Podcasts by Category
នាទីសុខភាពនិងអនាម័យ

សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
- 175 - បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?
គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបហៅថាល្អ និង ចាប់ពីបរិមាណប៉ុន្មានទៅ ដែលនាំមានផលវិបាកដល់សុខភាព?
ទឹកជាភេសជ្ជៈដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបទាំងអស់។ ផ្តល់ជាតិទឹក ផ្តល់ភាពសើមដល់សព៌ាង្គកាយ ជាប់ជាប្រចាំ នឹងធ្វើឲ្យសរីរាង្គកាយមានដំណើរការល្អ។ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សរីរាង្គកាយ ជាការចូលរួមចំណែកធ្វើឲ្យមាន សរសៃឈាមបេះដូង តម្រង់នោម ប្រព័ន្ធរំលាយអាហារ និង ខួរក្បាល មានសុខភាពល្អ។ ប៉ុន្តែត្រូវឲ្យទឹកនោះ ជាទឹកមានគុណភាពល្អ ជាទឹកបរិសុទ្ធ អាចបរិភោគបានដោយគ្មានមេរោគឆ្លងចូលក្នុងសព៌ាង្គកាយ។
ទឹកមានភារៈចាត់ចែងសីតុណ្ហភាពរាងកាយ ដឹកជញ្ជូនជីវជាតិ រំលាយកាកសំណល់មេតាបូលិក និងធានារ៉ាប់រងដំណើរការរបស់ក្រលៀនឬតម្រងនោម ប្រព័ន្ធរំលាយអាហារ និងសន្លាក់។ មានន័យថា ការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ នឹងជួយតម្រងនោមឱ្យច្រោះកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងជួយបង្ការកុំមានគ្រួសក្នុងតម្រងនោម។ ជួយប្រព័ន្ធរំលាយអាហារ កិនបំបែកនិងបញ្ជូនកាកសំណល់ចេញ បញ្ចៀសអាការៈទល់លាមក។ ជួយរក្សាលំនឹងថាមពល កាត់បន្ថយអាការៈនឿយហត់អស់កម្លាំងខ្សោយបញ្ញាស្មារតី។
ហេតុដូច្នេះហើយបានជានៅពេលខ្វះជាតិទឹក ឬបរិភោគទឹកមិនគ្រប់គ្រាន់ ទោះបីជាខ្វះតិចតួចក៏ដោយ ក៏មនុស្សនឹងអាចមានអាការៈអស់កម្លាំង ឈឺក្បាល ការផ្ចង់គំនិតស្មារតីចុះខ្សោយ និងចុះខ្សោយសមត្ថភាពរាងកាយ ភ្លាម។ ផ្ទុយទៅវិញ ការបរិភោគទឹកច្រើនជ្រុល ក៏អាចជះផលវិបាក និងបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។
ពិសាទឹកច្រើនជ្រុលអាចបង្កបញ្ហាអ្វីខ្លះ?
ទឹកជាភេសជ្ជៈដ៏ល្អជាងគេសម្រាប់សុខភាព។ នេះជាអនុសាសន៍ណែនាំដែលយើងឮជារហូតមក។ ប៉ុន្តែការពិសាទឹកច្រើនជ្រុលហួសហេតុពេក ក៏មិនល្អដែរ។
ដើម្បីផ្តល់ចម្លើយថាតើមនុស្សម្នាក់ៗត្រូវបរិភោគទឹកប៉ុន្មានក្នុងមួយថ្ងៃ ទើបសមរម្យ យើងត្រូវយល់ជាមុនថា ក្នុងមួយថ្ងៃៗ សរីរាង្គកាយយើងបានបាត់បង់ជាតិទឹក អស់ប្រមាណពីពីរលីត្រកន្លះទៅបីលីត្រ តាមរយៈការបញ្ចេញចោលទឹកនោម លាមក ញើស និងការហួតជាតិតាមផ្ទៃស្បែក។ ដូច្នេះដើម្បីរក្សាតុល្យភាព យើងត្រូវទទួលទានទឹក បំពេញសរីរាង្គកាយឱ្យបានក្នុងបរិមាណឱ្យស្មើវិញ (ពីរលីត្រកន្លះទៅបីលីត្រ) ជាប្រចាំ។ តាមការពិត យើងបានផ្តល់តុល្យភាពជាតិទឹកធ្វើជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន តាមរយៈការទទួលទានអាហារ បន្លែផ្លែឈើ សម្លសម្លុក និងការផឹកទឹកធម្មតា ឬភេសជ្ជៈផ្សេងៗ។
ប៉ុន្តែនៅពេលពិសាទឹកច្រើនជ្រុលនិងលឿនពេក លើសការបាត់បង់ អ្នកនឹងទទួលលទ្ធផលបញ្ច្រាស។ អ្វីក៏ដោយឱ្យតែធ្វើជ្រុល សុទ្ធតែអាចបកជាអាក្រក់វិញទាំងអស់។ យ៉ាងណាមិញ ការបរិភោគទឹកច្រើនជ្រុល ហួសសមត្ថភាពចម្រោះរបស់តម្រងនោម ដែលជាទូទៅអាចច្រោះបានប្រមាណពី៨០០មីល្លីលីត្រទៅ១លីត្រក្នុងម៉ោង អាចនឹងបង្កឱ្យមានបញ្ហាខ្សោះ និងធ្លាក់ចុះថយបរិមាណជាតិអេឡិចត្រូលីត ជាតិSodium ក្នុងឈាម Hyponatrémie ឬនិយាយបែបសាមញ្ញថា “ពុលទឹក”។
ពុលទឹក គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលពាក់ព័ន្ធនឹងបរិភោគទឹកច្រើនជ្រុលហួសហេតុ ក្នុងរយៈពេលដ៏ខ្លី លើសសេចក្តីត្រូវការរបស់សរីរាង្គកាយ។ ទឹកនឹងក្លាយជាជាតិពុល ព្រោះនៅពេលសរីរាង្គកាយមានបរិមាណទឹកច្រើនពេក កំហាប់ជាតិសូច្យូម (អំបិល) ក្នុងឈាមរាវខ្លាំង ពោលគឺមានកំរិតជាតិសូច្យូមទាប។ បើអត្រាសូច្យូមក្នុងឈាមទាប នោះកោសិកាខួរក្បាល អាចនឹងហើម ហើយឡើងសម្ពាធក្នុងលលាដ៏ក្បាល ដែលអាចបង្កជាអាការៈ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូកច្របល់ ប្រកាច់ សន្លប់ និងបើធ្ងន់ធ្ងរអាចដល់ស្លាប់បាន។
ករណីស្លាប់ដោយហេតុ ហូបទឹកច្រើនពេកដល់ពុល ធ្លាប់កើតមានរួចមកហើយ ជាពិសេសក្នុងចំណោមអ្នកកីឡារត់ម៉ារ៉ាតុង។ បើតាមស្ថិតិឆ្នាំ២០២១ អ្នករត់ម៉ារ៉ាតុង ៨ទៅ១៣% មានអាការៈចុះជាតិSodium ដោយប្រឹងរត់ បែកញើសខ្លាំងចេញជាតិប្រៃអស់ហើយផឹកទឹកសាបច្រើនជ្រុល។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញ ណែនាំឱ្យអ្នកធ្វើ និងហាត់កីឡាប្រើកម្លាំង កុំពិសាទឹកច្រើនពេលរត់ និងពេលកំពុងបញ្ចេញថាមពលបែកញើសខ្លាំង។ ក្នុងករណីរត់ម៉ារ៉ាតុង ៥គីឡូម៉ែត្រមួយកូនកែវ គ្រប់គ្រាន់ហើយ។ ផ្តល់ជាតិដើម រក្សាតុល្យភាពជាតិទឹកក្នុងសរីរាង្គកាយពេលធ្វើកីឡា ជាប្រការចាំបាច់ តែសូមជ្រើសរើសក្រេបទឹកផ្សើមបំពង់ក ឱ្យញយដងជាជាងពិសាម្តងច្រើនកែវ។ ដើម្បីដឹងថាតើយើងបរិភោគទឹកច្រើនជ្រុល សូមសាកល្បងឡើងជញ្ជីង។ បើធ្ងន់ជាងមុនពេលហាត់ នោះមានន័យថាយើងពិសាទឹកច្រើនជ្រុលហើយ។
មនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ (ខ្សោយក្រលៀន ខ្សោយបេះដូង មហារីក ឬជំងឺទឹកនោមផ្អែម) សុទ្ធសឹងជាជនងាយរងគ្រោះ ងាយប្រឈមនឹងវិបត្តិអ៊ីប៉ូណាត្រេមី ពុលទឹក។ សរីរាង្គពួកគេមិនអាចបញ្ចេញជាតិទឹកបានត្រឹមត្រូវទេ នៅពេលបរិភោគទឹកចូលច្រើនពេក ព្រោះចូលដល់វ័យមួយ មនុស្សចាស់លែងសូវបែកញើស ឬលែងចេញញើសសោះតែម្តង។ អ្នកមានសុខភាពល្អរឹងមាំ ក៏អាចជួបគ្រោះពុលទឹកបានដែរ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង។
តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?
មួយលីត្រកន្លះ ឬពីរលីត្រ ឬបីលីត្រ? សេចក្តីត្រូវការ “ទឹក” មិនដូចនិងមិនស្មើគ្នាទេ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីវ័យមួយទៅវ័យមួយ។ រង្វាស់នៃសេចក្តីត្រូវការជាតិទឹក ប្រែប្រួលទៅតាមអាយុ ទៅតាមមាឌ (ទម្ងន់) ទៅតាមកំរិតនៃការបញ្ចេញសកម្មភាពរាងកាយ និងទៅតាមបរិបទអាកាសធាតុ។
ក្នុងបឋមវ័យ នៅជាទារកនៅឡើយ ខ្លួនប្រាណមនុស្សមានផ្ទុកជាតិទឹកប្រមាណ៧៥%។ ៦០% ឬត្រូវជា៤២លីត្រ ចំពោះមនុស្សធំពេញវ័យទម្ងន់៧០គីឡូក្រាម និងនៅសល់តែប្រមាណ៥០ទៅ៥៥% នៅពេលចាស់ជរា។ ភាពខុសគ្នានេះជាការបញ្ជាក់ឱ្យឃើញអំពីតួនាទីគ្រឹះរបស់ជាតិទឹក សម្រាប់ជីវិត។ បើកំរិតជាតិទឹកក្នុងសរីរាង្គកាយមនុស្សខុសគ្នា សេចក្តីត្រូវការជាតិសើមក៏ខុសគ្នាទៅតាមវ័យដែរ។
បើតាមអនុសាសន៍របស់វិទ្យាស្ថានស្រាវជ្រាវសុខភាពបារាំង តម្រូវការជាតិទឹកវិវឌ្ឍ និងប្រែប្រួលទៅតាមវ័យ ទៅតាមដំណើរជីវិត និងត្រូវគិតគូរបូកបញ្ចូលទាំងបរិមាណជាតិទឹកក្នុងម្ហូបអាហារផង។
ដូច្នេះ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន អ្នកងាយរងហានិភ័យ ត្រូវបរិភោគទឹកមិនឱ្យលើសពីមួយលីត្រកន្លះទេ ក្នុងមួយថ្ងៃ។ ជាទឹកសធម្មតា បន្ថែមពីលើចំណីអាហារដែលសម្បូរជាតិទឹក។ ចំណែកអ្នកមានសុខភាពល្អ មិនត្រូវពិសាទឹកឱ្យលើសពី៣ទៅ៤លីត្រឡើយ ក្នុងមួយថ្ងៃ៕
Wed, 30 Sep 2026 - 174 - ថ្នាំបង្ការជំងឺរបេងអាចការពារជំងឺវង្វេងបាន?
ថ្ងៃទី ២១កញ្ញាជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់។ បើតាមស្ថិតិទើបចេញថ្មី ២,២%នៃប្រជាជនបារាំងមានជំងឺវង្វេងវង្វាន់ Alzheimer។ ចំណោមអ្នកជំងឺចុះខ្សោយសតិទាំងនោះ មានតែ៣៤%ប៉ុណ្ណោះ បានទទួលការវិនិច្ឆ័យត្រឹមត្រូវ។ ជំងឺវង្វេងវង្វាន់បានក្លាយជាបន្ទុក ដ៏ធំសម្រាប់ពិភពលោកទាំងមូល។ ពិភពវេជ្ជសាស្ត្រ ក៏មិនទាន់រកឃើញថ្នាំព្យាបាល និងថ្នាំការពារជំងឺដ៏គួរខ្លាចនេះទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹងជំងឺរបេង ទំនងអាចពន្យឺតអាការៈរោគវង្វេងបាន។ តើថ្នាំបង្ការBCG មានលក្ខណៈពិសេសយ៉ាងណា ? ការសិក្សាពន្យល់យ៉ាងដូចម្តេចខ្លះ?
វង្វេងវង្វាន់ជាជំងឺខូចប្រព័ន្ធសរសៃប្រសាទដែលមានកើតច្រើនជាងគេនៅលើពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង៥៥លាននាក់មានជំងឺវង្វេង ក្នុងនោះ៦០ទៅ៧០%ជាជំងឺវង្វេងវង្វាន់Alzheimer នៅឆ្នាំ២០២០ និងដល់១៣២លាននាក់នៅឆ្នាំ២០៥០។
រោគសញ្ញាដំបូងដែលត្រូវប្រយ័ត្នគិតដល់ជំងឺវង្វេងវង្វាន់
ភ្លេចកូនសោផ្ទះ រកនឹកឈ្មោះអ្នកស្គាល់ណាម្នាក់មិនឃើញ ដើរទៅដល់កន្លែងតែភ្លេចមិនដឹងថាមកធ្វើអី ... ស្ថានភាពបែបនេះជាអាការៈធម្មតាដែលតែងកើតឡើងលើមនុស្សស្ទើរគ្រប់រូប។ ការភ្លេច ឬភ្លាំងមួយភ្លែតដូច្នេះ មិនមែនជាសញ្ញាបញ្ជាក់ជាស្វ័យប្រវត្តិនៃការចាប់ផ្តើមមានជំងឺវង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេលភ្លេច ក្លាយជាទម្លាប់ប្រចាំថ្ងៃ កើតឡើងដដែលៗ រំខានដល់ការរស់នៅប្រចាំថ្ងៃ អមដោយការនិយាយស្តីសួរដដែលៗ ឬអមដោយការរង្វេងក្នុងទីតាំង-កន្លែងដែលធ្លាប់ស្គាល់សោះ ទើបជាសញ្ញាដាស់ស្មារតីប្រាប់ពីហានិភ័យកើតជំងឺវង្វេងវង្វាន់។
មានកត្តាចម្បងៗជាច្រើនដែលបង្កើនគ្រោះឈានទៅកើតជំងឺវង្វេងវង្វាន់។ អាយុជាកត្តាចម្បងគេ ដោយប្រេវ៉ាឡង់កើតជំងឺវង្វេងវង្វាន់បានកើនឡើងពី១%នៅអាយុពី៦០ទៅ៦៥ឆ្នាំ ដល់ជិត៥០%នៅអាយុ៨៥ឆ្នាំ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទវិទ្យា នៅមន្ទីរពេទ្យសកលវិទ្យាល័យ Pitié-Salpêtrière ក្រុងប៉ារីស ៖
“ជំងឺវង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធនឹងអាយុ។ ប៉ុន្តែមិនមែនមានន័យថា ក្មេងមិនកើតជំងឺនេះឡើយ។ យើងគ្រប់គ្នា នៅអាស៊ី អាហ្វ្រិក ... រស់មានសុខភាពល្អ រហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើងដោយឯង តាមច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយបានជាកាលពីជាង៣០ឆ្នាំមុន គេមិនសូវឃើញមានជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរទេ នៅប្រទេសបារាំង។ ជំងឺនេះទើបចាប់ផ្ទុះកំណើន ដូចស៊ូណាមី នៅពេលនេះ ព្រោះមនុស្សបច្ចុប្បន្នមានអាយុវែង រស់បានយូរ។ អាយុវែង រស់បានយូររហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើង ជាធម្មតា។ ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ មិនមែនជាជំងឺដែលបណ្តាលមកពីភាពចាស់ជរាទេ។ ប៉ុន្តែជាជំងឺដែលមានពាក់ព័ន្ធភាពចាស់ជរា។ គ្រប់មនុស្សចាស់រស់ដល់អាយុ៩០ឆ្នាំ មិនមែនសុទ្ធកើតរោគវង្វេងទាំងអស់ឡើយ។ ២០-៣០% ចំពោះមនុស្សក្នុងវ័យខ្ទង់៨០ និងដល់ជាង៤០%សម្រាប់មនុស្សចូលវ័យ៩០ឆ្នាំ។ មានន័យថា ប្រមាណ៦០%នៃមនុស្សចាស់អាយុលើស៩០ឆ្នាំ គ្មានជំងឺ និងគ្មានរោគសញ្ញាជំងឺ Alzheimer។”
កត្តាពូជ និងសុខភាពសរសៃឈាមបេះដូង (មានជំងឺលើសឈាម ទឹកនោមផ្អែម ក៏មានចំណែកសំខាន់ខ្លាំងដែរក្នុងការជំរុញឱ្យមានជំងឺវង្វេងវង្វាន់។ នៅក្នុងការសិក្សាចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet ការស្រូបធាតុល្អិតនិចល តូចឆ្មារ PM2.5 យូរខែថ្ងៃ បានបង្កើនគ្រោះហានិភ័យខ្ពស់ខ្លាំងណាស់ឱ្យមានជំងឺវង្វេងវង្វាន់។
បើតាមរបាយការណ៍ចេញផ្សាយនៅក្នុងទស្សនាវដ្តី ឆ្នាំ២០២៤ ជំងឺវង្វេងចុះខ្សោយប្រព័ន្ធសរសៃប្រសាទនៅលើពិភពលោក ចំនួន៤៥% ទំនងបណ្តាលមកពីកត្តាហានិភ័យដែលគេអាចប្តូរផ្លាស់បាន។ ដូច្នេះ គេទំនងជាអាចមានលទ្ធភាព ក្នុងករណីខ្លះ ការពារ ឬពន្យឺតពេលវេលាកុំឱ្យឆាប់កើតជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បានពន្យល់ថា ខួរក្បាលមនុស្សជាសរីរាង្គដែលចាប់ផ្តើម ចាស់ទ្រុឌទ្រោម នៅអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយភាពចាស់នៃខួរក្បាលចាប់ធ្លាក់លឿនខ្លាំង នៅម្តុំអាយុ៥៥ឆ្នាំ។ ដូច្នេះវាជាការសំខាន់ដែលយើងត្រូវចេះប្រកាន់ទម្លាប់ល្អ ឱ្យបានកាន់ឆាប់កាន់តែប្រសើរ ក្នុងការពន្យឺតបាតុភូតនេះ និងរក្សាខួរក្បាលឱ្យនៅមានសុខភាពល្អ។ បច្ចុប្បន្ននេះ គ្មានឥរិយាបថរស់នៅប្រចាំថ្ងៃណាដែលធានាទប់ស្កាត់បុគ្គលណាសម្នាក់មិនឱ្យកើតជំងឺវង្វេងវង្វាន់ Alzheimer ទេ។ ផ្ទុយទៅវិញ ទម្លាប់ខ្លះអាចមានប្រតិកម្មលើកត្តាហានិភ័យ និងចូលរួមចំណែកពង្រឹងសុខភាពខួរក្បាល ដែលអាចជួយពន្យឺតពេលវេលាកុំឱ្យឆាប់លេចរោគសញ្ញាជំងឺ Alzheimer បាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បានចេញផ្សាយនាឱកាសទិវាពិភពលោកនៃជំងឺអាល់ហ្សៃមែរ ថ្ងៃទី២១កញ្ញា នូវអនុសាសន៍៥យ៉ាង សម្រាប់ទប់កុំឱ្យជំងឺ Alzheimer ឆាប់កើត និងរក្សាសុខភាពខួរក្បាល ឱ្យនៅល្អបានយូរ ៖
ត្រូវបញ្ចេញសកម្មភាពកាយសម្បទាជារៀងរាល់ថ្ងៃ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង លើសឈាម ឡើងខ្លាញ់ ឬជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល។ ភាពអសកម្មជាកត្តាហានិភ័យដែលអាចលុបបំបាត់បាន បរិភោគអាហារមានលំនឹង បន្លែត្រីសាច់ វីតាមីន ប្រូតេអ៊ីន ខ្លាញ់ល្អ និងអំបិលតិច ការពារក្បាលពីការប៉ះទង្គិចនានា។ ការបុក ប៉ះទង្គិចក្បាលយូរៗញយៗ ទោះស្រាលក្តី ក៏អាចធ្វើឱ្យគ្រាំដល់ខួរក្បាលដែរ។ បង្ហាត់បង្វឹកខួរក្បាល ដោយត្រូវបន្តប្រើបញ្ញា រៀនជារៀងរាល់ថ្ងៃ ពេញមួយជីវិត។ អាន សរសេរ រៀន ដើម្បីឱ្យខួរក្បាលមានទម្លាប់ប្រឹងធ្វើសកម្មភាពជាប់ជាប្រចាំ។ បង្កើនទំនាក់ទំនង កុំរស់ក្នុងភាពឯកា។ថ្នាំបង្ការអាចជួយការពារខួរក្បាល ?
មើលថែសុខភាពរាងកាយជាទូទៅ ចាក់ថ្នាំបង្ការតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបញ្ចៀសជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺរបេង ក៏មានប្រយោជន៍ក្នុងការទប់ស្កាត់ជំងឺវង្វេងបានដែរ។ នេះបើគេជឿតាមការសិក្សាទើបចេញថ្មី កាលពីដើមខែកក្កដា២០២៦។ ថ្នាំបង្ការ BCG សម្រាប់ការពារជំងឺរបេង ដែលត្រូវបានវេជ្ជសាស្ត្រយកមកប្រើជាថ្នាំព្យាបាលជំងឺមហារីកប្លោកនោម ទំនងជាអាចការពារ និងពន្យឺតអាការៈសញ្ញាជំងឺវង្វេងវង្វាន់ Alzheimer បាន។
មានអាយុជាង១រយឆ្នាំ ថ្នាំបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបេង និងសម្រាប់ព្យាបាលប្រព័ន្ធការពារខ្លួនប្រឆាំងនឹងជំងឺមហារីកប្លោកនោម ទំនងអាចមានសមត្ថភាពបង្ហាត់កោសិកានៃប្រព័ន្ធការពារខ្លួន ដែលមានឥទ្ធិពលលើពពួកប្រូតេអ៊ីន អាមីឡូអ៊ីត។ ប្រូតេអ៊ីនដែលជាប្រភពនាំឱ្យកើតជំងឺវង្វេងវង្វាន់។ កំពុងស្ថិតក្នុងដំណាក់កាលរុករកមែន ប៉ុន្តែអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជឿជាក់កាន់តែខ្លាំងឡើងៗ ថាថ្នាំបង្ការBCG អាចដើរតួនាទីគន្លឹះលើប្រព័ន្ធការពារខ្លួនក្នុងការទប់ជំងឺខូចប្រព័ន្ធប្រសាទ (ចុះខ្សោយ)។ បើតាមការសិក្សា អ្នកជំងឺខ្លះ ក្រលេចរោគសញ្ញាឡើង មិនមែនដោយយន្តការជំងឺវង្វេងវិវឌ្ឍន៍យឺត ឬអវត្តមានទេ តែមកពីអ្នកជំងឺអាច តស៊ូ តតាំងនឹងជំងឺនេះបានយូរ។ ឬនិយាយឱ្យស្រួលស្តាប់ មកពីអ្នកជំងឺមានប្រព័ន្ធការពារខ្លួនខ្លាំង រស់រវើក បន្ទាប់ពីទទួលថ្នាំបង្ការBCG ដោយអាចធ្វើសកម្មភាពប្រយុទ្ធប្រឆាំងបានយ៉ាងលឿននិងយ៉ាងខ្លាំង នឹងគ្រោះថ្នាក់ចំពោះមុខ។
អ្នកស្រាវជ្រាវរកឃើញថា អ្នកមានសុខភាពល្អ ដែលបានទទួលថ្នាំបង្ការBCG គ្រប់ដូស (ពីរដូស) មានកំរិតប្រូតេអ៊ីន បេតាអាមីឡូអ៊ីត ធ្លាក់ចុះ៤០% នៅមួយឆ្នាំក្រោយ។ ហើយកោសិកានៃប្រព័ន្ធការពារខ្លួន ជុំវិញប្រព័ន្ធប្រសាទកណ្តាល មានសញ្ញាសកម្ម បានយូរ។ ចំពោះអ្នកមានជំងឺ Alzheimer ហើយ ថ្នាំបង្ការBCG មិនអាចបញ្ចុះអត្រាបេតាអាមីឡូអ៊ីតមែន តែប្រព័ន្ធការពារខ្លួនរបស់ពួកគេក៏បញ្ចេញប្រតិកម្មខ្លាំង។ លោកសាស្ត្រាចារ្យ Philippe Amouyel អគ្គនាយកមូលនិធិស្រាវជ្រាវជំងឺ Alzheimer ចាត់ទុកលទ្ធផលនៃការសិក្សានេះ ថាជាការចង្អុលផ្លូវឱ្យឃើញអំពីតួនាទីរបស់ប្រព័ន្ធការពារខ្លួន ក្នុងកិច្ចការពារជំងឺអាល់ហ្សៃមែរ។ គោលដៅចម្បង មិនមែនដើម្បីព្យាបាលជំងឺ Alzheimer ឱ្យជាទេ តែដើម្បីពន្យឺតការវិវឌ្ឍន៍នៃជំងឺ និងដើម្បីកុំឱ្យអ្នកជំងឺឆាប់លេចរោគសញ្ញាវង្វេងឡើង៕
Wed, 23 Sep 2026 - 173 - សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ?
ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយ នៅលើពិភពលោក។ ក្នុងប្រពៃណីខ្លះ សាក់ជាដំណាក់កាលដែលមិនអាចរំលងបាន ព្រោះជាការបញ្ជាក់អត្តសញ្ញាណ ឋានៈក្នុងសង្គម និងដំណើរជីវិត។ នៅកម្ពុជា ចាស់បុរាណមានជំនឿថា ការចាក់សាក់យ័ន្ត បញ្ចូលអាគមគាថា អាចធ្វើឲ្យក្លាយជាវិសេសជន អាចជួយការពារខ្លួន អាចធ្វើឲ្យមនុស្សប្តូរផ្លាស់អត្តចរិក។ល។ អបិយជំនឿ ចាក់សាក់យ័ន្ត ធ្វើជាអាវុធការពារ កាប់មិនមុតដុតមិនឆេះ បានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ និង ត្រូវបានគេចាត់ទុកជាមរតកវប្បធម៌ខ្មែរបុរាណមួយ ដែលគួរថែរក្សាឲ្យបានគង់វង្ស។ ក្នុងសង្គមខ្លះទៀត សាក់ជាតំណាងរូបភាពអវិជ្ជមាន ដោយយល់ថាអ្នកចាក់សាក់ ជាក្រុមអ្នកលេង ក្រុមមិនល្អ។
ប៉ុន្តែតាំងពីជាងម្ភៃឆ្នាំមកនេះ សាក់បានក្លាយជាសិល្បៈនៃការលម្អរាងកាយមួយ ក្នុង ចំណោមយុវវ័យជំនាន់ក្រោយ និងកាន់តែពេញនិយមឡើងៗ គ្របបាំងគំនិតអវិជ្ជមាន ទាំងឡាយទាក់ទងនឹងសាក់។ ចាក់សាក់បានក្លាយជារឿងសាមញ្ញរបស់ជនទូទៅ។ បើតាមការប៉ាន់ស្មាន មានមនុស្សជាង១ពាន់លាននាក់ ឬ ត្រូវជា ១ភាគ៥នៃប្រជាជនសរុបនៅលើ ផែនដី មាន សាក់នៅលើខ្លួន និង ដល់ទៅ មួយភាគបួន ក្នុងចំណោម មនុស្សអាយុក្រោម៣៥ឆ្នាំ។
នៅអឺរ៉ុប កន្លែងចាក់សាក់បានរីកដុះដាលយ៉ាងខ្លាំង ព្រោះអាជ្ញាធរបានសម្រួល បែបបទរដ្ឋបាល និងបានពង្រឹងច្បាប់ត្រួតពិនិត្យសុវត្ថិភាពការចាក់សាក់ ទាំងខាងផ្នែក អនាម័យ ដ៏ដូចជាទឹកថ្នាំសម្រាប់សាក់។ ប៉ុន្តែច្បាប់កំណត់បទដ្ឋានសុវត្ថិភាពទឹកថ្នាំសាក់នៅអឺរ៉ុប ដែលមានលក្ខណៈតឹងតែងខ្លាំងជាងគេ ខ្លាំងជាងនៅសហរដ្ឋអាមេរិកទៀតនោះ ទើបចូលជាធរមាន កាលពីខែកុម្ភៈឆ្នាំ២០២៥មុននេះទេ។ ទឹកថ្នាំចាស់ និងសល់ពីមុន នៅតែបន្តធ្វើចរាចរណ៍នៅអឺរ៉ុបដដែល រហូតអស់ពីស្តុក។
ហានិភ័យឆ្លងរោគ ឬមានការបង្ករោគ ដោយការសាក់ ត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់សម្ភារៈម្ជុលឬឧបករណ៍ចាក់ ដែលឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។ តែគ្រោះអាល្លែកហ្ស៊ី និងគ្រោះថ្នាក់ បង្កឡើងដោយទឹកថ្នាំសម្រាប់សាក់ នៅខ្ពស់ដដែល។ គ្រូសាក់បានទទួលស្គាល់ថា ពួកគាត់បានដឹងអំពីធាតុផ្សំគោលបិទលើប្រអប់ទឹកថ្នាំ ប៉ុន្តែមិនអាចដឹងអស់អំពីសមាសធាតុលម្អិតនៃទឹកថ្នាំនោះទេ។
បញ្ហាធំដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព គឺបណ្តាលមកពី ទឹកថ្នាំ។ គ្មានក្រុមហ៊ុនណា ផ្សំពណ៌ទឹកថ្នាំ ពិសេសសម្រាប់ប្រើសាក់លើស្បែកទេ។ នៅក្នុងទឹកថ្នាំ ធាតុកំណត់ពណ៌ថ្នាំ ជាសារធាតុគីមី តែមួយដូចគ្នា ក្នុងថ្នាំព៌ណឧស្សាហកម្ម ផលិតឡាន ផលិតប្លាស្ទិក ដែល បង្កប់ទៅដោយភាពកខ្វក់។ គឺភាពមិនបរិសុទ្ធនៃថ្នាំនេះហើយ ដែលជាដើមហេតុនាំឲ្យមាន ផលវិបាកចំពោះសុខភាពនៅពេលសាក់។
បើតាមគ្រូពេទ្យជំនាញផ្នែកសើរស្បែក ទឹកថ្នាំអាចបង្កបញ្ហាបីយ៉ាង៖ គឺទឹកថ្នាំអាចចម្លងមេរោគ ពពួកមីកូបាក់តេរី ឆ្លងក្រោយចាក់សាក់រួច។ ទីពីរ គឺការចាក់សាក់ក្រាស់ និង ច្រើនពេញផ្ទៃស្បែកពេក អាចបញ្ចៀបជាតិថ្នាំពណ៌សាក់ ទៅក្នុងស្រទាប់ស្បែក ដែម ច្រើនជ្រុលដែល ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទឹករងៃឡាំហ្វាទិក ពោលគឺអាចធ្វើឲ្យសរីរាង្គកាយពុល នៅពេលក្រោយ។ ជាតិផ្សំដំឡើងពណ៌ខ្លះទៀត ជាសារធាតុហាមឃាត់ ដោយវាជាភ្នាក់ងារអាចបង្កជំងឺមហារីក ឬអាចធ្វើឲ្យប្រព័ន្ធការពារសរីរាង្គកាយចុះខ្សោយ ហើយ បង្កជាប្រតិកម្មអាល្លែកហ្ស៊ីឡើង។ បើតាមវេជ្ជបណ្ឌិតជំនាញស្បែកដដែល ថ្នាំពណ៌កាន់តែដុត កាន់តែអាចបង្កគ្រោះថ្នាក់ជាងគេ។
មកទល់ពេលនេះម៉ោងនេះ ការចាក់សាក់ដោយប្រើថ្នាំមានផ្ទុកសារធាតុអាចបង្កគ្រោះមហារីក ជាហានិភ័យដែលមិនអាចបដិសេធបានទេ។
បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល៧ឆ្នាំ វិទ្យាស្ថានស្រាវជ្រាវជីវៈវេជ្ជសាស្ត្រBellinzone ប្រទេសស្វីស បានចេញផ្សាយរបាយការណ៍មួយដ៏គួរឲ្យព្រួយបារម្ភ។ ការពិសោធន៍ចាក់សាក់លើសត្វកណ្តុរ បានបង្ហាញជាផ្លូវការថា ទឹកថ្នាំសាក់ បានធ្វើឲ្យប្រព័ន្ធការពារខ្លួន ចុះខ្សោយ។ អ្នកស្រាវជ្រាវស្វ៊ីសបានធ្វើពិសោធន៍ទឹកថ្នាំសាក់ គ្រប់ម៉ាលល្បីៗនៅលើពិភពលោកដែលគោរពតាមបទដ្ឋានសុវត្ថិភាពReach យ៉ាងខ្ជាប់ខ្ជួន ចំនួនបួន ពណ៌ ក្រហម បៃតង ខៀវ និង ខ្មៅ។ ជាលទ្ធផល ថ្នាំសាក់មិននៅជាប់ត្រឹមក្នុងស្រទាប់ស្បែកខាងលើ ដូចអ្វីដែលយើងបានគិតនោះទេ តែជាតិថ្នាំបានជ្រាបចូលដល់សរីរាង្គកាយផ្សេងទៀត និង បានទៅកកផ្តុំ នៅក្នុងក្រពេញទឹករងៃឡាំហ្វាទិក។ នេះ សឲ្យឃើញអំពីផលវិបាកជាយថាហេតុ ចំពោះសុខភាពរបស់អ្នកមានសាក់។ ក្រហមពុលខ្លាំងជាងគេ អាច បង្កឲ្យមានគ្រោះបង្ករោគរោលរលាកធំ។
ស្បែកមនុស្សចែកចេញជាបីស្រទាប់ គឺស្បែកខាងលើ Epiderme ស្រទាប់ក្រោមស្បែកDerme និងស្រទាប់Hypoderme។ ដើម្បីឲ្យសាក់អាចដិតជាប់បានយូរ គេត្រូវចាក់ម្ជុលសាក់ឲ្យចូលជ្រៅ ដល់ស្រទាប់ដែមរបស់ស្បែក។ ហេតុដូច្នេះហើយ បានជា នៅពេលសាក់ ធាតុល្អិតបំផុតនៃទឹកថ្នាំដែលចាក់បញ្ចូលទៅមិនជាប់ នៅត្រឹមស្រទាប់ក្រោមស្បែកដែមទេ តែអាចជ្រាបហូរទៅពេញសពាង្គកាយ តាមរយៈសរសៃឡាំហ្វាទិកតូចៗ និងដែលតែបីបួនម៉ោងវាធ្វើដំណើរ ទៅដល់ក្រពេញឡាំហ្វាទិក។ ក្រពេញឡាំហ្វាទិក មានតួនាទីគ្រប់គ្រងប្រព័ន្ធការពារខ្លួន ដែលមានកោសិកាម៉ាក្រូហ្វា ជាអ្នកស្រូប និង កម្ចាត់បាក់តេរីបៀតបៀន
រាងកាយ។ តែបើតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវជីវៈវេជ្ជសាស្ត្រស្វ៊ីស កោសិកាម៉ាក្រូហ្វា មិនអាចធុននឹងទឹកថ្នាំសាក់ទេ ហើយនឹងងាប់នៅពេលប្រឹងប្រយុទ្ធប្រឆាំងនឹងសារធាតុរបស់ថ្នាំសាក់។ នោះគឺយន្តការនាំឲ្យមានករណីរលាករ៉ាំរ៉ៃ ដែលយូរៗទៅ ធ្វើឲ្យប្រព័ន្ធការពារខ្លួនធ្លាក់ ខ្សោយ។ នេះជាលើកទីមួយហើយដែលមានការសិក្សាបញ្ជាក់អំពី ទំនាក់ទំនងរវាងទឹកថ្នាំសាក់ និងផលវិបាកទៅលើសរីរាង្គកាយ។ តែដើម្បីបញ្ជាក់ គេត្រូវការសិក្សាបន្ថែម និង ក្នុងទ្រង់ទ្រាយធំខ្លាំងទៀត។
គ្រូពេទ្យជំនាញខ្លះ បានទទួលយកលទ្ធផលស្រាវជ្រាវរបស់ វិទ្យាស្ថានស្វ៊ីសនេះដោយភាពជឿជាក់ និងបានបង្ហាញការព្រួយបារម្ភខ្លាំងនឹងការចាក់សាក់ ដោយយល់ថា សាក់មិនមែនជាទង្វើលេងសើចចង់លម្អខ្លួន បែបសាមញ្ញទេ។ ត្រូវតែមានការប្រុងប្រយ័ត្ន និង ឃុំគ្រងឲ្យបានត្រឹមត្រូវ ព្រមទាំងមានការត្រួតពិនិត្យបែបវេជ្ជសាស្ត្រឲ្យហ្មត់ចត់ខ្លាំង ជាពិសេសលើថ្នាំសាក់ មុននឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍លើទីផ្សារ។
អ្វីដែលគួរឲ្យព្រួយបារម្ភមែនទែន គឺរយៈយូរ និងការអូសបន្លាយពេលវេលា នៅក្នុងក្រពេញឡាំហ្វាទិក មុននឹងលេចចេញជាផលវិបាក។ យូរពេលក្រោយសកម្មភាពសាក់ និងមិនមែនកើតហេតុក្នុងពេលសាក់ភ្លាមៗទេ ទើបមនុស្សមិនសូវខ្លាច និង មិនខ្វល់ប្រុងប្រយ័ត្ន។ តែតាមការពិត ប្រព័ន្ធការពារខ្លួនចាប់ផ្តើមចុះខ្សោយ មានដំណើរការមិនសូវល្អបន្តិចម្តងៗ ហើយសមត្ថភាពការពារខ្លួនក៏លែងសូវល្អ ជាលំដាប់នោះ នោះប្រព័ន្ធការពារខ្លួន ពិតជា លែងសូវប្រឆាំងនឹងការបង្ករោគបានល្អ។ បច្ចុប្បន្នវេជ្ជសាស្ត្របានដឹងយ៉ាងច្បាស់ថា បើប្រព័ន្ធការពារខ្លួន ខ្សោយ នោះនឹងងាយលេចជំងឺមហារីក និងការបង្ករោគ។ អ៊ីចឹងហើយបានជា យើងត្រូវតែសាកល្បងលុបបំបាត់ជាអតិបរមា ករណីប្រឈមនឹងសារធាតុរំខានដល់ប្រព័ន្ធការពារខ្លួន។
លុបសាក់ចោលវិញ ដោយវិធីបាញ់ឡាស៊ែរ អាចធ្វើឲ្យស្បែកបានស្អាត បាត់ស្នាមសាក់មែន ប៉ុន្តែជាតិថ្នាំពុលបានជ្រាបចូលទៅដល់ក្រពេញឡាំហ្វាទិកទៅហើយ មិនអាចបឹតស្រូបចេញមកវិញទេ។ ជាតិថ្នាំសាក់បន្តនៅក្នុងខ្លួនយើងអស់មួយជីវិត។ ការសាក់នៅលើស្បែកខាងក្រៅ គឺជាការសាក់លើក្រពេញឡាំហ្វាទិកដែរ។ នេះ ជាសារដែលអ្នកជំនាញសុខភាពចង់ផ្តល់ជូនអតិថិជនឲ្យពិចារណា មុននឹងសម្រេចចិត្តសាក់។
ប៉ុន្តែ ពិភពអ្នកសាក់ និងអ្នកវិទ្យាសាស្ត្រ មានទស្សនៈមិនដូចគ្នាទេ។ អ្នកសាក់រួច សុទ្ធតែអះអាងថាគ្មានអ្វីប្រែប្រួល ក្រោយពីបានសាក់អស់រាប់សិបឆ្នាំមកហើយ ដោយប្រើថ្នាំសាក់បែបសរីរាង្គ។
ជាថ្មីម្តងទៀត សមាគមអ្នករកស៊ីសាក់ សមាគមអ្នកសាក់ ក៏ដូចជាអាជ្ញាធរសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញសើស្បែក សុទ្ធតែតាមដានយ៉ាងហ្មត់ចត់ ទឹកថ្នាំសាក់ ដែលបើទោះបីបច្ចុប្បន្ន ជាទឹកថ្នាំសរីរាង្គ ក៏នៅតែជាប់ ឈ្មោះមិនល្អ ព្រោះធាតុផ្សំផ្តល់ពណ៌ អាចមានផ្ទុកសារធាតុគីមីជាភ្នាក់ងារបង្កជំងឺមហារីក ដូច បណ្តាសារធាតុគីមី ដាក់ក្នុងចំណីអាហារ និង ផលិតផលប្រើប្រាស់ផ្សេងទៀតដែរ។
-ចាក់សាក់អាចឈឺខ្លាំងរហូតដល់សន្លប់។ សូមពិចារណាហើយពិចារណាទៀត មុននឹងសម្រេចចិត្តចាក់សាក់លើស្បែក
-ត្រូវ ចាប់ផ្តើម ដោយសាក់ រូបតូចៗ ដើម្បីចៀសវាងការស្តាយក្រោយផង និងចៀសវាងក្រែងមានផលវំខានអាល្លែកហ្ស៊ីផង
-ជ្រើសរើសសាក់ពណ៌ខ្មៅ ដែលមានសុវត្ថិភាព និងស្រួលលុបវិញ ជាងគេ
-សួរបញ្ជាក់ជាមុន ឲ្យដឹងច្បាស់អំពីប្រភេទ ប្រភពនិងគុណភាពនៃទឹកថ្នាំសាក់ ថាពិតជាទឹកថ្នាំសរីរាង្គ គោរពបទដ្ឋានសុវត្ថិភាពសុខភាព មិនមែនទឹកថ្នាំគីមីលាយខ្លួនឯង
-ជ្រើសរើសទីតាំងសាក់ ឲ្យឆ្ងាយពីប្រជុយ
-ជ្រើសរើសអ្នកចេះសាក់ត្រឹមត្រូវ មានវិជ្ជាជីវៈពិតប្រាកដ៕
Wed, 16 Sep 2026 - 172 - តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ័យនេះងាយនិងឆាប់ធ្លាក់ក្នុងគ្រោះញៀន មានវិបត្តិផ្លូវចិត្ត ?
