Filtra per genere

នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

RFI ខេមរភាសា / Khmer

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

180 - ហេតុ​អ្វី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ ​ជា​រៀង​រាល់​ឆ្នាំ?
0:00 / 0:00
1x
  • 180 - ហេតុ​អ្វី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ ​ជា​រៀង​រាល់​ឆ្នាំ?

    ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​រាប់​លាន​នាក់ រត់​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​គ្រុនផ្តាសាយ។ មិនមែន​ជា​ជំងឺ​ធ្ងន់​មែន ប៉ុន្តែផ្តាសាយ​បាន​ឆក់​យក​ជីវីត​មនុស្ស​អស់​ច្រើន​នាក់​ណាស់​ក្នុង​មួយឆ្នាំៗ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ត្រជាក់​ដូចយ៉ាង​បារាំង។ តើ​ផ្តាសាយ​ជាជំងឺ​របស់​ស្រុក​ត្រជាក់ឬ? ហើយ​ហេតុ​អ្វី​បាន​ជា​គេត្រូវ​ចាក់វ៉ាក់សាំង​ជា​រៀង​រាល់​ឆ្នាំ បើ​ចង់​គេច​ពី​ជំងឺ​ផ្តាសាយ?​

    ផ្តាសាយ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរ៉ុស ហ្វ្លូអ៊ីនហ្សា ឬ ហ្វ្លូ Influenza។ នេះ​បើ​តាម​និយមន័យ​ផ្តល់​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ។ ជំងឺ​ផ្តាសាយ​ប៉ះពាល់​ជាពិសេស ប្រព័ន្ធ​ផ្លូវដង្ហើម មាន​ដូចជា ច្រមុះ បំពង់ក និង​ទងសួត តែ​កម្រ​ប៉ះពាល់​ដល់​សួត​ណាស់។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ អាច​ជា​អាការៈ​ក្តៅខ្លួន ឈឺ​សាច់ដុំ ឈឺក្បាល ឈឺ​បំពង់ក ក្អកស្ងួត រលាក​ច្រមុះ និង លេច​ឡើង នៅ​១​ទៅ​៤​បួន​ថ្ងៃ ក្រោយ​វីរ៉ុស បាន​ឆ្លង​ចូល​និង សំងំ​នៅក្នុង​ខ្លួន​យើង។

    មេរោគ​ផ្តាសាយ Influenza​មាន​បី​ប្រភេទ A B C។ វីរុស​ប្រភេទ អា មាន​ភាពកំណាច និង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ ព្រោះ​វា​អាច​បំប្លែង​ខ្លួន​ខ្លាំង និង ទាំង​ស្រុង ហើយ​បង្កបង្កើត​ទៅ​ជា​ជំងឺ​រាតត្បាត ឆ្លង​ពេញ​ពិភពលោក​បាន។ កាច​ខ្លាំង​ដែរ វីរ៉ុស​ប្រភេទ​បេ មាន​កើត​ញឹកញយ​ជាងគេ ជា​ភ្នាក់ងារ​នាំ​ឲ្យ​មាន​ករណី​រាតត្បាត​ដែរ។ ជំងឺ​ផ្តាសាយធំ ច្រើន​តែ​ជា ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស ប្រភេទ បេ​នេះ​ឯង។ ចំណែក Influenza ប្រភេទ C វិញ ស្លូត​ជាងគេ និង​មិន​បង្ក​ឲ្យ​មាន​ការរាតត្បាត​ទេ ពោល​គឺ​ជាប្រភេទ​ផ្តាសាយ ដែល​មាន​ទម្រង់ ដូច​ផ្តាសាយ​ធម្មតា ហៀរ​សំបោរ តឹង ច្រមុះ​ខឹតខក​បន្តិច​ក៏បាត់​ទៅវិញ។

    ត្រជាក់ធ្វើឱ្យ​ផ្តាសាយ?

    នៅប្រទេសបារាំង ក៏ដូចជា​បណ្តា​ប្រទេស នៅតំបន់​អឌ្ឍគោល​ខាង​ជើង ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​មេសា ជា​រៀងរាល់​ឆ្នាំ ជា​រយៈពេល ដែល​មាន​ករណី​ឆ្លង​ផ្តាសាយ​ច្រើន​ជាងគេ។ រដូវ​ផ្តាសាយ ឬ​ផ្តាសាយ​រដូវ ច្រើន​ចាប់​ផ្ទុះ​ខ្លាំង​នៅ​ម្តុំ​ខែ​ធ្នូ​ឬ​ខែ​មករា នៅ​ពេល​អាកាសធាតុ ចាប់​ត្រជាក់​ខ្លាំង។ ប៉ុន្តែ​នេះ ពុំ​មាន​ន័យ​ថា ផ្តាសាយ​ជា​ជំងឺ​ស្រុក​ត្រជាក់​ឡើយ។ មិនដូច ជំនឿ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​ទូទៅ ភាពត្រជាក់​មិនមែន​ជា​មូលហេតុ​ផ្ទាល់ ​នាំឲ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ។ នេះ​ជា​ការបញ្ជាក់​របស់​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្លង ដោយ​ពន្យល់​ថា​ ប្រទេស​ក្តៅ នៅ​អាស៊ី នៅដើម​និង​មជ្ឈិមបូព៌ា ក៏ដូចជា​នៅ​អឺរ៉ុប អាមេរិក កាណាដា សុទ្ធតែ​មាន​មនុស្ស កើត​ផ្តាសាយ​ទាំងអស់ និង មាន​រដូវ​ឆ្លង​ផ្តាសាយ​ខ្លាំង​ដូចៗគ្នា។ ភាពត្រជាក់​មិន​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ ព្រោះ​ ភាពត្រជាក់​មិនមែន​ជា​វីរុស។ ឯ​ជំងឺ​ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស។ គ្រាន់​តែ​ថា​ភាពត្រជាក់ អាច​​សម្រួល​លក្ខខណ្ឌ​ចម្លង​វីរុស​ផ្តាសាយ​។ ហេតុ​ដូច្នេះហើយ​បានជាយើងគ្រប់គ្នាយល់​​ច្រលំ​ ហើយ​តែង​តែ ​ផ្តែផ្តាំ​កូនចៅ​ឲ្យ​ប្រុងប្រយ័ត្ន ខ្លាច​ធ្លាក់​ខ្លួន​ឈឺ​ផ្តាសាយ ​ឲ្យតែ​មេឃ​ចុះ​ត្រជាក់។

