា អ្វីដែលបានកើតឡើងនៅហ្កាហ្សា និងនៅតំបន់ស៊ីហ្សកដានី ដែលអ៊ីស្រាអែល​ទន្ទ្រាន​ដី​បង្កើតជាតំបន់អាណានិគមន វាគឺជា​ទស្សនីយភាព​ដែលធ្វើឲ្យសហគមអន្តរជាតិអាម៉ាសបំផុត។ លោកម៉ាក្រុង​បានថ្លែងអំពាវនាវសាជាថ្មី ថាត្រូវតែ​ជំរុញដំណោះស្រាយ​រដ្ឋពីរ រដ្ឋ​​ប៉ាឡេស្ទីនទន្ទឹមគ្នានឹងរដ្ឋ​​អ៊ីស្រាអែល ទើបអាចដោះស្រាយបញ្ហាបានយូរអង្វែង​។ មិនខុសពីលោកម៉ាក្រុង​ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស​ បាន​បរិហាររិះគន់ខ្លាំងៗ ចំពោះ​រដ្ឋាភិបាលស្តាំនិយមជ្រុលអ៊ីស្រាអែល ដឹកនាំដោយ​លោកនេតាន់យ៉ាហ៊ូ។ ស្ថានភាព​រំលោភបំពាននៅហ្កាហ្សា​នៅស៊ីហ្សកដានី និង​សេចក្តីឈឺចាប់របស់​ប្រជាជនប៉ាឡេស្ទីន ត្រូវតែបិទបញ្ចប់។ ដំណោះ​រដ្ឋ២ គឺជាក្តីសង្ឃឹមតែ១គត់ ដើម្បី​ឈានទៅ​បិទបញ្ចប់សង្គ្រាម កសាងសន្តិភាព ការពារសន្តិសុខជូនទាំងខាងអ៊ីស្រាអែលទាំងខាងប៉ាឡេស្ទីន​៕​

    Wed, 23 Sep 2026
  • 501 - Forbidden Stories៖ អាមេរិកជះប្រាក់​ច្រើនរយលានដុល្លារ ដើម្បីបំបរបង់​ចោល​ជនអន្តោប្រវេសន៍​នៅប្រទេសទី​៣

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយ​ដោយសម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories។ រដ្ឋបាល​លោកដូណាល់ ត្រាំ បានចំណាយ​ប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយ​ប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និង​ដែនកោះតូចៗក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឲ្យ​ប្រទេសទាំងនោះ ទទួលយកជន​អន្តោប្រវេសន៍ខុសច្បាប់ ដែលអាមេរិក​ចាប់បញ្ជូនចេញ​ ដោយមិនគិតខ្វល់ពីសិទ្ធិរបស់ជនអន្តោប្រវេសន៍។

    សម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories ទើបបានផ្សព្វផ្សាយ​​​របាយការណ៍ស៊ើបអង្កេត​ដ៏ធំមួយ នៅថ្ងៃចន្ទទី​២១កញ្ញា ស្តីពីគោលនយោបាយរបស់រដ្ឋបាល​លោកដូណាល់ ត្រាំ ក្នុងការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ យកទៅបំបរបង់ចោល​នៅប្រទេសទី​៣ដែលគ្មានពាក់​ព័ន្ធអ្វីទាំងអស់ទៅនឹងជននោះ​​​។​ របាយការណ៍នេះ​​ គឺជាលទ្ធផល​ការងារស៊ើបអង្កេតរួមគ្នា របស់អ្នកសារព័ត៌មាន​​៧២នាក់ មកពីស្ថាប័នសារព័ត៌មាន​២៣ នៅតាមប្រទេសចំនួន​១៥ប្រទេស​។