វ័យជំទង់ជាដំណាក់ពិសេសនិងជាវ័យកំណត់អនាគត។ ការប្តូរផ្លាស់រូបរាងកាយ អារម្មណ៍ សង្គម បរិយាកាសជុំវិញខ្លួន កត្តាសម្ភារៈភាពក្រីក្រ អំពើហិង្សា រងការព្យាបាទ សុទ្ធតែអាចធ្វើឲ្យក្មេងស្រី ក្មេងប្រុសក្នុងវ័យជំទង់ជួបវិបត្តិផ្លូវចិត្តបាន។ នៅលើពិភពលោកបច្ចុប្បន្ន ក្នុងចំណោមមនុស្ស៦នាក់ ម្នាក់មានអាយុ ពី១០ទៅ១៩ឆ្នាំ។ ហើយក្មេងក្នុងវ័យនេះ ម្នាក់ក្នុងចំណោម៧នាក់ (១៤%នៃប្រជាពលរដ្ឋនៅលើផែនដី) មានបញ្ហាផ្លូវចិត្ត និង មិនបានទទួលការយកចិត្តទុកដាក់ព្យាបាលទេ។
វិបត្តិផ្លូវចិត្តចម្បងៗដែលអាចលេចឡើងនៅក្នុងវ័យជំទង់ និង ទើបពេញវ័យភ្លាម ច្រើនតែជា ជំងឺថប់ព្រួយបារម្ភ ជំងឺបាក់ទឹកចិត្ត វិបត្តិចំណីអាហារ និងញៀន។
វិបត្តិផ្លូវចិត្ត
តាមការពិត វ័យជំទង់ ដែលល្បីថាដំណាក់កាលដ៏រីករាយបំផុតនៃជីវិត ជាដំណើរឆ្លងអន្តរកាលទៅរកភាពពេញវ័យ ក្លាយជាមនុស្សធំ នាពេលអនាគត ដែលរំលេចទៅដោយវិបត្តិ និង ដែល អ្នកម្តាយលោកឪពុកខ្លះ ហៅថាជាដំណាក់កាលកូនអកត្តញូ។ ក្នុងរយៈពេលនេះ ក្មេងមានការប្តូរផ្លាស់រាងកាយផង ត្រូវចាប់ផ្តើមប្រកាន់ទម្លាប់សម្របខ្លួនទៅនឹងសង្គមផង សម្របអារម្មណ៍ខ្លាំងដើម្បីផាសុកភាពផ្លូវចិត្តផង។ មានកត្តាជាច្រើនអាចជះឥទ្ធិពលលើសុខភាពផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធចង់ដូចគេឯង សម្ពាធស្វែងរកអត្តសញ្ញាណ។ ឥទ្ធិពលនៃការផ្សព្វផ្សាយព័ត៌មាន និង ស្តង់ដារមនុស្ស អាចធ្វើឲ្យមានគម្លាតខ្លាំងរវាងការពិតជាក់ស្តែង ដែលយុវវ័យកំពុងឆ្លងកាត់ និងគំនិត ឬក្តីស្រមៃសម្រាប់អនាគតពីមុន។ គុណភាពជីវិតក្នុងគ្រួសារ ទំនាក់ទំនងជាមួយក្មេងវ័យស្របាលគ្នា ក៏ជាកត្តាកំណត់សុខភាពផ្លូវចិត្តមួយដែររបស់ក្មេងជំទង់ ។ អំពើហិង្សា (ជាពិសេសអំពើហិង្សាផ្លូវភេទ និងការបំពារបំពាន) ការអប់រំបែបតឹងតែងផ្តាច់ការ និងការលំបាកផ្នែកថវិកាសេដ្ឋកិច្ច សុទ្ធតែជាផ្នែកមួយ ដែលអាចបង្កើនគ្រោះហានិភ័យនាំឲ្យក្មេងជំទង់ ងាយមានជំងឺផ្លូវចិត្ត។
ក្មេងជំទង់ស្រីប្រុសខ្លះ ធ្លាក់ខ្លួនមានគ្រោះកើតជំងឺផ្លូវចិត្ត ដោយហេតុតែលក្ខខណ្ឌជីវិត ការរើសអើង ប្រកាន់វណ្ណៈក្នុងសង្គម ឬកង្វះលទ្ធភាពទទួលបានការថែទាំ ប្រកបដោយគុណភាព មានជាអាទិ៍ក្រុមក្មេងក្រីក្រខ្លាំង រស់ក្នុងវិបត្តិមនុស្សធម៌ មានជំងឺប្រចាំកាយ មានពិការភាពផ្នែកបញ្ញាញាណ ប្រព័ន្ធប្រសាទ ឬ ជាក្មេងកំព្រា ក្មេងប្រសូតចេញពីគ្រួសារជនជាតិភាគតិច គ្រួសារធា្លប់រងគ្រោះផ្លូវភេទ ។ល។
ខុសពីការគិត ដែលយល់ថា នៅក្មេងមិនដឹងខ្យល់ មិនចេះខ្វល់ អារម្មណ៍ថប់បារម្ភ ឆាប់ភ័យស្លន់ស្លោ ឬគិតភ័យជ្រុលហួសហេតុ ជាអាការៈដែលកើតមានជាញឹកញាប់ខ្លាំងជាងគេ លើក្មេងក្នុងវ័យជំទង់ និង កាន់តែច្រើនទៀត ចំពោះក្មេងទើបពេញវ័យ។ ក្មេងអាយុពី១៥ ទៅ ១៩ឆ្នាំ ចំនួនដល់ទៅ៥,៣% មានវិបត្តិថប់បារម្ភ និង៣,៤%មានជំងឺធ្លាក់ទឹកចិត្ត។ នេះបើគេជឿតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ មានលក្ខណៈរួម គឺក្មេងមានការប្តូរផ្លាស់អារម្មណ៍យ៉ាងលឿនរហ័ស។ វិបត្តិនេះអាចជះផលវិបាកធ្ងន់ធ្ងរ ទៅលើការសិក្សា មិនចង់ចូលរៀន ឬរៀនមិនទាន់ ហើយមូរមុខ ចង់ផ្តាច់ខ្លួនឲ្យនៅម្នាក់ឯង ឯកា និងឈានដល់ការបាក់ទឹកចិត្តខ្លាំងរហូតចង់ធ្វើអត្តឃាតបាន។
វិបត្តិចំណីអាហារ
ក្រៅអំពីវិបត្តិផ្លូវចិត្ត ក្មេងជំទង់អាចមានវិបត្តិចំណីអាហារ ដោយអាចជាការបង្អត់អាហារខ្លួនឯង ឬបរិភោគច្រើននិងញយជ្រុល ក្នុងក្តីបារម្ភខ្វល់វិលជុំវិញតែទម្ងន់និងរូបរាងកាយ។ ការបង្អត់អាហារឲ្យស្គម ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬឲ្យដូចយុវវ័យទំនើបទាន់សម័យ ភាគច្រើនមានពាក់ព័ន្ធនឹងក្មេងស្រី ក្នុងបីលើបួនករណី។ វិបត្តិចំណីអាហារ របស់ក្មេងជំទង់ ឬក្មេងទើបពេញវ័យ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងតែងជាប់អមជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិបត្តិប្រើសារធាតុញៀន។ បើនិយាយដោយឡែកតែវិបត្តិបង្អត់អាហារឲ្យស្គម វាអាចធ្ចើឱ្យក្មេងស្លាប់មុនអាយុបាន។ ផលវិបាកនៃការបង្អត់អាហារដោយខ្លាចធាត់ មានលក្ខណៈធ្ងន់ធ្ងរណាស់ និងអាចនាំដល់ការធ្វើអត្តឃាតផង។ អត្រាមរណៈដោយហេតុផលនេះ មានកំរិតខ្ពស់ជាងអត្រាស្លាប់ដោយវិបត្តិផ្លូវចិត្តផ្សេងៗទៀត។
វិបត្តិញៀន
ជាវ័យឈាមរាវ ក្មេងជំទង់អាចបញ្ចេញចរិតរឹងរូស ទង្វើបែបហួសហេតុខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬធ្វើអ្វីតាមទំនើងដោយចង់ផ្គើនចិត្តឪពុកម្តាយ ល្មើសវិន័យ និងល្មើសច្បាប់ទៀតផង។ អត្តចរិកបែបនេះ ខ្លះជាសញ្ញាបញ្ជាក់អំពីកង្វះខាតផ្នែកសម្របសម្រួលខ្លួនក្នុងការសិក្សា ឬជាការលំបាកក្នុងការសម្របខ្លួនចូលក្នុងសង្គម ជួនជាយុទ្ធសាស្ត្រប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ ក្មេងក្នុងស្ថានភាពបែបនេះ ងាយនឹងធ្លាក់ខ្លួន ទៅក្នុងគ្រោះហានិភ័យ ប្រើអំពើហិង្សាលើខ្លួនឯងនិងទៅលើអ្នកដទៃ ប្រកាន់ទង្វើបែបគ្រោះថ្នាក់បើកបរលឿនជ្រុល ឬធ្វើកីឡាច្រើនជ្រុល និងជាពិសេស លង់ក្នុងឧបាយប្រើប្រាស់វត្ថុនាំឲ្យញៀន ដែលអាចជាបារី ស្រា គ្រឿងញៀនកញ្ឆា អាភៀន ថ្នាំញៀនសំយោគ និងការញៀនដោយគ្មានប្រើជាតិថ្នាំ ពោលគឺញៀនល្បែងស៊ីសង ល្បែងភ្នាល់ ល្បែងវីដេអូ ល្បែងបណ្តាញសង្គម ញៀនទូរស័ព្ទ។ វក់នឹងសារធាតុអ្វីមួយ ឬសកម្មភាពអ្វីមួយ រហូតធ្វើឲ្យខូចសុខភាព ត្រូវបាន
ចាត់ទុក ថាជាជំងឺ ញៀន ហើយ។ បើតាមអង្គការសុខភាពពិភពលោក ក្មេងជំទង់ជាជនងាយរងគ្រោះធ្លាក់ក្នុងឧបាយប្រើសារធាតុអាក្រក់ ដែលអាចប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយនិងពេញមួយជីវិត។ នៅឆ្នាំ២០១៩ ប្រេវ៉ាឡង់ក្មេងជំទង់ស្រីប្រុសផឹកស្រាបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក (២២%)។ ការជក់បារី ជក់កញ្ឆា ក៏កើនឡើងគួរឲ្យព្រួយបារម្ភដែរ។ ប្រេវ៉ាឡង់ពិភពលោកនៅឆ្នាំ២០២២ បានបង្ហាញថា អត្រាក្មេងជំទង់ (១៥ទៅ១៩ឆ្នាំ) ជក់កញ្ឆា មានកំរិតខ្ពស់ជាងអត្រាមនុស្សធំប្រព្រឹត្តកញ្ឆាទៅទៀត។
ដើម្បីឲ្យក្មេងជំទង់មានសុខភាពល្អ មានអារម្មណ៍ល្អពេញចិត្តខ្លួនឯងក្នុងជីវិតយុវវ័យ មុននឹងក្លាយទៅជាមនុស្សធំពេញវ័យ ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគេដើរធ្លាក់ រណ្តៅ តែបានរៀនសូត្រចូលសង្គម មានសុខភាពផ្លូវចិត្តល្អ និង ទទួលបានការថែទាំព្យាបាល ទាំងផ្នែកចិត្តសាស្ត្រ និង កាយសាស្ត្រ។
ការគ្រប់គ្រងសុខភាពផ្លូវចិត្ត របស់ក្មេងជំទង់ ជាភារៈរបស់ឪពុកម្តាយ និង របស់សង្គមទាំងមូល។ ក្នុង ន័យនេះ អង្គការសុខភាពពិភពលោក បានខ្នះខ្នែងដាក់ឲ្យមានយុទ្ធសាស្ត្រ កម្មវិធី និងឧបករណ៍សម្រាប់ជួយរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកសុខភាពរបស់យុវជន និងយុវតីដល់ថ្នាក់មូលដ្ឋាន។ កម្មវត្ថុ គឺការពារនិង ថែរក្សាសុខភាពផ្លូវចិត្តក្មេង ដើម្បីធ្វើយ៉ាងណាឲ្យក្មេងចេះគ្រប់គ្រងអារម្មណ៍ ដើរផ្លូវល្អ កុំមានឥរិយាបថបែបគ្រោះថ្នាក់ លង់ប្រើសារធាតុពុលដល់សុខភាពដូចជា គ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំផលវិបាកអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងរាងកាយ៕
Wed, 09 Sep 2026 - 171 - ជំងឺកាមរោគអាចចម្លងតាមរយៈការប្រើប្រាស់បង្គន់សាធារណៈ?
ដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ?
បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារបង្កជំងឺកាមរោគ ប្រមាណជាង៣០ប្រភេទ ជា បាក់តេរី ជាវីរុស ជាប៉ារ៉ាស៊ីត ដែលអាចចម្លង នៅពេលស្បែកប៉ះកកិតគ្នា ក្នុង សកម្មភាពសេពសន្ធវៈ មិនថាជាការរួមរក្សតាមទ្វារមាស តាមមាត់ ឬតាមរន្ធគូថទេ។ ជំងឺកាមរោគខ្លះ អាចឆ្លងបន្តពីម្តាយទៅកូន ពេលនៅក្នុងផ្ទៃ ពេលឆ្លងទន្លេ និង ពេលបំបៅដោះ ឬចម្លង ពេលបញ្ចូលឈាម ដោយខ្វះការប្រុងប្រយ័ត្ន គ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ជំងឺកាមរោគ មានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេ មានដូចជាជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺស្វាយ ជំងឺសិរមាន់ ជំងឺពងទឹក (ពងបែក) ជំងឺទ្រីកូម៉ូណាស ជំងឺអេដស៍ និង ជំងឺបង្កឡើងដោយមេរោគHPV (papillomavirus)។ ជំងឺរលាកថ្លើមប្រភេទB ក៏ ត្រូវបានចាត់ទុកជាជំងឺកាមរោគមួយដែរ។
ក្នុងមួយថ្ងៃៗ មានមនុស្សនៅលើពិភពលោក អាយុពី១៥ទៅ៤៩ឆ្នាំ ចំនួនជាង១លាននាក់ បានឆ្លងជំងឺកាមរោគ ដោយភាគច្រើនគ្មានបញ្ចេញរោគសញ្ញា និងអាចព្យាបាលជា។ បើតាមការប៉ាន់ស្មាន របស់អង្គការសុខភាពពិភពលោក មនុស្សក្នុងវ័យនេះប្រមាណ៣៧៤លាននាក់ មានផ្ទុកជំងឺកាមរោគមួយ ក្នុងចំណោមជំងឺកាមរោគដែលមានកើតញឹកញាប់ជាងគេ ដោយអាចជា ជំងឺស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាននាក់ មានជំងឺស្វាយ ជាង ៥២០នាក់រស់ជាមួយជំងឺពងទឹក និងជាង២៥៤លាននាក់មានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០លាននាក់បានឆ្លងមេរោគប៉ាពីឡូម៉ាវីរុស ដែលជាដើមហេតុដ៏ចម្បង នាំឲ្យមានជំងឺមហារីកនៅកស្បូនស្ត្រី និងជំងឺមហារីកនៅរន្ធគូថ ចំពោះបុរសដែលស្រលាញ់ភេទដូចគ្នា។
ជំងឺកាមរោគ ប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពផ្លូវភេទ និង សុខភាពបន្តពូជ។ ក្រៅអំពីបង្កឲ្យមានផលវិបាកភ្លាមៗ ជំងឺកាមរោគ អាចជះឥទ្ធិពលអាក្រក់និងធ្ងន់ធ្ងរខ្លាំង។ ជំងឺកាមរោគខ្លះ ដូចជា ជំងឺពងបែក ស្វាយ ឬប្រមេះ អាចបង្កើនគ្រោះឆ្លងជំងឺស៊ីដា។ ម្តាយមានផ្ទុកជំងឺកាមរោគ អាចប្រឈមនឹងគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមិនពេញខែ គ្រោះកូនតូចស្រាលជ្រុលនៅពេលកើត ឬមានការលូតលាស់មិនត្រឹមត្រូវ។ បើជាជំងឺកាមរោគបង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរុស ផលវិបាកអាចអាក្រក់ខ្លាំង ព្រោះមេរោគនេះ ជាដើមហេតុនាំឲ្យមានជំងឺមហារីកមាត់ស្បូន និង ជំងឺមហារីកផ្សេងទៀត។ បើជាការឆ្លងជំងឺរលាកថ្លើមប្រភេទបេ នោះគ្រោះថ្នាក់អាចដល់ជីវិត។ គ្មានថ្នាំព្យាបាល នៅឆ្នាំ២០២២ រលាកថ្លើមប្រភេទបេ ដែលងាយធ្វើឲ្យថ្លើមក្រិន និងមហារីក បានសម្លាប់មនុស្សអស់ប្រមាណ១លាន១សែននាក់។ ចម្លងស្វាយឬប្រមេះ ទៅប្រពន្ធ នឹងធ្វើឲ្យស្ត្រីមានគ្រោះអារ មិនអាចមានកូន។
ការចម្លងជំងឺកាមរោគ
ដូចឈ្មោះហៅ ជំងឺកាមរោគ ឆ្លង និងអាចចម្លងគ្នា តាមរយៈការរួមរក្ស រួមភេទ តាមទ្វារមាស តាមមាត់ និង តាមរន្ធគូថ មិនពាក់ព័ន្ធនឹងកត្តាអនាម័យទេ។ ជំងឺកាមរោគ ជាទូទៅ មិនឆ្លងដោយគ្រាន់តែប្រើប្រាស់បង្គន់រួម ឬបង្គន់សាធារណៈ ដូចជំនឿរបស់មនុស្សជាច្រើននោះឡើយ។ ប៉ុន្តែជំនឿនេះខុសទាំងអស់ស្រុង។ អ្នកជំនាញវេជ្ជសាស្ត្រគ្រប់ជំនាន់សុទ្ធតែបញ្ជាក់ថាជំងឺកាមរោគ មិនឆ្លង ដោយគ្រាន់តែទៅអង្គុយបន្ទោរបង់លើបង្គន់ ដែលមានមនុស្សអង្គុយជុះច្រើនតគ្នាទេ។ គ្រូពេទ្យជំនាញបារាំងបានបញ្ជាក់យ៉ាងលម្អិតថា ជំងឺបង្ករោគតាមការរួមភេទ អាច ឆ្លងគ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បីអាចឆ្លងជំងឺកាមរោគនៅពេលប្រើបង្គន់សាធារណៈ ល្គិកណាតែអ្នកយកភ្នាសរំអិល ប្រដាប់ភេទ ទៅប៉ះផ្ទាល់នឹងថាសបង្គន់។ តើមាននរណាអង្គុយបត់ជើងបែបនេះ ! គឺគ្មានឡើយ។ ស្បែកភ្លៅផ្នែកខាងលើដែលប៉ះផ្ទាល់នឹងចានបង្គន់ពេលអង្គុយជុះ មិនឆ្លងនិងមិនចម្លង មិនបញ្ជូនមេរោគកាម ទៅដល់ប្រដាប់ភេទឡើយ។ ជាងនេះទៅទៀត មេរោគនៃជំងឺកាមរោគមិនចេះលោត ចេញពីបុគ្គលអ្នកជំងឺទៅតោងលើគែម ឬចានបង្គន់ និងក៏មិនអាចធន់រស់នៅលើវត្ថុរឹង នៅក្នុងបរិយាកាសខាងក្រៅបានឡើយ។ មីក្រុបជាភ្នាក់ងារបង្កជំងឺកាមរោគ មិនថាជាប្រភេទវីរុស បាក់តេរី ផ្សិត ឬប៉ារ៉ាស៊ីតទេ មិនថាមេរោគស្វាយ មេរោគប្រមេះឡើយ អាចរស់នៅខាងក្រៅខ្លួនមនុស្ស បានតែមួយភ្លែត និងមានអាយុកាន់តែខ្លីទៀត បើវាត្រូវនៅលើផ្ទៃរឹង ហាលវាល ត្រជាក់ៗ ដូចយ៉ាងចានបង្គន់ ហើយមិនលោតពីកន្លែងមួយទៅកន្លែងមួយឡើយ។ មេរោគត្រូវការមានកន្លែងស្នាក់ចាំទទួលយកភ្លាមទើបឆ្លងបាន។ ពោលគឺដើម្បីមានការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រូវឱ្យមនុស្សទាំងពីរនាក់មានទំនាក់ទំនងល្អិតចូលគ្នា។ ប្រសិនបើជំងឺកាមរោគអាចឆ្លងនៅបង្គន់មែន នោះគេច្បាស់ជានឹងជួបអ្នកជំងឺកាមរោគ ក្នុងគ្រប់ស្រទាប់និងគ្រប់វ័យ រាប់ទាំងអ្នកដែលគ្មានប្រវត្តិសកម្មភាពផ្លូវភេទដែរហើយ។ តែជាក់ស្តែងមិនដូច្នេះទេ។
បង្គន់សាធារណៈអាចកខ្វក់គួរឱ្យខ្ពើម នៅពេលអើតចូលទៅឃើញភ្លាម អាចមានអារម្មណ៍គួរឱ្យចង់ក្អួតមែន ប៉ុន្តែតំណក់ទឹកនោមស្រក់លើថាសបង្គន់ ស្រក់នៅលើដី ក្លិនឆ្អាបរបស់អ្នកចូលបង្គន់មុនយើង ធ្វើឱ្យយើងអត់គិតភ័យខ្លាចឆ្លងជំងឺមិនបានឡើយ។ តាមក្បួន មនុស្សមិនឆ្លងជំងឺកាមរោគ ដោយគ្រាន់តែបានប្រើប្រាស់បង្គន់សាធារណៈមែន ប៉ុន្តែវេជ្ជសាស្ត្រមិនប្រើពាក្យថា គ្មានហានិភ័យសោះឡើយនោះទេ។ ការឆ្លងជំងឺកាមរោគនៅបង្គន់អាចជាករណីដ៏មហាកម្របំផុត ហើយអ្នកឆ្លងពិតជាមានសំណាងមហាអាក្រក់ខ្លាំង ទើបត្រូវជួបករណីមហាសែនចៃដន្យ ដោយត្រូវជួបជួន ជាមួយអ្នកមានផ្ទុកជំងឺកាមរោគបន្សល់ជាតិរំអិល ទឹកកាម នៅលើថាសបង្គន់ ហើយអ្នកចូលទៅប្រើបង្គន់នោះភ្លាមតាមក្រោយ ហើយប្រដាប់ភេទអ្នកបានប៉ះពាល់ជាតិរំអិលមានមេរោគនោះភ្លាម តាមរយៈដៃ ឬក្រដាសកិតទើបជាប់មេរោគថ្មីៗ។ មានន័យថា ហានិភ័យឆ្លងជំងឺកាមរោគ តាមរយៈបង្គន់អង្គុយ ខ្លាំងណាស់ និងក្នុងន័យនេះ គ្រូពេទ្យក៏ចង់បញ្ជាក់ដែរថា មិនមែនសកម្មភាពអង្គុយលើបង្គន់សាធារណៈទេ ដែលមានការចម្លងជំងឺកាមរោគ តែមកពីដៃរបស់យើងបានទៅប៉ះចានបង្គន់ ជញ្ជាំងបង្គន់ មានមេរោគរួច ដៃមិនស្អាតនោះ មកប៉ះមុខមាត់។ល។ ឆ្លងជំងឺកាមរោគ (ស្វាយ ឬ ប្រមេះ) ដោយហេតុប្រើបង្គន់សាធារណៈ ទំនងជាលេសដោះសា ឬដើម្បីសម្រាលទោសកំហុសដែលឆ្គាំឆ្គងដោយចេតនាឬអចេតនា តែប៉ុណ្ណោះ។
មានករណីលើកលែងតែមួយគត់ ដែលបង្គន់សាធារណៈអាចចម្លងជំងឺកាមរោគ នោះគឺជំងឺសិរមាន់ ដែលបង្កឡើងដោយមេរោគពពួកប៉ាពីឡូម៉ាវីរុស។ ប៉ាពីឡូម៉ាវីរុស (VPH) មានអាយុវែងជាងគេ អាចសំងំ នៅលើផ្ទៃនៃវត្ថុអ្វីមួយ បានដល់ទៅមួយសប្តាហ៍ ហើយធន់ខ្លាំងនឹងថ្នាំ សម្លាប់មេរោគ/ជែល លាងសម្អាតដៃទៀត។ ទឹកលាយជាតិ ហ្សាវែល ១០% ទើបអាចសម្លាប់វីរ៉ុស VPHឲ្យងាប់បាន។
បង្គន់សាធារណៈប្រហែលអាចជាប្រភព ចម្លងជំងឺផ្សេងមានជាអាទិ៍ ជំងឺផ្តាសាយ ជំងឺរលាកពោះវៀន រលាកផ្លូវបង្ហូរទឹកនោម។
វិធីការពារជំងឺកាមរោគ
ប្រើក្រដាសក្រាលលើចានបង្គន់ ឬក្រដាសកិតទ្រាប់មុននឹងអង្គុយទំនងជាវិធីប្រកបដោយអនាម័យជាងគេ ក្នុងការប្រើប្រាស់បង្គន់សាធារណៈ ព្រោះការអង្គុយចំតិតចំកោង ខ្លាចប៉ះបង្គន់កខ្វក់ អាចផ្តល់ផលអាក្រក់ជាង ផលល្អ។ បើតាមអ្នកជំនាញ ផ្នែកសុខភាពត្រគៀក នៅពេលស្ត្រី បត់ជើងតូច ដោយមិនអង្គុយ សាច់ដុំទ្រត្រគៀក នឹងរួញ ដែលទៅបិទខ្ទប់ការហូរបញ្ចេញនៃទឹកនោម។ ដូច្នេះស្ត្រីត្រូវប្រឹងខ្លាំងហួសធម្មតា និងបន្ថែមសម្ពាធឥតប្រយោជន៍នៅលើតំបន់អាងត្រគៀក ហើយមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកទៀត ជាហេតុនាំឲ្យមានគ្រោះកើតជំងឺរលាកផ្លូវបង្ហួរនោមបាន។
លាងសម្អាតដៃក្រោយបន្ទោរបង់ ក្រោយចេញពីបង្គន់ និង កុំកាន់ទូរស័ព្ទចូលបង្គន់ជាមួយ ជាកាយវិការអនាម័យដែលមិនអាចធ្វេសប្រហែសបានឡើយ។
ចំពោះ វិធីការពារជំងឺកាមរោគវិញ គ្មានអ្វីប្រសើរជាងស្នេហ៍ស្មោះមួយទល់នឹងមួយ ឬការប្រើស្រោមអនាម័យ និងការចាក់ថ្នាំបង្ការ ទេ។ បច្ចុប្បន្ន ពិភពលោកមានថ្នាំបង្ការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជំងឺកាមរោគពីរប្រភេទ គឺជំងឺរលាកថ្លើមB និងជំងឺកាមរោគបង្កដោយប៉ាពីឡូម៉ាវីរ៉ុស។ ទិន្នន័យកាន់តែច្រើនឡើងៗ បានបង្ហាញថា ថ្នាំបង្ការជំងឺរលាកស្រោមខួរក្បាល ប្រភេទបេ អាចមានសមត្ថភាពការពារប្រឆាំងនឹងជំងឺប្រមេះ។ អង្គការ សុខភាពពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើលទ្ធផលសិក្សានេះ។ វ៉ាក់សាំងប្រឆាំងនឹងជំងឺពងបែក និងប្រមេះទឹកបាយ ប្រមេះទឹកថ្លា បានឈានដល់ ការសាកល្បងគ្លីនិកដំណាក់កាលទីមួយ។ ឯបេក្ខភាពថ្នាំបង្ការជំងឺស្វាយ និង ទ្រីកូម៉ូណាស កំពុងចាប់ផ្តើមសាកល្បងដែរហើយ។ ក្នុងពេលរង់ចាំមានថ្នាំបង្ការ ការធ្វើតេស្តវែករកជំងឺកាមរោគ គួរតែត្រូវធ្វើជារឿយៗចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ និងស្វែងរកការព្យាបាល ពីគ្រូពេទ្យជំនាញឱ្យបានឆាប់រហ័ស។ ថ្នាំព្យាបាល ជំងឺកាមរោគខ្លះ មានប្រសិទ្ធភាពខ្ពស់អាចធ្វើឲ្យជំងឺបាន ជា ដាច់។ ថ្នាំខ្លះ មិនអាចព្យាបាលជា តែអាចទប់ការវិវឌ្ឍនៃមេរោគ និងពន្យារជីវិតបានដូចមនុស្សធម្មតា មានជាអាទិ៍ ករណី ជំងឺអេដស៍។ ទទួលការព្យាបាល ជាកាត់បន្ថយការចម្លងជំងឺទៅអ្នកដទៃ និងអ្នកជាទីស្រលាញ់របស់យើង៕
Wed, 02 Sep 2026 - 170 - តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?
ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើសទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់?
ក្នុងសម័យយុគកណ្តាល ម្រេច ជាគ្រឿងទេស ដែល តំណាងឲ្យភាពមានបាន។ បច្ចុប្បន្ន ម្រេចជាគ្រឿងទេសដែលមានប្រើនៅទូទាំងពិភពលោក មិនថា នៅទ្វីបអឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និងអាហ្វ្រិកទេ។ នៅតាមអាហារដ្ឋានតូចតាច តាមចិញ្ចើមថ្នល់ ដល់ភោជនីដ្ឋានលំដាប់ផ្កាយ ក៏ដូចជា នៅតាមផ្ទះ ម្រេចបានបង្ហាញវត្តមានយ៉ាងសង្ហា នៅលើតុបាយ ឬនៅក្នុងចង្ក្រាន។ រសជាតិហិរប្រហើរ ក្លិនស្រាល ឈ្ងុយ អាចដាក់រោយលើស្ទើរគ្រប់ម្ហូបឆ្អិនហើយ ឬនៅពេលកំពុងចម្អិន។
ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលើករសជាតិម្ហូបអាហារ និង ដោយមិនដឹងពិត ប្រាកដអំពីគុណសម្បត្តិរបស់វា ម្រេចជាគ្រឿងទេស ដែលមានប្រើតាំងពីយូរយារណាស់មកហើយ សម្រាប់ផ្សំធ្វើជាឱសថព្យាបាលជំងឺ នៅក្នុងប្រទេសអេហ្ស៊ីបបុរាណ។ ឧស្សាហកម្មរុក្ខឱសថ សម័យបច្ចុប្បន្នក៏មានប្រើម្រេច ជាសមាសធាតុផ្សំ ច្រើនដែរ។ ចាស់ទុំខ្មែរ ក៏ណែនាំឲ្យស្ត្រីទើបឆ្លងទន្លេរួច ទទួលទានម្រេចជាម្ហូប ដើម្បីកម្តៅសរសៃខ្ចី តែហាមមិនឲ្យបរិភោគម្ទេសទេ ក្នុងអំឡុងពេលកូនខ្ចីបំបៅដោះ។ ចំពោះ ពួកគាត់ ម្រេចនិងម្ទេស មានរសជាតិហិរខុសគ្នា និងផ្តល់ផលវិបាកក៏ខុសគ្នា។
ម្រេចមានអំណាចអង់ទីអុកស៊ីដង់
រសជាតិហិររបស់ម្រេច មានលក្ខណៈពិសេសប្លែក ដោយសារសមាសធាតុជីវៈសកម្មធម្មជាតិ Piperine ដ៏ចម្បងរបស់គ្រាប់ម្រេច។ Piperine ជាមូលេគុលជីវសាស្ត្រពពួក alcaloïde ដែលមានសកម្មភាព ខ្លាំងខាងបញ្ចេញជាតិពុលការពារខ្លួន(ដើមឈើ)។ សមាសធាតុដ៏ចម្បងរបស់ម្រេចនេះ អាចមានឥទ្ធិពលល្អច្រើន ទៅលើសរីរាង្គមនុស្ស។ នេះបើតាមការវិភាគទិន្នន័យនៃការសិក្សាជាច្រើន ចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពីឆ្នាំ២០១៩។
នៅក្នុងចំណោមគុណប្រយោជន៍ជាច្រើន គេអាចរាប់ ជាបឋម សមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ មានន័យថា ម្រេចមានសកម្មភាពជាធ្នាក់ចាប់ក្រុមជាលិកាសេរី ដែលជាមូលេគុលពន្លឿន ភាពចាស់ជរា នៃកោសិកា មានជាអាទិ៍កោសិកាស្បែក។ ការសិក្សាដដែលបានពន្យល់ទៀតថា ដោយសារសារធាតុ Piperineដ៏ច្រើន ម្រេចទំនងមានគុណប្រយោជន៍ ផ្នែកប្រយុទ្ធប្រឆាំង និង សម្លាប់មេរោគជាច្រើន ប្រភេទ មានជាអាទិ៍ ពពូកបាក់តេរី និងពពួកផ្សិត មួយចំនួនធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធដដែល។
ម្រេចជួយរំលាយអាហារ
គុណប្រយោជន៍នៃម្រេចមិនបញ្ចប់ត្រឹមណេះទេ។ គ្រាប់ខ្មៅដ៏តូចៗនេះ អាចមានអំណាចផ្នែក បន្ទាបជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម ពោលគឺម្រេចអាចជួយកាត់បន្ថយអត្រាជាតិខ្លាញ់កូឡេស្តេរ៉ុល និង អត្រាជាតិស្ករ គ្លីសេមីក្នុងឈាម។ បើគេជឿតាមការសិក្សាដដែល ម្រេចអាចមានសកម្មភាព ផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទៀតផង។ សារធាតុសកម្ម Piperine លាយជាមួយសមាសធាតុផ្សំ ផ្សេងទៀតរបស់ម្រេច នឹងបញ្ចេញសកម្មភាពប្រឆាំងនឹងកោសិកាមហារីក នៃជំងឺមហារីកសុដន់ ពោះវៀនធំ ឬមហារីកក្រពេញប្រូស្តាតជាដើម។ នៅក្នុងការសិក្សាមួយផ្សេងទៀត ចេញផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Science and Nutrition ដដែល ម្រេចអាចមានឥទ្ធិពលល្អលើ ប្រព័ន្ធរំលាយអាហារ។ អ្នកនិពន្ធបានពន្យល់ថា ឥទ្ធិពលរបស់ម្រេចលើប្រព័ន្ធរំលាយអាហារ បានមកពី ជាតិម្រេចដែលទៅភ្ញោចសរីរាង្គកាយមាត់ ក្រពះ លំពែង ឲ្យបញ្ចេញទឹកមាត់ បញ្ចេញ ប្រូតេអ៊ីនមានភារៈកិនបំបែកកម្ទេចអាហារឲ្យងាយជ្រាបចូលទៅចិញ្ចឹមសព៌ាង្គកាយ ប្រៀបដូចជាទៅបង្កើន សមត្ថភាពទូទៅ ផ្នែករំលាយអាហារ និង បង្កើនសមត្ថភាពស្រូបអាហារូបត្ថម្ភ។ ចំពោះគ្រូពេទ្យ ជំនាញផ្នែកអាហារូបត្ថម្ភ Florence Foucaut បរិភោគក្នុងបរិមាណតិចតួចល្មម ម្រេចនឹងជួយរំលាយអាហារ និង ជួយពន្លឿនដំណើរបញ្ចេញកាកសំណល់អាហារ ដែលអាចកាត់បន្ថយអាការៈធ្ងន់ទល់ពោះ នៅពេលបរិភោគឆ្អែតខ្លាំងពេកបាន។ បន្ថែមម្រេច និងគ្រឿងទេសលើម្ហូបអាហារ នឹងជួយលើករសជាតិ ដោយមិនបាញ់ ប្រើខ្លាញ់-អំបិលច្រើន។ នៅពេលអាហារមានរសជាតិ ដោយម្រេច និង ដោយគ្រឿងទេសផ្សេងទៀត ក្លិនឈ្ងុយនោះនឹងផ្តល់ភាពរីករាយដល់ការបរិភោគ។ នៅពេលបរិភោគដោយមានភាពរីករាយក្នុងចិត្ត ពេលនោះអ្នកនឹងបរិភោគក្នុងបរិមាណតិច ព្រោះក្រពះបានឆ្អែតយ៉ាងពិតប្រាកដ។
ម្រេចជាថ្នាំប្រឆាំងនឹងការរលាក
ម្រេចត្រូវបានគ្រូពេទ្យបុរាណអេហ្ស៊ីប និងចិន ប្រើជាថ្នាំAnti-inflammatoire តាំងពីយូរយារមកហើយ ដោយសារម្រេចមានផ្ទុកសារធាតុPiperine ដែលមានលក្ខណៈសម្បត្តិអង់ទីអាំងហ្វ្លាម៉ាទ័រ។ ដើម្បីឲ្យឥទ្ធិពលប្រឆាំងនឹងការរលាកឡើងពេញអំណាច គួរតែប្រើម្រេចលាយជាមួយល្មៀត។ សារធាតុក្នុងល្មៀតCurcuma និង Piperineក្នុងម្រេច សុទ្ធតែជាសារធាតុមានសមត្ថភាពប្រឆាំងនឹងការរលាកដូចគ្នា តែសារធាតុពីប៉េរីន មានសមត្ថភាពជួយជំរុញសរីរាង្គកាយឲ្យស្រូបយកជាតិCurcuma បានកាន់តែប្រសើរ។
ស្តាប់តាមការរៀបរាប់ខាងលើ ម្រេចសឹងអាចហៅបានថាជាគ្រាប់ដ៏អស្ចារ្យ ចំពោះសុខភាព ប៉ុន្តែសូមទទួលយកលក្ខណៈសម្បត្តិដ៏ល្អរបស់ម្រេចទាំងអម្បាលម៉ាននេះ ដោយប្រុងប្រយ័ត្នសិន ព្រោះ ការសិក្សាបញ្ជាក់អំពីគុណប្រយោជន៍ដ៏សម្បើមនៃម្រេច ជាលទ្ធផលនៃការវិភាគនៅក្នុងមន្ទីរពិសោធន៍
ឬលើសត្វតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា អ្នកស្រាវជ្រាវចាត់ទុករបកគំឃើញអំពី គុណសម្បត្តិនៃម្រេច ថាជាពន្លឺដ៏សំខាន់ដែលបញ្ជាក់អំពីផលល្អ ដោយមិនអាចប្រកែកបានរបស់ម្រេច។
ក្រុមអ្នកស្រាវជ្រាវចង់ឲ្យមានការសិក្សា ការធ្វើតេស្តលើមនុស្សច្រើននិងបន្ថែមទៀត ដើម្បីទម្លាយឲ្យឃើញអំពីសក្តានុពល និងឥទ្ធិពលរបស់ម្រេចចំពោះសុខភាពមនុស្ស។ ក្នុងពេលរង់ចាំ លទ្ធផលស៊ីជម្រៅ និងកាន់តែច្បាស់លាស់ សូមអញ្ជើញប្រើម្រេច តាមការគួរ និង ការចូលចិត្ត ដើម្បីបន្ថែមរសជាតិដល់ម្ហូបក៏បានក្នុងទម្រង់ជាទឹកឆុងក៏បាន។ ដើម្បីឆុងតែម្រេច សូមដាំទឹកឲ្យពុះ រួចចាក់លើគ្រាប់ម្រេចដែលដំបំបែកឲ្យទក់ៗបន្តិច រយៈពេលពីរបីនាទី ហើយច្រោះយកកាកម្រេចចេញ។ នេះជាការពន្យល់របស់លោក Olivier Derenne អ្នកជំនាញគ្រឿងទេស និងជាអគ្គនាយកក្រុមហ៊ុនលក់ម្រេច Comptoire des Poivres នៅប្រទេសបារាំង ដោយបន្ថែមថាដើម្បីបន្ទន់ក្លិន និងបន្ថែមរសជាតិ គេអាចឆុងតែម្រេចជាមួយផ្កាក្រៀម ទឹកឃ្មុំ ឬ ល្មៀត។
ម្រេចខ្មៅ ស ក្រហម ខុសគ្នាយ៉ាងណា ?