    ដោយជាក់ស្តែង​ទៅ​នោះ នៅ​ពេល​សីតុណ្ហភាព​ចាប់​ចុះ​ត្រជាក់​ មនុស្ស​ច្រើន​តែមាន​ទំនោរ​​ចង់​សំងំ​នៅតែក្នុង​ផ្ទះ នៅ​ទីបិទជិត​ ដើម្បី​ទទួល​បាន​ភាពកក់​ក្តៅ។  គឺការ​រស់​នៅ​ក្នុង​ទី​បិទ​ជិត ក្នុង​ទីដែល​អាច​​មានការ​ជួបជុំ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ច្រើន​នេះ​ហើយ​ដែល​ជា​កត្តា​នាំ​ឱ្យ​ងាយទទួល​វីរុស ចម្លង​​ជំងឺ​ផ្តាសាយ។ ​ ម្យ៉ាង​វិញ​ទៀត អាកាសធាតុ​ត្រជាក់ នឹង​ជំរុញ​ឱ្យ​ភ្នាសនៅ​រន្ធ​ច្រមុះស្ងួត។ ម៉ាស៊ីន​កម្តៅ​ ក៏​​ធ្វើ​ឲ្យ​ខ្យល់បរិយាកាស​កាន់​តែ​​ស្ងួតដែរ ដូច្នេះ​រន្ធច្រមុះ​ជា​ផ្លូវ​ដក​ដង្ហើម​របស់​យើង​រឹត​តែមាន​សភាព​ស្ងួត​ថែមមួយជាន់ទៀត។ រន្ធច្រមុះ​ស្ងួត ឬ​ផ្លូវដង្ហើម​ដង្ហើម​ស្ងួត​ នឹង​សម្រួលឱ្យ​មាន​​ការ​បង្ក​រោគ​ជាមួយ​វីរុសផ្លូវដង្ហើម​។ ដល់​អ៊ីចឹង​ទៅ វីរុស​ផ្លូវដង្ហើម ឬ​វីរុស​ផ្តាសាយ​ អាច​នៅ​តោងជាប់​លើ​ភ្នាស​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម ហើយ​លេច​ជា​អាការៈ​ផ្តាសាយ​ឡើង។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​មេឃក្តៅ សីតុណ្ហភាព​ឡើង​ខ្ពស់ និង​មាន​ពន្លឺកាំរស្មី​ព្រះអាទិត្យ វីរុសផ្តាសាយ​មិន​អាច​ស៊ូ​រស់​ក្នុង​បរិយាកាស​បាន​យូរ​ទេ ហើយក្នុង​រយៈ​ពេល​នោះ មនុស្សម្នា​ទូទៅ ក៏​ចូល​ចិត្ត​រស់​នៅ​ក្រៅ នៅ​វាល​មាន​ខ្យល់​រំភើយ​ល្ហើយ​ស្រួល ទើប​ហានិភ័យ​ឆ្លង​វីរុស​ផ្តាសាយ​ត្រូវ​ធ្លាក់​ចុះ។ ប៉ុន្តែ​ នៅក្នុង​ប្រទេស​ក្តៅ វីរុស​ផ្តាសាយ​អាច​ចម្លង​យ៉ាង​សុះសាយ​ពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់​បាន ដោយ​ហេតុ​តែ​មនុស្ស​ម្នា គេច​ពី​ក្តៅ​ទៅ​ចូល​ទី​ត្រជាក់ មាន​ម៉ាស៊ីនត្រជាក់​​ ដែល​ជា​កន្លែង​បិទ​ជិត​ មាន​មនុស្ស​ផ្តុំ​គ្នា​ច្រើន​ ដែល​សម្រួល​ឱ្យ​ករណី​ចម្លង​ផ្តាសាយ​ស្រួល។  ចេញពីទីក្តៅ ចូលកន្លែងត្រជាក់  ចេញផុតពី​កន្លែង​មាន​ម៉ាស៊ីន​ត្រជាក់ ទៅ​​ត្រូវ​ក្តៅហែង គម្លាត​និង​ការប្រែប្រួល​ក្តៅ​ត្រជាក់ភ្លាមៗ ដែល​ធ្វើ​ភ្នាស​ផ្លូវដង្ហើម​រង​ការ​ប៉ះទង្គិច ក៏​ជា​កត្តា​សម្រួល​ឲ្យកើត​​ផ្តាសាយ​ដែរ​។

    ថ្នាំបង្ការ​ផ្តាសាយ​ត្រូវ​ចាក់​រាល់​ឆ្នាំ?

    ផ្តាសាយ​មិនមែន​ជា​ជំងឺធ្ងន់​ទេ។ ប៉ុន្តែ​នៅឆ្នាំ២០២៥ គ្រុនផ្តាសាយ​ទំនង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ​ជាង ១ម៉ឺន២ពាន់​នាក់ នៅ​ប្រទេស​បារាំង​ដែល​ចាប់​បើក​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ តាំងពី​ថ្ងៃទី ១៣ តុលា​មក។ វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ ប្រសើរ​ជាងគេ ក្នុង​កិច្ចការពារ​ជំងឺ​គ្រុន​ផ្តាសាយ។ ខុស​ពី​ថ្នាំ​បង្ការ​មួយ​ចំនួនផ្សេង​ទៀត វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ​ត្រូវ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​វីរុស​ផ្តាសាយ​វិវឌ្ឍ និង​បំប្លែង​ខ្លួន​ជា​រៀង​រាល់​ឆ្នាំដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ចាំបាច់​ត្រូវ​ផលិត​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ​ថ្មី​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សម្របតាម​​វីរុសថ្មី។

    ដូចថ្នាំ​បង្ការ​ទាំង​ឡាយ ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ មិនមែន​មាន​ន័យ​ថា​យើង​លែង​ឆ្លង​ផ្តាសាយ​នោះ​ឡើយ។ បាន​ទទួល​វ៉ាក់សាំង​ហើយ ក៏​នៅ​តែ​អាច​កើត​ផ្តាសាយ​បាន​ដែរ ប៉ុន្តែ​វ៉ាក់សាំង​អាច​ជួយ​សរីរាង្គកាយ​ឱ្យ​បញ្ចេញ​ប្រតិកម្ម​តតាំង​នឹង​វីរុសFlu បាន​លឿន​ និង​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន។ នៅ​ពេល​ឆ្លង​ផ្តាសាយ​ អ្នក​បាន​ទទួល​ថ្នាំ​បង្ការ មិន​សូវ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង មិន​សូវ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ក៏​មិនសូវ​មាន​ហានិភ័យ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ផ្នែក​បេះ​ដូង ឬសួត ដែល​ជា​ដើម​ហេតុ​នាំ​មាន​ករណី​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវចូល​ព្យាបាល និង​ដេក​ពេទ្យ។