    ផ្អែកតាមរបាយការណ៍នេះ គិតពីដើមឆ្នាំនេះ ដល់ថ្ងៃទី៣១​សីហា មានមនុស្ស​ចំនួន​យ៉ាងតិច ២៥៤៤៧នាក់ ដែលត្រូវបានអាជ្ញាធអាមេរិក​ចាប់បញ្ជូនចេញ យកទៅ​ឃុំទុកនៅ​​តាម​ប្រទេសប្រមាណ​២៨​​ប្រទេស ក្នុងនោះ​មានជិត​២០០០០នាក់ ដែលត្រូវបាន​បញ្ជូនចេញ ទៅ​កាន់​ប្រទេសម៉ិកស៊ិក​។ ការចាប់​ជនអន្តោប្រវេសន៍ខុស​​ច្បាប់ បញ្ជូន​យកទៅ​ដាក់តាម​ប្រទេសទី​៣ ដែលមិនមែនជាប្រទេស​កំណើត​​របស់​ជននោះ គឺសហរដ្ឋអាមេរិកបាន​ចាយប្រាក់​សរុបប្រមាណ​៤១០លានដុល្លារ ​ចុះកិច្ចព្រមព្រៀង​ជាមួយ​ប្រទេសអ្នកទទួល​​​។ លក្ខខណ្ឌ​ចែងក្នុង​កិច្ចព្រមព្រៀងទាំងនោះ ប្រែប្រួល​ដោយអាស្រ័យទៅលើ​កត្តាផ្សេងៗ ឧទាហរណ៍​ដូចជា​​ សញ្ជាតិ​ដើម​របស់​ជនអន្តោប្រវេសន៍​ដែល​ជាកម្មវត្ថុនៃការចាប់បញ្ជូនចេញ ឬក៏​ជននោះធ្លាប់ប្រព្រឹត្តិបទល្មើស ធ្លាប់ជាប់ពន្ធនាគារជាដើម​។

    ជះប្រាក់ផង ដាក់សម្ពាធផង​​

    យោងតាម Forbidden Stories ប្រទេសអាហ្វ្រិក​​៤៩​ក្នុងចំណោម​៥៤ សុទ្ធតែត្រូវបានសហរដ្ឋអាមេរិក​ ព្យាយាមចរចា ដើម្បីធ្វើកិច្ចព្រមព្រៀង​ឲ្យ​ព្រមទទួល​យកជនអន្តោប្រវេសន៍សញ្ជាតិដទៃ​។ យ៉ាងណាមិញ ការស៊ើបអង្កេតមួយធ្វើឡើងដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅដើមឆ្នាំ​២០២៦ បានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក​បានដាក់សម្ពាធ​ទៅលើ​ប្រទេសអាហ្វ្រិក ថាត្រូវតែសុខចិត្ត​ចុះកិច្ចព្រមព្រៀងជាមួយខ្លួន ពុំនោះទេ Washington នឹងដាក់ទណ្ឌកម្ម ដំឡើងអត្រាពន្ធលើទំនិញ បិទមិន​ផ្តល់ទិដ្ឋាការ​ឲ្យ​ ឬក៏កាត់បន្ថយ​ជំនួយទ្វេភាគីជាដើម​ ។ល។​ ប្រទេសអាហ្វ្រិកដូចជា ហ្កាណា សេរ៉ាឡេអូន កាមេរូន លីបេរីយ៉ា​ រ៉ូវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាដើម សុទ្ធតែបានចុះកិច្ចព្រមព្រៀងទទួលយកជនអន្តោប្រវេសន៍​ពីសហរដ្ឋអាមេរិក​។​

    ក្រុមអ្នកច្បាប់​បានអះអាងប្រាប់ AFP ថា ជនអន្តោប្រវេសន៍​​ទាំងនោះ កាលបើត្រូវបានគេបញ្ជូនទៅដល់ប្រទេសទី​៣ហើយ គឺ​ដូច​​ត្រូវធ្លាក់ចូលក្នុងរណ្តៅខ្មៅងងឹតគតិយុត្តិ ពោលគឺពួកគេត្រូវគេបង្ខាំងទុក​ដោយ​គ្មានការចោទប្រកាន់ នៅក្នុងប្រទេសផ្សេងមួយដែលពួកគេមិនស្គាល់ ហើយករណីខ្លះ សិទ្ធិទាំងអស់របស់ពួកគេ ត្រូវបានដកហូត​ចេញទាំងស្រុង​។ ករណីខ្លះទៀត ជនអន្តោប្រវេសន៍​ដែលត្រូវគេបញ្ជូនទៅដល់​ប្រទេសទី៣ បានបាត់ខ្លួនគ្មានដំណឹងសូន្យ​ មិនដឹងស្លាប់ឬរស់​។​