ជ្រើសរើសប្រើម្រេចទាំងមូល ហើយកិន ឬ បុកបំបែក នៅពេលហៀបបរិភោគអាច ជួយរក្សាក្លិនឈ្ងុយបានយូរ និងមានរសជាតិកាន់តែឆ្ងាញ់។ ម្រេចកិនស្រាប់ឲ្យតែសុទ្ធពិត អាចមិនសូវឈ្ងុយមែន តែបើគិតអំពីតម្លៃផ្នែកអាហារូបត្ថម្ភ និងគុណប្រយោជន៍ គ្មានបាត់បង់ទៅណាទេ គឺនៅដដែលដូចម្រេចគ្រាប់ទាំងមូល។
ចំណែកពណ៌ម្រេច ស ខ្មៅ ក្រហម បៃតង ជាដំណើរវិវឌ្ឍនៃគ្រាប់ម្រេច ទៅតាមដំណាក់កាល និង ទៅ តាមរបៀបថែរក្សាទុក។ ម្រេចបៃតង ជាម្រេចខ្ចី បេះនៅពេលមិនទាន់ទុំ ដូច្នេះវាមិនសូវហិរ ឬហិរស្រាល ដោយមានបង្កប់ជាតិផ្អែមតិចៗ និងមានកំហាប់ជាតិពីប៉េរីនទាប តែមានផ្ទុកជាតិប៉ូលីហ្វេណុលក្នុង បរិមាណដ៏ច្រើនជាងគេ បើប្រៀបទៅនឹងគ្រាប់ម្រេចចាស់ និងគ្រាប់ម្រេចទុំ។ សម្បូរជាតិប៉ូលីហ្វេណុលខ្លាំង មានន័យថាម្រេចបៃតងមានគុណប្រយោជន៍ ផ្នែកអង់ទីអុកស៊ីដង់ និងអង់ទីអាំងផ្លាម៉ាទ័រ ដែលដើរតួនាទីការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង។
ម្រេចខ្មៅ ជាស្តេចម្រេច ? បេះនៅពេលទុំរួច យកទៅហាលថ្ងៃសម្ងួត ទើបឡើងពណ៌ខ្មៅ ម្រេចខ្មៅ ហិរខ្លាំង ជាងម្រេចបៃតង ឬម្រេចស។ ការសិក្សាចេញផ្សាយនៅឆ្នាំ២០២០ ដែលជាការវិភាគប្រៀបធៀបរវាងម្រេចខ្មៅនិងម្រេចស មុននិងក្រោយ ពេលយកសម្បកចេញរួចបានបង្ហាញឲ្យឃើញថា ម្រេចខ្មៅមានប្រៀបជាងម្រេចស។ កំហាប់នៃសមាសធាតុផ្សំ ដូចជាប៉ូលីហ្វេណុលនិងរ៉ែ មានខ្ពស់ខ្លាំងនៅក្នុង ម្រេចខ្មៅជាងម្រេចស ដែលគេបេះនៅពេលគ្រាប់ទុំឡើងក្រហមល្អ ដូចគ្នា តែត្រូវបានគេយកទៅត្រាំទឹក ហើយបកស្រទាប់ក្រហមខាងក្រៅចេញ។ ការបកសម្បកក្រៅ បានធ្វើឲ្យម្រេចស បាត់បង់សមាសធាតុប៉ូលីហ្វេណុល និង រ៉ែ អស់ជាច្រើន។ ប៉ុន្តែសារធាតុពីប៉េរីន ហាក់ដូចជាខ្ពស់ជាងម្រេចខ្មៅទៅវិញ។ នេះបើតាមការសិក្សាប្រៀបធៀបដដែល។ ចំណែកម្រេចក្រហម ជាម្រេចកម្រជាងគេ ព្រោះជាម្រេចបេះ នៅពេលវាចាប់ទុំភ្លាមរួចហើយយកទៅហាលសម្ងួត និង ហិរជាងម្រេចខ្ចីបន្តិច។ ជាចុងក្រោយ គឺម្រេចប្រផេះដែលគ្មានអ្វីក្រៅពី ជាម្រេចខ្មៅកិនរួចស្រេច។
ជាតិហិររបស់ម្រេចថ្វីបើមិនខ្លាំងដូចម្ទេសក៏ដោយ ក៏អាចធ្វើឲ្យក្រពះ ពោះវៀន ពិបាកទ្រាំដែរ នៅពេលបរិភោគក្នុងបរិមាណច្រើនជ្រុល ជាពិសេសចំពោះអ្នកដែលមានបញ្ហាក្រពះ ឬ ជំងឺខ្សោយពោះវៀនស្រាប់។ សូមកុំបរិភោគម្រេច ប្រសិនបើអ្នកមានរោគភើច្រាលជាប់នឹងខ្លួន។ អ្នកមានបញ្ហាឫសដូងបាត កុំប្រមាថរសជាតិហិររបស់ម្រេចសោះ។ ទទួលទានម្រេចច្រើនជ្រុលក្នុងម្ហូប អាចនឹងធ្វើឲ្យភ្នាសនៅម្តុំក្រសាលគូថរលាក។ បើភ្នាសនៅត្រង់នោះរលាក ឫសដូងបាតនឹងរើឡើង ហើយឈឺខ្លាំងពិបាកទ្រាំ៕
Wed, 26 Aug 2026 - 169 - អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព?
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ?
អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បានធ្លាក់ចុះ អស់ជាងពាក់កណ្តាល ក្នុងរយៈពេល តែ៥០ឆ្នាំ។ នេះ ជាលទ្ធផលនៃការវិភាគវិទ្យាសាស្ត្រ ដែលជាការច្របាច់បញ្ចូលគ្នា នូវទិន្នន័យនៃការសិក្សាចំនួន ជាង៨ពាន់ នៅជាច្រើនប្រទេស ដោយមានអ្នកចូលរួម សិក្សាជាង១សែននាក់។
តែកន្លះសតវត្សរ៍បុរសបាត់បង់តេស្តូស្តេរ៉ូនអស់ជាងពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពីឆ្នាំ ១៩៧២ដល់ឆ្នាំ២០១៩ កំរិតតេស្តូស្តេរ៉ូនជាមធ្យមរបស់បុរស បានថយចុះ៥៤,៣% ហើយការធ្លាក់ចុះ មានល្បឿនលឿនខ្លាំង ចាប់ពីឆ្នាំ២០០០មក។ នេះជាសញ្ញាដែលចង្អុលបង្ហាញ អំពីគ្រោះមានវិបត្តិបន្តពូជ នាពេលអនាគត។ អ្នកជំនាញបានទាញសញ្ញាអាសន្ន ជាស្រេចទៅហើយ អំពីគ្រោះបុរសអសមត្ថភាព ផ្នែកបន្តពូជ នៅថ្ងៃខាងមុខ និង សុខភាពជាទូទៅ របស់បុរស។
តើតេស្តូស្តេរ៉ូនជា អ្វី ?
តេស្តូស្តេរ៉ូន ជាអរមូន ផ្លូវភេទ បញ្ចេញដោយសរីរៈភេទ មានច្រើនក្នុងខ្លួនបុរស និង តិចតួច សម្រាប់ស្ត្រី ទើបបានជាគេឱ្យឈ្មោះ តេស្តូស្តេរ៉ូនថាជាអ័រមូនបុរស។ អរមូននេះ មានតួនាទីសំខាន់ណាស់ ក្នុង ការទ្រទ្រង់សុខមាលភាពអារម្មណ៍ និង រាងកាយ។ ចំពោះមនុស្សប្រុស តេស្តូស្តេរ៉ូនផលិតជាចម្បង ដោយពងស្វាស និង មានចំណែក ជួយឲ្យសរីរាង្គកាយលូតលាស់ មានលក្ខណៈជាប្រុសពិតៗ ដូចជា ធ្វើឲ្យមានសំឡេងគ្រល មានរោមដុះច្រើននៅលើខ្លួនប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជាអ្នកចាត់ចែង គ្រង់គ្រងចំណង់តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះមានបេសកកម្មធំណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូនមានឥទ្ធិពលដោយផ្ទាល់ទៅលើ ចំណង់ផ្លូវភេទផង និងទៅលើសមត្ថភាពរួមភេទផង និង ជាកញ្ចក់ឆ្លុះបញ្ចាំង អំពីស្ថានភាពសុខភាព ជាទូទៅ របស់បុរសទៀត។
ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូនបុរសធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥០ឆ្នាំនេះ ?
បើតាមការសិក្សា ដែលចេញផ្សាយនៅក្នុងពេលសមាគមអឺរ៉ុបផ្នែកសុខភាពបន្តពូជនិងបង្កកំណើតកំពុងជួបជុំគ្នាធ្វើសន្និបាតនៅទីក្រុងឡុងដ៍ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់បុរស ជំនាន់ក្រោយ មានមធ្យមភាគទាប ជាងមនុស្សសម័យមុន ដល់ទៅជាងពាក់កណ្តាល ព្រោះ បុរសសម័យថ្មី មានរបបអាហារ របបដំណេក និងសកម្មភាពប្រចាំថ្ងៃខុសពីមុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម រយៈពេលដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញកម្លាំងធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយផ្ទាល់ ទៅលើការផលិត អរមូនតេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម៥ម៉ោង ក្នុងមួយយប់ ជាច្រើនយប់ជាប់គ្នា អាចបញ្ចុះអត្រាអរមូនតេស្តូស្តេរ៉ូនរបស់យុវវ័យមានសុខភាពល្អ ប្រមាណពី១០ទៅ១៥%បានហើយ។ សភាពធាត់ជ្រុល និង ជំងឺទឹកនោមផ្អែម បានទៅបញ្ចុះអរមូនតេស្តូស្តេរ៉ូន ហើយងាកទៅដំឡើងអរមូនអឺស្ត្រូហ្សែន។ បុរសជំនាន់ថ្មីខ្លះ មានទុន ពីកំណើតតិច តែម្តង ក្នុងការផលិតអរមូនតេស្តូស្តេរ៉ូន ព្រោះតែ ពួកគេឆាប់ប្រឈមនិងទទួលសារធាតុគីមីពុលពពួករំខានអរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។ នេះបើតាមការពន្យល់លម្អិតនៅក្នុងរបាយការណ៍សិក្សាដដែល។
អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ?
ការធ្លាក់ចុះនៃអរមូនបុរសនេះ ធ្វើឱ្យប៉ះពាល់ដល់គុណភាពជីវិតខ្លាំងណាស់។ មានអរមូនតេស្តូស្តេរ៉ូនតិច មិនប្រាកដថា បុរសនោះក្លាយជាមនុស្សអារ ជាស្វ័យប្រវត្តិ ដោយមិនអាចមានកូនបានរហូតទេ ប៉ុន្តែលទ្ធភាពមានកូនរបស់បុរសពិតជាត្រូវចុះខ្សោយ អមដោយបញ្ហានៅពងស្វាសមួយចំនួនទៀតផង។ បន្ថែមពីលើផលវិបាកផ្នែកបន្តពូជ អត្រាតេស្តូស្តេរ៉ូនទាប នឹងធ្វើឲ្យបុរសឆាប់ចាស់ អារម្មណ៍មិនល្អ និង ចាប់មានបញ្ហាសរសៃឈាមបេះដូង ពោលគឺមានអាការៈដូចមនុស្សប្រុសវ័យចំណាស់ មានវិបត្តិអស់រដូវបុរស Andropause លេចឡើង។ ក្នុងដំណើរវិវឌ្ឍន៍ តាមច្បាប់ធម្មជាតិ បរិមាណអរមូនបុរសតេស្តូស្តេរ៉ូន ឡើង ខ្ពស់ខ្លាំងបំផុត នៅអាយុ ម្តុំខ្ទង់ ២០ ឆ្នាំ។ ចាប់ពី អាយុ ៣០ឆ្នាំ ឡើងទៅ អត្រាតេស្តូស្តេរ៉ូន ក្នុងឈាម ចាប់ធ្លាក់ចុះដោយឯងៗ ក្នុងកំរិត១ទៅ ២% ក្នុងមួយឆ្នាំៗ ហើយអាចធ្លាក់ខ្លួន មាន វិបត្តិអង់ដ្រូប៉ូ ចាប់ពីអាយុហាប្លាយ។ ហេតុដូច្នេះហើយ បានជានៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទើបចេញសារាចរណ៍ថ្មី នៅថ្ងៃទី១៥កក្កដា២០២៦ តម្រូវឲ្យយោធាអាមេរិកអាយុចាប់ពី៣០ឆ្នាំទៅ ធ្វើតេស្តវាស់កម្រិតអរមូនតេស្តូស្តេរ៉ូន ជាចាំបាច់។ យោធាអាយុក្រោម៣០ឆ្នាំ អាចសុំធ្វើតេស្តតេស្តូស្តេរ៉ូនបាន តាមគោលការណ៍ស្ម័គ្រចិត្ត។ បើតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្ទៀងផ្ទាត់កម្រិតអរមូនតេស្តូស្តេរ៉ូន ក្នុងជួរកងទ័ព មិនមែនក្នុងបំណងបង្កើនសមត្ថភាពប្រយុទ្ធលើសមរភូមិតែម្យ៉ាងទេ តែក៏ដើម្បីលើកកម្ពស់សមត្ថភាពធម្មជាតិ និង ដើម្បីថែរក្សាសុខភាពរបស់កងទ័ពអាមេរិក ឲ្យមានអាយុយឺនយូរ។ យោធាណាមានអត្រាអរមូនតេស្តូស្តេរ៉ូនទាប នឹងទទួលបានសំណើព្យាបាល និងអាចព្យាបាលសុខភាពភ្លាម បើចង់។
ប្រើថ្នាំអាហារបំប៉នតេស្តូស្តេរ៉ូន ជាដំណោះស្រាយល្អ ?
ការប្រើថ្នាំអាហារបំប៉ន អរមូនតេស្តូស្តេរ៉ូន ដូចមានផ្សាយតាមអ៊ីនធ័រនែត គ្មានប្រយោជន៍ទាល់ តែសោះ ក្នុងការដំឡើងសមត្ថភាពបន្តពូជ។ នៅពេលលេបថ្នាំបំប៉ននោះ ចូលទៅ ខួរក្បាលនឹងបញ្ឈប់ សកម្មភាពភ្ញោចពងស្វាស ហើយអាចនឹងឈប់ផលិតស្ពែម៉ាតូហ្សូអ៊ីត ទៅវិញទេ។ នេះជា អ្វីដែល សាធារណជនទូទៅ មិនសូវបានដឹងទេ។ តាមការពិត ការចាក់តេស្តូស្តេរ៉ូនបន្ថែម ដោយគិតថា ថ្នាំនឹង ទៅបង្កើនលទ្ធភាពបង្កកំណើតកូន នឹងធ្វើឲ្យបុរសនោះមានបញ្ហា ពិបាកមានកូនកាន់តែធ្ងន់ធ្ងរ។ ក្នុង ករណីខ្លះ គ្រូពេទ្យអាចផ្តល់ថ្នាំជាអរមូនផ្សេង ដែលមិនរារាំង ឬបិទខ្ទប់យន្តការធម្មជាតិ តែបានទៅបំប៉ន ភ្ញោច ពងស្វាសឲ្យផលិតតេស្តូស្តេរ៉ូន។
អស់កម្លាំង មានអារម្មណ៍មួរហ្មងឡើង ចុះមិនអាចមានកូនតាមចំណង់ ឬ លិង្គលែងសូវរឹង សុទ្ធសឹង ជាសញ្ញាដាស់ ឲ្យគិតដល់អត្រាអរមូនតេស្តូស្តេរ៉ូន។ ហើយក៏ទំនងជាដល់ពេលវេលា ដែលត្រូវទៅធ្វើតេស្តវាស់កម្រិតតេស្តូស្តេរ៉ូនដែរ។ ការធ្លាក់ចុះនៃអត្រាតេស្តូស្តេរ៉ូន ជានិន្នាការគួរឲ្យព្រួយបារម្ភព្រោះវាអាចជាទំនាយប្រាប់ឲ្យដឹងជាមុន អំពីលទ្ធភាពពិបាកមានកូន និង អំពីជីវិតសង្ឃឹមរស់របស់បុរស ក្នុងឆ្នាំខាងមុខ ៕
Wed, 19 Aug 2026 - 168 - រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល
មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។
អ្នកមានបញ្ហារលាកអញ្ចាញបន្តិចបន្តួចមែនទេ? ជាអាការៈតិចតួចមែន ប៉ុន្តែសូមប្រយ័ត្ន ព្រោះអាចមានគ្រោះថ្នាក់ធំ ! បច្ចុប្បន្ននេះ ជំងឺរាក់ស៊ីធ្មេញដ៏ស្រាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង។ ជិតពាក់កណ្តាលនៃមនុស្សធំពេញវ័យអាយុលើសពី៥០ឆ្នាំឡើងទៅ មានជំងឺរលាកអញ្ចាញរ៉ាំរ៉ៃដែលបំផ្លាញជាលិកាទ្រង់ទ្រង់ធ្មេញដោយសន្សឹមៗឬហៅថាជំងឺរាក់ស៊ីធ្មេញ ក្នុងនោះ ១៦%ជាជំងឺរាក់ស៊ីធ្មេញធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យបារម្ភខ្លាំងនោះ គឺជំងឺរលាកអញ្ចាញ រាក់ស៊ី មិនធ្វើឱ្យឈឺ (គ្មានផ្តល់រោគសញ្ញា)។ អ្នកជំងឺច្រើនណាស់មិនបានដឹង ទាល់តែសោះថាពួកគេមានបញ្ហារាក់ស៊ី និងចាប់ដឹងនៅពេលណាជំងឺចូលដល់ដំណាក់កាលធ្ងន់ខ្លាំងទៅហើយ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិតឯកទេសវះកាត់ធ្មេញ នៅមន្ទីរពេទ្យ Henri-Mondor de Créteil និងជាគ្រូសាស្ត្រាចារ្យសន្និសីទនៅសកលវិទ្យាល័យParis-Cité។
អញ្ចាញចាប់ផ្តើមរលាក ដោយមូលហេតុដ៏សាមញ្ញបំផុត គឺដោយបាក់តេរីនាំគ្នានៅកកផ្តុំនៅតាមជើងធ្មេញ ត្រង់ចន្លោះធ្មេញនិងអញ្ចាញ។ កកយូរៗទៅប្រព័ន្ធការពារខ្លួនទប់លែងឈ្នះ។ នៅពេលប្រឹងការពារខ្លួនពេក សរីរាង្គបានបំផ្លាញបន្តិចម្តងៗជាលិកាក្នុងមាត់ដែលទ្រទ្រង់អញ្ចាញ សរសៃចង ឬឆ្អឹង និងដែលយូរៗទៅ អាចធ្វើឱ្យជ្រុះធ្មេញតែម្តង។ ស្ថានភាពបែបនេះ គឺជាការបើកផ្លូវឱ្យមេរាគបាក់តេរីនានាៗ នៅក្នុងមាត់ បានចូលទៅក្នុងប្រព័ន្ធចរន្តឈាមបាន។
តាំងពីជាច្រើនសិបឆ្នាំមកនេះ មានការសិក្សាច្រើនណាស់លើប្រធានបទនេះ។ គ្រប់ការសិក្សាសុទ្ធតែមានសេចក្តីសន្និដ្ឋានដូចជាគឺជំងឺអញ្ចាញធ្មេញមិនធ្វើទុក្ខបុកម្នេញ ត្រឹមក្នុងមាត់ទេ។ ជំងឺរលាកអញ្ចាញមានទំនួលខុសត្រូវច្រើនក្នុងការបង្កើតគ្រោះហានិភ័យឱ្យមានជំងឺផ្សេងទៀត ដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក បើនិយាយក្នុងន័យទូលំទូលាយ។ នៅឆ្នាំ២០២៥ ការសិក្សាអន្តរជាតិជាច្រើន មានអំណះអំណាងកាន់តែច្បាស់ បញ្ជាក់អំពីទំនាក់ទំនងនៃជំងឺរលាកអញ្ចាញ ដង្កូវស៊ីធ្មេញ និងការកើនឡើងនៃគ្រោះហានិភ័ហមានជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្រាប់ក្រុមអ្នកជំនាញ ជំងឺរលាកអញ្ចាញធ្មេញនិងជំងឺសរសៃឈាមបេះដូង ទាក់ទងគ្នាទៅវិញទៅមានតាមរយៈយន្តការជាឯកសិទ្ធ ពីរ។ នៅក្នុងមាត់ ការរលាកអញ្ចាញឬរាក់ស៊ី ដ៏តូចតាចសោះនេះ មានកម្លាំងនិងភាពកំណាចដូចមានដំបៅធំប៉ិនបាតដៃ ដែលទៅចុចដាស់ប្រព័ន្ធការពារខ្លួនឱ្យកម្រើកប្រឆាំងនឹងការឈ្លានពានមកពីក្រៅ និងលេចជាអាការៈរលាកឡើង។ ការរាលរលាកដោយមេរោគនេះ សាយភាពឡើងពេលណាវានឹងទៅធ្វើរំខានស្រទាប់ការពារសរសៃឈាមអាទែ ឱ្យចុះទន់ខ្សោយ។ នេះជាយន្តការទីមួយ។ ចំណែកយន្តការទីពីរ គឺដំណើរឆ្លងបាក់តេរីក្នុងមាត់ ចូលទៅក្នុងចរន្តឈាម។ ថ្វីបើគ្មានបង្កឱ្យមានចម្លងរោគធ្ងន់ធ្ងរមែន តែពពួកបាក់តេរីក្នុងមាត់ អាចទៅតោងកកផ្តុំនៅតាមផ្ទៃនៃសរសៃឈាម ទាំងឡាយ រួចសម្រួលឱ្យមានកកស្ទះ ដាច់សរសៃឈាមនោះ ពោលគឺជាចំណុចចាប់ផ្តើមនៃដំណើរមានគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល ឬកកស្ទះដាច់សរសៃឈាមនៅបេះដូង (ស្លោកបេះដូង)។
ចុះជាមួយជំងឺទឹកនោមផ្អែមវិញ? កាលពីមុនគេគ្មានភស្តុតាងជាក់ស្តែងបញ្ជាក់អំពីទំនាក់ទំនងនៃសុខភាពមាត់ធ្មេញនិងជំងឺទឹកនោមផ្អែម។ ប៉ុន្តែពេលនេះ លែងជាការសន្និដ្ឋានទៀតហើយ។ អ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងពិតនិងទៅវិញទៅមក នៃជំងឺអញ្ចាញនិងជំងឺទឹកនោមផ្អែម។ ជំងឺរលាកអញ្ចាញ-រាក់ស៊ីធ្មេញ ធ្វើឱ្យសរីរាង្គកាយពិបាកចាត់ចែងលំនឹងជាតិស្ក ឯជំងឺទឹកនោមផ្អែមនឹងធ្វើឱ្យជំងឺអញ្ចាញកាន់តែធ្ងន់ធ្ងរ។
មានបាក់តេរីខ្លះ អាចរំខានសកម្មភាពអាំងស៊ុយលីន។ ការរលាក បង្កឡើងដោយបាក់តេរី ក៏អាចរំខានដំណើរការរបស់អាំងស៊ុយលីន ក្នុងការផលិតជាតិស្ករសម្រាប់ចិញ្ចឹមកោសិកា។ ការរំខានអាចធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬហៅថាទឹកនោមផ្អែម។ ដូច្នេះ ចំពោះបុគ្គលណា ដែលប្រុងកើតជំងឺទឹកនោមផ្អែម វត្តមាននៃជំងឺអញ្ចាញ (រាក់ស៊ីធ្មេញ) នឹងសម្រួល ឱ្យកាន់តែឆាប់លេចជាជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញ អ្នកមានជំងឺទឹកនោម ដែលបានទទួលការព្យាបាលជំងឺអញ្ចាញត្រឹមត្រូវ អត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺនោះ ក៏ងាយគ្រប់គ្រង។ មានន័យថា ព្យាបាលអញ្ចាញអាចគ្រប់គ្រងជំងឺទឹកនោមបានប្រសើរឡើង។ យន្តការនេះជាភស្តុតាងបញ្ជាក់ថា ជំងឺទឹកនោមផ្អែមនិងជំងឺអញ្ចាញមានអន្តរកម្មគ្នាទៅវិញមក យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជា បើតាមលោកវេជ្ជបណ្ឌិត Adrian Brun ដដែល គ្រូពេទ្យបារាំងបានបញ្ចូលការព្យាបាលជំងឺរាកស៊ីធ្មេញ ទៅក្នុងកម្មវិធីព្យាបាលជំងឺបង្ករោគរ៉ាំរ៉ៃជាច្រើន មានជាអាទិ៍ជំងឺទឹកនោមផ្អែមនេះឯង។ គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ Lariboisière ប្រទេសបារាំង កំពុងចាប់ផ្តើមយុទ្ធនាការ សិក្សាដ៏ធំមិនធ្លាប់មានមួយ គឺតាមដានសុខភាពរបស់គ្រប់អ្នកជំងឺទើបមានគ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមខួរក្បាល ស្ត្រូប ជាភាសាអង់គ្លេស ឬអាវេសេ ជាភាសាបារាំង ក្រោយពីបានទទួលការព្យាបាលសុខភាពមាត់ធ្មេញអញ្ចាញ ដើម្បីអាចវាស់ស្ទង់អំពីផលប៉ះពាល់នៃកំណកនៅលើផ្ទាំងសរសៃឈាម និងហានិភ័យនៃការលាប់ជំងឺស្ត្រូប។
ថាមិនត្រូវ អនាគតទៅគេប្រហែលជាអាចត្រូវប្រកាសថា ការថែរក្សាសុខភាពមាត់ធ្មេញ គឺជាសរសរទ្រូងនៃការកាពារជំងឺសរសៃឈាមបេះដូង ផងក៏ថាបាន។ មានន័យថា បើការការពារអញ្ចាញ គឺជាការការពារបេះដូងនិងខួរក្បាលឬ?
ដើម្បីការពារនិងថែរក្សាអញ្ចាញក្រុមគ្រូពេទ្យជំនាញ មានអនុសាសន៍បីយ៉ាង៖
កុំធ្វើដូចគ្មានហេតុអ្វីកើតឡើង នៅពេលចេញឈាមអញ្ចាញ។ ឈាមអញ្ចាញនៅពេលដុះសម្អាតធ្មេញ មិនមែនជារឿងធម្មតាទេ។ ដុះធ្មេញចេញឈាម ជាសញ្ញាប្រាប់ថា មានករណីរលាកអញ្ចាញបណ្តាលមកពីកំណកបាក់តេរីនៅក្រោមអញ្ចាញ។ នៅពេលឃើញអញ្ចាញចេញឈាម មនុស្សជាច្រើននាំគ្នាប្រយ័ត្នលែងដុះធ្មេញត្រង់តំបន់ដែលហូរឈាមនោះ។ តែជាការគិតខុសព្រោះមិនសម្អាតធ្មេញនឹងធ្វើឱ្យស្ថានភាពអញ្ចាញរលាកកាន់តែធ្ងន់ធ្ងរ។ ផ្ទុយទៅវិញ ត្រូវប្រឹងនិងបន្ថែមការសម្អាតធ្មេញ ដោយជ្រើសរើសច្រាសដែលមានសរសៃទន់ តែតឹងណែនល្អ។ ពីរបីថ្ងៃដំបូង អញ្ចាញបន្តចេញឈាមកាន់តែច្រើនជាងមុនបន្តិច នៅពេលដុះសម្អាត រួចក៏ចាប់ចុះថយបន្តិចម្តងៗនៅពេលស្ថានភាពរលាកចាប់ធូរ។ ប្រើកូនច្រាសចាក់ចន្លោះធ្មេញ។ រាក់ស៊ីធ្មេញ តែងចាប់ផ្តើម ក្នុងករណីភាគច្រើន នៅត្រង់ចន្លោះជើងធ្មេញ ពីធ្មេញមួយទៅធ្មេញមួយ គឺត្រង់កន្លែងដែលច្រាសធម្មតាមិនអាចដុះដល់។ ខ្សែទាក់សម្អាតធ្មេញ ជាទូទៅ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ គេចាំបាច់ត្រូវតែប្រើច្រាសចាក់ធ្មេញដែលមានសរសៃអាចអូសទាញបាក់តេរីចេញពីគល់និង ចន្លោះធ្មេញអស់។ ការប្រើប្រាស់ច្រាសចាក់ធ្មេញ ជាការសម្អាតធ្មេញបន្ថែមពីលើការងារច្រាសធម្មតា និងជាផ្នែកនៃការព្យាបាលរោគរាក់ស៊ីធ្មេញ។ បើមិនប្រើច្រាសចាក់ចន្លោះធ្មេញទេ មានន័យថាផ្ទៃធ្មេញប្រមាណ៤០% មិនបានទទួលការសម្អាតដោយត្រឹមត្រូវ។ ច្រាសចាក់ធ្មេញមិនដូចគ្នាគ្រប់ម៉ាកទេ និងមានច្រើនលេខ។ ត្រូវជ្រើសរើសច្រាសណាដែលមានសរសៃញឹក ទន់ ធំល្មមនឹងចន្លោះធ្មេញ ពេលចាក់ចូលទៅវាអាចដុះធ្មេញនិងអញ្ចាញ ដោយមិនបាច់ប្រឹង។ បើចាក់ចូលទៅធូរៗក៏គ្មានប្រសិទ្ធភាពដែរ។ ថែទាំសុខភាពជាទូទៅ។ ជក់បារី មិនព្យាបាលជំងឺទឹកនោមផ្អែមឱ្យត្រឹមត្រូវ មានរបបអាហារគ្មានលំនឹង បង្កើនគ្រោះរាក់ស៊ីធ្មេញខ្លាំងណាស់។ អញ្ចាញរលាក អញ្ចាញខ្សោយ តែងឆ្លុះឱ្យឃើញអំពីស្ថានភាពសុខភាពនៃរាងកាយទាំងមូល។ តាមដាន ថែថួនសុខភាពអញ្ចាញ មាត់ធ្មេញ ដោយទៅជួបគ្រូពេទ្យឱ្យបានទៀងទាត់ បញ្ចេញសកម្មភាពលុបបំបាត់កត្តាហានិភ័យ នឹងជួយរក្សាលំនឹងសុខភាពមាត់ធ្មេញនិងសរីរាង្គកាយទាំងមូល ប្រកបដោយចីរភាព៕Wed, 12 Aug 2026 - 167 - គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា?
ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។ តើការសម្រកទម្ងន់ដោយប្រើថ្នាំបែបនេះ ជះឥទ្ធិពលយ៉ាងណាដល់សុខភាពជាទូទៅ? តើអ្នកជាដែលប្រើថ្នាំជំងឺទឹកនោមផ្អែមដើម្បីស្រកទម្ងន់ អាចទទួលផលរំខានយ៉ាងណា?
៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេត្រូវការប្រើថ្នាំនេះ ដើម្បីសម្រកទម្ងន់។ ចំណែកនៅប្រទេសអង់គ្លេស មានមនុស្សម្នាក់ ក្នុងចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពីហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើដើម្បីបានចុះស្គម ។
តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ?
Mounjaro និង Wegovy ជាថ្នាំទើបចេញថ្មី សម្រាប់ព្យាបាលជំងឺធាត់ជ្រុលចុកខ្លាញ់។ ដើម្បី ងាយយល់ គេត្រូវបកថយត្រលប់ ទៅនិយាយ អំពីថ្នាំប្រឆាំងនឹងជំងឹទឹកនោមផ្អែមមួយ ទៀត ដែលមានឈ្មោះថា Ozempic និង ដែលបានទទួលការអនុញ្ញាតឲ្យធ្វើចរាចរណ៍ ព្យាបាល នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៧។
នៅពេលប្រើថ្នាំអូហ្សំពិកនេះទៅ គ្រូពេទ្យសម្គាល់ឃើញថា ថ្នាំនេះមានផលរំខានធំមួយ គឺធ្វើឲ្យអ្នកជំងឺធ្លាក់ទម្ងន់ជាខ្លាំង។ ការប្រើប្រាស់ថ្នាំនេះ ក៏ត្រូវបានគេបង្វែរ យ៉ាងឆាប់រហ័ស ពីថ្នាំសម្រាប់ អ្នកជំងឺទឹកនោមផ្អែម ទៅជាថ្នាំសម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋពេញវ័យប្រមាណ៤២% មានអាការៈធាត់ជ្រុល ការមានថ្នាំអាចសម្រក គីឡូមនុស្សបានពិតជាទាក់ទាញចំណាប់អារម្មណ៍ ក្រុមឧស្សាហកម្មឱសថណាស់។ ពួកគេ ក៏ បានយកធាតុសកម្មដ៏ចម្បង ប្រើក្នុងថ្នាំទឹកនោមផ្អែម អូហ្សំពិក ទៅផ្សំផលិតជាថ្នាំថ្មីមួយ ទៀត សម្រាប់ប្រឆាំងជាពិសេសនឹងជំងឺធាត់ជ្រុលចុកខ្លាញ់។ នេះហើយជាកំណើតនៃថ្នាំប្រឆាំងនឹងជំងឺធាត់ជ្រុល ដែលមានឈ្មោះថា Mounjaro និង Wegovy។ ថ្នាំទាំងពីរនេះ បានទទួលការអនុញ្ញាត ឲ្យធ្វើចរាចរណ៍លើទីផ្សារអាមេរិក នៅឆ្នាំ ២០២១ និង ២០២២។
ដូចអូហ្សំពិក Mounjaro និង Wegovy ជាថ្នាំទឹកដាក់ក្នុងបំពង់ជ័រមានម្ជុល នៅចុងម្ខាង ក្នុងទម្រង់ជាប៉ិច សម្រាប់ចុចចាក់ដោយខ្លួនឯង លើសាច់ដុំ (ពោះ ឬភ្លៅ) ជារៀងរាល់សប្តាហ៍ ស្រដៀងនឹងការចាក់ថ្នាំអាំងស៊ូលីន ដែរ។
ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាពខ្ពស់ខ្លាំងជាង អូហ្សំពិក ព្រោះវាអាចចាត់ចែងដ៏ខ្លាំងក្លាផ្នែកមេតាបូលិក។ លក្ខណៈពិសេសនៃថ្នាំ គឺវាអាច មានសកម្មភាពទ្វេលើអរមូននៃប្រព័ន្ធរំលាយអាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាមអរមូនរំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែលសរីរាង្គកាយតែងផលិត ជាធម្មតា មានតួនាទីចុចភ្ញោចដំណើរបញ្ចេញជាតិអាំងស៊ុយលីន ដែលជាអ្នកចាត់ចែងគ្រប់គ្រងអត្រាជាតិស្ករ ក្នុង ឈាមរបស់មនុស្សយើង។ អ៊ីចឹងហើយបានជា គេយកថ្នាំទាំងបីនេះ មកប្រើ សម្រាប់ព្យាបាលអ្នកមានជំងឺទឹកនោមផ្អែម។ តែអរមូនGLP-1 នៅមានតួនាទីសំខាន់មួយទៀត គឺនៅពេលយើង បរិភោគអាហារចូលទៅ ពេញពោះ ឆ្អែតក្រពះ អរមូននេះនឹងបញ្ជូនសញ្ញាទៅខួរក្បាល ដោយប្រាប់ឲ្យដឹងថា «លែងឃ្លានហើយ»។ បង្កើតអារម្មណ៍ថាឆ្អែតហើយ អរមូនទៅពន្យឺតសកម្មភាពរបស់ក្រពះទៀត។ អាហារដែលក្រពះបានកិនរំលាយរួច នឹង ធ្វើដំណើរយ៉ាងយឺតៗចុះទៅពោះវៀនធំ។ ដំណើរបែបនេះ ជាចំណែកមួយ ដែលបង្កើន អារម្មណ៍កាន់តែឆាប់ឆ្អែត។ ដោយយល់ពីយន្តការរបស់អរមូនធម្មជាតិនេះ ទើបគេផលិតថ្នាំ មូនចារ៉ូ តម្រង់ទិសដៅលើផ្ទាំងស៊ីបពីររបស់ប្រព័ន្ធមេតាបូលិក គឺមានអំណាចត្រួតត្រាលើការ ផលិតជាតិស្ករ ក្នុងឈាមផង និង បង្អាក់ចំណង់អាហារ (លែងឃ្លាន)ផង។
ចុះហេតុអ្វីបានគេនិយាយអំពីថ្នាំនេះច្រើនខ្លាំងម៉្លេះ ?
ចំពោះអ្នកមានជំងឺធាត់ជ្រុល ថ្នាំវីហ្កោវី មានប្រសិទ្ធភាពបញ្ចុះទម្ងន់បានប្រមាណ១០%ក្នុងពេល៤ឆ្នាំ។ មូនចារ៉ូ ដូសខ្ពស់ អាចស្រកទម្ងន់បានដល់ទៅ១៨% ក្នុងពេលតែជាងមួយឆ្នាំ។ នេះជាលទ្ធផលដ៏ខ្ពស់ខ្លាំង មិនធ្លាប់មានទេ ក្នុងប្រវត្តិនៃការព្យាបាលជំងឺធាត់ជ្រុលចុកខ្លាញ់។ ហេតុដូច្នេះហើយ បានជាសម្រាប់ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺមេតាបូលិក ធាត់ជ្រុល ការរកឃើញថ្នាំមូនចារ៉ូ និង វីហ្កោវី ជារបកគំឃើញដ៏អស្ចារ្សមួយនៃប្រវត្តិវេជ្ជសាស្ត្រទំនើប ព្រោះថ្នាំ និងមធ្យោបាយដែលមានកន្លងមក មានប្រសិទ្ធភាពតិចតួចណាស់សម្រាប់ អ្នកជំងឺធាត់។
នៅលើពិភពលោក មិនថា សហរដ្ឋអាមេរិក ឬប្រទេសបារាំង ឬនៅអាស៊ី អាហ្វ្រិកទេ ចំនួនប្រជាពលរដ្ឋធាត់ លើសទម្ងន់ កើនឡើងជាលំដាប់ និង គួរឲ្យខ្វល់ខ្វាយ តាំងពីឆ្នាំ ១៩៩០មក។ អ្នកខ្លះនៅតែមិនអាចបញ្ចុះទម្ងន់បាន បើទោះបីជាប្រឹងធ្វើរបបអាហារ និង ហាត់ប្រាណ យ៉ាងណាក៏ដោយ។ គឺដើម្បីប្រជាពលរដ្ឋក្នុងចង្កោមនេះហើយ ដែលនៅឆ្នាំ ២០២៤ បារាំងក៏ព្រមអនុញ្ញាតដែរ ឲ្យប្រើថ្នាំ Mounjaro ឬ Wegovyដើម្បីប្រឆាំងនឹងជំងឺធាត់ជ្រុល។
ជាថ្នាំថ្មី ទើបមានបម្រើបម្រាស់បានប៉ុន្មានឆ្នាំ ដូច្នេះគេនៅមិនទាន់អាចផ្តល់ សេចក្តីសន្និដ្ឋាន អំពីផលវិបាកនៃថ្នាំសម្រាប់ថ្ងៃអនាគត និងចំពោះការប្រើរយៈពេលវែងទេ។ ការប្រើថ្នាំ Mounjaro និង Wegovy ត្រូវស្ថិតនៅក្រោមការតាមដាន និង ត្រួតពិនិត្យ ពីគ្រូពេទ្យជំនាញ។ អ្វីដែលគេបានដឹងច្បាស់ គឺថ្នាំជាអាវុធមុខពីរ។ គ្រប់ថ្នាំ តែងមានអម ដោយផលរំខានតិច ឬច្រើនជានិច្ច។ យ៉ាងណាមិញ ថ្នាំមូនចារ៉ូ ដ៏ដូចជាថ្នាំវីហ្កោវី ក៏មាន ផលរំខាន ជាក់ស្តែង និងក្នុងពេលប្រើថ្នាំដំបូងភ្លាមៗ ដែលគេដឹងច្បាស់នៅពេលនេះ អាចជាការ ក្អួត ចង្អោរ រាគរូស បាត់បង់សាច់ដុំ មានបញ្ហាតម្រងនោម នៅថង់ប្រមាត់ និង រលាកលំពែង ព្រមទាំងប្រតិកម្មអាល់ឡែកហ្ស៊ីដ៏ធ្ងន់ធ្ងរ។
ឈប់ប្រើ នឹងឡើងទម្ងន់វិញ យ៉ាងលឿន ?