    បុគ្គលដែល​ងាយ​រងគ្រោះ​នឹង​ជំងឺ​ផ្តាសាយ​ គឺ​មនុស្ស​ចាស់ អាយុ​ចាប់​ពី​៦៥​ឆ្នាំឡើង​ទៅ ទោះបី​ជា​មាន​សុខភាព​ល្អ​ក៏​ដោយ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ឬ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ដូចជា​ជំងឺ​ហឺត ជំងឺ​បេះដូង ជំងឺ​ក្រលៀន ជំងឺថ្លើម ឬ​អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន។

    ផ្តាសាយ​​អាច​ក្លាយ​ជា​ជំងឺ​ធ្ងន់​សម្រាប់​មនុស្ស​ពី​រជំពូក គឺ​ក្មេង​តូច និង​មនុស្ស​ចាស់​។ គ្រុនផ្តាសាយ​ក៏​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​កុមារ​ដែរ។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​ណែនាំ​ឱ្យ​ឪពុកម្តាយ​នាំ​កូន​តូច​ ចាប់​ពី​អាយុ​៦​ខែ​ ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ​ទៅ​ចាក់​ថ្នាំ​បង្ការ​គ្រុនផ្តាសាយ​ដែរ ព្រោះ​ផ្តាសាយ​អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​គេ​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ ឧទាហរណ៍ ជំងឺ​ហឺត និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។  ​ហឺត និង​ផ្តាសាយ​ បញ្ចេញ​ប្រតិកម្មដាក់គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ហឺត​អាច​បង្ក​ឱ្យ​មាន​ផ្តាសាយ​ធ្ងន់ធ្ងរ តែ​ផ្តាសាយ​ក៏​អាច​ធ្វើ​ឱ្យជំងឺហឺត​ធ្ងន់ធ្ងរ​ដែរ។ ផ្តាសាយ​បង្កើន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ហឺត​មួយគុណនឹង​បី។ ហើយ​ហឺត​ជា​ជំងឺ​ចម្បង​​ទីមួយ​ដែល​លេច​ឡើង​ទន្ទឹម​នឹង​​ជំងឺ​​​ផ្តាសាយរបស់​កុមារ​ដែល​ឈឺ​​ដល់​ថ្នាក់​ចូល​ដេកពេទ្យ។ ប៉ុន្តែ​វ៉ាក់សាំង​ប្រឆាំង​នឹង​ផ្តាសាយ​អាច​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​កុមារ​ងាយ​រង​ហានិភ័យ​ បាន​ដល់​ទៅ​៧៧%ឯណោះ៕

    Wed, 11 Nov 2026
  • 179 - ហេតុអ្វីមិនឱ្យ​​ទារក​ក្រោមអាយុ​៦ខែ ផឹកទឹក?

    នៅក្នុង​បណ្តាញ​សង្គម​Tik Tok គ្រូពេទ្យ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​ផ្សាយ​ថាការ​ផ្តល់​ទឹក​ឱ្យ​ទារក​ក្រោម​អាយុ​៦​ខែ អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិត​ដល់​ទារក​នោះ។ តើការ​ផ្សព្វផ្សាយ​នេះ​ពិត​ជា​ត្រឹមត្រូវ​ដែរឬទេ ? ហេតុអ្វី​បាន​គ្រូពេទ្យ​ណែនាំ​មិន​ឱ្យ​បញ្ចុក​ទឹក​ដល់​ទារក​ក្រោម​អាយុ​៦ខែ?

    ទារក​ក្រោម​អាយុ៦​ខែ​ មិន​ត្រូវ​ការផឹកទឹក​ទេឬ? ទឹក​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​ទារក​តូចៗ ដូច​អ្វី​ដែល​គ្រូពេទ្យ​អង់គ្លេស​ផ្សាយ​តាម​បណ្តាញ​សង្គម​មែនឬ? បើតាម​គ្រូពេទ្យ​អង់គ្លេស នោះ ការ​ផ្តល់​ទឹក​ដល់​ទារកក្រោម៦​ខែ អាច​ធ្វើ​ឱ្យ​ក្មេង​នោះ​ស្លាប់​បាន ព្រោះ​តម្រងនោម​របស់​ទារក​មិនទាន់​ចេះ​ចម្រោះ​ ដែល​អាច​ធ្វើ​ឱ្យ​​ទារក​អាច​មាន​គ្រោះ​​​ខ្វះ​ជាតិ​អំបិលក្នុង​ឈាម​យ៉ាង​​ធ្ងន់ធ្ងរ។ កង្វះ​ជាតិ​អំបិល​ក្នុង​ឈាម​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​ជំងឺ​ក្បាលធំ ក្អួត ប្រកាច់ ឬ​បាត់​ស្មារតី។

    ប៉ុន្តែ​ដើម្បី​ឱ្យ​ទារក​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្វះ​ជាតិ​សូច្យូម​ក្នុង​ឈាម ត្រូវ​ឱ្យ​ទារក​នោះ​បៅ​ទឹក​ប្រមាណ​ដល់​ទៅ ២លីត្រ​ក្នុងមួយ​ថ្ងៃ។ នេះបើ​តាម​ការ​ពន្យល់របស់គ្រូពេទ្យ​កុមារ​បារាំង Dr. Werner ​។ ​ម្យ៉ាង​ទៀត ទឹក​មិនមែនជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​ទារក​ឡើយ។ ភស្តុតាងជាក់​ស្តែង ទឹក​ដោះម្តាយ ឬ​ទឹកដោះ​គោឆុង​ដែល​ទារក​បៅ​ សុទ្ធ​តែ​មានសមាសធាតុ​​ជាតិ​ទឹក និង​លាយ​ផ្សំ​ដោយ​ជាតិ​ទឹក​ទាំងអស់។

    មិនថា​មនុស្ស​ធំ​ឬ​ទារក​ទេ ទឹក​ជា​ភេសជ្ជៈ​ដ៏ចាំបាច់។ ក្នុង​ខ្លួន​មនុស្សធំ​ពេញ​វ័យ​មាន​ជាតិ​ទឹក៦០% តែ​ខ្លួន​ទារក​ដ៏​តូច​មួយមាន​ផ្ទុក​ជាតិទឹក​ដល់​ទៅ​ប្រមាណ​៨០%។ ទារក​ត្រូវការ​ជាតិ​ទឹកប្រចាំថ្ងៃ ​ច្រើន​ខ្លាំង​ណាស់។ អាហារ​ដ៏​ចម្បង​របស់​ទារក​គឺវត្ថុ​រាវ។ ទារក​បៅជាជាតិ​​ទឹក​ ក្នុង​បរិមាណ​ច្រើន​ខ្លាំង​ណាស់ និង​ច្រើនជាងខ្លាំង បើ​​ប្រៀប​ធៀប​ទៅ​នឹងទម្ងន់ខ្លួន​ប្រាណ​របស់​គេ និង​បើប្រៀប​ជាមួយ​មនុស្ស​ធំ។