    Office of Remigration ទទួលបន្ទុកចរចានិងផ្ទេរប្រាក់​ឲ្យ​ប្រទេសទី​៣​

    របាយការណ៍ Forbidden Stories បានបង្ហាញទៀតថា ​ការងារ​ចរចានិងផ្ទេរប្រាក់ទៅ​ឲ្យ​ប្រទេសទី​៣ គឺការិយាល័យ​មួយរបស់ក្រសួងការបរទេសអាមេរិក ជាអ្នកទទួល​បន្ទុក ឈ្មោះថា Office of Remigration ដែលត្រូវបានបង្កើតឡើង នៅខែឧសភា​ឆ្នាំ​២០២៥។ ជាក់ស្តែង​​ មន្ត្រីដឹកនាំរបស់ការិយាល័យនេះ បានធ្វើដំណើរទៅប្រទេសកាមេរូនច្រើនលើក មុននឹងសម្រេចបាន​កិច្ចព្រមព្រៀមមួយនៅខែធ្នូ​ឆ្នាំ​២០២៥ ដើម្បី​ឲ្យ​កាមេរូនទទួលយកជនអន្តោប្រវេសន៍ពីអាមេរិក​។ មួយសប្តាហ៍​ក្រោយមក សហរដ្ឋអាមេរិក​បាន​អនុម័ត​កម្មវិធីផ្តល់ជំនួយសប្បទាន ​ចំនួន​​៤០០លានដុល្លារ ក្នុងរយៈពេល​៥ឆ្នាំ​ឲ្យ​កាមេរូន។ ក្រោយ​មកទៀត នៅ​ខែដើមខែ​មករា ក្រសួងការបរទេស​អាមេរិក​ បាន​សម្រេចផ្តល់កញ្ចប់ថវិកា​ប្រមាណ​៣០លានដុល្លារ​ ឲ្យទៅអង្គការ UNHCR ប្រចាំការនៅកាមេរូន ដើម្បីជួយទ្រទ្រង់​កម្មវិធីត្រឡប់ទៅប្រទេសដើមវិញដោយស្ម័គ្រចិត្ត ​និងប្រយុទ្ធប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់​។ យន្តហោះទី​១ដឹកជនអន្តោប្រវេសន៍​ពីសហរដ្ឋអាមេរិក បានចុះដល់ដី​កាមេរូន នៅថ្ងៃទី​១៤មករា។

    កិច្ចព្រមព្រៀងរបៀបនេះ សហរដ្ឋអាមេរិកក៏បានចុះ​ជាមួយ​ប្រទេស​ផ្សេងទៀត ដូចជា​កោះ ប៉ាឡៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះដែល​មាន​ប្រជាជន​ប្រមាណ​តែ១៨០០០នាក់នេះ បានសុខចិត្តចុះកិច្ចព្រមព្រៀងជាមួយ​សហរដ្ឋអាមេរិក នៅខែធ្នូ ទទួលយកជនអន្តោប្រវេសន៍​ជាជនជាតិផ្សេង​ ចំនួន​​៧៥នាក់ ជាថ្នូរនឹងប្រាក់៧លាន៥សែនដុល្លារ។ តែគិតត្រឹមពេលនេះ មានតែ​៣នាក់ ដែលត្រូវបានបញ្ជូនទៅ​។ ដូចគ្នាដែរ ប្រទេស Eswatini នៅតំបន់អាហ្វ្រិកខាងត្បូង បានចុះកិច្ចព្រមព្រៀងទទួលជនអន្តោប្រវេសន៍​​ ​ដែលអាមេរិក​ចាប់បញ្ជូន​ចេញ ចំនួន​១៦០នាក់ ជាថ្នូរនឹងទឹកប្រាក់​៥លានដុល្លារ។ អ្វីដែលពិសេសនោះ គឺប្រទេសអាហ្វ្រិកដ៏តូចមួយនេះ សុខចិត្តទទួលទាំងជនអន្តោប្រវេសន៍ដែលមានប្រវត្តិ​​ជាឧក្រិដ្ឋជនឬកំពុងជាប់ពន្ធនាគារ​ទៀតផង។ គិតត្រឹមពេលនេះ អាមេរិកបានបញ្ជូនទៅ​ ចំនួន​​៣២នាក់ហើយ​។