ជាថ្នាំសម្រាប់អ្នកជំងឺធាត់ជ្រុល ឬមាន ជំងឺទឹកនោមផ្អែម មិនមែនសម្រាប់មនុស្សធម្មតាមានសុខភាពល្អ សហព័ន្ធគ្រប់គ្រងឱសថអាមេរិក ក៏បានព្រមានអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ជាយថាហេតុនៃថ្នាំប្រឆាំងនឹងជំងឺធាត់ជ្រុលនេះដែរថា បើតាមការសិក្សាលើសត្វកណ្តុរ ការប្រើថ្នាំមូនចារ៉ូ និង វីហ្កោវី ទំនងជាអាចនាំមកនូវហានិភ័យដុះដុំសាច់នៅក្រពេញទីរ៉ូអ៊ីត។ នេះជាការសាកល្បងលើសត្វមែន តែគេមិនអាចមើលរំលងបានឡើយ បើទោះបីជានៅពេលនេះ គេពុំទាន់ដឹងថាតើមនុស្សអាចជួបហានិភ័យនេះដែរឬយ៉ាងណាឡើយក៏ដោយ។
ម្យ៉ាងទៀត មូនចារ៉ូ និង វីហ្កោវី មិនមែនជា ថ្នាំទិព្វ ទេ តែជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ។ ដូច្នេះ ការ យកថ្នាំនេះមកធ្វើជាដំណោះស្រាយមួយពេល ជាកំហុសដ៏ធំណាស់។ ថ្នាំប្រឆាំងជំងឺធាត់ជ្រុល វីហ្កោវី ឬមូនចារ៉ូ ពិតជាមានប្រសិទ្ធភាព អាចបញ្ចុះទម្ងន់ ដែលគ្មាននរណាអាចបដិសេធបានឡើយ។ ប៉ុន្តែនៅពេលឈប់ចាក់ អ្នកប្រើថ្នាំនោះ នឹង ឡើងគីឡូវិញ យ៉ាងលឿនរហ័ស។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអង់គ្លេស ដែលណែនាំឱ្យ អ្នកចង់បញ្ចុះទម្ងន់គួរទទួលស្តាប់ ហើយពិចារណាឲ្យបានច្បាស់លាស់មុននឹងសាកល្បងប្រើ។ នៅក្នុងការសាកល្បងគ្លីនិក អ្នកបានប្រើថ្នាំ មូនចារ៉ូ និង វីហ្កោវី ទាំងអស់ សុទ្ធតែឡើងទម្ងន់ ដល់គីឡូដើមដែលពួកគេបានបាត់បង់ នៅ១៨ខែ ជាមធ្យម ក្រោយពីឈប់ចាក់ថ្នាំ។ ហើយអ្វីដែល គួរឲ្យភ្ញាក់ផ្អើលបំផុត គឺភាពលឿនរហ័ស នៃការ ឡើងទម្ងន់ ដែលមានល្បឿន លឿន ដល់ទៅជិតបួនដងលើសដំណើរឡើងទម្ងន់វិញ ក្រោយបញ្ចប់កម្មវិធីសម្រកគីឡូតាមក្បួនធ្វើរបបអាហារ និង ធ្វើកីឡាបញ្ចេញសកម្មភាពកាយសម្បទា។ ស្ថានភាពសុខភាពជាទូទៅ ក៏លែងមានភាពប្រសើរដែរ ព្រោះកំរិត សម្ពាធឈាម អត្រាជាតិខ្លាញ់ក្នុងឈាម កូឡេស្តេរ៉ុល និង អត្រាជាតិស្ករ សុទ្ធតែស្ទុះឡើងដល់កំរិត ដើមវិញទាំងអស់។
នេះសឲ្យឃើញថា ដើម្បីរក្សាគុណប្រយោជន៍ដ៏វិជ្ជមានរបស់ថ្នាំបាន គេចាំបាច់ត្រូវប្រើថ្នាំនេះ ក្នុងរយៈពេលវែង ឬ ត្រូវប្រើរហូតពេញមួយជីវិត។ សូមកុំលេងសើចនឹងការសម្រកដោយប្រើថ្នាំនេះឱ្យសោះ ព្រោះ មូនចារ៉ូ ក៏ដូចជា វីហ្កោវី ជាថ្នាំខ្លាំងដែលមានឥទ្ធិពលដល់សរីរៈវិទ្យារបស់យើង។ សូមកុំលង់ប្រើថ្នាំដោយចិត្តចង់របស់ខ្លួនឯង ឬទិញតាមបណ្តាញអ៊ីនធ័រនែត ដែលញឹកញាប់ជាថ្នាំមិនសុទ្ធ។ ហានិភ័យសុខភាពនឹងកើតឡើងភ្លាម ហើយថ្នាំមិនសុទ្ធច្រើនតែគ្រោះថ្នាក់។ ការបញ្ចុះទម្ងន់ប្រកបដោយប្រសិទ្ធភាពត្រូវអមដោយរបបអាហារ និងការហាត់ប្រាណធ្វើកីឡា និងប្រើថ្នាំក្រោមការសម្រេចនិងតាមដានរបស់គ្រូពេទ្យយ៉ាងត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពសុខភាព៕
Wed, 05 Aug 2026 - 166 - គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា
ថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត របៀបសម្អិតសម្អាងខ្លួនអាចក្លាយជាគ្រោះថ្នាក់ទៅវិញទេ មានជាអាទិ៍ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ចូលគ្នា។
ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃអ្នកផ្សព្វផ្សាយ ការប្រើប្រាស់ផលិតផលសម្អាង ថែស្បែកបានកើនឡើងជាលំដាប់ ទាំងចំនួនអ្នកប្រើប្រាស់ ទាំងចំនួនផលិតផលលាបលើស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង បានថែម ជាបន្ត កាន់តែវែងឡើងៗ។ ទិន្ននាការប្រើផលិតផលសម្អាងលាបលើស្បែក ច្រើនមុខ ច្រើនប្រភេទ មួយហើយមួយទៀតបន្តបន្ទាប់គ្នា ទម្រាំដល់វគ្គផាត់ម្សៅ កំពុងពេញនិយមយ៉ាងខ្លាំងនៅបណ្តាញសង្គម។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ?
នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំងពី បុរាណកាលមក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាងស្បែក និង ផលិតផលសម្អាង បែបកូរ៉េ ក៏ កំពុងពេញនិយមខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។
នៅប្រទេសបារាំង ស្ត្រីបារាំងម្នាក់ៗប្រើផលិតផលសម្អាងសម្រាប់លាបលើស្បែក ដល់ទៅ ១៦មុខ ជាមធ្យម ក្នុងមួយថ្ងៃៗ។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែលទើបចេញសេចក្តីបំភ្លឺយ៉ាងជាក់លាក់ស្តីពី ភាពប្រឈម នៃការប្រើប្រាស់ផលិតផលសម្អាងប្រចាំថ្ងៃមកលើសុខភាពអ្នកប្រើប្រាស់ ។
ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែមានគុណភាពខ្ពស់ ជាផលិតផលល្អ ឆ្លងកាត់ការសិក្សា វិភាគ និងធ្វើតេស្តលើស្បែក។ ប៉ុន្តែ ទោះបីជា ការរក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយនៃសុខភាពមែន ក៏គេត្រូវព្រួយបារម្ភដែរ ព្រោះការប្រើប្រាស់ ផលិតផលសម្អាងច្រើនមុខពេក អាចជាតំណាងគ្រោះថ្នាក់ សម្រាប់ស្បែក សម្រាប់ សុខភាព ជាទូទៅទៅវិញទេ។ អ្នកវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញស្បែក បានទាញ សញ្ញាអាសន្នពីគ្រោះថ្នាក់ នៃការប្រើផលិតផលសម្អាងច្រើនមុខចូលគ្នា ដោយខ្វះការ យល់ដឹង អំពីប្រតិកម្ម ដែលអាចកើតមានឡើងនៅពេលសារធាតុគីមីក្នុង ផលិតផលនីមួយៗ បានមកជួបគ្នា នៅលើស្បែក និង ដោយជឿតាមពាក្យឃោសនា ឬ រូបភាពបង្ហោះ បង្ហាញរបស់នាងៗ អ្នកផ្សព្វផ្សាយលក់តាមអ៊ីនធ័រនែត និង influenceurs។
ការថែរក្សាសម្រស់ត្រូវបានគេចាត់ទុក ជាផ្នែកមួយនៃសុខភាព។ ដូច្នេះ ការពិគ្រោះ យោបល់ ពីអ្នកមានជំនាញ ឬ ជាគ្រូពេទ្យសើស្បែក អាចជាការចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ ដែលផ្សំឡើង ដោយគ្មានការត្រួតពិនិត្យ យើងត្រូវចេះជ្រើសរើសផលិតផលពិត មានគុណភាពខ្ពស់ បានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះការឃោសនាដ៏អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជាសុខភាព ដើម្បីបញ្ចៀសគ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណាឱ្យបានល្អិតល្អន់សិន មុននឹងជឿតាមការផ្សព្វផ្សាយ។
ផលិតផលល្អ ជាផលិតផលមានគុណភាព។ ផលិតផលមានគុណភាពត្រូវឆ្លងកាត់ធ្វើ តេស្តលើស្បែក។ ដើម្បីអាចឈានដល់ដំណាក់កាល ធ្វើតេស្តលើស្បែក ត្រូវមានសំណៅ និងលទ្ធផលវិភាគច្រើននៅមន្ទីរពិសោធន៍។ ផលិតផលសម្អាងមកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគច្រើន ជាផលិតផលល្អ បានឆ្លងកាត់ការធ្វើតេស្ត និង វិភាគ នៅលើស្បែក។ បើជាផលិតផលសម្អាង ផ្សំធ្វើដោយខ្លួនឯង អាចល្អ ព្រោះមានគ្រឿងផ្សំតិច ជារបស់ធម្មជាតិ ប៉ុន្តែត្រូវប្រយ័ត្នរឿងរក្សាទុកដាក់។ នៅក្នុងប្រទេសមានអាកាសធាតុ ក្តៅ សើមដូចនៅស្រុកខ្មែរត្រូវរក្សាគ្រឿងផ្សំ និង ផលិតផលសម្រេចនៅក្នុងទីត្រជាក់ ទូរទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយមិនត្រូវក្បួន លើសបរិមាណ តខុសសីតុណ្ហភាព ផលិតផលសម្អាងដែលគ្មានគុណភាព នឹងក្លាយ ជាអាវុធបំផ្លាញដោយធ្វើ ឱ្យស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូចរនាំងការពារស្បែក។ល។
បញ្ហាសុខភាពបង្កឡើងដោយផលិតផលសម្អាងមិនមែនបណ្តាលមកតែពីបញ្ហា គុណភាពរបស់ផលិតផលតែម្យ៉ាងទេ តែក៏អាចបណ្តាលមកពីប្រតិកម្ម នៅពេលផលិតផលទាំងអស់នោះប្រើរួមគ្នា នៅលើស្បែកតែមួយ និងក្នុងពេលតែមួយ។ សារធាតុ រ៉េទីណុល Rétinol -សារធាតុ AHA អាស៊ីតផ្លែឈើ ឬអាស៊ីតហ្គីកូលីក (acides de fruits comme l’acide glycolique) និង អាស៊ីតសាលីស៊ីលិក BHA (acide salicylique) សុទ្ធសឹង ជាសារធាតុសកម្ម ដែលទៅជួយបំប៉នកោសិកាឱ្យកកើតជាថ្មី ពោលគឺជួយស្បែកឱ្យនៅក្មេង។ ប៉ុន្តែ សារធាតុទាំងបីនេះ ងាយធ្វើឲ្យស្បែករោលរលាកណាស់ និងមិនត្រូវប្រើច្របល់ចូលគ្នា ទេ។ ដូច្នេះ ផលិតសម្អាងមានផ្ទុកសារធាតុរ៉េទីណុល និងអាស៊ីសាលីស៊ីលិក មិនអាចប្រើ ចូលគ្នាបានទេ ព្រោះធាតុផ្សំពីរនេះ មានបម្រើបម្រាស់តែមួយ គឺទៅជួយភ្ញោចស្បែក ដូចគ្នា។ នៅពេលមានជំនួយភ្ញោចខ្លាំងពេក ស្បែកអ្នកច្បាស់ជានឹងងាយរលាកជាក់ជាមិន ខាន។ នេះបើតាមការពន្យល់ របស់លោកស្រី Martine Baspeyras ប្រធានសមាគមបារាំង ផ្នែកសម្ផស្សនៃវេជ្ជវិទ្យារោគស្បែក Société Française d’esthétique en dermatologie។
អ្នកជំនាញដដែលនេះ បានសម្តែងការសោកស្តាយ យ៉ាងខ្លាំង ចំពោះការប្រើប្រាស់ជាតិ រ៉េទីណុលមិនត្រឹមត្រូវ។ រ៉េទីណុល ជាសារធាតុសកម្មមានប្រសិទ្ធភាពខ្ពស់ និងត្រូវប្រើ ដាច់ដោយឡែកពីគេ ឬតែឯង គ្មានលាយជាមួយសារធាតុអ្វីផ្សេង និងដោយមានកំរិត។ ជាការគិតខុសទាំងស្រុង និងដែលអាចធ្វើឲ្យស្បែករលាកបាន ប្រសិនបើស្ត្រីណាហ៊ាន ប្រើ រ៉េទីណុលច្រើន ដើម្បីទទួលបានលទ្ធផលឆាប់។ ផលិតផលមានផ្ទុកសារធាតុ រ៉េទីណុល ត្រូវប្រើ នៅពេលយប់ បីដង ក្នុងមួយសប្តាហ៍យ៉ាងច្រើន និង អាស្រ័យទៅលើប្រភេទស្បែក របស់អ្នកប្រើប្រាស់ទៀត។ អ្នកមានស្បែក ងាយ រងប្រតិកម្ម មិនគួរប្រើផលិតផល មានផ្ទុកសារធាតុរ៉េទីណុលទេ។
ក្រៅពីប្រតិកម្ម ជាយថាហេតុ នៃល្បាយធាតុសកម្ម ដោយការប្រើប្រាស់ផលិតផលសម្អាង មិនត្រូវតាមក្បួន នៅមានសារធាតុផ្សំ ជាច្រើនផ្សេងទៀត ដែល ខ្លះត្រូវបានហាមឃាត់ ដោយអឺរ៉ុប ដោយអាជ្ញាធរបារាំងហើយ តែអនុញ្ញាតឲ្យប្រើនៅប្រទេសផ្សេង អាចបង្កគ្រោះ ថ្នាក់ដល់សុខភាព។ ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ច្រើនបែប លាយចម្រុះគ្នា ក្នុងពេលតែមួយ ជារៀងរាល់ថ្ងៃ ប្រៀបដូចយកស្បែក ទៅដាក់ប្រឈមនឹងសារធាតុគីមី ច្រើនមុខ ដែលខ្លះអាចប៉ះពាល់ ដល់ប្រព័ន្ធអរមូនលូតលាស់ និងដែលជាហេតុនាំឲ្យមាន បញ្ហាសុខភាព បន្តពូជ ពិបាកបង្កកំណើតកូន និង ធ្ងន់ធ្ងរខ្លាំងដោយនាំឲ្យកើតជំងឺមហារីក សុដន់ មហារីកប្រព័ន្ធអរមូន។
បើតាមការសិក្សារបស់វិទ្យាស្ថានជាតិសុខភាព និងស្រាវជ្រាវវេជ្ជសាស្ត្របារាំង ឈប់ប្រើផលិតផលសម្អាង តែ៥ថ្ងៃ អត្រាជាតិពុល ប៉ារ៉ាបិនក្នុងទឹកនោម បានថយចុះអស់ ២០% និង ជាតិគីមីពុល ប៊ីហ្វេណុលអា បានធ្លាក់ចុះអស់ ៤០%។ ជាតិគីមីពុលទាំងនេះ ត្រូវបាន គេចាត់ទុកជាពពួកសារធាតុគីមីរំខាន ដល់ប្រព័ន្ធ អរមូនលូតលាស់ PE។ ដូច្នេះ តើ គួរ ព្រួយ បារម្ភ នឹងការប្រើប្រាស់ផលិតផលសម្អាង ច្រើនមុខច្របល់គ្នា ជាប្រចាំទៀតទេ? សម្រាប់ក្រុមគ្រូពេទ្យជំនាញ ការថែរក្សាស្បែក ដែលប្រពៃ ជាងគេបំផុត គឺការប្រើជំនួយជាផលិតផលសម្អាង ដ៏តិចតួចបំផុត។ បើស្បែកស្ងួត ខ្លាំង អាចប្រើតែ សេរ៉ូម និង ឡេ ផ្តល់សំណើមជាការស្រេច។ ដើម្បីការពារស្បែក ពី រស្មី អុលត្រាវីយូឡេ សូមប្រើឡេការពារកំដៅថ្ងៃ ដែលអាចលាបបន្ថែម ជារៀងរាល់ ពីរ ម៉ោង ម្តង ៕
Wed, 22 Jul 2026 - 165 - អ្នកជំនាញវិទ្យាសាស្ត្រទាញសញ្ញាអាសន្ន “ក្មេងជំនាន់ក្រោយកើតជំងឺមនុស្សចាស់”
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់?
ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលត្រូវបានគេចាត់ទុក តាំងពីយូរយារមកហើយថាជំងឺមនុស្សចាស់ កំពុងកើនឡើងជាលំដាប់ក្នុងរង្វង់ក្មេងអាយុពី ១០ទៅ១៩ឆ្នាំ។ ក្រុមគ្រូពេទ្យក៏សង្កេតឃើញដូចគ្នា អំពីការលេចឡើងនៃជំងឺលើសជាតិខ្លាញ់ លើសឈាម ខ្លាញ់ក្នុងថ្លើម លើក្មេងៗនៅត្រឹមថ្នាក់វិទ្យាល័យ។ ផលវិបាកសុខភាព មិនមែនពាក់ព័ន្ធតែលើសរីរាង្គបេះដូង និង ថ្លើម លំពែងទេ តែក្មេងជំនាន់ក្រោយ កាន់តែឆាប់មានបញ្ហាភ្នែកមីញ៉ូប ឈឺខ្នងឈឺចង្កេះ អស់កម្លាំងរ៉ាំរ៉ៃ វិបត្តិដំណេក និងរោគធ្លាក់ទឹកចិត្តទៀត។ តើមកពីមូលហេតុអ្វី ក្រែងថាវិទ្យាសាស្ត្រកាន់តែទំនើបជឿនលឿន អាចជួយមនុស្សអោយរស់បានយូរអាយុវែង ក្រចាស់ឬអមតៈផងនោះអី?
បើតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ មូលហេតុដែលក្មេងសម័យថ្មីកើតជំងឺមនុស្សចាស់ គឺបណ្តាលមកពីភាពស្រណុករបស់មនុស្សបច្ចុប្បន្ន ដែលលែងសូវបញ្ចេញចលនា សកម្មភាពកាយសម្បទា ខ្លាចហត់ ខ្លាចពិបាក ចង់តែស្រួល។ មនុស្សជំនាន់ថ្មី ចំណាយពេលវេលា អង្គុយ តាំងពីព្រឹកទល់ល្ងាច។ ក្មេងៗដល់វ័យសិក្សា ទៅសាលាតាំងពី ព្រឹកទល់ល្ងាច តាំងពីថ្នាក់ទី១ដល់ប្រលងបាក់ឌុប ចូលមហាវិទ្យាល័យ អង្គុយរៀនក្នុងថ្នាក់ អង្គុយធ្វើលំហាត់ដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ ធ្វើដំណើរដោយយានយន្ត អង្គុយក្នុងឡាន ជិះម៉ូតូ ចប់កិច្ចការដល់ម៉ោងលេងហ្កេម មើលទូរស័ព្ទ។ តាមរយៈការរៀបរាប់នេះ ក្នុងមួយថ្ងៃៗ ក្មេងសម័យបច្ចុប្បន្នមានពេលតិចណាស់សម្រាប់ធ្វើចលនា។ ភាពអសកម្មរបស់ក្មេងជំទង់បារាំងបានឡើងដល់ជាង៨០%។
លោក Fabrice Chrétien សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសជំងឺប្រព័ន្ធប្រសាទ នៅមន្ទីរពេទ្យ Sainte-Anne Paris Cité ក្រុងប៉ារីស និងនៅវិទ្យាស្ថានសាច់ដុំវិទ្យា លោកសាស្ត្រាចារ្យ Pr Raphaël Vialle ប្រធានផ្នែកវះកាត់ឆ្អឹងកុមារនៅ មន្ទីរពេទ្យ Armand Trousseau AP-HP និងសកលវិទ្យាល័យ Sorbonne Université បានអះអាងបញ្ជាក់ដូចគ្នា ថា ភាពស្រណុកអសកម្ម ជាជំនក់ចិត្តរបស់យុវវ័យ។ តែភាពខ្ជិលចង់តែស្រណុក តាំងពីកុមាររហូតដល់ពេញវ័យជំទង់់ ជាបញ្ហាដ៏ធំចម្បងណាស់សម្រាប់សុខភាពសាធារណៈ។ ប្រៀបដូចជាគ្រាប់បែក ធ្លាក់មកមិនផ្ទុះភ្លាម តែគង់នឹងផ្ទុះបំផ្លិចបំផ្លាញនៅពេលក្រោយយ៉ាងដូច្នោះ។ ខ្ជិលមិនបញ្ចេញចលនាហើយធាត់ ក្នុងវ័យកុមារនិងក្មេងជំទង់ គឺជាការត្រៀមលក្ខណៈមានជំងឺស្ទះស្លោកបេះដូង នៅពេលចូលដល់វ័យខ្ទង់សាម។ នេះបើតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត François Carré គ្រូពេទ្យឯកទេសបេះដូងនៅមន្ទីរពេទ្យក្រុងរ៉ែនប្រទេសបារាំង។
ដោយជាក់ស្តែង ធម្មជាតិមនុស្សជាពូជដែលកើតមក សម្រាប់បញ្ចេញសកម្មភាព ធ្វើចលនាកាយសម្បទា និងគ្រប់សរីរាង្គ។ ដូច្នេះ ក្មេងត្រូវតែមានសកម្មភាព ដើម្បីឱ្យសរីរាង្គកាយ ជាពិសេសសាច់ដុំ លូតលាស់ជាតាមដំណើរជាធម្មតា។ បើមិនចិញ្ចឹមបណ្តុះសាច់ដុំឱ្យលូតលាស់ផង តើគេអាចនឹងពង្រឹងប្រមូលសាច់ដុំបានយ៉ាងដូចម្តេចនៅថ្ងៃក្រោយ?! ក្មេងមានអាការៈឈឺចុកចាប់រ៉ាំរ៉ៃ នៅខ្នង ចង្កេះ ជង្គង់ កជើង បាតជើង ព្រោះតែពួកគេធ្ងន់ខ្លួនពេក ឬមិនសូវមានសាច់ដុំ។ នេះបើតាមប្រសាសន៍បន្ថែមរបស់លោក សាស្ត្រាចារ្យ Fabrice Chrétien ដោយលម្អិតថា បណ្តុះកម្លាំងសាច់ដុំ ក្នុងវ័យកុមារ និងក្នុងវ័យជំទង់ ជាសូចនាករដ៏ល្អ ចង្អុលបង្ហាញអំពីកំរិតសុខភាព សម្រាប់ពេញមួយជីវិត។ នៅពេលកម្លាំងសាច់ដុំខ្សោយ ហានិភ័យកើតជំងឺសរសៃឈាមបេះដូង មហារីក និងស្លាប់មុនអាយុ នឹងកើនឡើង។ អ្នកស្រាវជ្រាវបានសិក្សាវាស់វែងអំពីកម្លាំងសាច់ដុំរបស់កុមារបារាំង និងបង្ហាញពីក្តីព្រួយបារម្ភយ៉ាងនៅពេលឃើញលទ្ធផល។
ការសិក្សាបានបង្ហាញថា កម្លាំងសាច់ដុំខ្សោយ នៅក្នុងវ័យជំទង់ មានពាក់ព័ន្ធនឹងគ្រោះអាយុខ្លី ស្លាប់ដោយមូលហេតុគ្រប់យ៉ាងរាប់ទាំងការស្លាប់ដោយជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក នៅពេលធំពេញវ័យ។ ជាងនេះទៀត ការសិក្សាបានវិភាគឃើញថា អសមត្ថភាពរាងកាយនៅពេលចាស់ មានចំណងទាក់ទងយ៉ាងខ្លាំងទៅនឹងភាពខ្សោយនៃកម្លាំងសាច់ដុំកាលនៅក្មេង។
ជាទូទៅសាច់ដុំ ដែលជាទម្រសុខភាពដ៏សំខាន់របស់មនុស្សគ្រប់រូប តែងចុះខ្សោយ ស្រកម៉ាសមាឌ ទៅតាមវ័យ ៖ ១០ឆ្នាំ អស់៣ទៅ៨% ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ និង១៥% ចាប់ពីអាយុ៥០ឆ្នាំ។ ប៉ុន្តែក្មេងជំនាន់ក្រោយ អាយុពី១០ទៅ១៦ឆ្នាំ មានកម្លាំងសាច់ដុំចុះខ្សោយ២៥% តាំងពីឆ្នាំ១៩៩០មក។ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវនិងសាស្ត្រាចារ្យបារាំងនៅសកលវិទ្យាល័យClermont-Auvergne ដោយផ្នែកលើទិន្នន័យជាច្រើនផង ទៅលើការសិក្សអង្កេតដោយផ្ទាល់នៅមន្ទីរពេទ្យតែម្តងផង។ សាច់ដុំអាចមានកម្លាំងបានដរាបតែមនុស្សបានបង្ហាប់ បំប៉ន តាមរយៈការបញ្ចេញសកម្មភាពរាងកាយ ធ្វើចលនា ឬកីឡាពង្រឹងសាច់ដុំ។ ការពង្រឹងសាច់ដុំមិនរំខានដល់ការលូតលាស់ លូតកម្ពស់របស់ក្មេង ដូចជំនឿរបស់មនុស្សចំនួនឡើយ ព្រោះការពង្រឹងសាច់ដុំ មិនមែនមានន័យថាត្រូវហាត់នៅសាល លើកដុំដែក ទាញខ្សែ បំណងឱ្យឡើងសាច់ដុំកង់ៗនោះឡើយ។
តែគូរឱ្យសោក ភាពស្ពឹកស្រពន់ ចង់តែនៅស្ងៀម និង អសកម្ម រីកចម្រើនជាលំដាប់។ មានក្មេងអាយុ ៦-១៧ឆ្នាំ តែ៤១,៨% (៥១%ក្មេងប្រុស និង៣៣%ក្មេងស្រី) ធ្វើចលនា និងធ្វើកីឡាបានគ្រប់ (៦០នាទីក្នុងមួយថ្ងៃ) តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ នៅឆ្នាំ២០២៥ នៅប្រទេសបារាំង កុមារី៤៤% និង២៦%នៃក្មេងប្រុស មិនអាចរត់ (ក្នុងល្បឿនល្មមៗ) ឱ្យបានបួននាទីជាប់គ្នាទេ។ ១២% នៃសិស្សថ្នាក់ទី៦ ត្រូវការប្រើពេល ជិត៧វិនាទី ឬច្រើនជាងនេះ សម្រាប់រត់ចម្ងាយ៣០ម៉ែត្រ។ ចំពោះការលោតចម្ងាយ ដែលជាផ្នែកមួយនៃការវាស់វែងកម្លាំងកាយសម្បទា និងសាច់ដុំវិញ ក្មេងប្រុសបារាំងបច្ចុប្បន្ន លោតបាន១៨៦ស.ម.ជាមធ្យម និងក្មេងស្រី១៤០ស.ម.។ នេះជាលទ្ធផលនៃការវាយតម្លៃសមត្ថភាពរាងកាយរបស់ក្មេងនអនុវិទ្យាល័យនិងវិទ្យាល័យបារាំងមែន តែក៏អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញអំពីនិន្នាការនៅលើពិភពលោកទាំងមូលដែរ។
មិនធ្វើចលនា មិនបញ្ចេញកម្លាំងកាយសម្បទា ស្ពឹកស្រពន់យកតែស្រួល នឹងសម្រួលឱ្យឡើងទម្ងន់ (ធាត់)។ បូកផ្សំនឹងការចំណាយពេលវេលាច្រើននៅមុខអេក្រង់ ដេកមិនគ្រប់ បរិភោគអាហារកែច្នៃជាប្រចាំទៀត គ្រឿងផ្សំពិតជាមានគ្រប់ល្មមធ្វើឱ្យមេតាបូលិកដើរខុសប្រក្រតី ពោលគឺបង្កឱ្យមានជំងឺដែលក្មេងមិនគួរទាន់កើត។ នេះបើតាមវេជ្ជបណ្ឌិតជំនាញផ្នែកការលូតលាស់និងអាហារូបត្ថម្ភ Celia Lloret-Linares៕
Wed, 15 Jul 2026 - 164 - ហេតុអ្វីដៃជើងហើម នៅពេលមេឃឡើងក្តៅ?
ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ?
ដោះចិញ្ជៀនមិនចេញ ពាក់ស្បែកជើងលែងចូល ... ព្រោះតែប្រអប់ដៃប្រអប់ជើង កជើង ឡើងហើម។ នេះជាបាតុភូតដែលតែងកើតឡើងជាញឹកញាប់ នៅពេលមនុស្សយើងអសកម្ម អង្គុយ ឬឈរមួយកន្លែងយូរពេក ទើបចរន្តឈាមមិនអាចហូរបានស្រួល។ សាច់ដុំជើង កំភួនជើង រលាស់រលាល្អ នៅពេលណាមនុស្សធ្វើចលនា។ បើគ្មានចលនា ឈាម និងជាតិ នឹងទៅដក់ កកស្ទះ នៅតំបន់ណាមួយនៃសរីរាង្គកាយ ហើយបង្កឱ្យមានអាការៈប៉ោង ហើមនៅតំបន់នោះ។ ចំណីអាហារប្រៃ មានរសជាតិឆ្ងាញ់មាត់ណាស់ ប៉ុន្តែជាតិប្រៃ និងអំបិលនេះ អាចស្រូបទប់ជាតិទឹកទុកក្នុងខ្លួនច្រើន ទើបអាចបង្កឱ្យមានបញ្ហាដល់សុខភាព ហើមប៉ោងចុងដៃចុងជើង។ មានផ្ទៃពោះចូលដល់ត្រីមាសទីពីរ និងទីបី អាចជាមូលហេតុនាំ ឱ្យស្ត្រី ហើមដៃ ហើមជើង ព្រោះដោយកត្តាអរមូន និងដោយទារកក្នុងផ្ទៃមានមាឌធំ មានជំហរមិនស្រួល ទៅកិនប៉ះពាល់សរសៃឈាម ទើបឈាមរត់មិនស្រួល។ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ដៃជើងហើមអាចជាសញ្ញាមួយបញ្ជាក់ថាជិតដល់ពេលធ្លាក់រដូវដែរ។ ជាចុងក្រោយ គឺភាពក្តៅ។ ម្រាមដៃ ម្រាមជើង ប្រអប់ជើង កជើង អាចឡើងហើមបាននៅពេល អាកាសធាតុឡើងក្តៅ។
តើកម្តៅថ្ងៃមានពាក់ព័ន្ធអ្វីនឹងការហើមដៃហើមជើង?
នៅពេលអាកាសធាតុក្នុងបរិយាកាស ឡើងក្តៅ ទោះបីជានៅក្រៅខ្លួនយើងក៏ដោយ ក៏ញាណធម្មជាតិរបស់មនុស្ស ដឹងនិងបញ្ចេញប្រតិកម្មភ្លាម។ ញាណHipothalamus នៅលើផ្ទៃស្បែកជ្រាបដឹងភាពក្តៅភ្លាម ក៏បញ្ជូនព័ត៌មានទៅប្រាប់ខួរក្បាល ដែលទៅបញ្ជាឱ្យខ្លួនប្រាណសម្របខ្លួនទៅនឹងសីតុណ្ហភាពក្តៅ ដើម្បីចាត់ចែងកម្តៅនៅក្នុងសរីរាង្គកាយ តាមរយៈយន្តការចម្បងពីរ។
ប្រឈមនឹងភាពក្តៅ ខ្លួនប្រាណបានដើរតួជាម៉ាស៊ីនចាត់ចែងសីតុណ្ហភាព ដើម្បីការពារសរីរាង្គសំខាន់ៗ និងធានារក្សាកម្តៅក្នុងខ្លួន ឱ្យនៅម្តុំ៣៦,៥អង្សា។ ដើម្បីបញ្ចុះកម្តៅ និង ច្រានកម្តៅចេញ យន្តការទីមួយ គឺឈាម។ ឈាមក្តៅ បានទៅពង្រីកសរសៃឈាមតូចៗ នៅតាមផ្ទៃស្បែក ដើម្បីឱ្យកម្តៅអាចសាយភាយចេញតាមរន្ធស្បែកបានខ្លះ។ នេះជាដំណើរធ្វើឱ្យសរសៃឈាមរីកធំ។ ហេតុដូច្នេះហើយបានជានៅពេលយើងដើរត្រូវថ្ងៃ ក្រោមមេឃក្តៅខ្លាំង មុខនិងស្បែករបស់យើងតែងឡើងក្រហមនោះ។ ប្រព័ន្ធប្រសាទស្វ័យតក៏ទៅដាស់បាតុភូតមួយទៀត ដែលរឹតតែមានប្រសិទ្ធភាព។ នោះគឺយន្តការដាស់ភ្ញោចក្រពេញEccrine ដែលមានតួនាទីផលិតញើស។ ក្រពេញនេះមានសកម្មភាពជាប់រហូត តែនៅពេលជួបសីតុណ្ហភាពក្តៅ វាធ្វើសកម្មភាពកាន់តែខ្លាំង បញ្ចេញញើសកាន់តែច្រើន មកផ្សើមស្បែកឱ្យត្រជាក់។ អ៊ីចឹងហើយបានជានៅពេលមេឃក្តៅ យើងបែកញើស។ នេះជាយន្តការការពារសរីរាង្គកាយ។
ប៉ុន្តែយន្តការទប់កម្តៅ ជាធម្មជាតិរបស់សរីរាង្គកាយនេះ អាចបង្កផលវិបាក ដូចជា ខ្លួនប្រាណបញ្ចេញញើសខ្លាំងពេក នោះយើងនឹងមានអាការៈខ្សោះជាតិទឹក និងការបាត់បង់ជាតិរ៉ែ មានជាអាទិ៍អំបិល សូយ្យូម។ ដូច្នេះត្រូវឧស្សាហ៍ទទួលទានទឹក និងបរិភោគអាហារជាបន្លែផ្លែឈើស្រស់។ ចំណែកដំណើររីកសរសៃឈាម អាចប៉ះពាល់ដល់ចរន្តឈាម។ នៅពេលសរសៃឈាមរីកធំ ឈាមពិបាករត់ទៅកាន់បេះដូង។ សរសៃឈាមនៅផ្នែកខាងចុងអវៈយវៈ រងសម្ពាធកាន់តែខ្លាំង ទើបធ្វើឱ្យមានអាការៈហើមលេចឡើងនៅចុងជើងនិងចុងដៃ។
បើតាមវេជ្ជបណ្ឌិត Marie-Ange Boulesteix ជំនាញផ្នែកសរសៃឈាម ការហើមដៃជើង ដោយអាកាសធាតុ ច្រើនតែកើតឡើង នៅពេលមានរលកកម្តៅខ្លាំងដំបូងភ្លាម និងនៅពេលធ្វើដំណើរវែង ហើយខ្វះជាតិទឹក។ បន្ថែមពីអាការៈហើមដៃជើងដោយបាតុភូតសរសៃឈាមរីកធំ នៅមានករណីសរសៃបង្ហូរជាតិទឹករងៃចុះខ្សោយ -មិនអាចបញ្ជូនទឹករងៃទៅផ្នែកខាងលើនៃសរីរាង្គកាយបានត្រឹមត្រូវមួយទៀត នៅពេលអាកាសធាតុក្តៅខ្លាំង។ នៅពេលជាតិទឹករងៃហូរមិនស្រួល នោះយើងនឹងមានអារម្មណ៍ធ្ងន់ តឹងដៃតឹងជើង ក្តាប់មិនចុះ ឬរួយកំភួនជើង។
ថ្វីបើអាការៈតឹងធ្ងន់ជើងសឹងកើតមានជាធម្មតា នៅពេលមេឃក្តៅមែន ប៉ុន្តែគេអាចបញ្ចៀសភាពរំខាននេះបាន ដោយប្រកាន់ទម្លាប់ល្អមួយចំនួន ដូចជា ត្រូវពិសាទឹកនិងផ្តល់ជាតិទឹកដល់សរីរាង្គកាយឱ្យបានគ្រប់គ្រាន់ ពោលគឺត្រូវទទួលទានទឹកសាបធម្មតា ឱ្យច្រើនលើសប្រក្រតី ហើយកាត់បន្ថយការបរិភោគទឹកតែ កាហ្វេ ប៊ីយ៉ែរ ... ដែលជំរុញឱ្យច្រោះជាតិទឹកចេញពីក្នុងខ្លួនវិញ។ ដើម្បីសម្រួលសម្រកភាពហើមដៃហើមជើង គ្មានអ្វីប្រសើរជាងការផ្តល់ភាពត្រជាក់ដល់សរីរាង្គកាយនេះទេ។ មុជទឹកត្រជាក់ ដោយបាញ់ទឹកត្រជាក់ដាក់ជើង រួចបណ្តេញឡើងដល់ភ្លៅ មុននឹងស្រោចពេញទាំងខ្លួន។
ទោះសីតុណ្ហភាពក្តៅខ្លាំងយ៉ាងណាក៏ដោយ ក៏មិនត្រូវបណ្តោយខ្លួនឱ្យនៅស្ពឹកស្រពន់ អង្គុយ ឈរស្ងៀមឡើយ។ ដើរឱ្យបានយ៉ាងហោច២០នាទីក្នុងមួយថ្ងៃ។ ឧស្សាហ៍សម្រាក បើជាការងារត្រូវឈរនិងអង្គុយជាប់ច្រើនម៉ោង។ ធ្វើម៉ាស្សាជើង សម្រាន្តដោយលើកជើងឱ្យខ្ពស់ជាងក្បាល សុទ្ធសឹងជាវិធីដែលជួយបន្ថយអាការៈហើមដៃហើមជើងបាន។
ហើមដៃជើងជាសញ្ញារោគនៃជំងឺធ្ងន់ ?
ហើមដៃ-ម្រាមដៃ ហើមជើង ព្រោះមូលហេតុដែលបានរៀបរាប់ខាងលើ ច្រើនតែបាត់ទៅវិញ នៅពេលបានសម្រាកពេញមួយយប់ និងគ្មានបង្កប់ភាពធ្ងន់ធ្ងរទេ។ ប៉ុន្តែបើអាការៈមិនព្រមធូរថយ នៅពេលអាកាសធាតុលែងក្តៅ គេត្រូវរួសរាន់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។ ការហើមដៃ ហើមជើង អាចជារោគសញ្ញាមួយនៃជំងឺមួយចំនួនផ្សេងទៀត ដែលមានតែគ្រូពេទ្យជំនាញប៉ុណ្ណោះអាចធ្វើរោគវិនិច្ឆ័យនិងចេញវេជ្ជបញ្ជាព្យាបាលបាន។ ជំងឺដែលអាចនៅពីក្រោយអាការៈហើមដៃហើមជើង មានជាអាទិ៍ ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ជំងឺខ្សោយបេះដូង ជំងឺថ្លើម ជំងឺកកស្ទះសរសៃឈាមនៅអវៈយវៈក្រោម ឬបញ្ហាតម្រងនោម ដែលមិនអាចចម្រោះបញ្ចេញជាតិទឹកនិងអំបិលបានត្រឹមត្រូវ។ បើជាការហើមនៅតែចុងម្រាមដៃវិញ ត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង។ ជាទូទៅ ការហើមម្រាមដៃ ជាប្រតិកម្មរបស់សរីរាង្គកាយទៅនឹងអាកាសធាតុក្តៅ តែក្នុងករណីដ៏កម្រ ការហើមនៅតាមចុងម្រាមដៃ អាចជាសញ្ញាប្រាប់ពីជំងឺធ្ងន់ធ្ងរ រ៉ាំរ៉ៃនៅសួត ដូចជា មានដុំសាច់ក្នុងសួត មានបូស ឬមហារីកសួត។
ការហើមដៃជើងមានបង្កប់ជំងឺធ្ងន់ ច្រើនតែលេចឡើងជាលក្ខណៈភ្លាមភ្លែត គ្មានមូលហេតុ។ ជាការហើមតែលើដៃឬជើងម្ខាង ឬមិនស្មើគ្នា។ សម្រាកហើយនៅតែមិនព្រមធូរស្បើយ បាត់ហើម និងជាពិសេស អាការៈហើមនេះមានអមដោយការឈឺចាប់ ដោយការថប់ឬរំខាននៅដើមទ្រូង។
Wed, 08 Jul 2026 - 163 - តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?
ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ?
ដូងក្រអូប ដូងតឿ ដូងភ្លើង ដូងខ្ទិះ ... ដូងមានច្រើនប្រភេទណាស់។ សាច់ ខ្ទិះ ប្រេង របស់ដូង មិនត្រឹមតែមានឱជារសឆ្ងាញ់មាត់ទេ តែថែមទាំងអាចផ្តល់គុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើន និង អត្ថប្រយោជន៍ចំពោះសុខភាព ដូចជាប្រេងដូងអាចជួយស្បែក និងសក់ឱ្យរលើបរលោងដុះល្អ ព្រមទាំងកម្ចាត់សត្វចៃ។ សាច់ដូងត្រូវបានគេយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតថ្នាំដុះធ្មេញដើម្បីជួយឱ្យធ្មេញសល្អ។ សូម្បីតែសម្បក និងលលាដដូង ក៏ត្រូវបានគេយកមកលាយក្នុងផលិតផលសំអាងសម្រាប់ដុះខាត់លាបលើស្បែកឱ្យទន់រលោង។ចំណែកទឹកដូងជាប់ឈ្មោះជាភេសជ្ជៈដ៏ល្អសម្រាប់សុខភាពទៀតផង។
គុណសម្បត្តិនៃទឹកដូងខ្ចីចំពោះសុខភាពមានច្រើន ដោយសារតែសមាសធាតុផ្សំនិងជាតិរ៉ែក្នុងទឹកដូង។ ទឹកដូងនៅពេលខ្ចី មានសមាសធាតុទឹកជាង៩០% និងមិនសូវសម្បូរជាតិវីតាមីន និងអំបិលទេ ប៉ុន្តែមានផ្ទុកសារធាតុរ៉ែជាច្រើនជាពិសេស ម៉ាញេស្យូម និងប៉ូតាស្យូម។ មានជាតិរ៉ែច្រើន មានន័យថាទឹកដូចជាភេសជ្ជៈដ៏ល្អ នៅពេលក្តៅបែកញើសខ្លាំង។ នៅពេលចេញញើស ដោយហេតុអាកាសធាតុក្តៅខ្លាំង ឬដោយការប្រឹងបញ្ចេញកម្លាំងកាយធ្វើកីឡា សរីរាង្គកាយយើងបាត់បង់ជាតិទឹកផង និងជាតិរ៉ែផង។ ដូច្នេះ ទឹកដូងអាចជាដំណោះស្រាយដ៏សំខាន់មួយ ដែលអាចជួយផ្សើមសរីរាង្គកាយផង និងជួយសាច់ដុំឱ្យឆាប់មានកម្លាំងឡើងវិញផង។
វត្តមានដ៏ច្រើននៃជាតិរ៉ែប៉ូតាស្យូម បានធ្វើឱ្យភេសជ្ជៈអាល់កាលីនដូចយ៉ាងទឹកដូងនេះ ទៅជួយឱ្យមានលំនឹងPHរបស់សរីរាង្គ។ សរីរាង្គគ្មានលំនឹងជាតិអាស៊ីតក្នុងខ្លួន ស្បែកនឹងឡើងស្ងួតរោល ឬស្បែកឡើងមុន ឆ្អឹងឆាប់ស្ពោត ពុក មានវិបត្តិដំណេក ឬមានបញ្ហាអាល្លែកហ្ស៊ី ... ទឹកដូង មិនអាចព្យាបាលរោគាដែលរៀបរាប់ខាងលើនេះទេ ប៉ុន្តែទឹកដូងអាចចូលរួមចំណែកជួយការការពារកុំឱ្យមានផលរំខានទាំងអស់នោះបានខ្លះ។ ជាមួយជាតិប៉ូតាស្យូមដ៏ច្រើន ទឹកដូងអាចជួយប្រយុទ្ធប្រឆាំងនឹងការឡើងសម្ពាធឈាម ពោលគឺជួយឱ្យសរសៃឈាមបេះដូងមានដំណើរការល្អ និងជួយចាត់ចែងអត្រាជាតិខ្លាញ់កូឡេស្តេរ៉ូលល្អ និងអាក្រក់ព្រមទាំងទ្រីក្លីសេរីតនៅក្នុងឈាមបានទៀត។
ល្បីខ្លាំងខាងផ្តល់ជាតិទឹក ទឹកដូងក៏មានលាក់សារធាតុចិញ្ចឹមដែលមិនគួរមើលរំលងទេ។ បើតាមការសិក្សាកាលពីឆ្នាំ២០០៦ អ្នកស្រាវជ្រាវសង្កេតឃើញថាទឹកដូងពូជខ្លះសម្បូរជីវជាតិអាហារូបត្ថម្ភ និងសមាសធាតុជីវៈសកម្ម ជាភ្នាក់ងារអង់ទីអុកស៊ីដង់ដ៏មានសមត្ថភាពខាងកម្ចាត់ក្រុមកោសិកាសេរី ដែលជាដើមហេតុនាំមានស្ត្រេស និងធ្វើឱ្យកោសិកាឆាប់ចាស់មុនវ័យ។ ពោលគឺទឹកដូង បានពាំនាំមកនូវជាតិសើមផង និងសារធាតុមីក្រូអាហារូបត្ថម្ភមានសមត្ថភាពបង្ការឱ្យមានសុខភាពល្អជាទូទៅ។
ទឹកដូងក៏សម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ម្យ៉ាងដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី វីរ៉ុស និងពពួកផ្សិត។ ដូច្នេះការបរិភោគទឹកដូងចូលទៅក្នុងខ្លួនក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យ នឹងជួយរក្សាប្រព័ន្ធការពារខ្លួនឱ្យមានកម្លាំងនិងមានសមត្ថភាពរឹងមាំ។ ហើយបូកផ្សំនឹងជាតិទឹកដល់ទៅជិត៩៦% ទទួលទានទឹកដូងជាការបង្កើនបរិមាណទឹកនោម បង្កើនសកម្មភាពបញ្ចេញចោល ដែលអាចជួយកម្ចាត់ពពួកមេរោគបានក្នុងករណីមានការបង្ករោគ រលាកផ្លូវនោម។ មានន័យថាទឹកដូងអាចជួយតម្រងនោមឬ? ជួយចម្រោះ ជួយកំរិតហានិភ័យនាំឱ្យមានគ្រួសក្នុងតម្រងនោម ទឹកដូងគួរតែអាចជួយទ្រទ្រង់ដំណើរការរបស់តម្រងនោម ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយអាចបំភ្លឺឱ្យឃើញអំពីគុណសម្បត្តិនៃទឹកដូងចំពោះតម្រងនោមទេ។
សមត្ថភាពផ្នែកចម្រោះជាតិទឹក បានធ្វើឱ្យទឹកដូងជាប់ឈ្មោះជាភេសជ្ជៈជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាទល់ជាតិទឹកក្នុងខ្លួន។ ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើន ទឹកដូងក៏អាចជាគ្រោះថ្នាក់ និងបង្កផលវិបាកបន្ទាប់បន្សំដល់សុខភាពដែរ។
មិនសូវផ្អែម ជួនសាបខ្លាំង មានផ្ទុកជាតិស្ករតិច កាឡូរីទាប និងគ្មានជាតិខ្លាញ់ទេ ទឹកដូង អាចជាជម្រើសល្អ អាចជាភេសជ្ជៈដ៏ប្រពៃសម្រាប់ជំនួសភេសជ្ជៈផ្អែម ដូចយ៉ាងទឹកផ្លែឈើ ទឹកក្រូច ទឹកសូដា ដែលទាក់ទាញបំផុតនៅពេលយើងស្រេកទឹកខ្លាំង ឬនៅពេលមេឃក្តៅខ្លាំង និងសម្រាប់អ្នកចង់ប្តូរផ្លាស់ទម្លាប់ម្តងម្កាល ដើម្បីភាពរីករាយ។ ប៉ុន្តែទោះមានការអួតអាងអំពីគុណសម្បត្តិដ៏ច្រើនរបស់ទឹកដូងយ៉ាងណាក៏ដោយ ក៏ភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព ដែលមិនគ្មានអ្វីអាចប្រៀបបាន គឺ ទឹកសាបធម្មតា។ ទឹកដូងអាចល្អជួយផ្តល់ជាតិសើម ជួយបំបាត់ការស្រេកទឹក តែមិនអាចជំនួសទឹក និងរបបអាហារដ៏ត្រឹមត្រូវឡើយ ។
អាចទទួលទានបានរាល់ថ្ងៃ ដោយគ្មានគ្រោះថ្នាក់សម្រាប់អ្នកមានសុខភាពល្អ គ្មានជំងឺប្រចាំកាយ គ្មានជំងឺរ៉ាំរ៉ៃជាប់ខ្លួន ឬគ្មានបញ្ហាសុខភាព តែគេមិនត្រូវប្រមាថបរិភោគក្នុងបរិមាណដ៏ច្រើនជ្រុលហួសហេតុឡើយ។ ត្រឹមដូងមួយ ឬមួយកែវក្នុងមួយថ្ងៃ (៣០០-៥០០ម.ល.) អាចចាត់ទុកថាសមរម្យ ព្រោះទឹកដូងមានបង្កប់សមត្ថភាពបញ្ចុះលាមក។ អ្នកមានបញ្ហាទល់លាមកអាចទាញប្រយោជន៍ពីទឹកដូងបាន ប៉ុន្តែប្រសិនបើពិសាច្រើនជ្រុល នោះវានឹងនាំមកនូវវិបត្តិ និងការរាគរូសតែម្តង។ អ្នកមានបញ្ហាខ្សោយពោះវៀន ឬបញ្ហារំលាយអាហារគួរប្រុងប្រយ័ត្នខ្លាំង និងមិនគួរបរិភោគទឹកដូង ជាប្រចាំឬច្រើនពេកទេ។
ដោយហេតុថា ទឹកដូងមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ (២០០mg/១០០ក្រាមទឹកដូង) អ្នកមានជំងឺឡើងជាតិប៉ូតាស្យូម មិនគួរបរិភោគទឹកដូងទេ។ នៅពេលអត្រាជាតិប៉ូតាស្យូមក្នុងឈាមឡើងខ្ពស់ អ្នកជំងឺអាចជួបគ្រោះថ្នាក់ និងផលវិបាកមួយចំនួនដូចជា ចង្វាក់បេះដូងលោតញាប់ មានអាការៈក្អួត អស់កម្លាំងរ៉ាំរ៉ៃ ចុះខ្សោយសាច់ដុំ ពិបាកដកដ្ហើម។ គ្រូពេទ្យក៏មិនណែនាំ ឱ្យអ្នកមានបញ្ហាតម្រងនោម ឬជំងឺខ្សោយតម្រងនោម ពិសាទឹកដូងដែរ។
ទឹកដូងមិនប្រាកដថាដូចគ្នាទេ។ ទឹកដូងខ្លះផ្អែមខ្លាំង មានកំរិតជាតិស្ករខ្ពស់ ក៏អាចមិនល្អសម្រាប់អ្នកមានរោគទឹកនោមផ្អែមដែរ។ ម្យ៉ាងវិញទៀត ទឹកដូងខ្ចីធម្មជាតិក្នុងផ្លែដូងស្រស់ និងទឹកដូងក្នុងប្រអប់ ក្នុងកំប៉ុងផលិតបែបឧស្សាហកម្ម គ្មានតម្លៃផ្នែកអាហារូបត្ថម្ភនិងគុណសម្បត្តិដូចគ្នាទេ។ សូមប្រុងប្រយ័ត្ន ពិនិត្យមើលឱ្យបានច្បាស់ថាទឹកដូងប្រអប់ឬកំប៉ុង ពិតជាទឹកដូងសុទ្ធ១០០% គ្មានដាក់បន្ថែមនូវជាតិស្ករ នូវសារធាតុគីមីបន្ថែមទើបល្អ។ ទទួលទានទឹកដូង ធម្មជាតិ និងមានគុណភាពពិត ទើបមិនធ្លាក់ក្នុងអន្ទាក់ពាណិជ្ជកម្មដែលគេឃោសនាអួតអាងពីគុណប្រយោជន៍នៃទឹកដូងដើម្បីទាញចំណេញនៅទីផ្សារ។
ក្រៅអំពីបរិភោគជាភេសជ្ជៈបំបាត់ការស្រេក ទឹកដូងក៏អាចយកទៅប្រើលាយក្នុងភេសជ្ជៈក្រឡុក ឬក្នុងម្ហូបអាហារ ដើម្បីលើករសជាតិ ដោយមិនបង្កើនជាតិស្ករបានដែរ៕
Thu, 02 Jul 2026 - 162 - តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព?
មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេហ្កា៣ កំពុងពេញនិយមខ្លាំងណាស់ និងរីកចម្រុះដូចផ្សិត នៅតាមឱសថស្ថាន ឬផ្សារលក់វត្ថុធម្មជាតិ-សីររាង្គ។ ទីផ្សារថ្នាំអូមេហ្កា៣ មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះ។
តើអូមេហ្កា៣ជាអ្វី?
មុនផ្តើមនិយាយអំពីថ្នាំអាហារអូមេហ្កា៣ គេត្រូវដឹងថា អូមេហ្កាជាអ្វីសិន។ អូមេហ្កា៣ គឺជាអាស៊ីតអាមីណេ ឬអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ដំណើរការនិងការលូតលាស់នៃសរីរាង្គកាយ។ អូមេហ្កា៣ដូចជាអូមេហ្កា៦-៩ដែរ ស្ថិតក្នុងចង្កោមគ្រួសារអាស៊ីតខ្លាញ់ Polyinsaturé ដែលមានតូនាទីសំខាន់ណាស់ក្នុងដំណើររក្សាលំនឹងជីវគីមីរបស់ខ្លួនប្រាណ ប៉ុន្តែសរីរាង្គកាយមនុស្សមិនចេះផលិតសារធាតុខ្លាញ់អូមេហ្កា-៣នេះដោយខ្លួនឯងទេ។ ដូច្នេះគេត្រូវពឹងផ្អែកទាំងស្រុងទៅលើការបរិភោគចំណីអាហារ ដើម្បីបានជីវជាតិអូមេហ្កា៣មកចិញ្ចឹមសរីរាង្គកាយ។
វិទ្យាសាស្ត្របានបញ្ជាក់ហើយបញ្ជាក់ទៀត ថាអាស៊ីខ្លាញ់អូមេហ្កា៣ ឬអូមេហ្កា៣ ចាំបាច់ណាស់។ ការសិក្សាបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់ដ៏ល្អ អូមេហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម ពង្រឹងប្រព័ន្ធការពារខ្លួន បន្ថយអាការៈរោលរលាកនៅតាមសន្លាក់ ចូលរួមចំណែកទ្រទ្រង់ឱ្យមានសុខភាពខួរក្បាលបានល្អ ។ អូមេហ្កា៣ អាចជួយបេះដូង ពោលគឺជួយកាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងបានទៀត។
អ្នកវិទ្យាសាស្ត្របានរកឃើញ គុណប្រយោជន៍នៃអូមេហ្កា៣ ដោយសារក្រុមជនជាតិភាគតិចរស់នៅលើតំបន់ទឹកកក Groenland។ នៅឆ្នាំ១៩៧០ អ្នកវិទ្យាសាស្ត្រឆ្ងល់ថាហេតុអ្វីបានជាពលរដ្ឋនៅGroenland មិនសូវមានជំងឺបេះដូងដូចបណ្តាប្រជាពលរដ្ឋនៅលើទ្វីបផ្សេងទៀតនៅលើផែនដី? ពួកគាត់ក៏បានសិក្សាស្រាវជ្រាវដោយផ្តោតទៅលើចំណីអាហារ ហើយរកឃើញថា ជនជាតិនេះ មានរបប-ម្ហូបអាហារ ទទួលទានត្រី (ប្រភេទត្រីខ្លាញ់ច្រើន) ដែលសម្បូរទៅដោយសារធាតុអូមេហ្កា៣ ជាចម្បង។ ក្រៅពីមានសមត្ថភាពជួយការពារនិងបង្ការគ្រោះកើតជំងឺបេះដូង អូមេហ្កា៣ ចាំបាច់ខ្លាំងសម្រាប់ខួរក្បាលនិងប្រសីភ្នែកទៀត។ ការសិក្សាខ្លះ បានលើកសរសើរអំពីគុណប្រយោជន៍នៃអូមេហ្កាក្នុងការទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនៃកោសិកា ឥទ្ធិពលអាក្រក់នៃស្ត្រេស និងអាចជួយលើកទឹកចិត្តអ្នកមានជំងឺបាក់ទឹកចិត្តទៀតផង។
គុណសម្បត្តិនៃអូមេហ្កា៣មានច្រើនណាស់ ប៉ុន្តែមនុស្សទូទៅ ក្នុងចំនួនដ៏ច្រើនលើសលុបបរិភោគអាហារមានជាតិអូមេហ្កា៣មិនគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកទេ។ បើតាមការស្រាវជ្រាវ ៩០%នៃកុមារ និង៦៨%នៃមនុស្សធំ មានអូមេហ្កា៣ទាបជាងសេចក្តីត្រូវការប្រចាំថ្ងៃរបស់សីររាង្គ។
ថ្នាំអាហារបំប៉នអូមេហ្កា៣ឬ អូមេហ្កា៣ធម្មជាតិ?
ជាអាស៊ីតខ្លាញ់ដ៏ចាំបាច់ព្រោះខ្លួនប្រាណមនុស្សមិនអាចផលិត ដោយម្នាក់ឯងបាន អូមេហ្កា-៣ មានពីរប្រភេទនៅក្នុងធម្មជាតិ ឬបីទម្រង់ គឺ
អូមេហ្កា៣ ALA ក្នុងរុក្ខជាតិ ដូចជាក្នុងប្រេងផ្កាកុលហ្សា ប្រេងសណ្តែក គ្រាប់ស្វាយចន្ទី អូមេហ្កា៣ EPA មកពីសមុទ្ទ មាននៅក្នុងត្រីខ្លាញ់ ត្រីរស់ក្នុងទឹកត្រជាក់ខ្លាំង ដូចជាត្រីសូម៉ុង ត្រីសាឌីន (ត្រីខប្រអប់) ត្រីសាបាក់ ត្រីសមុទ្ទចំហុយ អូមេហ្កា៣ DHA មកពីសមុទ្ទដែរ តែមានច្រើននៅក្នុងសារាយសមុទ្ទសរីរាង្គកាយមនុស្សអាចបំប្លែងអូមេហ្កា៣ក្នុងទម្រង់ជាALA ទៅជាអូមេហ្កា៣EPA- DHA បានខ្លះ តែក្នុងកំរិតតិចតួចបំផុត។ ហេតុដូច្នេះហើយបានជាគេត្រូវតែទទួលទានត្រីខ្លាញ់ដោយផ្ទាល់តែម្តងទើបអាចទាញជីវជាតិអូមេហ្កា៣ EPA និង DHA និងជាពិសេសអ្នកមិនទទួលទានសាច់សោះ។
ការទទួលទានកូនត្រីសាឌីន ពីរ ក្នុងមួយសប្តាហ៍ អាចបំពេញសេចក្តីត្រូវការឱ្យសីររាង្គកាយបានហើយ បើគិតតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ឬមិនដូច្នោះទេ យើងអាចទទួលបន្ថែមខ្លាញ់ផ្កាកុលហ្សា ប្រេងសណ្តែក មួយច្រូចលើបន្លែក៏ គ្រាប់ផ្លែន័រ គ្រាប់ស្វាយចន្ទី ឬគ្រាប់ជីរ មួយក្តាប់ ក៏ចាត់ទុកថាគ្រប់គ្រាន់ដែរ។ បើមានចំណង់អាហារល្អ មានរបបអាហារត្រឹមត្រូវ ប្រកបដោយលំនឹង លាយចម្រុះច្រើនមុខមានបន្លែត្រីសាច់ ស៊ុត គ្រាប់ធញ្ញជាតិ នោះគេទំនងមិនត្រូវការបន្ថែមថ្នាំអាហារបំប៉នទេ។ ម្យ៉ាងទៀត ថ្វីបើអាស៊ីតខ្លាញ់អូមេហ្កាធម្មជាតិល្អខ្លាំងសម្រាប់សុខភាពមែន តែការសិក្សាជាច្រើនបានបង្ហាញថា អាស៊ីតខ្លាញ់ក្នុងទម្រង់ជាថ្នាំអាហារបំប៉ន គ្មានផ្តល់គុណប្រយោជន៍សោះ នៅពេលគេលេបវាចូលក្នុងខ្លួន។
ការសិក្សាចេញផ្សាយក្នុងទស្សនាវដ្តី New England Journal of Medecine ដ៏គួរឱ្យទុកចិត្ត ឧទាហរណ៍ជាក់ស្តែង។ អ្នកស្រាវជ្រាវបានសិក្សាពិសោធន៍លើមនុស្សជាង២ម៉ឺន៥ពាន់ ដោយចែកជាពីរក្រុម។ ក្រុមទីមួយលេបថ្នាំអាហារបំប៉នអូមេហ្កា-៣ចម្រាញ់ចេញពីផលិតផលសមុទ្ទ ជារៀងរាល់ថ្ងៃ រយៈពេល៥ឆ្នាំ។ មួយក្រុមទៀត លេបថ្នាំបញ្ឆោតplacebo រាល់ថ្ងៃដែរ និងក្នុងរយៈពេល៥ឆ្នាំដូចគ្នា។ ជាលទ្ធផល ! គ្មានអ្នកចូលរួមសិក្សាពិសោធន៍ណាម្នាក់បានទទួលផលវិជ្ជមានផ្នែកបង្ការហានិភ័យកើតជំងឺបេះដូង ឬមហារីកទេ។ អ្នកបានលេបថ្នាំអាហារបំប៉ន ក៏ដូចជាអ្នកមិនបានលេប ធ្លាក់ខ្លួនមានជំងឺបេះដូងនិងមហារីកក្នុងអត្រាប្រហាក់ប្រហែលគ្នា។ លទ្ធផលនេះអាចពន្យល់បានថា យើងពិតជាត្រូវការអូមេហ្កា៣ជាចាំបាច់ តែបើទទួលយកច្រើនពេកវាអត់ប្រយោជន៍ទៅវិញ។ ហេតុផលទីពីរ គឺទាក់ទងនឹងទម្រង់នៃថ្នាំអាហារបំប៉នដែលខុសៗគ្នា ខ្លះធ្វើខ្លាញ់ត្រី ខ្លះពីសារាយ ដាច់ៗពីគ្នា។ តែបើយើងទទួលទានត្រីសាឌីន ត្រីសាបាក់ ដែលសម្បូរទៅដោយអូមេហ្កា-៣ តែក៏មានផ្ទុកជីវជាតិល្អៗជាច្រើនផ្សេងទៀត ដែលអាចជួយសរីរាង្គឱ្យស្រូបយកអូមេហ្កា៣។ អ៊ីចឹងហើយបានជាការលេបថ្នាំអាហារបំប៉ុនមានផ្ទុកតែអូមេហ្កា៣សុទ្ធមិនផ្តល់លទ្ធផលល្អដល់សុខភាពនោះ៕
Wed, 10 Jun 2026 - 161 - សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?
សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។
ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី ដូចបិទភ្នែកលែងមើលឃើញអ្វីទាំងអស់ឡើយ។ នៅពេលយប់ ពេលសំរាន្តលក់ ត្រចៀកនៅតែបន្តឮសំឡេងដដែល គ្រាន់តែពេលខ្លះសំឡេងនោះមិនរំខានដល់ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយជាក់ស្តែងទៅនោះ ត្រចៀកនៅតែទទួលឮសំឡេង ដែលអាចប៉ះពាល់ និងគំរាមកំហែងច្រើនណាស់ដល់សុខភាព ផ្លូវកាយផង ផ្លូវអារម្មណ៍ផង និងអាចបង្កឱ្យមានវិបត្តិដំណេកទៀត។
សំឡេងនិងដំណេក
សំឡេងថ្លង់រំខាន ជាប្រភពនាំឱ្យមានវិបត្តិដំណេក ដែលមនុស្សភាគច្រើន មើលរំលង។ សំឡេងឆ្កែព្រុះ មាន់រងាវ សំឡេង ស៊ីផ្លេ ឡាន ម៉ូតូ សំឡេងម៉ាស៊ីនរោទិ៍ ខារ៉ាអូខេ សំឡេងភ្លេង សំឡេងក្តូងក្តាំង សំឡេងមនុស្សឡូឡាជជែកគ្នា ... សំឡេងទាំងអស់នេះ បានបង្អាក់ និងរំខានចង្វាក់ដំណេកខ្លាំងណាស់ បើទោះបីជាអ្នកធ្លាប់លែងភ្ញាក់ក៏ដោយ ក៏ដំណេករបស់អ្នកគ្មានគុណភាពដែរ។ នៅពេលភ្ញាក់ឡើង អ្នកច្បាស់ជាមានអារម្មណ៍អស់កម្លាំង សំរាន្តមិនបានគ្រប់គ្រាន់ មិនឆ្អែត ជាប្រាកដ។ ដោយមូលហេតុសំឡេងនេះ ទើបអ្នកធ្វើការយប់សម្រាកថ្ងៃច្រើនតែមានវិបត្តិដំណេក និងបញ្ហាសុខភាពធ្ងន់ធ្ងរជាងមនុស្សធម្មតា។
ពាក្យថាវិបត្តិដំណេក គឺអាចជាអាការៈ ៖
- ពិបាកឬក្រដេកលក់
- ភ្ញាក់កណ្តាលយប់ញយ និង ភ្ញាក់យូរទម្រាំលក់ទៅវិញ
- រយៈពេលសរុបនៃម៉ោងដំណេកខ្លីជាងធម្មតា
- វដ្តដំណេកប្រែប្រួល ដំណាក់កាលលង់លក់និងដំណាក់កាលលក់ស្កប់ស្កល់យល់សុបិន្តខ្លី
តាមដំណើរធម្មជាតិ ចង្វាក់ដំណេករបស់មនុស្សប្រៀបដូចជារលកឡើងចុះៗ និងវិលទៅវិលមក ចំនួន៤ទៅ៥វគ្គ ដែលក្នុងមួយវដ្តៗ មានរយៈពេលប្រមាណ៩០នាទី ហើយចែកចេញជាបីដំណាក់កាលធំៗទៀត គឺដំណាក់កាល លក់រលីវៗ ដំណាក់កាលលង់លក់ និងការលក់ស្កប់ស្កល់យល់សប្តិយល់សូង។
នៅពេលគ្មានសំឡេងអ្វីមករំខាន មនុស្សនឹងលង់លក់ស្កប់ស្កល់យល់សប្តិ នៅ២៦នាទីជាមធ្យម ក្រោយចូលសំរាន្ត។ ផ្ទុយទៅវិញ បើមានសំឡេង ឆ្កែព្រុះ សំឡេងឡាន សំឡេងមនុស្សឡូឡា មករំខាន នោះគេត្រូវការប្រើពេលដល់ទៅ ៣៣នាទីទៅ៥៣នាទីជាមធ្យម ទើបអាចលក់ដល់ដំណាក់កាលស្កប់ស្កល់បាន។ សំឡេង ត្រឹមកំរិត៣៥ទៅ៤០ដេស៊ីបែល តែបីនាទីយ៉ាងច្រើន ឬខ្លីជាងនេះផង នៅដំណាក់កាលលក់រលីវៗ អាចដាស់អ្នកកំពុងដេកឱ្យភ្ញាក់វិញបាន។ បើលក់ចូលដល់ដំណាក់កាលលង់ខ្លាំងនិងស្កប់ស្កល់ អាំងតង់ស៊ីសំឡេងពី៥០ទៅ ៨០ដេស៊ីបែល ទើបអាចធ្វើឱ្យភ្ញាក់បាន។
សំឡេងមានច្រើនប្រភេទនិងកំរិត។ បើជាសំឡេងបែបស្រទន់ មានទំនុក រងំ ថេរមិនឡើងចុះ អាចជួយបង្កើនគុណភាពដំណេក។ ផ្ទុយទៅវិញជាសំឡេងឆូងឆាង មួយឆាបលេចឡើងនៅដំណាក់កាលកំពុងលង់លក់ខ្លាំង ជាការកាត់ដំណេកដាល់មនុស្សឱ្យភ្ញាក់ក្រងាងសើងមម៉ើង នោះអាក្រក់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល។ សំឡេងកើតឡើងនៅពេលទើបនឹងលក់ នៅពេលជិតភ្ញាក់ ត្រូវបានគេចាត់ទុកជាការរំខានខ្លាំងអាក្រក់បំផុតនៃដំណេក។
សំឡេងនិងផលវិបាកចំពោះសុខភាព
ការរំខាននៃសំឡេងចំពោះដំណេក អាចជះផលវិបាកភ្លាមៗ ដល់ជីវិតរស់នៅប្រចាំ និងដល់សុខភាពនៅថ្ងៃអនាគត។
ផលវិបាកភ្លាមៗ មានដូចជា ងងោកងងុយនៅពេលធ្វើការ នៅសាលា ឬនៅពេលបើកបរ។ មានអារម្មណ៍អស់កម្លាំង ហត់ល្វើយ។ ពិបាកផ្ចង់អារម្មណ៍ធ្វើការ រៀនសូត្រ។ មានបញ្ហាក្នុងការសិក្សា និងការចងចាំង។ មានអារម្មណ៍មួរហ្មង និងមាននិន្នាការឆាប់ខឹង ឬឆេវឆាវ។
ថ្វីបើការប្រឈមនឹងសំឡេងរំខាននៅពេលយប់ យូរៗទៅ អាចធ្វើឱ្យត្រចៀកទម្លាប់បានមែន ប៉ុន្តែគេត្រូវការប្រើពេលយូរថ្ងៃ និងអាចច្រើនសប្តាហ៍ផង ទម្រាំទម្លាប់នឹងសំឡេង ហើយធ្វើឱ្យគុណភាពដំណេកអាចប្រសើរឡើងបាន។ ជាងនេះទៅទៀត ការសិក្សាបានបង្ហាញឱ្យឃើញថា បើទោះបីជាយើងអាចទម្លាប់នឹងសំឡេងរំខានបាន ហើយអាចគេងលក់បានយ៉ាងស្កប់ស្កល់ល្អក៏ដោយ ក៏សំឡេងអាចនិងបន្តរំខានដំណើរការរបស់សរីរាង្គជីវសាស្ត្ររបស់អ្នកដេកដដែល។ ដូច្នេះ បើត្រូវប្រឈមនឹងសំឡេងយូរៗខែយូរឆ្នាំទៅ ផលវិបាកអាចនឹងធ្ងន់ធ្ងរខ្លាំង ទៅថ្ងៃក្រោយ ដូចជាអាចមានជំងឺហត់អស់កម្លាំងល្ហិតល្ហៃខ្លាំងជាប្រចាំ។ ងងុយខ្លាំងនៅពេលថ្ងៃ។ សមត្ថភាពការងារធ្លាក់ចុះ។ បាត់បង់ឆន្ទៈក្នុងការងារ។ ក្លាយជាមនុស្សកាចខឹងគេខឹងឯង។
ដើម្បីបញ្ចៀសវិបត្តិនេះ ត្រូវបង្កើតលលក្ខខណ្ឌល្អសម្រាប់ដំណេក ដោយត្រូវធ្វើយ៉ាងណាឱ្យបន្ទប់គេង គ្មានសំឡេងលើសពី៣០ដេស៊ីបែល មិនឮសំឡេងរំខាន មួយឆាប លើសពី៤៥ដេស៊ីបែល។ សូមចងចាំថា សំឡេងចាប់ពី៥៥ដេស៊ីបែលឡើងទៅ អាចបង្កើនសម្ពាធឈាមឱ្យឡើងខ្ពស់បាន។ ក្រុមមនុស្សខ្លះ មិនអាចទ្រាំនឹងសំឡេងបានទេ ត្រឹមតែ៣០ដេស៊ីបែលក៏អាចរំខានដល់សុខភាពពួកគេបានហើយ។ ដាក់ឆ្នុកបិទត្រចៀក អាចកាត់បន្ថយការឮសូរសំឡេងរំខានបាន ប៉ុន្តែវាគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ ជួសជុលផ្ទះ ជាពិសេសបន្ទប់គេង ដោយដាក់ជញ្ជាំងកាត់សំឡេង ជាមធ្យោបាយយូរអង្វែងជាងគេ ប្រឆាំងនឹងការរំខាននៃសំឡេងចំពោះដំណេក។
ក្រៅពីបង្កឱ្យមានវិបត្តិដំណេក បើតាមគេហទំព័ររបស់ទីភ្នាក់ងារធានារ៉ាប់រងសុខភាពសាធារណៈក្រុងប៉ារីស ប្រឈមនឹងសំឡេងខ្លាំងៗយូរខែ យូរថ្ងៃ អាចនឹងធ្វើឱ្យត្រចៀកកើតរោគថ្លង់បាន។ សំឡេងជាហានិភ័យនាំឱ្យមានអាការៈថ្លង់ មានចំណងទាក់ទងនឹងគ្នាយ៉ាងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ។ សំឡេងថ្លង់ជាការរំខាន ដូច្នេះសំឡេងជាប្រភពបង្កឱ្យមានស្ត្រេស ដោយអាចធ្វើឱ្យមនុស្សមានអារម្មណ៍មួរហ្មង ឆាប់ខឹង ឆេវឆាវ ឡើងកាចនិងបាក់ទឹកចិត្ត។ នៅពេលឮសំឡេងរំខាន សរីរាង្គកាយយើងនឹងមានប្រតិកម្ម បញ្ចេញអរមូនមួយចំនួន ដូចជាអរមូនអាដ្រេណាលីន និងCortisol ដែលទៅបង្កើនហានិភ័យឱ្យមានជំងឺសរសៃឈាមបេះដូង ឡើងឈាម ស្លោកស្ទះបេះដូង Infarctus។
ចំពោះទារកក្នុងផ្ទៃវិញ ដែលចាប់ឮសំឡេងខ្លះនៅអាយុបីខែវិញ បើគ្មានសំឡេងសោះ ប្រព័ន្ធសោតវិញ្ញាណរបស់ទារកមិនអាចលូតលាសបានល្អទេ តែបើឮសំឡេងរំខានច្រើនជ្រុលពេក ប្រព័ន្ធសោតវិញ្ញាណនឹងត្រូវខូចខាតទៅវិញ។ ប្រព័ន្ធសោតវិញ្ញាណរបស់ទារកនិងកុមារ នឹងលូតលាស់ពេញលេញល្អនៅអាយុ៨ឆ្នាំ៕
Wed, 03 Jun 2026 - 160 - ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ?
ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។
កាលនៅតូចចង់ឆាប់ធំ។ តែដល់ពេលចាស់ចង់នៅក្មេង ចង់ឱ្យគេថានៅក្មេង។ បើដូច្នេះសួរថាតើមនុស្ស ចាស់ នៅអាយុប៉ុន្មាន? នេះជាសំណួរដែលគ្មានចម្លើយស្របគ្នាទេ។
សួរមនុស្ស១០នាក់ ចម្លើយច្បាស់ជាខុសគ្នាទាំង១០។ សម្រាប់ក្មេងអាយុជាង១០ឆ្នាំ មនុស្សចាស់ គឺក្រុមអ្នកមានអាយុជាងសាម តែដល់ពេលខ្លួនឯងចូលវ័យសាមឬសែសិបឆ្នាំ អ្នកមានអាយុជាងហា ជាងហុក ទើបជាមនុស្សចាស់។ ពាក្យថា “ចាស់” នឹងរំកិលប្តូរផ្លាស់ ជារៀងរហូត។ មនុស្សចាស់ គឺជាអ្នកដែលមានអាយុច្រើនជាងយើងពី១០ទៅ១៥ឆ្នាំ។
ប៉ុន្តែភាពចាស់មិនមែនជាការគណនាអាយុ ដូចធ្វើលេខបូកលេខដកទេ។
មនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈខុសៗគ្នា ចំពោះអាយុ និងភាពចាស់។ អាយុសន្នត់ថាចាស់ប្រែប្រួលទៅតាមប្រទេស និងវប្បធម៌។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានស្ទង់មតិនយោបាយនិងមតិសង្គម Ispos ឆ្នាំ២០១៩ ចូលដល់អាយុ៦៩ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ហើយ នៅសង្គមបារាំង។ ប៉ុន្តែមនុស្សម្នាក់រាប់ថា “ចាស់” នៅអាយុ៧០ឆ្នាំ សម្រាប់ក្រុមប្រទេសនៅអាមេរិកឡាទីន - ៦៦ឆ្នាំនៅក្នុងប្រទេសជប៉ុន និងត្រឹមតែ៥៦ឆ្នាំនៅម៉ាឡេស៊ី។ ក្នុងសង្គមការងារ បុគ្គលិកមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ត្រូវបានចាត់ទុកថាមនុស្សវ័យចំណាស់ហើយ។ ផ្ទុយទៅវិញ ក្នុងពិភពវេជ្ជសាស្ត្រ វ័យចំណាស់ត្រូវរុញដល់អាយុ៧០ឆ្នាំ មានន័យថាគ្រូពេទ្យ “ចាស់” នៅអាយុ៧០ឆ្នាំ។
ទាំងអស់នេះជាឧទាហរណ៍ដែលបង្ហាញឱ្យឃើញថា គ្មានទេចម្លើយច្បាស់លាស់មួយយ៉ាងពិតប្រាកដ ទៅនឹងសំណួរ “ចាស់នៅអាយុប៉ុន្មាន” នោះ។ មានកត្តាច្រើនណាស់ដែលចូលរួមចំណែកកំណត់ភាពចាស់របស់មនុស្ស។ ភេទ ពូជសាសន៍ជាតិកំណើត វប្បធម៌ និងសុខភាព មានឥទ្ធិពលខ្លាំងទៅលើភាពចាស់ឬក្មេងរបស់មនុស្សម្នាក់ៗ។ អាយុនិងភាពចាស់ ក៏អាស្រ័យផងដែរទៅលើការយល់ឃើញរបស់មនុស្សខ្លួនឯង និងមនុស្សដទៃ។ គេអាចបែងចែកជាអាយុជាបីប្រភេទ
អាយុពិត (អាយុគិតតាមថ្ងៃកើត អាយុដែលមានចុះក្នុងលិខិតកំណើតជាផ្លូវការ) អាយុក្នុងសង្គម (ដែលអ្នកក្រៅឱ្យ) និងអាយុក្នុងអារម្មណ៍ (ដែលម្ចាស់ខ្លួនផ្ទាល់ទទួលអារម្មណ៍ពិតផុសចេញពីបេះដូង ពីក្នុងខ្លួនមក)។ អាយុនេះអាចលម្អៀងខុសគ្នា ដល់ទៅ១០ឆ្នាំពីអាយុពិត។ប៉ុន្តែក្រៅអំពីទស្សនៈនិងអារម្មណ៍យល់ឃើញពីភាពចាស់ វិទ្យាសាស្ត្រក៏មានសេចក្តីពន្យល់ទាក់ទងនឹងភាពចាស់របស់សរីរាង្គកាយមនុស្សដែរ។
វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងមន្ទីរពេទ្យក្រុងលីល មជ្ឈមណ្ឌលតែមួយគត់នៅប្រទេសបារាំងដែលសិក្សាអំពីបញ្ហានេះ លោក Éric Boulanger ជំនាញផ្នែកមនុស្សចាស់ បានអះអាងថា សញ្ញានៃភាពចាស់របស់មនុស្សបានលេចឡើងយ៉ាងឆាប់ ជាងការគិតរបស់យើងឆ្ងាយណាស់។ “បើយោងតាមផ្នែកជីវសាស្ត្រ មូលេគុលចាប់លោតភ្លើងនិងផ្តល់សញ្ញា Warning ថាអ្នកចាប់ផ្តើមចាស់ នៅអាយុ៣៤ឆ្នាំ”។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Boulangère ដោយពន្យល់បន្ថែមទៀតថា ចូលដល់អាយុ៣៤ឆ្នាំ មូលេគុលចាប់ផ្តើមបាត់បង់តួនាទីខ្លះៗ ម៉ាសមាឌសាច់ដុំចាប់ស្រកចុះ ម៉ាសឆ្អឹងក៏ផ្តើមថយ។ ដំណើរការផ្នែក ចំណេះដឹង បញ្ញាញាណ ក៏ដូចគ្នា ហាក់ចាប់មានសកម្មភាពយឺតជាងមុន។ ភាពចាស់របស់ជាលិកាក្នុងសរីរាង្គកាយមនុស្សចាប់មានល្បឿនស្ទុះលឿនខ្លាំងនៅអាយុចន្លោះពី៤៤-ទៅ៥៥ឆ្នាំ។
ការសិក្សាមួយទៀត របស់សកលវិទ្យាល័យអាមេរិកStanford បានរកឃើញថាភាពចាស់របស់មនុស្សបានពន្លឿនខ្លាំង ជាបីដំណាក់កាល គឺនៅអាយុ ៣៤ឆ្នាំម្តង ៦០ឆ្នាំម្តង និង៧៨ឆ្នាំម្តងទៀត។
តែគ្រប់អ្នកជំនាញ សុទ្ធតែមានជំហរដូចគ្នាទាំងអស់ ថា មានក្បួនរក្សាខ្លួនឱ្យនៅក្មេងបានយូរ។ អាយុគ្រាន់តែជាតួលេខ? ក្មេងឬចាស់ អាស្រ័យនៅលើខ្លួនយើង?