    បើ​តាម​អនុសាសន៍​របស់​សមាគមគ្រូពេទ្យ​កុមារ​នៅ​ប្រទេស​បារាំង រហូត​ដល់​អាយុ៦ខែ ទារក​ត្រូវ​ទទួល​ទាន​ជាតិ​ទឹក (ទឹកដោះ) ១៥០ម.ល. ក្នុងមួយថ្ងៃ​និងសម្រាប់​ទម្ងន់​មួយ​គីឡូក្រាម និង​១០០ម.ល.ក្នុង​មួយ​គីឡូក្រាម មួយ​ថ្ងៃ ចាប់​ពី​អាយុ​៦​ខែ​ដល់​១ខួប។ ជា​ការ​ប្រៀបធៀប មនុស្សធំ​ត្រូវ​ការ​ជាតិ​ទឹក​៣៥ម.ល.ក្នុង​មួយ​គីឡូក្រាម​។ បរិមាណ​ជាតិ​ទឹក​នេះ ត្រូវរាប់​ សរុប​​ទាំងបៅ​ទឹកដោះម្តាយ ឬ​ទឹកដោះគោដប និងទឹក​ផ្តល់​ដោយ​ចំណីអាហារ​។

    ហេតុអ្វី​មិនឱ្យ​ទារក​ក្រោម​៦​ខែ​ផឹកទឹក?

    ប៉ុន្តែ​ការ​ផ្តល់​ទឹក​សាប ធម្មតា ដល់ទារក​ក្រោម​អាយុ៦​ខែ បន្ថែម​ពី​លើ​​បៅ​ទឹកដោះ ឬ​ទឹកដោះគោ មិនមែន​ជា​ចាំបាច់​ទេ។

    សម្រាប់​ទារកនៅ​អាយុ​ក្រោម​៦ខែ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក ត្រូវ​បាន​បំពេញ​ដោយ​ទឹកដោះម្តាយ ដែលមានសមាសធាតុ​ទឹក​ប្រមាណ​​៨៨% ឬ​ទឹកគោម្សៅ​ដែលក៏​ឆុង​ជាមួយ​ទឹក និង​ដោ​យ​​ប្រើ​ទឹកដែរ។   ក្រុមគ្រូពេទ្យ​ជំនាញ​ ពន្យល់​ថា ការ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ក្រោម​៦ខែ ជាទូទៅ មិនមែនជា​ការ​ចាំបាច់​ទេ ប្រសិនបើ​ទារក​បៅបាន​ត្រឹមត្រូវ គ្រប់គ្រាន់ និងលើកលែង​តែ​​មាន​វេជ្ជបញ្ជាពិសេស​ក្នុង​ការ​ផ្តល់​ទឹក។ 

    និយាយ​បែប​នេះ ​មិនមែនមាន​ន័យ​ថា ទឹកជាគ្រោះថ្នាក់សម្រាប់សុខភាពឡើយ។ គ្រាន់តែ​ថា ការផ្តល់​ទឹក​សាប​ទទេ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​របបអាហារ​របស់​កូន ព្រោះ​​នៅក្នុង​វ័យនេះ ទារកមានក្រពះតូច​ខ្លាំង ឆាប់​ពេញ ឆាប់​ឆ្អែត ដែល​នាំ​ឱ្យ​លែង​ចង់​បៅ ហើយ​រំខាន​ដល់​សមត្ថភាព​របស់​សរីរាង្គកាយ​ក្នុង​ការ​ស្រូបយក​ជីវជាតិអាហារូបត្ថម្ភ​ ពី​ទឹក​ដោះគោ ឬ​ពីទឹកដោះម្តាយ​។ ម្យ៉ាង​វិញ​ទៀត ក្រលៀន​ទារក​ក៏​នៅ​ខ្សោយ មិនទាន់​អាចមាន​សមត្ថភាព​ពេញ​លេញ​ក្នុង​​ច្រោះ​ជាតិ​ទឹក​សុទ្ធ​ទេ។ ជា​ហេតុធ្វើ​ឱ្យ​ទារក​អាច​មាន​គ្រោះ​ហានិភ័យ​ពុល​ទឹក​បាន។ ការ​ពុល​ទឹក ជា​ករណី​ដ៏​កម្រ​បំផុត តែ​ជា​បញ្ហា​ពិតជាក់ស្តែង ដែល​អាច​បង្កផលវិបាក​ដល់​សុខភាព​ ដល់ការលូតលាស់ និងអាច​ធ្ងន់ធ្ងរ​ខ្លាំងដល់​ស្លាប់បាន។ ​  ចាប់​ពី​៦ខែ​ឡើង​ទៅ  សរីរាង្គកាយ​ទារក​ចាប់​ផ្តើមរឹងមាំ និង​អាច​​ទទួល​ទានអាហារ​ផ្សេងៗ ហើយ​សេចក្តីស្រេកឃ្លានអាហារ​និង​ទឹក កើន​ឡើង​ជា​លំដាប់​។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទារក​អាច​ចាប់​​ផ្តើម​បរិភោគ​ទឹក​សាប​ធម្មតាបាន។

    ទឹក ជា​ថ្នាំ​ ពេលទារក​ឈឺក្តៅរាគរូស ?

    នៅមុន​អាយុ​៦​ខែ ទារក​មិន​ត្រូវ​ការ​​បរិភោគ​ទឹក​សាប​ធម្មតាទេ។ ក្នុង​វ័យ​នេះ​ក្មេង​មិន​ចូល​ចិត្ត​ទឹក​ឡើយ។ ប៉ុន្តែជា​ថ្មី​ម្តង​ទៀត ទឹក​មិនបង្កគ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ ប្រសិនបើ​គ្រាន់តែ​ឱ្យ​ទារក​ផឹក​មួយ​ក្អឹក​ពីរ​នោះ។ ផ្ទុយទៅ​វិញ​ ក្នុង​កាលៈទេសៈ​ខ្លះ គេត្រូវ​តែ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ ជា​ដាច់​ខាត។ នោះ​គឺ​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល មេឃ​ឡើង​ក្តៅ​ខ្លាំង ទារក​ក្តៅ​ខ្លួន ឬ​មាន​បញ្ហា​រំលាយ​អាហារ ចេះ​តែ​ក្អួត និង​រាគរូស។ នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​​Wernerដដែល។