    ឲ្យប្រាក់ទៅប្រទេស​ហត្ថលេខីផង ជួយជាវិភាគទានដល់អង្គការអន្តរជាតិផង

    យោងតាមរបាយការណ៍ Forbidden Stories ប្រាក់សរុប​​ប្រមាណ​៤១០​លានដុល្លារ​ ដែលសហរដ្ឋអាមេរិក​​​បានចំណាយរហូតមកទល់ពេលនេះ គឺមាន​៨១លាន​ បានប្រគល់ទៅ​ឲ្យរដ្ឋាភិបាល​នៃ​​ប្រទេស​ដែលសុខ​​ចិត្ត​ទទួល​ ឬប្រទេសហត្ថលេខី។ សល់ពីនេះ គឺ​ប្រគល់ក្នុងរូបភាពជា​ប្រាក់វិភាគទាន​ដល់អង្គការអន្តរជាតិមួយចំនួន ជាក់ស្តែង អង្គការ​អន្តរជាតិដើម្បី​​​អន្តោប្រវេសន៍ ហៅកាត់ថា​ IOM ទទួល​បាន​ប្រាក់ ១៧៨លានដុល្លារ អង្គការ​UNHCR ទទួលបានប្រមាណ​១២៣លានដុល្លារ​។

    គួរបញ្ជាក់ថា អង្គការអន្តរជាតិទាំង២នេះ ដែលជាស្ថិតក្រោម​បង្គាប់រួម​របស់អង្គការសហប្រជាជាតិ បានរងនូវពាក្យរិះគន់ជាខ្លាំង ថាបាន​ទទួលប្រាក់​របស់សហរដ្ឋអាមេរិក ទាំងដែលខ្លួនគឺជាអង្គការដែលធ្វើការ​ដើម្បីទ្រទ្រង់សិទ្ធិមនុស្ស សិទ្ធិ​របស់ជនអន្តោប្រវេសន៍ ជនភៀសខ្លួនជាដើម​។ ទោះជាយ៉ាងនេះក្តី អង្គការ UNHCR បានអះអាងថា ខ្លួនទទួលបានប្រាក់វិភាគទានទៅពីសហរដ្ឋអាមេរិក​មែន តែដោយ​មិនមានអ្វីពាក់ព័ន្ធជាមួយ​កិច្ចព្រមព្រៀងចាប់បញ្ជូនអន្តោប្រវេសន៍ឡើយ ហើយមួយវិញទៀត UNHCR ប្រើប្រាស់​ប្រាក់នេះដោយអនុឡោមទៅតាមផែនការការងារ​ ទ្រង់ទ្រងជួយ​ជនភៀសខ្លួន​។ ដូចគ្នាដែរ អង្គការ IOM បាន​អះអាងថា ខ្លួនដឹងថាអាមេរិក​ឲ្យ​ប្រាក់មកខ្លួន ដើម្បីបម្រើអាទិភាព​ផ្ទាល់ខ្លួន​​របស់អាមេរិក។ តែទន្ទឹមនឹងនេះ IOM ត្រូវការប្រាក់ដើម្បី​ចំណាយជួយ​លើកកំពស់​លក្ខខណ្ឌរស់នៅ របស់ជន​អន្តោ​ប្រវេសន៍ដែលត្រូវគេចាប់បញ្ជូន។ ក៏ប៉ុន្តែមិនមែនមានន័យថា អង្គការ IOM គាំទ្រចំណាត់ការបែបនេះរបស់សហរដ្ឋអាមេរិកនោះឡើយ​។

    គោលនយោបាយ​យកតែរួចខ្លួននិង​​អាត្មានិយម

    លោក Mike Bochenek ទីប្រឹក្សាច្បាប់នៅអង្គការ Human Rights Watch បានលើកឡើងថា ការចំណាយប្រាក់ជះទៅលើប្រទេសផ្សេង ឲ្យទទួលយកជន​អន្តោប្រវេសន៍បែបនេះ គឺជាយុទ្ធសាស្ត្រយករួចខ្លួនរបស់សហរដ្ឋអាមេរិក។ ជាងនេះទៀត សហរដ្ឋអាមេរិក បានគេចចេញពី​កាតព្វអន្តរជាតិ ដែលតម្រូវ​ឲ្យ​ប្រទេសអ្នកចាប់បញ្ជូន​ចេញ ត្រូវតែពិនិត្យឲ្យ​បានច្បាស់ ថាប្រទេសដែលខ្លួន​បញ្ជូនជន​​អន្តោប្រវេសន៍​​​ទៅ គឺជាប្រទេសដែល​​គ្មានគ្រោះថ្នាក់។ អ្នកច្បាប់រូបនេះបន្ថែមទៀតថា​ ទោះមិន​ចែងជាលាយលក្ខខក្ខណ៍អក្សរ​​ តែ​រដ្ឋបាល​លោកដូណាល់ ត្រាំ សង្ឃឹម​ថានៅពេលបញ្ជូន​ទៅដល់ប្រទេសទី​៣ហើយ គឺ​​ប្រទេសនោះនឹងចាត់ចែង​តាមចិត្ត ចង់ទុកឬក៏បញ្ជូនបន្ត ទៅប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍​ម្នាក់ៗ។ នេះគឺជាយុទ្ធសាស្ត្រអាត្មានិយម អមនុស្សធម៌ ដោយ​មិនគិតខ្វល់ពីអាយុជីវិត សិទ្ធិ និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនអន្តោប្រវេសន៍​៕​