អាយុស្ថិតនៅលើចិត្ត ! នេះជាទស្សនៈរបស់លោកសាស្ត្រាចារ្យវេជ្ជសាស្ត្រឯកទេសភាពចាស់នៃមនុស្ស Bertrand Fougère នៅសកលវិទ្យាល័យនិងមន្ទីរពេទ្យក្រុងទួរ តាមរយៈការចំណាយចងក្រងជាសៀវភៅអប់រំ ឧទ្ទិសដល់សិល្បៈនៃដំណើរឆ្ពោះទៅរកភាពចាស់ ក្រោមចំណងជើងថា L’âge, C’est dans la tête! On finira tous par vieillir autant s’y préparer jeune ឬអាចបកប្រែថា “អាយុស្ថិតនៅលើចិត្ត” ! យើងនឹងចាស់គ្រប់គ្នា ចឹងគួរតែត្រៀមខ្លួនពីក្មេងទៅ។
សៀវភៅស្តីពី “អាយុស្ថិតនៅលើចិត្ត” មានបំណងផ្តល់សារដ៏សំខាន់មួយ ទៅកាន់មនុស្សលោកថា មនុស្សមិនអាចចៀសចាស់រួចទេ ដូច្នេះត្រូវត្រៀមលក្ខណៈឱ្យបានល្អ និង ត្រូវយល់ថា ភាពចាស់ គឺជាគុណប្រយោជន៍ ជាសំណាងរបស់មនុស្ស។ ប្រសិនបើមិនអាចនៅដល់ចាស់បាន មានន័យថាមានហេតុអាក្រក់មកកាត់ ដូចជាឈឺ ឬស្លាប់ តាំងពីក្មេង។ គ្រាន់តែថាមនុស្សលោកបច្ចុប្បន្ន ចង់រស់នៅដល់ចាស់ ដោយស្ថិតនៅក្មេងជានិច្ច៖ កម្លាំងជើងដើរយឺតៗមួយៗទៅហើយ តែចង់ឱ្យខ្លួនប្រាណមានសណ្ឋានដូចនៅអាយុ៣០ឆ្នាំ ចង់មានជីវិតផ្លូវភេទដូចពីក្មេង តែលែងអាចទៅរួចហើយ ... នេះជាប្រសាសន៍ប្រៀបធៀបរបស់លោកសាស្ត្រាចារ្យ ដោយបញ្ជាក់ថា ចាស់ល្អ ជាចាស់ដែលបានត្រៀមលក្ខណៈសម្របខ្លួនទៅតាមវ័យ សម្របខ្លួនទៅតាមការប្តូរផ្លាស់ ដែលមិនអាចគេចបាន។ បន្ថែមពីលើការត្រៀមលក្ខណៈតាមផ្លូវចិត្ត គេក៏ត្រូវទ្រទ្រង់ផ្លូវកាយ ឱ្យបានល្អដែរ ព្រោះសរីរាង្គកាយល្អ ទើបក្បាលដើរស្រួល។
ដូចវេជ្ជបណ្ឌិតបារាំង និងក្រុមគ្រូពេទ្យអាមេរិកដែរ បើតាមលោកសាស្ត្រាចារ្យ Fougère សរីរាង្គកាយមនុស្សចាប់ផ្តើមប្តូរផ្លាស់ (ចាស់) នៅពេលចូលវ័យខ្ទង់សាម។ មនុស្សពេញមានសុខភាពល្អ ដល់កំរិតកំពូលនៅពេលសរីរាង្គកាយលូតលាស់ឡើងពេញល្អដល់កំរិតកំពូល នៅអាយុ៣០ឆ្នាំ។ បន្ទាប់ពីឡើងដល់កំរិតកំពូលហើយ វានឹងធ្លាក់ចុះមកវិញ តាមសម្រួល ដោយយឺតៗ ឬដោយរអិលលឿន អាស្រ័យទៅលើបរិយាកាសជុំវិញជាក់ស្តែង។ មានន័យថា សុខភាពមនុស្ស នឹងចាប់ចុះថយបន្តិចម្តងៗ ទៅតាមការចម្រើនវ័យដែរ។ លោកសាស្ត្រាចារ្យ Fougère បានពន្យល់ថា បាតុភូតបាត់បង់ម៉ាសសាច់ដុំ ឆ្អឹង ជាឧទាហរណ៍ ប្រព្រឹត្តទៅដោយសន្សឹមៗដោយគ្មានអ្នកចាប់អារម្មណ៍ឡើយ ព្រោះនៅពេលចម្រើនវ័យចូលដល់ជាង៣០ឆ្នាំ មិនថាស្ត្រីឬបុរសទេ ច្រើនតែមានអារម្មណ៍ថាឡើងទម្ងន់។ តែតាមការពិតនោះ មកពីសាច់ដុំល្អបានរួមចុះ ឯសាច់ដុំខ្លាញ់បានដុះឡើងមកបិទបាំងមិនឱ្យឃើញការបាត់បង់សាច់ដុំល្អ។
ចាប់ពី៣០ឆ្នាំឡើងទៅ ទំហំសាច់ដុំចាប់ស្រក បន្តិចម្តងៗរហូតបាត់បង់ដល់ទៅ៥០% នៅអាយុ៨០ឆ្នាំប្រសិនបើយើងមិនប្រឹងបញ្ចេញសកម្មភាពរាងកាយ។ បើគ្មានភាពសកម្ម ពុំ បញ្ចេញចលនាទេ នោះតួនាទីរបស់សរីរាង្គកាយទាំងអស់ នឹងធ្លាក់ចុះ ទៅតាមវ័យ។
ចំពោះការចងចាំ។ នៅពេលចាស់ សរីរាង្គខួរក្បាលក៏ចាស់ទៅតាមវ័យពីមួយថ្ងៃទៅមួយថ្ងៃដែរ ប៉ុន្តែពុំមានមែនន័យថាចាស់ទៅភ្លេចច្រើន ត្រូវវង្វេងវង្វាន់នោះទេ។ ខួរក្បាលរបស់មនុស្សចាស់ ប្រៀបដូចជាទូរសៀវភៅមួយ ដែលញុកទៅដោយសៀវភៅច្រើនឡើងៗ ទុកគយូរៗទៅច្រើនពោរពាស ដែលច្បាស់ជាពិបាករកឃើញនៅពេលចង់បាន ព្រោះភ្លេចមិនដឹងសៀតកន្លែងណា។ តែបើចេះរៀបទុកដាក់ ឱ្យមានសណ្តាប់ធ្នាប់នោះគេនឹងមិនភ្លេចឡើយ។ ឯការភ្លេចភ្លាំងជាជំងឺរវង្វេងវង្វាន់បាត់បង់ខួរក្បាលវិញ គឺជាជំងឺ។ ដើម្បីបញ្ចៀសជំងឺប៉ះពាល់នឹងខួរក្បាលនេះ ត្រូវការពារខ្លួនតាំងពីក្មេង ពីការប៉ះទង្គិច ឱ្យគ្រាំក្បាល។ ការលេងកីឡាប្រដាល់ កីឡាជល់ប៉ះក្បាល ដួលត្រូវក្បាលសុទ្ធសឹងជាហានិភ័យនាំឱ្យមានគ្រោះកើតជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ខួរក្បាលនៅពេលចាស់។
ចាស់ទៅនៅក្មេង ត្រូវឱ្យពេលនៅក្មេងមានសុខភាពល្អ និងជីវិតល្អ។ ចាស់មានសុខភាពល្អ ត្រូវមានសមត្ថភាព៦យ៉ាង គឺសមត្ថភាព ចងចាំ ធ្វើចលនា ទទួលទានអាហារ មើលឃើញ ស្តាប់យល់ និងសមត្ថភាពគ្រប់គ្រងអារម្មណ៍។
ដើម្បីរក្សាសមត្ថភាពទាំង៦នេះ ការធ្វើចលនាសកម្មភាពកាយសម្បទា សកម្មភាពផ្លូវកាយ ជាសរសរទ្រូងសំខាន់ជាងគេ។ ធ្វើចលនាផ្លូវកាយ ជាទម្រង់នៃការហាត់ប្រាណធ្វើកីឡាបែបប្រឹងស៊ូយូរផង បែបធន់និងពង្រឹងសាច់ដុំផង ព្រោះវាអាចជាថ្នាំបង្ការជំងឺផ្សេងៗជាច្រើន ដូចជា ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរ៉ាំរ៉ៃ និងជាថ្នាំជំនួយអារម្មណ៍ ជំនួយដំណេក ជំនួយចំណង់អាហារ។ ចំណីអាហារក៏មិនត្រូវធ្វេសប្រហែស ! ទទួលទានតែអាហារឧស្សាហកម្ម កែច្នៃ ហ្វាសហ្វូដ រាល់ថ្ងៃនៅពេលក្មេងមិនអាចជួយឱ្យក្លាយជាមនុស្សចាស់មានសុខភាពល្អបានទេ។
ចំណែកដំណេកវិញ ចាស់ទៅមិនមែនត្រូវការសំរាន្តតិចទេ តែនៅពេលចាស់ សំរាន្តយប់ចេះតែឧស្សាហ៍ភ្ញាក់ ព្រោះវដ្តដំណេកខ្លីនិងស្រាលងាយភ្ញាក់។ ត្រូវរក្សាដំណេកឱ្យបានយ៉ាងតិច៦ម៉ផងក្នុងមួយថ្ងៃ។ ៦ទៅ៨ម៉ោងជារយៈពេលត្រឹមត្រូវ។ តែបើសំរាន្តថ្ងៃពីរម៉ោងហើយ យប់បានត្រឹមបួនម៉ោងក៏អាចគ្រប់។ មនុស្សជាសត្វរស់ជាហ្វូង ដូច្នេះត្រូវរក្សាទំនាក់ទំនងសង្គម។ ភាពឯកានិងការរស់តែឯង ជាមហន្តរាយធំណាស់សម្រាប់មនុស្សចាស់៕
Wed, 27 May 2026 - 159 - តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា?
បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព?
ខ្ទះឆាមិនជាប់ ក្រណាត់មិនជ្រាបទឹក របស់ប្រើជាប់បានយូរ ... នេះជាលក្ខណៈបញ្ជាក់អំពីគុណភាពដ៏ល្អនៃវត្ថុមួយ តែបញ្ហានៅត្រង់ថា ជាតិគីមីដំឡើងគុណភាពរបស់របរទាំងអស់នោះ មិនបាត់បង់ និងមិនរលាយក្នុងបរិស្ថានទេ។ សារធាតុគីមីនោះ នឹងទៅបំពុលទឹក បំពុលខ្យល់បរិយាកាស និងបំពុលដី។ អ៊ីចឹងហើយបានជាគេឱ្យឈ្មោះវាថាជាសារធាតុពុលអមតៈ។
សារធាតុពុលអមតៈនេះ មានឈ្មោះបច្ចេកទេសថា Perfluoralkylées និង Polyfluoralkylées ឬហៅកាត់ថា Pfas។ សារធាតុពុលអមតៈ អាចចម្លងទៅ ត្រី ខ្ចៅខ្យង ស៊ុត ឬទឹកដោះគោ រួចមកដល់ខ្លួនមនុស្សដោយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដូចជាបង្កើនគ្រោះហានិភ័យមានជំងឺមហារីក បញ្ហាក្រពេញទីរ៉ូអ៊ីត ឬបង្កើនអត្រាជាតិខ្លាញ់ក្នុងឈាម (ឡើងកូឡេស្តេរ៉ុល) ។ល។ និង។ល។
តើសារធាតុគីមីពុលអមតៈជាអ្វី?
ដើម្បីប្រយុទ្ធយកឈ្នះសត្រូវបាន ជាបឋមគេត្រូវតែស្គាល់អត្តសញ្ញាសត្រូវនោះឱ្យបានជាមុនសិន។ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងសត្រូវPfas ដែលគេស្គាល់រូបមន្តពិត ជាលំបាកខ្លាំងណាស់។ នេះបើតាមអ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត អ្នកជំនាញផ្នែកជាតិពុល គីមីវិទូផ្នែកបរិស្ថាន និងឧស្សាហកម្ម ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃទី៩មេសាឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដើម្បីជជែកពិភាក្សាអំពីភាពប្រឈមនឹងសារធាតុគីមីអមតៈ PFAS។
សារធាតុគីមី PFAS ជាចង្កោមគ្រួសារនៃបន្សំមូលេគុលគីមី ដែលមានរូបមន្ត កាបោនបូកនិងភ្លុយអរ (២ឬ៣អាតូម) និងដែលត្រូវបានរកឃើញជាលើកទីមួយ កាលពីប្រមាណជាង៧០ឆ្នាំមុន។ សំយោគធាតុគីមីនេះ មានលក្ខណៈប្រាកដខ្លាំងជាពិសេស ដោយអាចស៊ូនឹងភាពក្តៅ ទឹក និងខ្លាញ់បានយ៉ាងប្រពៃបំផុត។ តាំងពីពេលនោះមក បម្រើប្រមាស់សារធាតុគីមីអមតៈ កើនឡើងជាលំដាប់ ព្រោះជាបន្សំមូលេគុលគីមីដែលនឹងល្អបំផុត នៃប្រវត្តិរូបមន្តគីមី។
ដោយសារសមត្ថភាពនឹងពិសេស អាចផ្តល់ភាពរឹង មានអាយុយឺនយូរខ្លាំង ដូច្នេះហើយ បានជា វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ក្នុងផ្ទះ ក្រណាត់សម្លៀកបំពាក់ ពពុះពន្លត់អគ្គិភ័យ ឧបករណ៍ក្នុងវិស័យអវកាស របស់របរក្នុងផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ ព្រមទាំងគ្រឿងសំអាងផង សុទ្ធតែមានផ្ទុកមូលេគុល PFAS ទាំងអស់។
ប៉ុន្តែភាពខ្លាំង ភាពមាំ ភាពរឹង ភាពស្ថិតស្ថេរ របស់សារធាតុគីមីអមតៈនេះ ក៏ធន់ក្នុងបរិយាកាសដែរ ហើយប្រែក្លាយជាអាវុធមុខពីរមកបំពុលបរិស្ថានយ៉ាងខ្លាំង។ សារធាតុគីមីអមតៈ អាចបញ្ចេញសារធាតុពុល នៅគ្រប់ដំណាក់កាល តាំងពីពេលចាប់ផ្តើមផ្សំ ពេលយកមកផ្សំបង្កបង្កើតជាផលិតផលមួយ នៅពេលប្រើប្រាស់ និងជាពិសេសខ្លាំង នៅពេលវត្ថុប្រើប្រាស់ ផ្សំពីសារធាតុគីមីអមតៈត្រូវក្លាយជាសំរាម។ ជាសំរាម សារធាតុគីមីPFAS មិនងាយបំបែកធាតុប្តូររូបរាងទេ។ ការរលួយរលាយក្នុងធម្មជាតិ ប្រព្រឹត្តទៅ យ៉ាងយឺតជាទីបំផុត។ នៅពេលPFASក្លាយជាសំរាមដែលគេបោះចោល ហើយគ ក្នុងបរិយាកាស ក្នុងខ្យល់ ក្នុងទឹក ក្នុងដី ច្រើនឡើងៗ វានឹងឆ្លងទៅបំពុលប្រព័ន្ធអេកូសាស្ត្រ ព្រមទាំងសរីរាង្គមានជីវិតទាំងឡាយ រាប់ទាំងមនុស្សផង ដោយសន្សឹមៗ និងជានិរន្តរ៍តែម្តង។ ដូច្នេះមិនចម្លែកឡើយដែលគេចាត់ទុកសារធាតុគីមី PFASនេះ ថាជាសារធាតុពុលអមតៈ។
បើតាមក្រុមអ្នកជំនាញផ្នែកសុខភាពនៃស្ថាប័ន EFSA ការចម្លងសារធាតុគីមីពុលអមតៈចូលទៅក្នុងខ្លួនមនុស្ស ប្រព្រឹត្តទៅជាចម្បងតាមរយៈ ការបរិភោគគ្រឿងសមុទ្ទ ស៊ុត និងសាច់សត្វ។ ទឹកស្អាតសម្រាប់បរិភោគរាល់ថ្ងៃ ខ្យល់ដែលយើងស្រូបសម្រាប់ដកដង្ហើម រាល់ថ្ងៃ ដីលម្អងធូលីដែលហុយចូលច្រមុះភ្នែករាល់ថ្ងៃ សុទ្ធតែអាចមានឆ្លងសារធាតុគីមពុលអមតៈទាំងអស់។
សារធាតុពុលអមតៈនិងឥទ្ធិពលចំពោះសុខភាព
ឥទ្ធិពលអាក្រក់នៃសារធាតុគីមីពុលអមតៈចំពោះសុខភាពត្រូវបានសិក្សានិងមានឯកសារយោងកាន់តែច្រើនឡើងៗ។ ការសិក្សាវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញអំពីទំនាក់ទំនងនៃសារធាតុគីមីពុលអមតៈជាមួយនឹងជំងឺធ្ងន់ធ្ងរមួយចំនួន ដោយទៅបង្កើនគ្រោះកើតជំងឺមហារីក (ថ្លើម តម្រងនោម និងពងស្វាស) បង្កឱ្យមានវិបត្តិអរមូន និងការបន្តពូជ។ បញ្ចុះសមត្ថភាពរបស់ប្រព័ន្ធការពារខ្លួន និងជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ និងកុមារ។
ជាតិពុលអមតៈនេះពិតជាបានជ្រាបចូលទៅកកផ្តុំនៅក្នុងខ្លួនមនុស្សច្រើនឡើងៗ ដោយតោងជាពិសេសនៅលើសរីរាង្គសំខាន់ពីរ គឺតម្រងនោម (ក្រលៀន) និងថ្លើម ព្រមទាំងពងស្វាសផង។ នេះបើតាមលោកវេជ្ជបណ្ឌិត Damien Mascret គ្រូពេទ្យនិងជាអ្នកកាសែតប្រចាំទូរទស្សន៍ជាតិបារាំងFrance2 ដោយលម្អិតថា សារធាតុគីមីពុលអមតៈអាចបំពុលថ្លើម ដោយផ្ទាល់និងដោយមិនសូវផ្ទាល់ តាមរយៈការធ្វើំឱ្យអត្រាជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរុលឡើង។
ចំពោះសរីរាង្គតម្រងនោមវិញ សារធាតុគីមីពុលអមតៈជះឥទ្ធិពលដោយផ្ទាល់លើតួនាទីរបស់ក្រលៀនតែម្តង ក្នុងការរំលាយនិងកម្ចាត់ជាតិពុលចេញពីខ្លួន។ តម្រងនោមគ្មានដំណើរការល្អ ចម្រោះចម្រាញ់ជាតិពុលមិនអស់ ទើបធ្វើឱ្យអត្រាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់។ ហានិភ័យធំមួយទៀតគឺ សារធាតុពុលអមតៈនេះអាចបង្កើនគ្រោះកើតជំងឺមហារីកនៅតម្រងនោម។ លោកវេជ្ជបណ្ឌិត Mascretដដែលបានគូសបញ្ជាក់ទៀតថា អាស្រ័យទៅលើកំរិតប្រឈមនឹងសារធាតុពុលអមតៈរបស់មនុស្សម្នាក់ៗ និងភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត សារធាតុ គីមី PFAS បើជ្រាបចូលទៅក្នុងឈាមក្នុង
កំរិតខ្ពស់ នោះវានឹងអាចបង្កើនឱ្យមានវិបត្តិនៅក្រពេញអរមូនទីរ៉ូអ៊ីត បញ្ចុះសមត្ថភាពរបស់ប្រព័ន្ធការពារខ្លួន និងធ្វើឱ្យបាត់បង់សមត្ថភាពបន្តពូជ។
តើត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយភាពប្រឈមនឹងសារធាតុ គីមី PFAS ?
អឺរ៉ុបបានហាមឃាត់សារធាតុគីមី PFAS ពីរប្រភេទ ដែលជាប់សង្ស័យថាជាភ្នាក់ងារបង្កជំងឺមហារីក តាំងពីឆ្នាំ២០០៩មក។ ប៉ុន្តែ សារធាតុគីមីពុលអមតៈ មានរាប់ពាន់មុខ និង សាយភាពពេញគ្រប់ទិសទី មិនថានៅក្នុងបរិស្ថាន ក្នុងចំណីអាហារ និងក្នុងផលិតផលប្រើប្រាស់ប្រចាំថ្ងៃទេ។ ប៉ុន្តែថ្វីបើ គិតមកទល់នឹងពេលនេះ គ្មានទេវិធីកម្ចាត់សារធាតុគីមីពុលអមតៈក៏ដោយ ក៏កាយវិការសាមញ្ញមួយចំនួនអាចជួយកាត់បន្ថយភាពប្រឈម ជាលក្ខណៈបុគ្គល ពីសារធាតុពុលអមតៈបានខ្លះ។
បើតាមអនុសាសន៍របស់ក្រសួងសុខាភិបាលបារាំង ចេញថ្ងៃទី ២២មេសា២០២៦ ជូនចំពោះបុគ្គលិកពេទ្យ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈសុទ្ធតែប្រឈមនឹងជាតិពុលអមតៈPFASទាំងអស់គ្នា។ គ្រាន់តែអ្នកខ្លះមានអាជីពប្រឈមខ្លាំង។
អាជីពខ្លះនៅក្នុងវិស័យឧស្សាហកម្ម ដូចជាផ្នែកគីមីវិទ្យា នៅរោងចក្រក្រណាត់ នៅរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ការងារប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ សុទ្ធសឹងជាអ្នកប្រឈមនឹងការស្រូបជាតិពុលអមតៈខ្ពស់។
តែពលរដ្ឋខ្លះទៀត ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងកុមារ ក៏ជាជនងាយរងគ្រោះខ្លាំង ដែលភ្នាក់ងារសុខាភិបាលត្រូវយកចិត្តទុកដាក់ខ្លាំងដែរ។ នៅក្នុងអនុសាសន៍សម្រាប់សាធារណជនទូទៅ ក្រសួងសុខាភិបាលបារាំងបានចេញសេចក្តីណែនាំ សម្រាប់ជាការអនុវត្តជាលក្ខណៈបុគ្គល ដើម្បីកាត់បន្ថយគ្រោះប្រឈមនឹងសារធាតុពុលអមតៈដោយ
- ត្រូវទទួលទានអាហារ បន្លែផ្លែឈើ តាមរដូវ តាមតំបន់ និងត្រូវធ្វើម្ហូបទទួលទានដោយខ្លួនឯងនៅផ្ទះ ព្រមទាំងបរិភោគទឹកស្អាត ទឹកម៉ាស៊ីន ទឹកចម្រោះ។
- កាត់បន្ថយ ឬកំរិតការប្រើប្រាស់វត្ថុ ផលិតផលដែលធន់នឹងទឹក ធន់នឹងខ្លាញ់
- ចៀសវាងការប្រើប្រាស់ឆ្នាំង ខ្ទះ ដែលឆាចៀន មិនជាប់ និងដែលមានស្នាមឆ្កូត ដាច់សឹក - ចៀសកុំប្រើចានឆ្នាំងកំសៀវ ប្រអប់ជ័រ ធ្វើពីប្លាស្ទិក ជាពិសេសនៅពេលវាចាស់ រីកឡើងកាន់ព៌ណ និងកុំកម្តៅម្ហូបអាហារ នៅក្នុងប្រអប់ប្លាស្ទិក ជ័រ ឬស្នោ។
- សូមជ្រើសរើសប្រើឆ្នាំង ខ្ទះ ធ្វើពីដែកអ៊ីណុក ពីសាច់កែវ
សូមបើកទ្វារបង្អួច ឱ្យខ្យល់ចេញចូលក្នុងផ្ទះ យ៉ាងហោច១០នាទីក្នុងមួយថ្ងៃ។ បោសជូនសម្អាតផ្ទះ ដោយប្រើផលិតផលសាមញ្ញៗងាយៗ ដូចជាទឹកខ្មេះ និងកុំប្រើផលិតផលបំបាត់ស្នាម និងការប្រលាក់ ដែលពោរពេញទៅដោយជាតិគីមីពុលអមតៈ។
អាជ្ញាធរបារាំងសូមលើកទឹកចិត្តឱ្យស្ត្រីកាត់បន្ថយការប្រើផលិតផលសំអាង ដែលជាប់ខ្លាំង មិនអាចជ្រុះ មិនអាចរលុបនៅពេលត្រូវទឹក តែបើអាចគួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលផលិតពីសរសៃអំបោះធម្មជាតិ មិនមែនជាក្រណាត់សំយោគ និងគ្មានជាតិពុលPFAS៕
Sat, 23 May 2026 - 158 - តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
រូបភាពក្រុមសង្គ្រោះក្នុងឯកសណ្ឋានការពារបិទជិតឈឹងចុះទៅក្នុងនាវាទេសចរណ៍ Hondius ធ្វើឱ្យគេនឹងឃើញដល់ទិដ្ឋភាពក្នុងសម័យមានជំងឺរាតត្បាតសកលកូវីដ១៩ភ្លាម។ ថ្វីបើគេរកឃើញករណីអ្នកមានផ្ទុកហាន់តាវីរុសថ្មីបន្ថែមទៀត នៅតាមបណ្តាប្រទេសមួយចំនួនទៀតមែន ប៉ុន្តែពួកគេសុទ្ធសឹងជាអ្នកដំណើរ នៅក្នុងនាវាទេសចរណ៍ កន្លែងផ្ទុះមេរោគហាន់តាវីរុសតែមួយ និងគ្មានកន្លែងផ្ទុះហាន់តាវីរុសថ្មី ទីពីរ ឬទីបីនោះ។ អ្នកបានប៉ះពាល់ដោយផ្ទាល់ ត្រូវទទួលការតាមដាន និងដាក់ឱ្យនៅដាច់ពីគេឯងមួយរយៈធំ។ អង្គការសុខភាពពិភពលោក បានប្រកាសប្រកបដោយជំនឿជាក់ថាហាន់តាវីរុស មិនដូចកូវីដ១៩ទេ និងមានការគំរាមកំហែងរាតត្បាតសកល តិចតួចណាស់។
ហាន់តាវីរុសជាអ្វី?
ជាប្រភេទវីរុសដែលបង្កឱ្យមានវិបត្តិផ្លូវដង្ហើម បេះដូង និងគ្រុនក្តៅ ហូរឈាម ហាន់តាវីរុសបានលេចឡើងជាលើកដំបូងនៅឆ្នាំ១៩៥០ នៅត្រង់តំបន់ទន្លេហាន់តា នៅតាមព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ ដែលកំពុងមានសង្គ្រាមនឹងគ្នា ទើបគេដាក់ឈ្មោះវីរុសនោះថា ហាន់តាវីរ៉ុសរហូតមកទល់សព្វថ្ងៃ។ កាលណោះ ហាន់តាវីរុសបានចម្លងរាតត្បាតលើទាហានកូរ៉េ ប្រមាណជាង៣ពាន់នាក់ ឱ្យធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ។
ហាន់តាវីរុសជាចង្កោមវីរុសក្នុងគ្រួសារដ៏ធំមួយ ដែលមាននៅលើគ្រប់ទ្វីបទាំងអស់។ តែហាន់តាវីរុសធ្វើចរាចរណ៍និងចម្លងមកមនុស្សតាមរយៈសត្វប្រមាណដល់ទៅ១៤០ប្រភេទ តែជាពិសេសតាមរយៈពពួកសត្វកកេរ មានជាអាទិ៍សត្វកណ្តុរ តែក៏មានដែរក្នុងករណីកម្រដែលចម្លងដោយសត្វប្រចៀវ ពស់ ឬត្រី។
តាមធម្មតា ហាន់តាវីរុសឆ្លងចូលក្នុងខ្លួនមនុស្សដោយមិនផ្ទាល់ទេ គឺតាមរយៈការដកដង្ហើមស្រូបយកលម្អងធូលី ដែលបំពុល ដោយអាចម៍ ឬទឹកនោម កណ្តុរឈឺ។ ការចម្លងដោយកណ្តុរខាំជាករណីកម្រណាស់។ មនុស្សដែលប្រឈមនឹងការចម្លងមេរោគហាន់តាវីរុស ច្រើនជាបុគ្គលធ្វើការនៅក្នុងចំការ ក្នុងព្រៃ ក្នុងតំបន់មានហានិភ័យ ដោយទៅប៉ះពាល់ឧស ឈើងាប់ ឬជាអ្នកបោសសម្អាតទីតាំងមានលម្អធូលីច្រើន។
ហាន់តាវីរុស និងការចម្លងពី មនុស្សទៅមនុស្ស
មានច្រើនប្រភេទ ដែលខុសៗគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ ពីទ្វីបមួយទៅទ្វីបមួយ និងដែលផ្តល់អាការៈជំងឺក៏ខុសគ្នាដែរនោះ ហាន់តាវីរុសកម្រចម្លងក្នុងរង្វង់មនុស្សម្នាក់ទៅមនុស្សម្នាក់ណាស់។ ក្នុងចំណោមវីរុសហាន់តា៣៨ប្រភេទដែលក្រុមវេជ្ជសាស្ត្រស្គាល់ មានតែមួយប្រភេទគត់ដែលអាចចម្លងពីមនុស្សទៅមនុស្សបាន នោះគឺហាន់តាវីរុសប្រភេទAndes។ ការចម្លងពីមនុស្សទៅមនុស្ស ធ្លាប់ឃើញមានកើតជាលើកទីមួយ កាលពីឆ្នាំ១៩៩៦ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន ម្តង តែដោយពុំមានការផ្ទុះរាតដាលទេ។ នៅលើកនេះ ហាន់តាវីរុស ដែលបាននិងកំពុងចម្លងនៅក្នុងនាវាទេសចរណ៍Hondius បណ្តាលឱ្យស្លាប់ទេសចរបីនាក់ ក៏ជា ហាន់តាវីរុស ប្រភេទAndes ដែរ។
មេរោគហាន់តា ប្រភេទAndes រកឃើញនៅអាហ្សង់ទីន មានសមត្ថភាពចម្លងខ្ពស់។ ពពួកសត្វកណ្តុរ តូចៗកន្ទុយវែង រស់នៅវាលស្រែ ត្រូវបានគេចាត់ទុកថាភ្នាក់ងារចម្លងមេរោគ មកមនុស្ស រួចពីមនុស្សទៅមនុស្ស។ រយៈពេលឆ្លងខ្លាំង និងងាយឆ្លងបំផុត គឺនៅដំណាក់កាលដំបូងនៃជំងឺ ពោលគឺនៅពេលជំងឺទើបចាប់ផ្តល់រោគសញ្ញាដំបូង ហើយអ្នកជំងឺមិនទាន់បានចាប់ផ្តើម ឬទទួលការព្យាបាលនៅឡើយ។ ហេតុដូច្នេះហើយបានជាជនរងគ្រោះងាយប្រឈមនឹងការឆ្លងហាន់តាវីរុស ច្រើនតែជាមនុស្សក្នុងក្រុមគ្រួសារតែមួយ រស់នៅជិតស្និទ្ធគ្នាខ្លាំង។ ហានិភ័យចម្លងមានកាន់តែខ្ពស់ខ្លាំងជាពិសេសទៀត ទៅលើដៃគូដែលមានទំនាក់ទំនងផ្លូវភេទនឹងគ្នា ឬរស់នៅជាមួយក្នុងកន្លែងតូចចង្អៀត បិទជិត (បន្ទប់ដេក ឬក្នុងរថយន្ត)។
នៅពេលឆ្លងចូលទៅក្នុងខ្លួនមនុស្ស ហាន់តាវីរុស អាចនាំឱ្យមានការបង្ករោគធ្ងន់ធ្ងរ ខុសៗគ្នា និងអាចដល់ស្លាប់បាន។ បន្ទាប់ពីសំងំក្នុងខ្លួនមនុស្ស រយៈពេល២សប្តាហ៍ជាមធ្យម ឬរហូតដល់៦សប្តាហ៍ រោគសញ្ញាដំបូងនៃជំងឺបង្កឡើងដោយហាន់តាវីរុស នឹងចាប់លេចឡើង ដែលមានដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺចុកចាប់ខ្លួនសាច់ដុំ ស្រដៀងនឹងអាការៈគ្រុនសន្ធំ។ អ្នកមានផ្ទុកមេរោគហាន់តាវីរុស អាចធ្លាក់ខ្លួនឈឺ ទៅជាក្អក និងមានវិបត្តិផ្លូវដង្ហើម ពិបាកដកដង្ហើម នៅមួយថ្ងៃ ទៅ៥ថ្ងៃ បន្ទាប់ពីលេចរោគសញ្ញាដំបូង។
គេបែងចែកជំងឺបង្កដោយហាន់តាវីរុសជាពីរទម្រង់ចម្បងៗ។ ទីមួយ គឺទម្រង់ដែលប៉ះពាល់មានការបង្ករោគនៅតម្រងនោម (ក្រលៀន) និងក្តៅខ្លួន។ ទម្រង់នេះមានកើតច្រើននៅទ្វីបអឺរ៉ុបនិងអាស៊ី និងមិនដែលឃើញមានចម្លងពីមនុស្សទៅមនុស្សទេ។ អ្នកឆ្លងវីរុសហាន់តាពីសត្វ ហើយជំងឺវិវឌ្ឍជាច្រើនដំណាក់កាល និងអាចឈានដល់ស្លាប់ក្នុងអត្រាទាបបំផុត គឺពី០,៤ទៅ១០%ប៉ុណ្ណោះ។
ទម្រង់ទីពីរ មេរោគហាន់តាវីរុស វាយប្រហារដល់បេះដូងនិងសួត។ ជាទម្រង់កំណាច សម្គាល់ដោយអ្នកជំងឺជួបវិបត្តិផ្លូវដង្ហើមនិងបេះដូង និងមានអត្រាមរណៈខ្ពស់ខ្លាំង ដល់ទៅប្រមាណពី៣០ទៅ៦០%។ ទម្រង់ជំងឺហាន់តាវីរុសនេះ អាចចម្លងពីមនុស្សទៅមនុស្ស និងសង្កេតឃើញមានកើតជាពិសេសតែនៅលើទ្វីបអាមេរិក និងអាមេរិកឡាទីន។
យ៉ាងណាក៏ដោយក៏ក្នុងទម្រង់ទាំងពីរ មេរោគបានទៅវាយប្រហារលើសរសៃឈាមតូចៗ ឱ្យបាត់បង់តួនាទីជាប្រក្រតី ដោយស្រាប់តែមិនអាចទប់ឈាមជាប់ បណ្តោយឱ្យមានករណីជ្រាបឈាមចេញទៅក្រៅទៅលើជាលិកាផ្សេង ពោលគឺជាធ្វើឱ្យមានករណីធ្លាយហូរឈាមក្នុងសរីរាង្គកាយ។
រោគសញ្ញានៃជំងឺហាន់តាវីរុស
ពេលសង្ស័យឆ្លងហាន់តាវីរុស ជាមួយនឹងរោគសញ្ញាដូចគ្រុន បន្ទាប់ពីបានប៉ះពាល់ ហិតស្រូបធូលីហុយមានទឹកនោម លាមក របស់ពពួកសត្វកកេរដូចយ៉ាងកណ្តុរ គេត្រូវវិភាគរកមើលមេរោគ ដោយការធ្វើតេស្តPCR ឬមើលឈាម។
ថ្វីបើគេស្គាល់ហាន់តាវីរុស តាំងពីជាយូរមកហើយក៏ដោយ ក៏មកទល់បច្ចុប្បន្ននេះ គ្មានឡើយថ្នាំព្យាបាល ឬថ្នាំបង្ការ ដោយចំ ប្រឆាំងនឹងហាន់តាវីរុស។ ការព្យាបាល និងសង្គ្រោះអ្នកជំងឺ ធ្វើឡើងដើម្បីគ្រាន់តែសម្រួលអាការៈសញ្ញារោគឱ្យបានប្រសើរឡើងតែប៉ុណ្ណោះ។ ក្នុងទម្រង់ធ្ងន់ធ្ងរ អ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងផ្នែកសង្គ្រោះនិងតាមដានជាប់ឥតដាច់ ដោយត្រូវពាក់ម៉ាស៊ីនអ៊ុកស៊ីហ្សែនជាជំនួយផង។
គ្មានវិធីព្យាបាល យុទ្ធសាស្ត្រដ៏ប្រសើរជាងគេបំផុត គ្មានអ្វីក្រៅពីការការពារខ្លួនឡើយ។ តែរហូតមកទល់ម៉ោងនេះនាទីនេះ ពុំទាន់មានទេថ្នាំបង្ការជាសកលដែលទទួលស្គាល់ជាផ្លូវការនោះ។ កូរ៉េខាងត្បូងបានសាកល្បងផ្សំថ្នាំបង្ការប្រឆាំងនឹងហាន់តាវីរុសដែរ តែប្រសិទ្ធភាពនៅមានរយៈពេលខ្លីពេក ដែលទាមទារឱ្យចាក់រំលឹកឡើងវិញជាញឹកញាប់ និងជាពិសេសមិនអាចការពារគ្រប់ទម្រង់នៃហាន់តាវីរុសបានទេ។
វិធីបង្ការជំងឺហាន់តាវីរុស
ដូច្នេះដើម្បីការពារខ្លួនពីហាន់តាវីរុស ត្រូវកាត់បន្ថយភាពប្រឈមជួបសត្វកកេរ កាត់បន្ថយបរិស្ថានប្រកបដោយហានិភ័យ ដែលមានប្រលាក់ទៅដោយលាមក ទឹកនោម ទឹកមាត់របស់ពពួកសត្វកណ្តុរ។ ដោយហេតុការចម្លងហាន់តាវីរុសពីសត្វមកមនុស្ស កើតឡើងជាទូទៅតាមរយៈការស្រូបខ្យល់ ស្រូបលម្អធូលីមានជាតិពុលជាអាចម៍ជាទឹកនោមសត្វកកេរ នៅក្នុងព្រៃ នៅកន្លែងគ្មានមនុស្សរស់នៅយូរខែឆ្នាំ និងនៅតំបន់ជនបទស្រែចំការ កសិដ្ឋាន ដែលជាជង្រុកសត្វកណ្តុរ ត្រូវការពារខ្លួន ដោយបិតសម្អាតស្នាម ដាច់ស្បែកភ្លាម នៅពេលត្រូវរបួសមុតមុតឈើ មុនរបស់កង្វក់នៅក្បែរ ឬនៅផ្លូវមានកណ្តុរឆ្លងកាត់។ ប្រើស្រោម និងពាក់ម៉ាស នៅពេលកម្ចាត់ សម្អាតរូងកណ្តុរ។ ពាក់ម៉ាសការពារនៅពេលចូល ឬសម្អាតកន្លែងបោះបង់ចោលយូរដែលអាចមានកណ្តុររស់នៅច្រើន។ សម្អាតនិងរក្សាអនាម័យផ្ទះសម្បែងកុំឱ្យមានកណ្តុរ។
ដើម្បីការពារខ្លួនពីហាន់តាវីរុស ប្រភេទAndes ដែលអាចចម្លងពីមនុស្សឈឺឆ្លងផ្ទាល់ពីសត្វកណ្តុរទៅមនុស្សជាបាននោះ គឺត្រូវពាក់ម៉ាស និងដាក់អ្នកជំងឺឱ្យនៅឆ្ងាយពីគេឯង ឬដាច់ដោយឡែក។ នៅប្រទេសបារាំង អាជ្ញាធរសុខាភិបាល បានចេញវិធានការតឹងរ៉ឹងជាងគេ ដោយសម្រេចដាក់អ្នកមានទំនាក់ទំនងដោយផ្ទាល់នឹងអ្នកជំងឺហាន់តាវីរុស ឱ្យនៅឆ្ងាយពីគេ និងស្ថិតនៅក្រោមការតាមដាន រយៈពេលរហូតដល់៦សប្តាហ៍ ពោលគឺរយៈពេលអតិបរមាដែលមេរោគអាចសំងំក្នុងខ្លួនមនុស្ស មុននឹងបញ្ចេញអានុភាព និងរោគសញ្ញាដំបូង៕
Wed, 13 May 2026 - 157 - ប៉ាគីនសុន ជាជំងឺអ្វី?
ញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី?
ប៉ាគីនសុនជាជំងឺដែលកើតមានញឹកញាប់លំដាប់ទីពីរ បន្ទាប់ពីជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ប៉ុន្តែហាក់ដូចជាពុំសូវមានអ្នកចាប់អារម្មណ៍និងស្គាល់ទេ។ ជាប់ឈ្មោះជាជំងឺញ័រ ប៉ាគីសុនដែលច្រើនកើតលើមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មិនមែនកំណត់ត្រឹមអាការៈញ័រ និងសមត្ថភាពបញ្ជារបស់ខួរក្បាលទេ។ អ្នកជំងឺប៉ាគីនសុនជាច្រើនបានលើកឡើងអំពីអាការៈរោគជាច្រើនផ្សេងទៀត ដូចជាវិបត្តិដំណេក វិបត្តិបញ្ញាញាណ និងប្រព័ន្ធរំលាយអាហារ ទល់លាមករ៉ាំរ៉ៃ ការឈឺចុកចាប់ ស្រមើស្រមៃផ្តេសផ្តាស ខ្វល់ខ្វាយថប់បារម្ភ ធ្លាក់ទឹកចិត្តឬ វិបត្តិផ្ចង់អារម្មណ៍។ល។ ដោយហេតុតែមានទម្រង់ច្រើន ទើបការវិភាគរោគសញ្ញាមានការលំបាកខ្លាំង ឯជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺរងការរំខានខ្លាំង។
ប៉ាគីនសុនជាជំងឺរ៉ាំរ៉ៃ វិវឌ្ឍដោយយឺតៗនិងទៅមុខជានិច្ច។ ការធ្វើរោគវិនិច្ឆ័យកំណត់រកអាការៈសញ្ញាដំបូងនៃជំងឺប៉ាគីសុន បានកាន់តែឆាប់ កាន់តែប្រសើរ ព្រោះគ្រូពេទ្យអាចផ្តល់ការព្យាបាលដែលជួយធានារក្សាគុណភាពជីវិតរស់នៅប្រចាំថ្ងៃបានយូរអង្វែង។ តែជាទូទៅ រោគសញ្ញាជាក់លាក់នៃជំងឺប៉ាគីនសុន ច្រើនតែលេចឡើងនៅពេលណាកោសិកាប្រព័ន្ធប្រសាទផលិតជាតិដូប៉ាមីន ត្រូវបំផ្លាញអស់ប្រមាណពី៥០ទៅ៧០%ទៅហើយ ហើយខួរក្បាលមិនអាចបំពេញវិញបាន។
រោគសញ្ញាចម្បងៗនៃជំងឺប៉ាគីសុន
អាការៈសញ្ញាចម្បងនៃជំងឺប៉ាគីសុន មានបី គឺ ការញ័រ ពិបាកធ្វើចលនា និងភាពរឹង។ អាការៈទាំងបី នេះ មិនប្រាកដថាលេចឡើងទន្ទឹមពេលគ្នាជាមួយគ្នាទេ ហើយមានកំរិតខុសគ្នា ជួនញ័រខ្លាំងជាង ជួនភាពរឹងខ្លាំងជាង។
ការញ័រ នៃជាជំងឺប៉ាគីសុន លេចឡើងជាបឋមនៅផ្នែកម្ខាងនៃរាងកាយជាពិសេសនៅដៃ ញ័រដៃស្តាំ ឬដៃឆ្វង រួចញ័រទាំងសងខាង និងឡើងដល់ក្បាល។ តែបបូរមាត់ ចង្ការ ជើង ក៏អាចរងការប៉ះពាល់ដោយជំងឺប៉ាគីនសុន ហើយមានសញ្ញាញ័រដែរ។ ខុសពីការញ័រឃ្លាន ជាការញ័រប៉ាគីនសុនកើតឡើងនៅពេលសម្រាក នៅពេលអ្នកជំងឺនៅស្ងៀម ឬនៅពេលមានក្តីរន្ធត់អារម្មណ៍ និងពេលប្រឹងគណនា។ អាការៈសញ្ញានេះនឹងបាត់ទៅវិញ នៅពេលអ្នកជំងឺចាប់ផ្តើមធ្វើចលនាឬសកម្មភាពអ្វីមួយ។
ចំពោះអាការៈប៉ះពាល់នឹងចលនានាំឱ្យមានសភាពឬកាយវិការយឺតៗ វិញ អ្នកជំងឺប៉ាគីនសុននឹងដើរយឺតៗ ជំហានខ្លីៗ ដៃបង់បោយមិនលះដូចមនុស្សធម្មតាទេ ងើបដើរឈរអង្គុយឬងាកឆ្វេងស្តាំយ៉ាងលំបាក។ សូម្បីតែភ្នែកក៏មិនសូវប្រិច សំឡេងខ្សោយបែបបង្អូសៗ។
ប៉ាគីនសុនបានធ្វើឱ្យសាច់ដុំ ឡើងតឹងរឹង ដែលជាផលវិបាក អ្នកជំងឺគ្មានភាពទន់ភ្លន់ក្នុងការបញ្ចេញចលនាទេ។ ភាពរឹងនេះអាចបង្កឱ្យមានការចុកចាប់ផងនៅពេលប្រឹងធ្វើអ្វីមួយ៕
Thu, 07 May 2026 - 156 - តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពកខ្វក់ ខ្លះខ្លាចកើតហឺត ...
ប៉ុន្តែការចិញ្ចឹមសត្វធ្វើជាមិត្តក្នុងផ្ទះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ នៅប្រទេសខ្លះ វេជ្ជសាស្ត្របានបញ្ចូលសត្វចិញ្ចឹម ទៅក្នុងផ្នែកមួយនៃជួយព្យាបាលនិងថែទាំអ្នកជំងឺផង។ គុណប្រយោជន៍ការចិញ្ចឹមសត្វជាមិត្តចំពោះសុខភាព ត្រូវបានអនុម័តដោយវិទ្យាសាស្ត្រទៀត។ ការសិក្សាជាច្រើនបានបញ្ជាក់អំពីឥទ្ធិពលវិជ្ជមាននៃសត្វចិញ្ចឹមជាមិត្ត។ ប៉ុន្តែការចិញ្ចឹមសត្វមិនផ្តល់គុណប្រយោជន៍ចំពោះសុខភាព ជាលក្ខណៈស្វ័យប្រវត្តិប្រវត្តិទេ។ វាអាស្រ័យជាពិសេសទៅលើទំនាក់ទំនងជាមួយសត្វចិញ្ចឹមផង និងទៅលើការគោរព សុខុមាលភាពរបស់សត្វនោះផង។ នេះបើតាមការពន្យល់បំភ្លឺរបស់លោក Jean-Marc Poupard បណ្ឌិតផ្នែកនរវិទ្យា និងជានាយកផ្នែកទំនាក់ទំនងមនុស្សសត្វ នៅសកលវិទ្យាល័យ Paris Cité។
សត្វចិញ្ចឹមនិងឥទ្ធិពលចំពោះសុខភាពផ្លូវកាយ
សត្វចិញ្ចឹម មិនគ្រាន់តែជាមិត្តដើម្បីរស់កំដគ្នាទេ តែថែមទាំងអាចដើរតួនាទីសំខាន់ក្នុងលំនឹងជីវិតរបស់ម្ចាស់ទៀតផង។ ទោះជាម្ចាស់រស់នៅតែឯង ឬជាគ្រួសារមានគ្នាច្រើន គ្នាតិច ជាក្មេងឬជាចាស់ក៏ដោយ ក៏វត្តមាននៃសត្វចិញ្ចឹមក្នុងផ្ទះអាចជះឥទ្ធិពលល្អច្រើនចំពោះ សុខភាពដែរ។
ចំពោះក្មេង ក៏ដូចជាមនុស្សធំ មានសត្វក្នុងផ្ទះ ជាពិសេសសត្វឆ្កែ ជាកត្តាបង្កើនសកម្មភាពផ្លូវកាយ និងកាត់បន្ថយភាពស្ពឹកស្រពន់។ នាំឆ្កែទៅជុះ ប្រលែងលេងជាមួយឆ្មា ដាក់ចំណីឱ្យត្រី សម្អាតលាងទ្រុងសត្វ ... បានបន្ថែមការងារ ភាពសកម្មតិចតួចជារៀងរាល់ថ្ងៃ ដល់ម្ចាស់។ សកម្មភាពតិចតួច ល្មមៗ តែថេរជារៀងរាល់ថ្ងៃ ជាប្រការល្អសម្រាប់សុខភាព បេះដូង សរសៃឈាមបេះដូង។ មនុស្សចាស់មានសត្វចិញ្ចឹមជាមិត្ត មានគ្រោះហានិភ័យកើតជំងឺលើសឈាមទាប និងមិនសូវមានផលវិបាកបង្កឡើងដោយជំងឺគ្រោះថ្នាក់សរសៃឈាមបេះដូងទេ។ ការសិក្សាជាច្រើនបានបង្ហាញថា រស់ជាមួយសត្វ អាចជួយបញ្ចុះសម្ពាធឈាមនិងចង្វាក់បេះដូង ព្រោះការអង្អែល ការចំណាយពេលមើលថែនៅជាមួយសត្វអាចជួយលួងលោមខ្លួនយើងឱ្យបានស្ងប់ ធូរល្ហែល្ហើយ ដែលអាចជួយការពារបេះដូង និងសរសៃឈាមបេះដូង នាថ្ងៃអនាគត បន្ថែមពីលើការព្យាបាលដោយប្រើថ្នាំ។
លូតលាស់ធំដឹងក្តីជាមួយសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចជាបានបង្ហាត់សរីរាង្គខ្លួនប្រាណឱ្យជួបនឹងមីក្រុបស្លូតៗផ្សេងៗ ដែលនឹងទៅជួយប្រព័ន្ធការពារខ្លួន ជាពិសេសប្រព័ន្ធការពារខ្លួនរបស់ក្មេងតូចៗឱ្យចេះទប់ទល់នឹងការបៀតបៀនមកពីក្រៅ។ មានន័យថាក្មេងកើតនិងរស់ជាមួយសត្វចិញ្ចឹម មានហានិភ័យកើតជំងឺហឺត ជំងឺអាល្លែហ្ស៊ីទាប។ ប៉ុន្តែសូមប្រយ័ត្ន ! ត្រូវចិញ្ចឹមសត្វដោយការគោរព ដោយផ្ចិតផ្ចង់ ប្រកបដោយអនាម័យ ទើបអាចទាញយកគុណប្រយោជន៍នេះបាន។
ចំណុចសំខាន់មួយទៀតនៃការចិញ្ចឹមសត្វជាមិត្តរស់ក្នុងផ្ទះ ដែលមិនអាចកាត់ថ្លៃបាននោះ គឺការកាត់ស្ត្រេស និងកង្វល់។ លេងជាមួយឆ្កែ អង្អែលសត្វឆ្មា មើលកូនទន្សាយដេក មើលត្រីក្រិមរត់ប្រដេញគ្នាទឹក កាយវិការសាមញ្ញៗជាមួយសត្វចិញ្ចឹមទាំងអស់នេះបានជួយបញ្ចុះអត្រាជាតិCortisone ដែលគេហៅថាអរមូនស្ត្រេស ពីក្នុងខ្លួនយើងបាន។ ការសិក្សាបានបង្ហាញថា គ្រាន់តែសំឡឹងមើលឆ្កែឱ្យចំ ក៏អាចធ្វើឱ្យខ្លួនយើងបញ្ចេញជាតិអូស៊ីតូស៊ីន ដែលជាអរមូនសម្រួល ឱ្យមានអារម្មណ៍កក់ក្តៅ ទុកចិត្ត យោគយល់ ចង់រាប់អាន និងសម្រួលយន្តការសុខុមាលភាពជាទូទៅ។
ការសិក្សារបស់អ្នកស្រាវជ្រាវស្វ៊ីស និងជប៉ុន បានបង្ហាញថាក្នុងរយៈពេលបិទខ្ទប់ប្រទេសដោយហេតុមានរោគរាតត្បាតកូវីដ-១៩ ក្មេងមានសត្វចិញ្ចឹមនៅជាមួយអាចគេងលក់ស្រួល និងមានគុណភាពដំណេកល្អជាងក្មេងគ្មានសត្វជាមិត្ត។ ក្នុងពេលធម្មតា ជាពិសេសនៅពេលល្ងាច វត្តមានសត្វអាចជួយមនុស្សខ្លះឱ្យមានអារម្មណ៍នឹងនល្អ មិនសូវខ្លាច ទើបពួកគាត់អាចសម្រាន្តលក់ស្រួល។
សត្វចិញ្ចឹមនិងទំនាក់ទំនងសង្គម
សត្វមិនចេះថាឱ្យ មិនចេះវាយតម្លៃម្ចាស់ទេ។ សត្វស្រលាញ់ម្ចាស់ដោយគ្មានលក្ខខណ្ឌ ដោយគ្មានគិតអាយុ គិតពីអារម្មណ៍ និងការលំបាករបស់ម្ចាស់ឡើយ។ ជាការស្រលាញ់ដោយស្មោះត្រង់ ទើបធ្វើឱ្យម្ចាស់មានអារម្មណ៍ថាមានអ្នករង់ចាំ មានអ្នកត្រូវការ មិនមែនរស់គ្មានតម្លៃទេ។ មានសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចមានគ្នា ពោលគឺជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងភាពឯកា។
ចិញ្ចឹមឆ្កែ ឆ្មា ទន្សាយ សត្វស្លាប ឬក៏ត្រីក្រិម នៅក្នុងផ្ទះ អាចប្តូរផ្លាស់ទម្លាប់ ដោយជួយរក្សាបញ្ញាស្មារតីឱ្យនៅរហ័សរហួន។ ចិញ្ចឹមសត្វត្រូវមើលថែ ត្រូវចេះរៀបចំពេលវេលាមួយចំនួនដូចជា ត្រូវគិតគូរឱ្យចំណី នាំចេញដើរក្រៅ នាំទៅជុះ ថែសម្អាតមុជទឹកឱ្យ នាំទៅពេទ្យ... ការងារនេះតម្រូវឱ្យម្ចាស់ប្រុងប្រយ័ត្នស្មារតី ប្រឹងចាំ ប្រឹងប្រើខួរក្បាល ដែលជាការល្អខ្លាំងណាស់សម្រាប់មនុស្សចាស់ចូលដល់វ័យជរា។
ក្រៅអំពីបំប៉នខួរក្បាល ការចិញ្ចឹមសត្វជាមិត្តក៏ជាឱសថព្យាបាលភាពអឹមអៀន។ បណ្តើរសត្វដើរលេងជាមធ្យោបាយដ៏ល្អសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកមិនស្គាល់។ និយាយសួរនាំពី ឆ្កែ ពីឆ្មា ពីសេក ពីសេះ ... ដែលយើងចិញ្ចឹម ជាប្រធានបទដែលស្រួលជាងសួរនាំពីជីវិតការងាររបស់មនុស្សណាម្នាក់។ អ្នកស្រាវជ្រាវខ្លះ បានលើកឡើងអំពីគុណប្រយោជន៍នៃការចិញ្ចឹមសត្វចំពោះការសិក្សា ដោយពន្យល់ថា ក្មេងជួបការលំបាករៀនមិនសូវចេះ អាចរកឃើញសេចក្តីក្លាហានឡើងវិញ នៅពេលបានហាត់រៀនអាន រៀននិយាយជាមួយសត្វដែលខ្លួនចិញ្ចឹម ព្រោះសត្វមិនចេះវាយតម្លៃ មិនចេះបន្ទោស ឬបង្អាប់ទេ។ នៅក្នុងពេលកំពុងរៀន វត្តមានសត្វមិនត្រឹមតែអាចជួយក្មេងឱ្យចេះផ្ចង់អារម្មណ៍រៀនទេ តែថែមទាំងអាចបន្ធូរសម្ពាធនិងធ្វើសមត្ថភាពសិក្សាបានប្រសើរឡើងទៀត។
បើតាមលោកបណ្ឌិត Jean-Marc Poupard ដដែល ការចិញ្ចឹមសត្វជាមិត្ត អាចផ្តល់គុណប្រយោជន៍ ជាពិសេសខុសៗគ្នាទៅតាមវ័យ។ ចំពោះកុមារ មានសត្វជាមិត្តជាការបង្រៀនឱ្យក្មេងឆាប់ចេះយោគយល់ និងគោរពសេចក្តី ត្រូវការរបស់សត្វ ព្រមទាំងឆាប់ចេះមានទំនួលខុសត្រូវផ្នែកថែទាំប្រចាំថ្ងៃ។ ទំនាក់ទំនងជាមួយសត្វនឹងធ្វើឱ្យក្មេងឆាប់ចេះនិយាយ ចេះគិតស្រមៃច្រើន។
ចំពោះមនុស្សចាស់ជរា ការមើលថែសត្វ ជាការធានាឱ្យមានសកម្មភាពប្រចាំថ្ងៃ មិនសូវមានអារម្មណ៍ឯកានៅតែឯងពេក និងជាប្រភពផ្តល់កម្លាំងចិត្តឱ្យប្រឹងនៅសកម្មមើលថែមិត្ត បើទោះបីជាគ្នាជាសត្វក៏ដោយ។
អ្នកមានសុខភាពទន់ខ្សោយឬមានពិការភាព នឹងបានទទួលការគាំទ្រផ្លូវចិត្តនិងអារម្មណ៍ធូរស្បើយភ្លាមបើបាននៅជាមួយសត្វដែលខ្លួនស្រលាញ់។ ទំនាក់ទំនងល្អជាមួយសត្វជាមិត្តសម្លាញ់ នឹងពង្រឹកទំនុកចិត្តព្រមទាំងស្វ័យភាពរបស់ម្ចាស់ពិការនោះ។ សត្វខ្លះជាជំនួយការ ជាអ្នកនាំពាក្យ ជាអ្នកផ្សារភ្ជាប់ទំនាក់ទំនាក់ជាមួយមនុស្សដទៃធ្វើឱ្យម្ចាស់ភ្លេចភាពពិការរបស់ខ្លួនបានខ្លះ។
ចំណែកប្រភេទសត្វចិញ្ចឹម ក៏អាចផ្តល់គុណប្រយោជន៍សុខភាពខុសៗគ្នាដែរ។ គ្មានសត្វណាល្អប្រសើរជាងគេបំផុតសម្រាប់សុខភាពទេ តែយកឆ្កែជាមិត្តនឹងជួយឱ្យមានភាពស្វាហាប់ បញ្ចេញសកម្មភាពកាយសម្បទា អារម្មណ៍ជិតស្និទ្ធខ្លាំង។ ចិញ្ចឹមឆ្មា នាំមកនូវភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍និងភាពស្រទន់ក្នុងផ្ទះ។ ចិញ្ចឹមត្រី ទន្សាយ ...បង្កើតភាពលួងលោមប្រចាំថ្ងៃ។ល។
ប៉ុន្តែជាថ្មីម្តងទៀត គុណប្រយោជន៍ដ៏ច្រើនយ៉ាងនៃសត្វចិញ្ចឹមសម្រាប់សុខភាព អាចសម្រេចទៅបានអាស្រ័យទៅលើទំនាក់ទំនងរវាងសត្វនិងម្ចាស់។ បើចិញ្ចឹមដាក់ក្រៅផ្ទះ គ្មានការថែទាំ គ្មានយកចិត្តទុកដាក់ ប្រកបដោយអនាម័យ ជារៀងរាល់ថ្ងៃទេ គុណប្រយោជន៍ចំពោះសុខភាពក៏គ្មានដែរ៕
Thu, 09 Apr 2026 - 155 - ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។
ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ ហើយអាចជួយបង្ការនិងកាត់គ្រោះកើតជំងឺវង្វេងវង្វាន់ដ៏គួរខ្លាចនោះបាន តើអ្នកស្ម័គ្រធ្វើតាមទេ?
អ្នកស្រាវជ្រាវជប៉ុនបានចង្អុលបង្ហាញគន្លងមួយដែលងាយ និងអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺវង្វេងវង្វាន់ នោះគឺ ការធ្វើម្ហូបបរិភោគដោយខ្លួនឯង។
គុណប្រយោជន៍នៃការធ្វើម្ហូបចំពោះសុខភាព ធ្លាប់ត្រូវបានអ្នកស្រាវជ្រាវលាតត្រដាងច្រើន មកហើយ។ ការសិក្សាខ្លះ បានចាត់ទុកការធ្វើម្ហូបជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់មានសុខភាពល្អ។ បរិភោគម្ហូបធ្វើខ្លួនឯងនៅផ្ទះ នឹងនាំឱ្យមានសុខភាពល្អ មិនងាយកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺសរសៃឈាមបេះដូង និងផ្តល់ផលល្អដល់ខួរក្បាល។ នៅឆ្នាំ២០២២ ការសិក្សាអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលចុកខ្លាញ់ បានអះអាងថាការធ្វើម្ហូបដោយខ្លួនឯង អាចជួយស្តារសុខភាពផ្លូវចិត្តឱ្យបានប្រសើរឡើង។ ឥទ្ធិពលនៃសកម្មភាពធ្វើម្ហូបចំពោះផាសុកភាពផ្លូវកាយនិងផ្លូវចិត្ត នឹងស្តែងឡើងនៅ៧សប្តាហ៍ បន្ទាប់ពីបានចូលចង្ក្រានធ្វើម្ហូបដោយទៀងទាត់។
តែពេលនេះ អ្នកវិទ្យាសាស្ត្រជប៉ុនសិក្សាឃើញទៀតថា មនុស្សចាស់ធ្វើម្ហូបពិសាដោយខ្លួនឯង តែម្តងក្នុងមួយសប្តាហ៍ គ្រប់គ្រាន់នឹងកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃមែរ បានមួយភាគបួន។ ការសិក្សាជប៉ុននេះមានចុះផ្សាយនៅទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ថ្ងៃទី ២៤មីនាឆ្នាំ២០២៦។
ដើម្បីអាចចេញសេចក្តីសន្និដ្ឋាន អ្នកស្រាវជ្រាវជប៉ុន បានសិក្សាតាមដានក្រុមមនុស្សចាស់ជប៉ុន អាយុទាបបំផុត ៦៥ឆ្នាំ រយៈពេល៦ឆ្នាំជាប់គ្នា (២០១៦-២០២២)។ ជាលទ្ធផល មនុស្សចាស់ណាបានចូលចង្ក្រានធ្វើម្ហូប យ៉ាងហោចម្តងក្នុងមួយសប្តាហ៍ មានហានិភ័យធ្លាក់ខ្លួនឈឺរោគវង្វេងថយអស់ប្រមាណពី២៣%សម្រាប់មនុស្សប្រុស និង២៧%សម្រាប់មនុស្សស្រី បើប្រៀបទៅនឹងចាស់ដែលមិនចូលធ្វើម្ហូបសោះ ឬគ្មានទម្លាប់ធ្វើម្ហូបខ្លួនឯង។ គួរឱ្យកត់សម្គាល់ខ្លាំងនិងជាពិសេស ជាងនេះទៅទៀត គ្រោះកើតជំងឺអាល់ហ្សៃមែរ បានធ្លាក់ទាបខ្លាំង (ថយ-៦៧%) ចំពោះមនុស្សចាស់ណាដែលមិនធ្លាប់ធ្វើម្ហូបពីមុន ឬមិនប្រសប់ធ្វើម្ហូបកាលពីនៅក្មេង។ និយាយបែបផ្សេង មិនចេះធ្វើម្ហូបពីក្មេងតែចាស់ឡើងចូលចង្ក្រាន ស្លពិសាខ្លួនឯង អាចកាត់បន្ថយគ្រោះហានិភ័យមានជំងឺវង្វេងបានដល់ទៅ៦៧%។
ហេតុអ្វី? តាមបែបអេពីដេមីសាស្ត្រ ការសិក្សានេះមិនអាចសន្មត់ដោយជាក់លាក់អំពីហេតុនិងផលនៃទំនាក់ទំនងរវាងការធ្វើម្ហូបនិងជំងឺវង្វេងវង្វាន់បានទេ។ ប៉ុន្តែក្រុមស្រាវជ្រាវជប៉ុនដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅវិទ្យាស្ថានវិទ្យាសាស្ត្រក្រុងតូក្យូ បានផ្តល់សម្មតិកម្មដូច្នេះថា គុណសម្បត្តិនៃការធ្វើម្ហូបចំពោះជំងឺវង្វេងវង្វាន់ ទំនងដោយសារការបញ្ចេញសកម្មភាព ចលនា ផ្នែករាងកាយ និងខួរក្បាល។ ធ្វើម្ហូបតម្រូវឱ្យប្រើកម្លាំងកាយ និងការគិត។ ដើម្បីធ្វើម្ហូបបានមួយចាន/មុខ គេចាំបាច់ត្រូវធ្វើសកម្មភាពច្រើនយ៉ាង ដូចជា ទៅផ្សារទិញបន្លែត្រីសាច់ រៀបគ្រឿងផ្សំ ត្រូវក្រោកឈរក្រោកអង្គុយ ពេលឆា ពេលស្ល។ រួចនៅពេលសម្លបាយឆ្អិន ត្រូវរៀបចំទុកដាក់ សម្អាត ចង្ក្រានចានឆ្នាំងទៀត។ លោកស្រី យុកាកូ តានី បានរំឭកថា ការសិក្សាស៊ុយអែត កាលពីឆ្នាំ២០២២ ក៏បានលាតត្រដាងឱ្យឃើញដូចគ្នាថាសកម្មភាពកំសាន្ត ឬការងារប្រចាំសប្តាហ៍ ដូចជា ធ្វើសួន សម្អាតផ្ទះ ធ្វើជាង សុទ្ធតែអាចកាត់បន្ថយខួរក្បាលមិនឱ្យទ្រុឌទ្រោមលឿនទៅតាមវ័យ។
ធ្វើម្ហូបជាការបំប៉នគំនិត។ ដើម្បីស្លចេញ គេត្រូវការប្រើបញ្ញា ប្រើខួរក្បាល ត្រូវគិតគ្រោង រកមុខម្ហូប ហើយម្ហូបនោះត្រូវស្លយ៉ាងដូចម្តេចបើតាមក្បួន និងមានលំដាប់លំដោយបែបណា ដាក់អ្វីមុន ដាក់អ្វីក្រោយ ចិតយ៉ាងដូចម្តេច និងមានគ្រឿងផ្សំអ្វីខ្លះ ... ខួរក្បាល បញ្ញាស្មារតី បញ្ចេញសកម្មភាពខ្លាំងនៅពេលធ្វើម្ហូប។ នេះបើតាមការពន្យល់របស់លោកស្រីសាស្ត្រាចារ្យ មកកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា ការធ្វើម្ហូបនៅផ្ទះនឹងនាំមកនូវទម្លាប់ល្អក្នុងការទទួលទានអាហារមានគុណភាព មានបន្លែផ្លែឈើច្រើន និងគ្រឿងគីមី កែច្នៃតិច។ ធ្វើម្ហូបខ្លួនឯង ជា សកម្មភាពបីបូកបញ្ចូលគ្នា គឺ ហូបអាហារមានគុណភាពខ្ពស់ បញ្ចេញសកម្មភាពផ្លូវកាយ និងការដាស់បញ្ញា (ប្រើខួរក្បាល)។
ចំពោះលទ្ធផលសិក្សាដែលបង្ហាញពីការកាត់បញ្ចៀសគ្រោះមនុស្សចាស់មានជំងឺវង្វេងបានដល់ទៅដល់ទៅ៦៧% វិញ លោកស្រី យុកាកូ តានី បានលម្អិតថា ធ្វើម្ហូប អាចបំប៉នបញ្ញាស្មារតី និងជាការផ្តល់ឱកាសឱ្យខួរក្បាលបានរៀនសូត្រដើម្បីទ្រទ្រង់សុខភាពខួរក្បាល។ ហេតុដូច្នេះហើយបានអ្នកគ្មានបទពិសោធន៍ខាងធ្វើម្ហូប តែប្រឹងចូលចង្ក្រានស្លដោយខ្លួនឯងនៅពេលចាស់ចូលនិវត្តន៍ តែម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះមានជំងឺភ្លេចវង្វេងបានច្រើន ជាងអ្នកចេះធ្វើម្ហូបពីក្មេង ពីព្រោះពួកគាត់ខំប្រឹងខ្លាំង ប្រឹងប្រើខួរក្បាលលើសអ្នកមានជំនាញខាងម្ហូបអាហារ។
វេជ្ជបណ្ឌិត Catherine Malaplate អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រនៅក្រុងណង់ស៊ីប្រទេសបារាំង មានសម្មតិកម្មមួយផ្សេងទៀត ទាក់ទងនឹងការធ្វើម្ហូបដែលផ្តល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល។ គុណប្រយោជន៍នោះទំនងដោយសារគុណភាពនៃអាហារ ដែលធ្វើដោយខ្លួនឯងនៅផ្ទះ។ នៅពេលធ្វើម្ហូបខ្លួនឯង យើងច្បាស់ជាប្រើរបស់ល្អៗ របស់ស្រស់ៗ សុទ្ធៗ មិនសូវកែច្នៃទេ។ គេបានដឹងយ៉ាងច្បាស់ថាអាហារកែច្នៃ អាហារឧស្សាហកម្ម បំផ្លាញសុខភាពខួរក្បាលខ្លាំងណាស់។ ថ្វីបើការសិក្សារបស់សាស្ត្រាចារ្យ យុកាកូ តានី គ្មានទិន្នន័យបញ្ជាក់អំពីអ្វីដែលអ្នកចូលរួមពិសោធន៍ពិសាក៏ដោយ ក៏ជីវវិទូបារាំង មានជំនឿថាម្ហូបអាហារក្នុងប្រពៃណីរបស់ជនជាតិជប៉ុន ច្រើនផ្សំឡើងដោយ ត្រី និងជាត្រីសម្បូរជាតិខ្លាញ់អូមេហ្កា៣។ ជាតិអូមេហ្កា៣នេះ ពូកែចិញ្ចឹមសរីរាង្គខួរក្បាល និងការពារកោសិកានៃប្រព័ន្ធប្រសាទខួរក្បាលបានល្អណាស់ ពោលគឺខួរក្បាលនឹងមានដំណើរការល្អ ហើយអាចពន្យឺតរោគសញ្ញានៃភាពទ្រុឌទ្រោម ភ្លេចភ្លាំងនិងវង្វេងបាន។ នេះបើតាមប្រសាសន៍របស់អ្នកស្រីCatherine Malaplateដដែល។ ចំណែកនាយិកាមូលនិធិយកឈ្នះជំងឺអាល់ហ្សៃមែរវិញ ចំណីអាហារមិនស្ថិតនៅក្នុងចង្កោមកត្តាហានិភ័យក្រៅខ្លួនបង្កជំងឺវង្វេងវង្វាន់ចំនួន១៤មែន ប៉ុន្តែម្ហូបអាហារអាចចាត់ទុកបានថាកត្តាហានិភ័យមិនផ្ទាល់ នៃជំងឺអាល់ហ្សៃមែរ។ ហេតុដូច្នេះបានជាការសិក្សារបស់លោកស្រី យុកាកូ តានី មិនអាចកំណត់សេចក្តីសន្និដ្ឋានច្បាស់ៗ តែក៏ឡូស៊ិកដែរ និងត្រូវសាកល្បងនៅតាមបណ្តាប្រទេសបស្ចិមលោកជាច្រើនទៀត ដែលមានរបបអាហារបែបផ្សេងពីជប៉ុន៕
Wed, 01 Apr 2026 - 154 - អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា?
ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។
អ្នកមានកាតព្វកិច្ចត្រូវមើលថែម្តាយឪពុក កូនក្មួយ ស្វាមី/ភរិយា ឬមាមីងបងប្អូន ចាស់ជរា មានជំងឺរ៉ាំរ៉ៃ ឬពិការ និយាយជារួមមើលថែសមាជិកគ្រួសារដែលបាត់បង់ស្វ័យភាព បានកើនឡើងជាលំដាប់ និងបន្តកើនឡើងទៀត នៅឆ្នាំខាងមុខ ព្រោះមនុស្សជាតិកាន់តែចាស់ទៅៗ ប្រជាជនមានអាយុកាន់វែង ហើយក្រុមគ្រួសារបែកខ្ញែក ចាកចេញទៅប្រកបរបរកាន់តែឆ្ងាយឡើងៗ។
ការមើលថែសមាជិកគ្រួសារបាត់បង់ស្វ័យភាព ជាការតបស្នង ជាទឹកចិត្តមេត្តាករុណា ជាស្នេហា ជាការលះបង់ដ៏ធំធេង តែក៏ជាបន្ទុកដ៏ធ្ងន់ដែលអាចបន្សល់ទុកនូវផលវិបាកក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃ និងដល់សុខភាពរបស់អ្នកមើលថែ ខ្លាំងណាស់។ ប៉ុន្តែក្នុងផ្នែកនេះ ពុំទាន់សូវមានការគិតគូរ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសង្គម និងសុខាភិបាលទេ មិនថានៅក្នុងប្រទេសជឿនលឿនឬប្រទេសក្រីក្រឡើយ។ នៅប្រទេសបារាំង មួយភាគបីនៃអ្នកមើលថែមនុស្សឈឺ/ចាស់ បានស្លាប់មុនអ្នកឈឺដែលគេមើលថែទៅទៀត។
ដូចម្តេចដែលហៅថាអ្នកមើលថែ?
អ្នកមើលថែ គឺជាអ្នកត្រូវជួយមើលការខុសត្រូវ ជាទៀងទាត់ឬជាញឹកញយ លើមនុស្សឈឺ ឬមនុស្សបាត់បង់ស្វ័យភាព ដោយហេតុមានជំងឺ ឬដោយភាពចាស់ជរា ឬដោយភាពពិការ។ ទទួលបន្ទុកមើលថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើស មិនមែនជាជំនាញ មិនមែនជាអាជីព និងគ្មានទទួលបានប្រាក់បៀរវត្សរ៍ ប្រាក់បំណាច់នៅពេលចូលនិវត្តន៍ទេ។ អ្នកជំងឺជាសមាជិកក្នុងគ្រួសារ អាចជាឪពុកម្តាយ ជាកូនចៅ ជាស្វាមី ជាប្រពន្ធ ជាសាច់ញាតិ ដែលត្រូវការជំនួយជារៀងរាល់ថ្ងៃ ឬស្ទើរជាប់ជាប្រចាំ ជាទូទៅគឺដោយភាពជរា ពិការ ឬមានជំងឺ។ ជំងឺត្រូវការអ្នកមើលថែខ្លាំងដំបូងគេ គឺជំងឺវង្វេងវង្វាន់ ជំងឺបាត់បង់ឬធ្លាក់ចុះខ្សោយសតិស្មារតី ជំងឺញ័រប៉ាគីសុន ជំងឺមហារីក ជំងឺស្លាប់មួយចំហៀងខ្លួន ព្រមទាំងជំងឺរ៉ាំរ៉ែផ្សេងទៀត។ អ្នកមានជំងឺខូចសតិ វិកលចរិក មិនគ្រប់ទឹក ជំងឺញៀន (ស្រា គ្រឿងញៀន) ក៏ជាបន្ទុកសម្រាប់សមាជិកក្នុងគ្រួសារដែរ។
អ្នកថែគ្មានអត្តសញ្ញាណពិតប្រាកដទេ តែភាគច្រើនជាស្ត្រី និងជាអ្នកមានភាពចាស់ទុំ។ គ្រប់មនុស្ស ក្នុងមួយជីវិត សុទ្ធតែអាចជួបនៅពេលណាមួយ ថ្ងៃណាមួយ កាលៈទេសៈណាមួយជំរុញឱ្យក្លាយជាអ្នកមើលថែមនុស្សឈឺ/ចាស់។
អ្នកថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើសទេ ហើយកម្របានត្រៀមលក្ខណៈទុកជាមុនណាស់ និងកម្រត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃទៀត។ បើតាមគ្រូពេទ្យជំនាញចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលអ្នកថែជំងឺវិកលចរិកនៅទីក្រុងLyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “គេនិយាយអំពីបន្ទុករបស់អ្នកមើលថែគ្រួសារឈឺ ដោយសំដៅទៅលើឥទ្ធិពលអវិជ្ជមានមកលើបុគ្គលដែលជាអ្នកមើលថែឪពុកម្តាយបងប្អូនឈឺ។ បន្ទុកនោះអាចមានច្រើនទម្រង់៖ អាចជាបន្ទុកផ្នែកសម្ភារៈ ផ្នែកថវិកា ផ្នែកសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តទៀត។
ផលវិបាកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកថែគ្រួសារ
ដោយមិនលម្អិតអំពីផលវិបាកផ្នែកសម្ភារៈនិងថវិកា ដែលបណ្តាលមកពីការចំណាយផ្នែកព្យាបាល ឬដោយការបាត់បង់ចំណូលព្រោះមិនអាចទៅបំពេញការងាររកលុយបន្ថែម ការមើលថែគ្រួសារឈឺឬអស់ស្វ័យភាព រាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកថែដែរ។ ជួយលើកដាក់អ្នកជំងឺ ឱ្យឈរ ឱ្យអង្គុយ ពេលបត់ជើង ពេលត្រូវសម្អាតកាយ ពេលជូតលាងប្រែ ប្តូរកន្លែង សុទ្ធតែត្រូវការប្រើកម្លាំង។ នៅពេលប្រឹងធ្វើកាយវិការនេះដដែលៗយូរៗទៅ វានឹងបណ្តាលឱ្យមានការឈឺចុកចាប់សាច់ដុំ មានបញ្ហាឈឺខ្នងឈឺចង្កេះ និងការនឿយហត់អស់កម្លាំងណាស់។ វិបត្តិដំណេក សំរាន្តមិនគ្រប់ក៏ជាផលវិបាកដែលអ្នកថែច្រើនជួបប្រទះញឹកញយដែរ ជាពិសេសនៅពេលត្រូវងើបញយដងនៅពេលយប់ ដើម្បីមើលអ្នកឈឺ។ ដោយមិនរាប់ពីស្ត្រេសរ៉ាំរ៉ៃដែលអ្នកថែទាំមនុស្សឈឺរងសម្ពាធខ្លាំង រហូតធ្វើឱ្យប្រព័ន្ធការពារខ្លួនចុះខ្សោយ និងងាយទទួលជំងឺ អ្នកមើលថែអ្នកជំងឺអាចនឹងមានវិបត្តិរំលាយអាហារ និងបេះដូងទៀត។
តែបញ្ហាសុខភាពផ្លូវចិត្ត ជាអ្វីដែលមិនគួរមើលរំលងឡើយ។ ជំងឺផ្លូវចិត្ត ដែលអាចកើតមានលើអ្នកមើលថែគ្រួសារឈឺ ច្រើនតែមានទម្រង់ដូចរោគសញ្ញាជំងឺBum-out ពោលគឺខ្សោះអស់កម្លាំងដោយធ្វើការហួសកម្លាំង ហត់ទាំងកាយហត់ទាំងចិត្ត ឈឺចុកចាប់ ដេកមិនលក់ ថប់បារម្ភនិងចេះតែកើតទុក្ខ។
មើលថែគ្រួសារឈឺ ឬបាត់បង់ស្វ័យភាព រាល់ថ្ងៃ ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរដែលអាចសង្កត់ប៉ះដល់អារម្មណ៍។ អ្នកថែមនុស្សឈឺច្រើនតែមានអារម្មណ៍អសមត្ថភាព នៅចំពោះមុខការធ្លាក់ចុះថយជាលំដាប់នៃស្ថានភាពសុខភាពរបស់អ្នកឈឺ។ អាចជាការគិតភ័យខ្លាចមើលថែមិនបានល្អ អាចមានអារម្មណ៍ធ្វើខុស ធ្វើមិនល្អ ទើបស្ថានភាពជំងឺម្តាយឪពុក បងប្អូនឬកូនចៅ មិនបានប្រសើរ មិនពេញចិត្ត។ បន្ទុកធ្ងន់ពេកក៏អាចធ្វើឱ្យអ្នកថែផ្ទាល់មានអារម្មណ៍តូចចិត្ត និងធ្លាក់ខ្លួនមានជំងឺបាក់ទឹកចិត្តផង បើគ្មានការយកចិត្តទុកដាក់មើលឱ្យបានទាន់ពេលវេលា។
ជាញឹកញយ អាទិភាពរបស់អ្នកមើលថែសមាជិកគ្រួសារឈឺ គឺកំដរមើលថែអ្នកឈឺ ហើយធ្វើគ្រប់យ៉ាងដើម្បីតែអ្នកឈឺ និងយករឿងផ្ទាល់ខ្លួន ចំណង់ គម្រោងផ្ទាល់ខ្លួននានា ព្រមទាំងសុខភាពផ្ទាល់ខ្លួនផង ជារឿងបន្ទាប់បន្សំ ឬទុកដាក់មួយឡែកសិន។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Romain Rey ដែលទើបចេញសៀវភៅដែលមានចំណងជើងថា “អ្នកមើលថែគ្រួសារឈឺនិងមោទនភាព”។
អ្នកថែមនុស្សក្នុងគ្រួសារឈឺ ក៏ច្រើនតែប្រឈមផងដែរ នឹងគ្រោះរស់ឯកាក្នុងសង្គម។ តួនាទីជាអ្នកមើលថែអ្នកឈឺ បានស្រូបយកអស់ពេលវេលាសម្រាប់បុគ្គលខ្លួនឯង ដោយលែងមានពេលវេលាសម្រាប់ទៅជួបមិត្តភក្តិ ឬសាច់ញាតិផ្សេងទៀត។ មិនថាឪពុកម្តាយ បងប្អូនមាមីង ឬកូនចៅអ្នកឈឺនោះមានជំងឺអ្វីទេ អ្នកមើលថែតែងតែលេចអារម្មណ៍ឯកា។ លោក Nicolas Franck សហនិពន្ធសៀវភៅស្តីពីអ្នកមើលថែមនុស្សឈឺ បានគូសបញ្ជាក់ថា ភាពឯកាអាចមានច្រើនបែប៖ គ្មានពេលវេលាសម្រាប់ខ្លួនឯង តែពេលបានចេញក្រៅ បែរជាមានអារម្មណ៍ថាខុសដោយទុកអ្នកឈឺចោល មានអារម្មណ៍ខ្មាសអៀនចំពោះស្ថានភាពដែលកំពុងកើតឡើង កំពុងធ្លាក់មកលើខ្លួន មានអារម្មណ៍ថាអ្នកក្រៅមិនយល់អំពីខ្លួន ក៏ចង់ផ្តាច់ខ្លួននៅតែឯង។ ខ្វះការយោគយល់ពីសំណាក់គ្រួសារនៅជុំវិញខ្លួន អ្នកខ្លះឈានដល់ទៅផ្តាច់ទំនាក់ទំនងជាមួយញាតិមិត្តតែម្តង។ មានអារម្មណ៍ថាខុសធ្វើមិនបានល្អ ទើបចេះតែដើរឆ្ងល់ដើរសួរខ្លួនឯងឥតឈប់ថា តើគួរអាចធ្វើអ្វីផ្សេងបានដើម្បីកុំឱ្យមានស្ថានភាពដូចពេលនេះ។
នៅពេលជំងឺអូសបន្លាយ កាន់តែរ៉ាំរ៉ៃ ការមើលថែយូរៗខែថ្ងៃពេក ទំនាក់ទំនងរវាងអ្នកមើលថែនិងអ្នកទទួលការមើលថែ នឹងប្រែប្រួលទៅតាមពេលវេលាដែរ។ នៅពេលបន្ទុកនៃការទទួលខុសត្រូវកាន់តែខ្ពស់ ទម្ងន់បន្ទុកអាចនឹងជំរុញឱ្យមានកំហឹង ជំរុញឱ្យបញ្ចេញអារម្មណ៍ខឹងមួរហ្មងឡើង ហើយចង់បន់ឱ្យអ្វីៗត្រូវចប់។ សម្រាប់ក្រុមគ្រូពេទ្យចិត្តសាស្ត្រ ការហត់ អស់កម្លាំងដល់ខ្សោះ នឹងធ្វើឱ្យលេចឆួលអារម្មណ៍អវិជ្ជមាន។ អ្នកខ្លះទប់អារម្មណ៍មិនបានចង់ឃើញសាច់ញាតិឈឺនោះស្លាប់ជាការប្រសើរជាង។ អារម្មណ៍ទាំងអស់នេះជាប្រតិកម្មធម្មតារបស់មនុស្ស មិនមែនជារបស់អ្នកថែមនុស្សណាម្នាក់ជាពិសេស ឬអ្នកថែមិនល្អឡើយ។
ក្លាយជាអ្នកជួយថែទាំគ្រួសារឈឺ/ចាស់ជរា នឹងធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃក្រឡាប់ចាក់ និងត្រូវរៀបចំចង្វាក់ថ្មី ដែលផ្អែកទៅលើសេចក្តីត្រូវការរបស់បុគ្គលជាអ្នកត្រូវមើលថែ។ ទំនាក់ទំនងជាមួយសមាជិកគ្រួសារផ្សេងទៀត ក៏ត្រូវកែសម្រួលដែរ។ វាមិនមែនជាងាយស្រួលឡើងក្នុងការប្តូរផ្លាស់តួនាទីជាកូន ជាស្វាមី ជាភរិយា ជាក្មួយ ជាមិត្តសំលាញ់ ទៅជាអ្នកមើលថែនោះ។ ទំនាក់ទំនងរវាងអ្នកមើលថែនិងអ្នកទទួលការមើលថែ អាចស្មុគស្មាញរកាំរកូស ព្រោះអ្នកមើលថែ ត្រូវបង្ហាញទឹកចិត្តល្អស្រលាញ់គោរពផង និងទឹកចិត្តម៉ឺងម៉ាត់ផ្តាច់ការផង ដើម្បីសម្របទៅនឹងស្ថានការពិបាកខ្លាំង។ ដូច្នេះអ្នកនៅជុំវិញខ្លួនអ្នកមើលថែមនុស្សឈឺ ត្រូវត្រៀមខ្លួនរងសម្ពាធពីតួនាទីថ្មីជាអ្នកមើលថែដែរ។ អ្នកមើលថែមនុស្សឈឺ មានពេលនិងថាមពលតិចសម្រាប់មើលអ្នកផ្សេងទៀត។ ការនេះអាចធ្វើឱ្យគ្រួសាររងសម្ពាធ ក្លាយជាជម្លោះក្នុងជីវិតគូ ឬជីវិតគ្រួសារ។ ដូចពាក្យស្លោកខ្មែរ ដាក់រទេះទីណា ខ្ទេចស្មៅទីនោះ !