    នៅពេល​ទារក​បាត់​បង់​ជាតិ​ទឹក គេ​ត្រូវ​តែ​រក​វិធី​ផ្តល់​តុល្យភាពជាតិ​ទឹក​ឱ្យ​វិញ តាម​មធ្យោបាយ​ផ្សេងៗ ជា​ច្រើន ដូច​ជា ត្រូវ​បំបៅដោះកូន​ ឬ​ឱ្យ​កូនបៅ​ទឹកដោះ​គោ ឱ្យ​បាន​ញឹកញាប់​ជាង​ទម្លាប់​ធម្មតា និង​អាច​ឱ្យ​ទារក​បៅ​ទឹក​ស​បន្ថែម​ពីរ​បីក្អឹក ដោយ​បញ្ចុក ឬ​ដោយ​ប្រើ​ដបបៅ។ ជា​ទូទៅ ទារក​កម្រ​ព្រម​បៅ​ទឹក​សាបទទេ​ណាស់ លើកលែង​តែ​ទារក​ក្តៅ​ខ្លាំង ឬ​មានការ​ចម្លង​រោគ​ក្តៅ​ខ្លួន​ខ្លាំង​ប៉ុណ្ណោះ។ នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​បង្កើតខ្លួន​​មនុស្ស​មក​ដូច្នេះ។ ជា​ចុងក្រោយ សូម​កុំបន្ថែម​ស្ករ ឬ​ជាតិ​ផ្អែម​នៅក្នុង​ដប​ទឹកទារក​ ឱ្យ​សោះ។ ការ​ធ្វើ​បែប​នេះ​អាច​បង្កបង្កើត​ទម្លាប់​អាក្រក់​ឱ្យ​ក្មេង​ស្គាល់ជាប់​ចិត្ត​នឹង​ជាតិ​ផ្អែម។

    សរុប​សេចក្តី​មក នៅពេល​ណា​ទារកមិនទាន់​ចាប់ផ្តើម​បរិភោគអាហារ​គោក​ទេ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក​ ត្រូវ​បំពេញ​ដោយ​ទឹកដោះម្តាយ​ឬ​ទឹកដោះគោឆុង។ ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ ទារក​អាច​បៅ​ទឹក​សាប​ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​តួច ដោយ​មិន​ត្រូវ​យក​ទឹក​មក​ជំនួស​ទឹកដោះឡើយ។ ក្នុង​រយៈ​ពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិតទារក ទឹកសាប​​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ ​គ្រឿង​បន្ថែម ដែល​មិនចាំបាច់​ ត្រូវ​ផឹក​ដោយ​ខាន​មិនបាន។ គោល​បំណង​នៃ​ការ​ផ្តល់​ទឹក​ដល់​ទារក​ បន្តិចម្តងៗ​នេះ គឺ​ចង់​ឱ្យ​កូន​ចាប់​មាន​ទម្លាប់​បៅ​អ្វី​ផ្សេង​ក្រៅ​ពី​ទឹក​ដោះគោ ដោយ​គ្មាន​ការ​បង្ខំ។ តែ​បើ​កូន​មិន​ចង់ និង​មិនព្រម​បៅ​ទឹក ក៏​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ដែរ។ ទារក​ខ្លះ​អាច​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ទម្រាំ​ទម្លាប់​រសជាតិ​ថ្មី។

    តើ​ទឹក​ប្រភេទ​ណាដែល​ល្អ​សម្រាប់​ទារក?

    ទារក​នៅ​តូច​ខ្លាំង ងាយ​រងគ្រោះ​ និ​ងមិន​ទាន់​ទម្លាប់​នឹង​ពិភពខាង​ក្រៅ ចំណោទ​សួរ​អំពី​ប្រភេទ​ទឹក សម្រាប់លាយឆុងទឹកដោះគោ ឬ​សម្រាប់​ឱ្យ​ទារក​ផឹក ជា​ក្តីព្រួយបារម្ភ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​ជា​ម្តាយ​ឪពុក​ថ្មីថ្មោង។

    ទឹក​ដែល​អនុគ្រោះ​ដល់​ទារក​ខ្លាំង​ជាងគេ គឺ​ទឹក​ដែល​មាន​កំរិត​ជាតិ​រ៉ែ​ទាប។ ជា​ទឹក​សុទ្ធ​ខ្លាំង គ្មានសារធាតុ​រ៉ែកាល់ស្យូម ម៉ាញេស្យូម​ និង​នីត្រាត។ ទឹក​ដប​មិនប្រាកដ​ថា​មានគុណភាព​ល្អ​ជាង​​ទឹក​ម៉ាស៊ីនឡើយ​ ដែល​បើ​តាម​លក្ខណៈ​បច្ចេកទេស ជា​ទឹក​ស្អាត​ គ្រប់គ្រាន់​​សម្រាប់​ទារក ដោយ​​ត្រូវ​យក​ទឹក ដាំ​ឱ្យ​ពុះ ទុក​ជាមុន ដើម្បី​សម្លាប់​មេរោគ។ ចៀសវាង​ការ​ប្រើទឹកចម្រោះ​ ព្រោះ​ប្រព័ន្ធច្រោះ​ទឹក​​អាច​មាន​ផ្ទុក​កាកសំណល់​ដើមហេតុមេរោគ។

    ទឹក​ភ្លៀង​ ជា​ទឹក​មាន​កំហាប់ជាតិ​រ៉ែទាប​ខ្លាំង ប៉ុន្តែ​នៅប្រទេសបារាំង អាជ្ញាធរហាមឃាត់​មិន​ឱ្យ​ប្រើ​ទឹក​ភ្លៀង​​សម្រាប់​ឆុង​ទឹក​ដោះគោ​និង​ឱ្យ​ទារក​ផឹកទេ ដោយ​ពន្យល់​ថាទឹកភ្លៀងធ្លាក់​ហូរកាត់​ដំបូល​ផ្ទះ អាច​​មាន​ផ្ទុក​មេរោគ​ចម្លងកាចៗ ពពួក​រ៉ែធ្ងន់​ ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ទារក​នៅ​ក្មេងខ្ចីមិនអាច​ធន់​បាន។ គ្មានប្រព័ន្ធការពារ​ខ្លួន​រឹង​មាំ​ដូច​មនុស្ស​ធំ។ ប្រព័ន្ធ​រំលាយអាហារ​ក៏​នៅខ្សោយ។ រនាំង​ស្បែក​មិនទាន់​អាច​ទប់​ទល់​ដោយផ្ទាល់​ជាមួយ​ពពួក​​​បាក់តេរី​បង្ករោគ​ទេ។ ផឹកទឹកភ្លៀង​ឆ្លងមេរោគ​​រលាកពោះវៀននាំឱ្យឈឺពោះ​តិចតួច​សម្រាប់​មនុស្សធំ តែ​អាច​នឹង​ធ្វើ​ឱ្យ​ទារក​អាយុ​ក្រោម​៦ខែ ​ចូល​ដេកពេទ្យ​បាន ទើប​ហាមឃាត់​ជា​ដាច់ខាត​មិន​ឱ្យ​យក​ឆុងទឹកដោះគោឱ្យ​ទារក៕

    Wed, 04 Nov 2026
  • 178 - កង្វះ​វីតាមីន B អាច​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល?