    Mon, 21 Sep 2026
  • 500 - រដ្ឋ​ចិនចាប់​ផ្តើម​​​ត្រៀម​ខ្លួន បង្កា​រហានិភ័យបណ្តាល​មកពី​​​​ AI ឆ្លាតជ្រុល​លែងស្តាប់​បញ្ជាមនុស្ស

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ​នៅ​​​ចិន​ ស្តាប់យ៉ាងយកចិត្តទុកដាក់​។​ ថ្វីបើមានការយល់​ឃើញខុសគ្នាខ្លះ ស្តីពី​មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ​បង្ការ តែអ្នកជំនាញ​ចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា​ ថាភ្នាក់ងារ​បញ្ញា​​សិប្បនិម្មិត​ឆ្លាតជ្រុល អាច​របូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច​ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​អ៊ីនធ័រនិតពិភពលោក​​​ និងសម្លាប់ជីវិតមនុស្ស​​បាន​។

    ថ្មីៗនេះ អតីតវិស្វករព័ត៌មានវិទ្យា​​ម្នាក់របស់ Anthropic ឈ្មោះ Jacob Coxon បានចេញមុខប្រកាស​ទាញសញ្ញាអាសន្ន ស្តីពី​ហានិភ័យ​ដ៏គ្រោះថ្នាក់​បំផុត ដោយសារតែ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរលឿនជ្រុល ឆ្លាតជ្រុល និងអាច​ងាក​មក​បំផ្លាញ​អាយុជីវិតមនុស្ស​ឲ្យវិនាស​បាន​។ បន្ទាប់មកទៀត លោក Dario Amodei អគ្គនាយក Anthropic បានបង្ហោះសារ​អំពាវនាវ ឲ្យក្រុមហ៊ុន​ក្នុងវិស័យនេះរួមគ្នាបន្ថយល្បឿន ផ្អាកការអភិវឌ្ឍន៍​លឿនរហ័សជ្រុល ហើយយកពេលវេលាគិត​គូរ ព្រោះAIឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស​។ សារអំពាវនាវនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗនៅសហរដ្ឋអាមេរិក​ បាន​​ប្រកាសគាំទ្រ។

    ក្នុងនាមជាប្រទេសឈានមុខគេមួយទៀតក្នុងវិស័យបច្ចេកវិទ្យា AI ចិន​បានឆ្វេងយល់​រួចហើយ អំពីហានិភ័យ​បង្កឡើងដោយ​ AI ស្វ័យប្រវត្តិដែលឆ្លាត​ជ្រុល​​។ តែសម្រាប់ថ្នាក់ដឹកនាំចិន គេយល់ថាគេអាចគ្រប់គ្រងសង្កត់​​បច្ចេកវិទ្យាAIបាន បើទោះបីជាខ្លាំងប៉ុណ្ណា​ក៏ដោយ។ ការគ្រប់គ្រង ដែលអាចធ្វើទៅបានតាមរយៈការ​រៀបចំ​ក្រិត្យក្រម​បច្ចេកទេស វិធានច្បាប់​​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យតាមដានចេញពីរដ្ឋ​។