អ្នកមានបន្ទុកថែមនុស្សឈឺ ថែឪពុកម្តាយចាស់ជរា ត្រូវការអ្នកជួយធ្វើ អ្នកជួយស្តាប់ អ្នកជួយរំលែកបន្ទុក និងរំលែកអារម្មណ៍មួរហ្មង!
Wed, 25 Mar 2026 - 153 - ជំងឺសម្ពាធឈាម៖ ក្មេងមានជំងឺលើសឈាមកើនទ្វេដងក្នុងពេលតែ២០ឆ្នាំ
លើសឈាមជាជំងឺមនុស្សចាស់។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០០០មក ចំនួនក្មេងកើតជំងឺលើសឈាម បានកើនឡើងទ្វេដង។ មានកត្តាជាច្រើនជាដើមហេតុនាំឱ្យមានកំណើនជំងឺលើសឈាមលើក្មេង។ តើជាអ្វីខ្លះ?
អត្រាអ្នកកើតជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់មកក៏ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ២០២៤ ពិភពលោកមានអ្នកផ្ទុកជំងឺលើសឈាមអាយុចន្លោះពី៣០ឆ្នាំទៅ៧៩ឆ្នាំ ប្រមាណ១៤០០លាននាក់ ឬត្រូវជា៣៣%នៃប្រជាពលរដ្ឋលើភពផែនដី។ ហើយនៅក្នុងនោះ មានអ្នកជំងឺពាក់កណ្តាល មិនដឹងខ្លួន និងមានតែម្នាក់ក្នុងចំណោម១០នាក់ប៉ុណ្ណោះបានទទួលការព្យាបាលត្រឹមត្រូវ។
លើសឈាមត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ និងជាជំងឺរបស់មនុស្សចាស់ ព្រោះហានិភ័យមានជំងឺនេះ កើនឡើងទៅតាមវ័យ។ ករណីកុមារ ឬក្មេងជំទង់មានជំងឺលើសឈាមត្រូវបានគេចាត់ទុកថាជាបាតុភូតពិសេស ឬកម្រ បើតាមអ្វីដែលវេជ្ជសាស្ត្របានដឹងរហូតមកទល់នឹងពេលនេះ ប៉ុន្តែបើតាមការសិក្សាស្តីពីស្ថានភាពសុខភាពកុមារនិងក្មេងជំទង់ ទើបចេញផ្សាយនៅថ្ងៃទី ១២វិច្ឆិកា ចុងឆ្នាំ២០២៥ ក្នុងទំព័រទស្សនាវដ្តីអង់គ្លេសផ្នែកវិទ្យាសាស្ត្រ The Lancet ចំនួនកុមារនិងក្មេងជំទង់មានរោគលើសឈាម បានកើនឡើងទ្វេដង នៅរវាងពីឆ្នាំ២០០០មកទល់ពេលបច្ចុប្បន្ន។ មានន័យថា ជំងឺសរសៃឈាមបេះដូង នឹងកើនខ្លាំងដែរ នៅពេលខាងមុខ ព្រោះកុមារនិងក្មេងជំទង់មានផ្ទុកជំងឺលើសឈាមទាំងអស់នោះត្រូវប្រឈមខ្លាំងនឹងគ្រោះមានវិបត្តិសរសៃឈាមបេះដូងនៅពេលធំពេញវ័យ។
ជាហានិភ័យសុខភាពកំរិតពិភពលោក! ក្នុងរយៈពេល២០ឆ្នាំចុងក្រោយមកនេះ គេសម្គាល់ឃើញមានករណីក្មេងកើតជំងឺលើសឈាមកើនមួយជាពីរ។ បើរាប់ជាភាគរយ ឃើញថានៅតិចនៅឡើយមែន ប៉ុន្តែបើគិតអំពីសមមាត្រនៃពេលវេលានិងកំណើនវិញ ជាអត្រាគួរឱ្យភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងព្រោះគេពុំធ្លាប់ឃើញមានជំងឺអ្វី មានកំណើនលឿនរហ័សបែបនេះទេ។ វេជ្ជបណ្ឌិត Peige Song អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យ Zhejang ប្រទេសចិន ដែលជាមេគំនិតម្នាក់ ក្នុងចង្កោមក្រុមអ្នកស្រាវជ្រាវដឹកនាំសិក្សាអំពីស្ថានភាពសុខភាពសម្ពាធឈាមរបស់កុមារនិងក្មេងជំទង់ បានពន្យល់ប្រាប់បណ្តាញCNNស៊ីអិនអិនថា នៅអំឡុងឆ្នាំ២០០០ ក្មេងប្រុសចំនួន៣,៤% និងក្មេងស្រី៣% មានជំងឺលើសឈាម។ តែថ្ងៃនេះ អត្រាក្មេងប្រុសមានរោគសម្ពាធឈាមបានឡើងដល់៦,៥% និង៥,៨%សម្រាប់ក្មេងស្រី។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គេមិនសូវចាប់អារម្មណ៍វិភាគឬពិនិត្យសុខភាពកុមារដៅរករោគសញ្ញាលើសឈាមកុមារទេ។ ប្រជាពលរដ្ឋទូទៅ មិនបានគិតដល់ឡើយថាក្មេងអាចមានបញ្ហាសម្ពាធឈាម។
តើលើស ឈាម ជា អ្វី ? ពាក្យ ថា លើស ឈាម មិនមែន សំដៅ លើ បរិមាណ ឈាម នៅក្នុង ខ្លួន ទេ តែ សំដៅ លើ កម្លាំង សម្ពាធ ឈាម ដែល ធាក់ ទៅ និង កម្លាំង សម្ពាធ ឈាម នៅ ពេល បេះដូង សម្រាក។ ហេតុដូច្នេះហើយ បានជានៅពេលវាស់ សម្ពាធឈាម គេតែង ឃើញមានសរសេរលេខបញ្ជាក់ពី កំរិតឈាម ខ្ពស់ និង កំរិតឈាម ទាប ។ កំរិតឈាម ទាំង ពីរនេះ ត្រូវឱ្យស្របគ្នា ៖ កំរិតឈាមទាប ត្រូវស្មើនឹងកំរិតឈាម ខ្ពស់ ចែកជាពីរ រួចបូកនឹង មួយ (ឧទាហរណ៍សម្ពាធឈាម ល្អ គឺ ១២-៧ ព្រោះ ១២៖២+១=៧ )។ បើ កំរិត ឈាម ទាំងពីរកៀកគ្នា ឬ ឃ្លាតគ្នាឆ្ងាយពេកក៏ ជាជំងឺមួយ ដែរ។ បច្ចុប្បន្ននេះ គេចាត់ទុកថា ប្រសិន បើមនុស្សពេញវ័យណាម្នាក់មានកំរិត សម្ពាធឈាមលើសពី ១៤ នោះ គេហៅថា មានជំងឺ ឡើងឈាមហើយ។
ចំពោះក្មេងវិញ សម្ពាធឈាមតែងទាបជាមនុស្សចាស់/ធំ។ គេអាចចាត់ទុកថាក្មេងណាម្នាក់មានបញ្ហាលើសឈាម នៅពេលវាស់ច្រើនលើកច្រើនសា និងជាច្រើនដង ទៅឃើញថា កំរិតឈាមឡើងដល់
-១១/៦ សម្រាប់ក្មេងក្រោមមួយឆ្នាំ
-១១,៥/៦,៥ សម្រាប់ក្មេងអាយុពី១ឆ្នាំទៅ៥ឆ្នាំ
-១២,៥/៨,៥ សម្រាប់ក្មេងអាយុចន្លោះពី ៦ ទៅ១០ឆ្នាំ
-១៤/៩ សម្រាប់ក្មេងចាប់ពីអាយុ១០ឡើងទៅ
សម្ពាធឈាមក្មេងឡើងខ្ពស់ខ្លាំង ម្តងម្កាល ជាលក្ខណៈទោល អាចបណ្តាលមកពីមូលហេតុសាមញ្ញ ដូចជាក្មេងយំខ្លាំងពេក ប្រឹងខ្លាំងពេក ឬភ័យស្រ្តេសជ្រុល។ ដោយគ្មានផ្តល់រោគសញ្ញាច្បាស់លាស់ គេច្រើនតែវែកដឹងថាក្មេងណាម្នាក់មានជំងឺលើសឈាម នៅពេលពិនិត្យតាមដានសុខភាពជាធម្មតា ឬនៅពេលមានរោគសញ្ញានៃជំងឺផ្សេងមួយទៀត។ ក្មេងមាន
រោគលើសឈាម ច្រើនតែបណ្តាលឬមានលាក់នូវជំងឺមួយមុខផ្សេងទៀត មានជាអាទិ៍៖ ជំងឺនៅតម្រងនោម ជំងឺសរសៃឈាមអាអករួមតូច ជំងឺរួមសរសៃឈាមអាទែនៅតម្រងនោម មានសម្ពាធក្នុងខួរក្បាល មានវិបត្តិអរមូន។ ខុសពីមនុស្សចាស់ មនុស្សធំ ករណីលើសឈាមកុមារដោយគ្មានលាក់ជំងឹផ្សេងជាករណីកម្រណាស់។ ប៉ុន្តែគឺករណីលើសឈាមគ្មានមូលហេតុនេះហើយដែល កំពុងកើនឡើងនិងជួបកាន់តែញយ។
សូមកុំមើលស្រាល ជំងឺលើសឈាមកុមារ។ បើតាមការសិក្សាអាមេរិក មានជំងឺលើសឈាមតាំងពីកុមារ (អាយុ៧ឆ្នាំ) បង្កើនហានិភ័យស្លាប់ដោយជំងឺសរសៃឈាមបេះដូង នៅពេលធំ ខ្ពស់ជាងក្មេងធម្មតាដល់ទៅជាង៤០%។ ដោយមិននិយាយដល់គ្រោះមរណៈនៅពេលធំ ដែលជាផលវិបាកធ្ងន់ធ្ងរ ជំងឺលើសឈាមនេះ ជាអ្នកបំផ្លាញសរសៃឈាមរបស់សរីរាង្គកាយទាំងមូល ហើយសរីរាង្គនីមួយៗដូចជា ថ្លើម ខួរក្បាល បេះដូង តម្រងនោម និងភ្នែក នឹងធ្លាក់ខ្លួនឈឺ។ ដូច្នេះក្មេងមានសម្ពាធឈាមខ្ពស់ នឹងក្លាយជាមនុស្សឈឺ នៅពេលធំ។
អ្វីជាកត្តាជំរុញ ឬបង្កើនគ្រោះមានសម្ពាធឈាមខ្ពស់?
មានកត្តាធំបីដែលបង្កើនគ្រោះកើតជំងឺលើសឈាមសម្រាប់កុមារ និងមនុស្សធំ។ ទីមួយ គឺជំងឺធាត់។ ធាត់ជាកត្តាហានិភ័យចម្បងគេនៃជំងឺសម្ពាធឈាមខ្ពស់ (ឡើងឈាម) ព្រោះការធាត់ខ្លាំង លើសទម្ងន់ មានន័យស្មើនឹងមានអាការៈធន់ស៊ាំនឹងអាំងស៊ូលីន និងការរោលរលាក។
របបអាហារជាកត្តាសំខាន់ទីពីរ ដែលនាំឱ្យមានគ្រោះកើតជំងឺសម្ពាធឈាមខ្ពស់។ ចំណីអាហារកែច្នៃ មហាកែច្នៃ ឬការបរិភោគអាហារមិនល្អសម្រាប់សុខភាព ដែលផ្តល់ថាមពលខ្ពស់ខ្លាំង មានខ្លាញ់ច្រើន ស្ករច្រើនផ្អែមខ្លាំង មានលាយសារធាតុគីមីបន្ថែម សម្រាប់លើករសជាតិ លើកពណ៌ សម្រាប់ទុកបានយូរ អាហារប្រៃ មានផ្ទុកជាតិសូយ៉ូមខ្ពស់ សុទ្ធតែជាភ្នាក់ងារបង្កើនគ្រោះហានិភ័យ នាំឱ្យកើតជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង។
កត្តាទីបី គឺកង្វះដំណេក ដេកមិនគ្រប់គ្រាន់ ដេកមិនស្កប់។ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយមកនេះ រយៈពេលដេករបស់មនុស្សជាតិ បានថយចុះអស់ មួយម៉ោងកន្លះ។ មនុស្សលោកដេកកាន់តែតិចទៅៗ និងបានខាតម៉ោងដេក អស់មួយម៉ោងកន្លះក្នុងមួយថ្ងៃ ដោយរវល់ទៅចំណាយពេលលើរឿងដែលមិនបានការទាល់តែសោះ។ តាមការពិតទៅនោះ គ្រប់គ្នាសុទ្ឌតែដឹងថា ការដេកមិនគ្រប់គ្រាន់ជាកត្តាបង្កើនគ្រោះមានបញ្ហាសម្ពាធឈាម។ បើមនុស្សធំមានជំងឺលើសឈាម បានទទួលថ្នាំព្យាបាលហើយតែសម្ពាធឈាមនៅតែខ្ពស់ នោះប្រហែលបណ្តាលមកពីអ្នកជំងឺមានបញ្ហាគាំងចង្វាក់ដង្ហើមនៅពេលសំរាន្តហើយ។ ករណីក្មេងមានជំងឺលើសឈាមក៏ដូចគ្នា។
មានអាយុទើបតែប្រមាណ១៥-១៦ឆ្នាំ ជាក្មេងកំពុងពេញជំទង់ ហើយធាត់លើសទម្ងន់ និងមានសម្ពាធខ្ពស់ ច្បាស់ណាស់ថាក្មេងម្នាក់នេះ មានវិបត្តិដំណេក គាំងដង្ហើមនៅពេលគេង ដែលជាហេតុធ្វើឱ្យដំណេកគ្មានគុណភាព។ កង្វះដំណេកនិងសម្ពាធឈាមមានចំណងទាក់ទងគ្នាណាស់។
ជាងនេះទៀត បន្ថែមពីលើកង្វះដំណេក ស្ត្រេស និងកង្វះសកម្មភាពផ្នែកកាយសម្បទា ក៏ជាកត្តាដែលមិនត្រូវមើលរំលងឡើយ ព្រោះដោយជាក់ស្តែងទៅនោះ ក្មេងជំនាន់នេះនៅមុខអេក្រង់ច្រើន និងធ្វើចលនាតិចជាក្មេងសម័យមុនឆ្ងាយណាស់។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុង ដដែល ដោយបញ្ជាក់ថា លើសឈាមមិនមែនជាជំងឺរបស់មនុស្សចាស់ ដូចអ្វីធ្លាប់គិតពីមុនទេ។ ការសិក្សាដែលផ្អែកលើទិន្នន័យសិក្សា៩៦ផ្សេងៗទៀត ក្នុងជាង២០ប្រទេសលើកុមាររាប់សិបម៉ឺននាក់ ជាភស្តុតាង។ តែជាដំណឹងល្អ ហានិភ័យក្មេងមានជំងឺលើសឈាមអាចកែប្រែនិងបង្ការបាន។ ដើម្បីលុបបំបាត់ការរាតត្បាតនៃជំងឺលើសឈាមកុមារ គេត្រូវពន្យុះនិងលើកទឹកចិត្តឱ្យក្មេងធ្វើចលនា ហាត់កីឡា បញ្ចេញសកម្មភាពកាយសម្បទា ទទួលទានអាហារសុខភាពចម្អិនដោយខ្លួនឯងនៅផ្ទះ មានបន្លែផ្លែឈើ ហើយចៀសវាងអាហារកែច្នៃ អាហារបែបឧស្សាហកម្ម និងត្រូវដេកឱ្យបានច្រើនជាងមុន។ តាមអនុសាសន៍ ទារកត្រូវគេង១៦-១៧ម៉ោងក្នុងមួយថ្ងៃ ១២ម៉ោងសម្រាប់កុមារអាយុ៣ឆ្នាំ ១០ម៉ោងចំពោះក្មេងអាយុ៦ទៅ១០ឆ្នាំ ឯក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំទៅត្រូវគេងជាមធ្យម៩ម៉ោង។ រហូតដល់អាយុ៦ឆ្នាំ កុមារត្រូវដេកថ្ងៃយ៉ាងហោចឱ្យបានកន្លះម៉ោងក្នុងមួយថ្ងៃ៕
Wed, 18 Mar 2026 - 152 - មនុស្សនៅលើពិភពលោកនឹងមានជំងឺអាល្លែកហ្ស៊ីគ្រប់គ្នា នៅពេលខាងមុខ?
នៅចុងឆ្នាំ១៩៦០ មានប្រជាពលរដ្ឋលើភពផែនដីតែប្រមាណ៤%មានជំងឺអាល្លែកហ្ស៊ី។ តែបច្ចុប្បន្ននេះ ចំនួនអ្នកអាល្លែកហ្ស៊ីបានឡើងដល់៣០% និង៥០%នៅឆ្នាំ២០៥០។ ហេតុអ្វីបានមានករណីអាល្លែកហ្ស៊ីកាន់តែច្រើនឡើងៗដូច្នេះ?
ហៀរសំបោរ កណ្តាស់ឥតឈប់ រមាស់រកាំភ្នែក នៅពេលប្តូរអាកាសធាតុ ឬឱ្យតែមេឃស្រលះ ឬដល់រដូវធ្លាក់ខ្យល់ អាការៈនេះមិនមែនជាជំងឺផ្តាសាយ ឬជាជំងឺបណ្តាលមកពីឆ្លងវីរ៉ុសទេ ប៉ុន្តែអាចជាអាការៈអាល្លែកហ្ស៊ី។ អាល្លែកហ្ស៊ីកំពុងក្លាយជាជំងឺមានកើតច្រើនឡើង មិនថានៅប្រទេសស្អាត ប្រទេសកខ្វក់ ក្រីក្រឡើយ។
នៅចុងទសវត្សរ៍ឆ្នាំ៦០ មានមនុស្សរស់លើពិភពលោកប្រមាណតែ៤%ប៉ុណ្ណោះ បានកើតជំងឺអាល្លែកហ្ស៊ី តែបច្ចុប្បន្ន អត្រាអ្នកជំងឺអាល្លែកហ្ស៊ីបានកើនឡើងដល់ប្រមាណ៣០% និងអាចឡើងដល់៥០%នៅឆ្នាំ២០៥០។ នេះបើតាមការព្យាកររបស់អង្គការសុខភាពពិភពលោក។ មានន័យថា ចំនួនអ្នកកើតអាល្លែកហ្ស៊ីបានកើនឡើងពី ១លើ២៥នាក់ ទៅ១លើ ពីរនាក់ ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍។
តើអាល្លែកហ្ស៊ីជាអ្វី?
អាល្លែកហ្ស៊ីជាប្រតិកម្មរបស់ខ្លួនយើងទៅនឹងសារធាតុអ្វីមួយដែលវាមិនអាចទ្រាំបាន -ដែលបង្កឱ្យមានប្រតិកម្ម ឬហៅថាធាតុallergènes (ជាភាសាបារាំង)។ ហើយធាតុដែលបង្កឱ្យមានអាល្លែកហ្ស៊ី ខុសគ្នាទាំងស្រុងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រោះនេះគឺជាសេចក្តីសម្រេចរបស់ប្រព័ន្ធការពារខ្លួនផ្ទាល់របស់មនុស្សម្នាក់ៗ។ ប្រព័ន្ធការពារខ្លួនយើង ស្រាប់តែនៅថ្ងៃណាមួយ មិនអាចធន់នឹងធាតុខាងក្រៅណាមួយដែលមិនទាំងអាក្រក់ មិនកាច ឬធ្លាប់ជួបប្រទះរាល់ថ្ងៃសោះ។ ផ្តល់សញ្ញាថាមិនត្រូវធាតុនឹងសរីរាង្គកាយយើង ហើយក៏បញ្ជាឱ្យបញ្ចេញប្រតិកម្មប្រឆាំងដើម្បីធាក់ធាតុមកពីក្រៅនោះចេញ។ នៅពេលប្រព័ន្ធការពារខ្លួនសម្រេចថាធាតុនេះឬនោះជាធាតុបង្កអាល្លែកហ្ស៊ី នៅពេលដំបូងភ្លាម គេហៅថាជាដំណាក់កាលបញ្ជៀប ដោយប្រព័ន្ធការពារខ្លួនប្រាណសាកល្បងបង្កើតអង្គបដិបក្សសម្រាប់ការពារប្រឆាំងនឹងធាតុអាល្លែកហ្ស៊ីនោះ។ នៅពេលជួបលើកក្រោយៗទៀត វាអាចជាបញ្ចេញប្រតិកម្មប្រឆាំងខ្លាំង។
អាល្លែកហ្ស៊ីអាចមានច្រើនប្រភេទធំៗ គឺ ជាអាល្លែកហ្ស៊ីផ្លូវដង្ហើមខាងលើ អាល្លែកហ្ស៊ីចំណីអាហារ អាល្លែកហ្ស៊ីថ្នាំ និងអាល្លែកហ្ស៊ីពិសសត្វ។
អាល្លែកហ្ស៊ីផ្លូវដង្ហើមខាងលើ ប៉ះពាល់លើច្រមុះ ទងសួត និងភ្នែក ដែលច្រើនតែបណ្តាលមកពី កម្ទេចលម្អងធូលីក្នុងផ្ទះ សត្វល្អិតតូចខ្លាំងមើលមិនឃើញភ្នែក ដែលចូលចិត្តធាតុក្តៅនិងសើម (ចៃ សង្កោច កន្លាត) រោមសត្វឆ្កែ ឆ្មា ឬទឹកនោមកណ្តុរ ឬផ្សិតដែលផ្តល់ក្លិនផ្តុះដោយហេតុបរិយាកាសសើមថប់ នៅតាមក្នុងបន្ទប់ទឹក ផ្ទះបាយ ឬ បន្ទប់បិទជិតពេក។ លម្អងផ្កាក៏ជាប្រភពនាំឱ្យមានអាល្លែកហ្ស៊ីផ្លូវដង្ហើមខ្លាំងដែរ ជាពិសេសនៅរដូវផ្ការីក។ ហើយកំរិតនៃអាល្លែកហ្ស៊ីដោយលម្អងផ្កាអាស្រ័យទៅប្រភេទផ្កា ទីតាំងភូមិសាស្ត្រ តែគឺលម្អងដែលហុយតាមខ្យល់ជាអ្នកបង្កអាល្លែកហ្ស៊ី។ ហេតុដូច្នេះហើយបានជាខ្យល់ពុលក្នុងបរិយាកាសមានកាន់តែច្រើន ករណីអាល្លែកហ្ស៊ីមានកាន់តែខ្លាំង ហើយភាពកំណាចនៃអាល្លែកហ្ស៊ីកាន់តែត្រូវបានពង្រឹង។
អាល្លែកហ្ស៊ីចំណីអាហារ
មិនខុសពីអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីចំណីអាហារ គឺជាប្រតិកម្មនៃប្រព័ន្ធការពារខ្លួនក្រោយលេបអាហារអ្វីមួយចូលទៅ។ គេមិនត្រូវច្រលំរវាងភាពមិនអនុគ្រោះនឹងម្ហូបចំណីអាហារណាមួយ និងអាល្លែកហ្ស៊ីអាហារទេ។ អាល្លែកហ្ស៊ីអាហារ គឺជាប្រតិកម្មភ្លាមភ្លែត (កម្រចាប់យូរដល់២៤ឬ៤៨ម៉ោងណាស់) និងមានលេចអាការៈសញ្ញារោគខ្លាំងច្បាស់ៗតែម្តង។ រោគសញ្ញាអាល្លែកហ្ស៊ីអាហារ អាចជា ការភើច្រាលខុសប្រក្រតី (សម្រាប់ទារកតូចខ្លាំង) - ឡើងរោលកន្ទួល រមាស់នៅមាត់- ក្អួតចង្អោរ- ទល់ខ្យល់ រាគ ឬក្តៀន- ឡើងរោល ក្រហម រមាស់ ប្រទាក្រអាក ត្រអក នៅលើស្បែក- ឈឺក្បាល- ថប់ពិបាកដង្ហើមដូចកើតរោគហឺត - ហៀរសំបោរ- និងហើមបបូរមាត់ ម្រាមដៃម្រាមជើង ប្រអប់ដៃប្រអប់ជើង ភ្នែក ឬមុខ និងបំពង់ក។
ក្នុងទម្រង់ធ្ងន់ធ្ងរ ការហើមបំពង់កអាចទៅបិទខ្ទប់ផ្លូវដង្ហើមធ្វើឱ្យអ្នកជំងឺអាចមានគ្រោះថ្នាក់ដល់ជីវិតបាន។ អ្នកខ្លះអាល្លែកហ្ស៊ីអាហារខ្លាំងពេកដល់ថ្នាក់សន្លប់ បាត់ស្មារតីលែងដឹងខ្លួន។ ជាទូទៅ អាល្លែកហ្ស៊ីអាហារ មានលក្ខណៈធ្ងន់ធ្ងរឡើងៗ មានន័យថាប្រព័ន្ធការពារខ្លួនបញ្ចេញប្រតិកម្មកាន់តែខ្លាំងឡើង នៅរាល់ពេលជួបអាហារជាភ្នាក់ងារបង្កអាល្លែកហ្ស៊ី។
ចំណីអាហារដែលងាយបង្កអាល្លែកហ្ស៊ីជាងគេសម្រាប់កុមារ មានដូចជា ស៊ុត ទឹកដោះគោ សណ្តែកដី ផ្លែមានសម្បករឹង ត្រី។ ប៉ុន្តែអាល្លែកហ្ស៊ីនឹងទឹកដោះគោ ឬស៊ុត ច្រើនតែបាត់ទៅវិញ នៅពេលក្មេងលូតលាស់កាន់តែធំទៅ។ ឯការអាល្លែកហ្ស៊ីនឹងសណ្តែកដី អាចជាតែប្រមាណ២០%ប៉ុណ្ណោះ។
ចំណែកមនុស្សធំវិញ ច្រើនតែមានករណីអាល្លែកហ្ស៊ីនឹងផ្លែឈើក្នុងចង្កោមគ្រួសារផ្លែប៉ោម ផ្លែព័រ(សេរី) អាប្រ៊ីកូ ផ្លែឈេរី ក្នុងចង្កោមគ្រួសារផ្លែគីវី ផ្លែប័រ ចេក កៅឡាក់ បន្លែខ្លះ ផ្លែមានសម្បករឹង ដូចជាអាមិន គ្រាប់រីករាយ ស្រូវសាលី សណ្តែកដី និងស៊ុត ព្រមទាំងត្រី គ្រឿងសមុទ្ទ ងាវគ្រំ។ល។
របៀបចំអិន របៀបទុកដាក់ ការចិតសំបក អាចដើរតួសំខាន់ក្នុងនាំឱ្យមានអាល្លែកហ្ស៊ីចំណីអាហារ។ ហើយជាងនេះទៅទៀត មិនខ្វះទេករណីអាល្លែកហ្ស៊ីឌុប គឺអាល្លែកហ្ស៊ីផ្លូវដង្ហើមផង អាល្លែកហ្ស៊ីចំណីអាហារ។
អាល្លែកហ្ស៊ីថ្នាំ ឬថ្នាំនាំឱ្យមានអាល្លែកហ្ស៊ី ច្រើនជាពពួកថ្នាំផ្សះ ថ្នាំបំបាត់ការរលាក និងថ្នាំសន្តំខ្លះ។ ជាចុងក្រោយអាល្លែកហ្ស៊ីពិស កើតឡើងនៅពេលត្រូវឃ្មុំ ស្រាំង ឱម៉ាល់ ទិច ឬ នៅពេលមានពស់ចឹក។
ហេតុអ្វីអាល្លែកហ្ស៊ីផ្លូវលើ និងអាហារកើនឡើងខ្លាំង?
មានហេតុផលច្រើនដែលអាចពន្យល់បានថាហេតុអ្វីបានជាមានអ្នកខ្លះចេះតែអាល្លែកហ្ស៊ី អ្នកខ្លះអត់។ មូលហេតុដំបូង គឺកត្តាហ្សែន/ពូជ។ អ្នកខ្លះកើតមកយកលក្ខណៈងាយអាល់ឡែកហ្ស៊ីមកជាមួយ ជួនដោយហេតុតែហ្សែនបន្តពីឪពុកឬម្តាយ ជួនបណ្តាលមកពី ហ្សែនស្រាប់តែដើរខុសប្រក្រីតី ដែលបណ្តាលមកពីកត្តាបរិស្ថាន ដូចជា ខ្យល់ពុល ឬការប្រែប្រួលអាកាសធាតុ។
គឺដោយហេតុកត្តាបរិស្ថាននេះហើយដែលធ្វើឱ្យចំនួនមនុស្សកើតអាល្លែកហ្ស៊ីមានកំណើនគួរសម្គាល់នាពេលនេះ។ នៅពេលនិយាយអំពីកត្តាបរិស្ថាន គេតែងគិតដល់និងបន្ទោសខ្យល់ពុលមុនគេ ព្រោះការប្រឈមនឹងធាតុខ្លះក្នុងខ្យល់ពុលអាចធ្វើឱ្យហ្សែនមនុស្សចេះ បំប្លែងខ្លួន រូចវិវឌ្ឍទៅជាជំងឺអាល្លែកហ្ស៊ី។ បន្ទាប់មកទៀត គឺការប្រែប្រួលអាកាសធាតុ។ ការឡើងកម្តៅសីតុណ្ហភាពបានធ្វើឱ្យរដូវផ្ការីកនិងដាក់លម្ពង ឆាប់ចាប់ផ្តើម និងអូសបន្លាយពេលវេលាកាន់តែវែង។ ដូច្នេះយើងត្រូវប្រឈមនឹងវត្តមានលម្អងផ្កា ក្នុងបរិយាកាសកាន់តែយូរ ហានិភ័យនៃអាល្លែកហ្ស៊ីលម្អង មានកាន់តែខ្ពស់។ ជាងនេះទៅទៀត នៅពេលកំហាប់ជាតិពុលឌីអុកស៊ីតដឺកាបូន (CO2) ក្នុងខ្យល់បរិយាកាសមានកាន់តែខ្ពស់ ការផលិតលម្អងក៏កើនឡើងខ្លាំងដែរ។ គេប៉ាន់ប្រមាណថា បរិមាណលម្អងនឹងកើនឡើងបន្ថែមទៀតប្រមាណ៤០%នៅដំណាច់សតវត្សរ៍ ហើយបន្តិចទៀតយើងគ្រប់គ្នាច្បាស់នឹងចេះហូរសំបោរហៀរទឹកភ្នែកព្រោះអាល្លែកហ្ស៊ី ជាមិនខាន។
មិនខុសពីអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីអាហារ និង បានកើនឡើងជាលំដាប់។ សម្មតិកម្មពន្យល់អំពីកំណើនអាល្លែកហ្ស៊ីអាហារក៏មានច្រើនដែរ។
ភាពសម្បូរបែបនៃចំណីអាហារ។ តាមរយៈការរីកចម្រើនផ្នែកចរាចរណ៍ផ្លូវអាកាស មនុស្សលោកធ្វើដំណើរកាន់តែច្រើនឡើងៗតាមយន្តហោះ និងសកលភាវូបនីកម្មនៃស្បៀងអាហារ យើងបានជួប បានបរិភោគចំណីអាហារប្លែកៗដែលដូនតាយើងមិនធ្លាប់ស្គាល់ មិនធ្លាប់ឃើញ។ ការឆាប់ផ្តល់អាហារប្លែកៗពេកដល់ទារកត្រូវបានគេភ្ជាប់ថាជាហេតុផលមួយនៃអាល្លែកហ្ស៊ីចំណីអាហារដែរ។ នេះជាសម្មតិកម្មទីមួយ។ បន្ទាប់មកទៀត វឌ្ឍនភាពនៃការជ្រើសរើសពូជរុក្ខជាតិមកដាំ មិនថាជាដំណាំស្រូវ ដំណាំដើមឈើស៊ីផ្លែ ឬបន្លែទេ ត្រូវបានបង្កាត់ បន្សុទ្ធធ្វើយ៉ាងណាឱ្យខាងតែបានពូជល្អ តែការនេះបានប្តូរផ្លាស់សមាសធាតុគីមីរបស់បន្លែផ្លែឈើនិងធញ្ញជាតិទាំងនោះខ្លាំងណាស់។ រីឯការផលិតអាហារតាមបែបកសិឧស្សាហកម្មវិញ ចំណីអាហារនំនែកម្ហូបសម័យថ្មី ត្រូវបានបង្កើតថ្មីជាមួយគ្រឿងផ្សំថ្មី ប្លែក តាមវិធីនិងដំណើរការថ្មីទំនើប ដែលជំរុញឱ្យមានអាល្លែកហ្ស៊ីថ្មី។ បើតាមអ្នកវិទ្យាសាស្ត្រខ្លះទៀត យល់ថា ការរស់ក្នុងភាពស្អាតអនាម័យខ្លាំង ដោយទារក-ក្មេងបច្ចុប្បន្ន មិនសូវបានប៉ះ មិនសូវបានជួបពពួកមីក្រូសរីរាង្គ (មីក្រុប មេរោគ) ក្នុងបរិស្ថាន ក្នុងអាហារ ក៏ជាប្រភពបើកផ្លូវសម្រួលឱ្យងាយមានករណីអាល្លែកហ្ស៊ីដែរ។
ជាចុងក្រោយ គឺឥទ្ធិពលអវិជ្ជមាននៃខ្យល់ពុល នៃផ្សែងចេញពីចំណេះប្រេងម៉ាហ្សូតជាឧទាហរណ៍ ជាភ្នាក់ងារនាំឱ្យមានអាការៈអាល្លែកហ្ស៊ីជាទូទៅតែម្តង៕
Wed, 11 Mar 2026
Podcasts similar to នាទីសុខភាពនិងអនាម័យ
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Dante Gebel Live Dante Gebel
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
Brigitte Lahaie Sud Radio Sud Radio
Et si on en parlait Europe1
Ça va beaucoup mieux RTL
Europe 1 Santé Europe 1
Symptômes RTL
Métamorphose, éveille ta conscience ! Anne Ghesquière
Méditation, Relaxation, Sommeil par Gaia Meditation Gaia Meditation - Les Frères Clément
Psychologie et Bien-être |Le podcast de Psychologue.net Psychologue
Boustifaille par Laurent Mariotte Laurent Mariotte
Laurent Karila : Addiktion France Télévisions / Mediawan Digital Studio / Reservoir Prod
Relaxing Nature Sounds Sound Escape
Sleep Podcast by Slow | Relaxing Sleep Sounds & Sleep Stories | Nature Sound For Sleep | ASMR ASMR Sleep Triggers
RMC Running RMC
Bruit Blanc Bruit Blanc
Sleep Better | Sleep Music with Noise Sleep Better
AVS Beur FM
Om Nama Shivaya - Shiva Mantra Chants recited by Sandeep Khurana Sandeep Khurana
Dormir sans soucis Sommeil
Bird Sounds BirdSounds.com
Law of Attraction Practices Ashutosh Mittal