    ​សរីរាង្គកាយ​មនុស្ស​ត្រូវ​ការ​វីតាមីន​ច្រើន​មុខ​ណាស់។ វីតាមីន-A ចាំបាច់​សម្រាប់​ភ្នែក។ វីតាមីន C មាន​សកម្មភាព​អង់ទី​អុកស៊ីដង់។ វីតាមីន​ D ជា​សម្ព័ន្ធមិត្ត​របស់​ឆ្អឹង​និង​សាច់ដុំ។ ចុះ​វីតាមីន B មាន​តួនាទីអ្វី? ខ្វះ​វីតាមីន B អាច​បង្ក​ផលវិបាក​យ៉ាងណា ? តើ​ត្រូវ​បរិភោគ​អ្វីខ្លះ​ដើម្បី​បាន​វីតាមីន​ B មក​បំប៉ន​រាងកាយ?

    វីតាមីន ជា​ជីវជាតិ​ដែល​មាន​នៅក្នុង​ចំណីអាហារ​ម្ហូបបន្លែ​ត្រីសាច់​ ជួយ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ផ្នែកលូតលាស់​ ​រាងកាយ ​សម្ផស្ស និង​បញ្ញា​ស្មារតី​។ គ្មាន​ផ្ទុក​កាឡូរី កង្វះ​វីតាមីន នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណអាច​​​ធ្លាក់​ខ្លួន​ឈឺ​បាន។

    មាន​ច្រើន​ប្រភេទ A B C D E K វីតាមីន Aត្រូវ​បាន​​គេស្គាល់​ថា​មាន​ប្រយោជន៍​ជួយ​ភ្នែក​ឱ្យ​មើល​ឃើញ​ល្អ ជួយ​ឆ្អឹង​ក្នុង​ការ​លូតលាស់ និង​ជួយ​ការពារ​ស្បែកមិនឱ្យ​មានការ​បង្ក​រោគ។ វីតាមីន​A សម្បូរ​ជាង​គេ​នៅក្នុង​អាហារ​ ជា​គ្រឿង​ក្នុង​សត្វ ការ៉ុត ដំឡូង ល្ពៅ ផ្ទីរ ឬ​ស្ពៃ។ វីតាមីន C ក៏​មាន​អ្នក​ស្គាល់​ច្រើន​ខ្លាំង​ដែរ ថា​ជា​ជំនួយ​ដ៏​ល្អ​ប្រពៃ​បំផុតសម្រាប់​សុខភាព ដូច​ជា​ជួយ​ឆ្អឹង ជួយធ្មេញ ជួយ​អញ្ចាញ ជួយ​​ស្បែក ឱ្យ​ឆាប់​ជា​សះ និង​មាន​សមត្ថភាព​ពិសេស​ផ្នែក​អង់ទីអុកស៊ីដង់ ពោល​គឺ​ជួយ​ពន្យឺត​កោសិកា​កុំឱ្យ​ឆាប់​ចាស់​ទ្រុឌទ្រោម។ បន្លែ​បៃតង ផ្កាស្ពៃ​ប្រូកូលី ពពួក​ផ្លែក្រូច​ ត្របែក សុទ្ធ​សឹង​ជា​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​វីតាមីនC ខ្ពស់។ ចំណែក​វីតាមីន D ដ៏ល្បីល្បាញ មាន​លក្ខណៈ​ប្លែក​ពីគេ ដោយ​សារ​ថា​យើង​អាច​ធ្វើ​សំយោគ​ស្រូប​យក​វីតាមីន D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ។ កាំរស្មី​អ៊ុលត្រាវីយូឡេរបស់​ពន្លឺ​ព្រះ​អាទិត្យ អាច​បំប្លែង​កោសិកាស្បែក​ខ្លះ​ទៅ​ជា​វីតាមីនដេ ដ៏​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ។ វីតាមីនដេ​ក៏​​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន​ ជួយការពារ​មិន​ឱ្យមាន​ជំងឺ​សរសៃឈាម​Bះដូង និង​ជំងឺ​មហារីក។ ក្រៅ​ពី​ដើរ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ ទឹកដោះ​គោ​ ថ្លើម​គោ ត្រីខ្លាញ់ ត្រីតូចៗ​មាន​ផ្ទុក​អូមេហ្កា៣ ក៏ជា​ប្រភព​ផ្តល់​វីតាមីន Dដ៏​ល្អ​ដែរ។ ចំពោះ​វីតាមីន E ដែលមាន​គុណសម្បត្តិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការ​រោលរលាក និង​Bះដូង មាន​ច្រើន​នៅក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​អាមិន ឬផ្លែប៊ឺរ។ ជួយ​សម្រួលយន្តការបញ្ឈប់​ការ​ចេញ​ឬ​​ហូរ​ឈាម ជួសជុល​សរសៃឈាម​តូចៗ ​គឺ​វីតាមីន K ដែល​មាន​​ច្រើន​នៅ​ក្នុង​បន្លែ​បៃតង។

    វីតាមីនB មាន​គុណសម្បត្តិ​អ្វីខ្លះ?

    ចុះ​វី​តាមីន B ? ខុស​ពីក្រុម​វីតាមីនផ្សេងៗ វីតាមីនB មិនមែន​ជា​វីតាមីនទោល​​ទេ តែ​​ជា​ចង្កោម​គ្រួសារ មាន​ដល់​ទៅ​៨មុខ សម្គាល់​ដោយ​​ B១-២-៣-៥-៦-៨-៩-១២ ដែល​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ធានារ៉ាប់រង​ដំណើរការ​សំខាន់ៗ​ក្នុង​សរីរាង្គកាយ។ មាន​រចនា​សម្ព័ន្ធ​ខុស​គ្នា តែរលាយ​ក្នុង​ទឹក​ដូច​គ្នា​ព្រមទាំង​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​លើ​សរីរាង្គកាយ គ្រួសារវីតាមីនB ដើរ​តួនាទី​សំខាន់​ខ្លាំង​ក្នុងប្រព័ន្ធ​​ដំណើរ​ការ​កោសិកាជា​ច្រើន។ ក្នុងផ្នែក​​ប្រព័ន្ធ​ប្រសាទ​ វីតាមីB មិន​អាច​ខ្វះ​បានទេ​ក្នុង​ការដំណើរ​បញ្ជូន​សញ្ញា​ និង​ដំណើរ​ផលិត​ប្រព័ន្ធសរសៃប្រសាទសម្រាប់​​ប្រទាក់​ព័ត៌មានទៅ​សរសៃ​ប្រសាទ​ជិត​ខាង​។ និយាយ​ជា​រួម ក្រុមវីតាមីនB ជា​អ្នក​សម្រួល​ផលិត​ថាមពល សំយោគ និង​ជួលជុល​ADN -ARN ព្រមទាំង​ជា​អ្នក​ទ្រទ្រង់​ប្រព័ន្ធ​សរសៃប្រសាទដ៏​សំខាន់​សម្រាប់​ខួរក្បាល។ ​