    លោក​ Tse Brian អគ្គនាយកក្រុមស្រាវជ្រាវ Concordia AI មានទីតាំងនៅប៉េកាំងនិង​សិង្ហបុរី បាន​លើកឡើងថា ក្នុងវិស័យបញ្ញាសិប្បនិម្មិត​​ ​អ្នកជំនាញ​ចិននិងអ្នកជំនាញ​អាមេរិក មាន​ការយល់ស្របគ្នាស្តីពីហានិភ័យ​។ ក៏ប៉ុន្តែអ្វីដែលខុសគ្នា គឺ​ទាក់ទិននឹង​ របៀបនៃការ​កំណត់​មុខសញ្ញា​ហានិភ័យ​ និងការចាត់ថ្នាក់ទាបខ្ពស់​របស់ហានិភ័យ​។ ខុសពីនៅអាមេរិក ដែលអ្នកជំនាញ​បាន​​ស្នើ ឲ្យ​មាន​អ្នកវាយតម្លៃឯករាជម្នាក់ប្រចាំ​ការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា​AI នៅចិនវិញ ការវាយតម្លៃហានិភ័យ ត្រូវបាន​ធ្វើឡើង​ក្នុងក្របខណ្ឌច្បាប់រួម និង​​អាជ្ញាធរ​រដ្ឋ​​។

    អ្នកជំនាញខាងលើ​​ពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិក ដូចជា Anthropic  ឬ Open AI ជាដើម បង្កើត​កម្មវិធី​បច្ចេកវិទ្យានីមួយៗ​​​ ជាប្រភេទគម្រូAI​បិទជិត ពោល​គឺមិន​ឲ្យ​អ្នកប្រើប្រាស់ អាចចូលទៅដល់ក្នុង​ប្រព័ន្ធបាន​ទេ​​។ ផ្ទុយទៅវិញ នៅចិន វិស្វករកាន់តែច្រើនបាន​នាំគ្នា​ផ្តល់អាទិភាព​ ទៅដល់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យាបើកចំហទំងន់​​ ដែលភាសាអង់គ្លេស​​ហៅថា AI Open Weight។ គម្រូ​បច្ចេកវិទ្យាAI ចិន​​ប្រភេទនេះ មានដូចជា Deepseek និង Kimi ជាដើម​។

    នៅខែ​ឧសភាកន្លងទៅ អាជ្ញាធរចិន​គ្រប់គ្រងសន្តិសុខ Cyberspace បានចេញសេចក្តីណែនាំមួយ​ ដោយ​បាន​លើកឡើងអំពី ហានិភ័យប្រឈមមួយរបស់ ភ្នាក់ងារAI “ AI Agents” ទាក់ទិននឹង​ការ​​ប្រឈម “បាត់បង់​ការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង”។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរចិនបាន​តម្រូវ​ឲ្យវិស្វករ អ្នក​ជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យា AI  ត្រូវតែពង្រឹងសមត្ថភាពឲ្យប្រសើរ ដើម្បី​តាមស្ទាក់ចាប់ បិទខ្ទប់ និង​កម្ទេច នូវ​រាល់​សកម្មភាព​ខុសប្រក្រតី​ណាមួយរបស់ភ្នាក់ងារ​AI។ អ្នកជំនាញចិន ក៏ត្រូវបង្ការផងដែរ នូវហានិភ័យមួយចំនួនដូចជា​ ការបំពុលទិន្នន័យ និង​​ការបង្វែង​ធ្វើប្រព័ន្ធអាល់ហ្គោរីតម៍វង្វេង ជាដើម។ ផ្អែកតាមលោក Tse Brian រដ្ឋ​​ចិន​បានចាប់ផ្តើម​ពិចារណា​ តាក់តែងក្រមខណ្ឌច្បាប់​ជាតិ ចងជាកាតព្វកិច្ច នៅក្នុងវិស័យ​សន្តិសុខភ្នាក់ងារ​AI ដែលនេះគឺជាលើកទី​១ហើយ​ក្នុងពិភពលោក​។​