    ​វីតាមីនB ជា​ចង្កោម​គ្រួសារមាន​៨ជីវជាតិសំខាន់ៗ​ដែល​មាន​តួនាទីប្លែកៗ​គ្នា​សម្រាប់​សុខភាព។

    ​B១ ឬ​ហៅ​ថា​ វីតាមីន​អារម្មណ៍ ​សម្រាប់​ភាសា​អ្នក​វិទ្យាសាស្ត្រ​ មាន​ភារៈ​បំប៉ន​​សរសៃវិញ្ញាណ ដោយ​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​លូតលាស់​និង​ផលិត​ថាមពល។ ជួយកាត់​បន្ថយ​រោគសញ្ញាហត់​ល្វើយ​អស់កម្លាំង វីតាមីនB២ មានតូនាទី​ក្នុង​ការ​ផលិត​ថាមពល​ និង​ក៏​ចាំបាច់ខ្លាំង​ដែរ ក្នុង​សកម្មភាព​ផលិត​គ្រាប់​ឈាម​ក្រហម។ វីតាមីនB៣ ជួយ​ឱ្យ​សរីរាង្គកាយ ដុះ និង​​​លូតលាស់ ជា​ធម្មតា​ តាម​ដំណើរ​ តែ​ក៏​មាន​ចំណែក​ជួយ​ធ្វើ​សំយោគ​អរមូនផ្លូវភេទ​មួយ​ទៀត។ បន្ទាប់​មក​ទៀត គឺ​វីតាមីនB៥  ដែល​ល្បី​ខាង​មាន​សមត្ថភាព​ប្រឆាំង​នឹង​ស្ត្រេស និង​បង្កើន​សមត្ថភាព​ផ្នែក​បញ្ញាញាណ។

    នៅក្នុង​ចំណោម​តួនាទី​ដ៏ច្រើន វីតាមីន​B៦ មាន​សកម្មភាព​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម និង​ចាត់​ចែង​អត្រាជាតិ​ស្ករ​នៅក្នុង​ឈាម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ចាត់​ទុក​វីតាមីនប្រភេទ​នេះ ថាជា​អ្នក​ជួយ​បំប៉នប្រព័ន្ធការពារ​ខ្លួន​ឱ្យ​មាន​លំនឹង​ល្អ។ មាន​៨​មុខ តែមិន​តាម​លំដាប់ វីតាមីន​ B៨ ជួយ​ចិញ្ចឹម​ស្បែក​និងការ​ដុះ​លូតលាស់​នៃ​​សក់ និង​ចាំបាច់​ខ្លាំង​ក្នុង​ការ​ដំណើរ​​មេតាបូលិកជាតិ​ក្លុយស៊ីត ខ្លាញ់ ​ប្រូតេអ៊ីន ព្រមទាំង​​​សម្រួលដំណើរការ​ប្រព័ន្ធ​សរសៃប្រសាទ​។ ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​មើល​រំលង​វីតាមីនB៩​ទេ ព្រោះ​​វីតាមីននេះ មាន​តួនាទី​គន្លឹះ​ក្នុង​ការ​ផលិតកម្ម​ADN ប្រព័ន្ធប្រសាទ និង​ប្រព័ន្ធការពារ​ខ្លួន។ ប្រសិនបើ​អ្នក​កំពុង​ពរពោះ សូម​ស្ត្រីទាំង​ឡាយ​​កុំ​បណ្តោយ​ឱ្យ​ខ្វះ​ជីវជាតិ​B៩ ដែល​ជួយការពារ​កុំ​ឱ្យ​កូន​ក្នុង​​ផ្ទៃ​ មាន​គ្រោះ​កើត​ជំងឺ​​លូតលាស់​មិនល្អ​ពីកំណើត។ ជា​ចុងក្រោយ គឺវីតាមីន​B១២ ដែល​ខុស​ពី​គ្រួសារវីតាមីនBផ្សេង​ទៀត មាន​ប្រភព​មក​ពី​អាហារ​មាន​ជាតិ​សាច់​សត្វ និង​អាច​ស្តុកទុក​ក្នុង​ខ្លួន​បាន។ វីតាមីន​នេះ មា​នឥទ្ធិពល​ខ្លាំង​ណាស់​ ក្នុង​ការ​ទ្រទ្រង់​​កោសិកា​ប្រព័ន្ធប្រសាទ និង​ទៅ​លើ​ផាសុកភាព​រាងកាយ និង​អារម្មណ៍។

    ​ខ្វះ​វីតាមីនB ខ្សោយបញ្ញា?

    កង្វះ​វីតាមីន​ប្រភេទ​B​ អាច​បណ្តាល​មក​​ពី​កត្តា​ច្រើន​យ៉ាង ជួន​ដោយ​ហេតុ​តែ​កង្វះ​អាហារូបត្ថម្ភ ទទួល​ទាន​មិន​គ្រប់គ្រាន់​ឬ​គ្មាន​លំនឹង ជួន​ដោយ​ហេតុ​តែ​សរីរាង្គកាយ​មាន​បញ្ញា​ស្រូប​ជីវជាតិ​អាហារ​មិន​បាន​ត្រឹម​ត្រូវ។ ការ​ប្រើប្រាស់​ថ្នាំ សម្រាប់​​ព្យាបាល​ជំងឺខ្លះ មាន​ជាអាទិ៍​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ​ថ្នាំ​ផ្សះ ថ្នាំ​​អារម្មណ៍​ ស្រា ... អាចរំខាន​ដល់​ដំណើរ​ស្រូប​ជីវជាតិ​B ពោល​គឺ​នាំ​ឱ្យ​មាន​គ្រោះ​ខ្វះ​វីតាមីនB​លេច​ឡើង។ ជា​ទូទៅ​ អ្នក​មាន​បញ្ហា​ខ្វះ​វីតាមីB ច្រើន​តែ​ខ្វះ​ទាំង​៨​មុខ។ ខ្វះ​វីតាមីនB អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​បញ្ញាញាណ​យ៉ាង​ធ្ងន់ធ្ងរ។