    គួរជំរាបថា ករណី​គម្រូAIស្ថិតក្នុងដំណាក់កាលធ្វើតេស្ត តែវាឆ្លាតជ្រុល​ ហើយគេចខ្លួនរបូតចេញពីប្រព័ន្ធបិទជិត ឈានចូលទៅបំផ្លាញប្រព័ន្ធផ្សេងខាងក្រៅ បានកើតឡើងច្រើនដងហើយ។ ថ្ងៃទី​១កញ្ញា  លោក Wang Lihong មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរគ្រប់គ្រង​សន្តិសុខ Cyberspace ចិនបាន​ទាញសញ្ញាអាសន្ន ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹង​គម្រូភ្នាក់ងារAI ដែលរបូត​ចេញពីរនាំងសន្តិសុខ លែងស្តាប់បញ្ជា ហើយវាយប្រហារប្រព័ន្ធផ្សេងទៀតនៅខាងក្រៅទូទាំងពិភពលោក។​ ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យទី​១៣កញ្ញា លោករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន Chen Yixin បាន​លើកឡើងថា គម្រូAIឈានមុខអាមេរិក ដូចជា Mythos របស់ក្រុមហ៊ុន Athropic និង​​ GPT-5.5-Cyber របស់ Open AI ជាដើម សុទ្ធតែអាចគំរាម​មកលើហេដ្ឋារចនាសម្ព័ន្ធ​ធំៗរបស់ចិន។

    សូមបញ្ជាក់ថា សេណារីយ៉ូមហន្តរាយបង្កឡើយដោយ AI ឆ្លាតជ្រុល​ទប់លែងជាប់នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ចិន​ ធ្លាប់លើកឡើង​នៅក្នុង​ឯកសារ​ផ្លូវការមួយ របស់រដ្ឋបាល​ទទួលបន្ទុក Cyberspace នៅខែកញ្ញាឆ្នាំ​២០២៤។ ឯកសារនេះ បានប៉ាន់ប្រមាណទុកជាមុន នូវ​ហានិភ័យ ដែល​ភ្នាក់ងារAI មួយឆ្លាត​ខ្លាំង​ ធ្វើការដោយស្វ័យប្រវត្តិ ប្រមូលទិន្នន័យ បង្កើតទិន្នន័យថ្មី ហើយមានបញ្ញា​ដឹងខ្លួនឯង ព្រមទាំងអាច​ស្វែងរកអំណាចថ្មីមកបន្ថែម​ឲ្យខ្លួនវា ដើម្បីប្រជែង​ជាមួយសមត្ថភាពមនុស្ស​។ ផ្អែកតាម​ឯកសារចុងក្រោយមួយទៀត នៅខែកញ្ញាឆ្នាំ​២០២៥ រដ្ឋបាលចិនទទួល​បន្ទុក Cyberspace បានលើកឡើងពី​គោលការណ៍ថ្មី ដើម្បី​បង្ការ​ទប់ទល់នឹងហានិភ័យ បាត់បង់ការ​​គ្រប់គ្រងដែលគំរាម​ដល់អាយុជីវិតមនុស្ស​។ សេណារីយ៉ូបែបនេះ អាជ្ញាធរចិនបានសំដៅទៅដល់ករណី “បច្ចេកវិទ្យាAI កម្រោល​ចូល ប្រកាច់ចាប់មិនឈ្នះ”។

    តែទោះជាយ៉ាងនេះក្តី  អាមេរិក​និងចិន ក៏មាន​​គំនិត​យល់ឃើញខុសគ្នាដែរ ទាក់ទិនការអំពាវនាវ​ឲ្យ​ បន្ថយល្បឿន ក្នុងការអភិវឌ្ឍន៍AI។ ខុសពីក្រុមហ៊ុនបច្ចេកវិទ្យា​​ធំៗនៅអាមេរិក​ដែល​អំពាវនាវ​ឲ្យ​បន្ថយល្បឿន រដ្ឋចិនឯនោះវិញបាន​លើកទឹកចិត្ត​ឲ្យ​គេប្រើប្រាស់បច្ចេកវិទ្យាAI ឲ្យបានគ្រប់សហគ្រាស គ្រប់វិស័យ។ នេះគឺជាគោលនយោបាយរួមរបស់រដ្ឋចិន ដែល​ចង់យកបច្ចេកវិទ្យានេះធ្វើជាកម្លាំងចលករនាំសន្ទុះសេដ្ឋកិច្ច។ តែទន្ទឹមគ្នានេះ រដ្ឋចិននៅតែអាច​ចេញបញ្ជាឲ្យ​បង្អង់ដៃ ផ្អាក​ ពន្យាពេល​ប្រើប្រាស់បច្ចេកវិទ្យាណាមួយ ប្រសិន​បើអាជ្ញាធរ​យល់ថា​ ការគ្រប់គ្រងពីលើ​​នៅមិនទាន់ល្អគ្រប់គ្រាន់​៕

    Wed, 16 Sep 2026
Show More Episodes