    អស់​កម្លាំងផ្នែក​បញ្ញាញាណ​​ គ្មាន​ថាមពល ជា​រោគ​សញ្ញាមួយ​នៃ​ការ​​ខ្វះ​វីតាមីនពពួក​B។ នេះ​មិនមែន​មាន​ន័យ​ថា​ កង្វះ​វីតាមីន​B នាំ​ឱ្យ​មនុស្ស​លែង​ឆ្លាត​ទេ តែការ​ផលិត​កោសិកា​ប្រព័ន្ធប្រសាទ​ផ្នែក​បញ្ជូន​សារ​ទំនាក់ទំនង​ ប្រទាក់​ទៅ​កោសិកា​​ខួរក្បាល​ផ្សេងទៀត​អាច​រង​ការ​ប៉ះពាល់​ និង​មានការការពារ​កោសិកា​ប្រព័ន្ធប្រសាទ​មិនសូវ​​បាន​ល្អ។ ជា​លទ្ធផលមនុស្ស​ខ្វះ​វីតាមីនB​ ហាក់​មាន​អារម្មណ៍​បញ្ចេញសកម្មភាពយឺតៗ ​ល្វើយ បញ្ញា​ស្មារតី​មិន​រហ័សរហួន មិន​រស់​រវើក​​ ភ្លេច​ភ្លាំង​ច្រើន ​។ មាន​ការ​សិក្សាជា​ច្រើនដែល​​បាន​បង្ហា​ញ​ឱ្យ​ឃើញ អំពី​ឥទ្ធិពល​គួរ​ឱ្យកត់​សម្គាល់ខ្លាំង​​នៃ​វីតាមីន​B ចំពោះ​ការ​ចងចាំ ភាព​ប្រុង​ប្រយ័ត្ន។ ស្លេកស្លាំងខ្វះ​ឈាម ឆាប់​ខឹង ឆាប់​មួរហ្មង​ ជា​ផលវិបាក​​នៃការ​ខ្វះ​វីតាមីនB​៦ ឬ​B​១២។​ហើម​ដៃ​ហើម​ជើង ឈឺ​សរសៃដៃសរសៃជើង ដោយ​ហេតុ​មាន​បញ្ហា​ប្រព័ន្ធប្រសាទ​និង​ប្រព័ន្ធសរសៃ​ឈាម​Bះ​ដូង ​ ​នៅពេល​ខ្វះ​វីតាមីនBមួយ។

    វីតាមីនB មួយ​ភាគ​ធំ ផលិតជា​ចម្បង​​ដោយ​រុក្ខជាតិ លើកលែង​តែ​វីតាមីនB១២​មួយ​ទេ ដែល​មាន​ប្រភព​ពី​សាច់​សត្វ។ វីតាមីន​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​បាន​តាម​រយៈ​ចំណីអាហារ​ ព្រោះ​ខ្លួនប្រាណ​មនុស្ស​​គ្មាន​សមត្ថភាព​​ផលិត​ដោយ​ខ្លួន​ឯង​​ទេ ហើយ​ក៏​មិន​អាច​ស្តុក​ទុក​នៅ​ក្នុង​ខ្លួន​ដែរ។ បើ​មាន​ជាតិ​វីតាមីន​លើស​តម្រូវ​ការ​ នោះ​វា​នឹង​រលាយ​ហូរ​ចេញ​ទឹកនោម​អស់វិញ។ ដូច្នេះ​ហើយ​ទើប​ត្រូវ​ទទួល​ទាន​វា​ចូល​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​អាហារ​ ជាគ្រឿង​ក្នុង គ្រឿង​សមុទ្ទ ខ្ចៅខ្យង និង​ត្រី ព្រមទាំង ស៊ុត ទើប​អាចនាំវីតាមីនB ទៅ​បំប៉ន​​សរីរាង្គ​កាយ​បាន។ ​​​បន្លែ​ផ្លែឈើបៃតង ឬ​សម្បករឹង ​គ្រាប់​ធញ្ញជាតិ​ សណ្តែក​ល្ង អង្ករស្រូវសាលី​ ជាពិសេសអង្ករ​សម្រូប ក៏​ជា​ប្រភព​ផ្តល់​វីតាមីន​B​ដ៏ចម្បង​ដែរ។ សារ​ដ៏​សំខាន់​ សូម​ទទួល​ទានអាហារ​ប្រកប​ដោយ​លំនឹង ​ឱ្យ​បាន​គ្រប់មុខ និង​ប្លែកៗគ្នា​ប្តូរផ្លាស់​ទៅ​តាម​រដូវ៕

    Sat, 31 Oct 2026
  • 177 - ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

    មហារីកសុដន់ ជា​ជំងឺ​មហារីក​ស្ត្រី​ដែល​មាន​កើត​ច្រើន​ញឹកញាប់ ជាងគេ និង ផ្តាច់ជីវិត​មនុស្ស​ស្រី​ច្រើន​ជាងគេ បើប្រៀបធៀប​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត។ មាន​ភស្តុតាង​វិទ្យាសាស្ត្រ​កាន់តែ​ច្រើន​ឡើងៗ បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​លក្ខខណ្ឌ​ការងារ និង​ជំងឺ​មហារីក​សុដន់​មួយ​ចំនួន។ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ការទទួល​ស្គាល់​ថា​ស្ត្រី​រងគ្រោះ​កើត​ជំងឺមហារីក​ដោះ​ដោយ​មូលហេតុ​ការងារ ជា​ការតស៊ូដ៏​លំបាក​ណាស់។

    ជារៀងរាល់ឆ្នាំ ពិភពលោក​បាន​ឧទ្ទិស​ពេល​ពេញ​មួយ​ខែ​តុលា ដើម្បី​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ និង បញ្ចៀប​ឲ្យ​ស្ត្រី​យល់​ដឹង​អំពី​ជំងឺ​កំណាច​នេះ។

    មហារីក​សុដន់ ជា​ជំងឺ​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន​យ៉ាង​ ពោល​គឺ​ជំងឺ​មហារីក​សុដន់ អាច​លេច​ឡើង ដោយ​កត្តា​ហានិភ័យ​ច្រើន​ច្របូកច្របល់​បញ្ចូល​គ្នា យ៉ាង​ស្មុគស្មាញ។ នៅពេល​គេ​និយាយ​អំពី​កត្តា​ហានិភ័យ​នៃ​មហារីក ជំងឺ​ខ្លះ​មាន​កត្តា​ហានិភ័យ​ដែល​អាច​កំណត់​បាន​យ៉ាង​ច្បាស់​លាស់។ ឧទាហរណ៍ ថ្នាំជក់-បារី ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត។ តែចំពោះ​ជំងឺ​មហារីក​សុដន់ មាន​កត្តា​ហានិភ័យ​ច្បាស់​ផង និង​កត្តា​ហានិភ័យ “ប្រហែល”​ផង។

    បើតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក កត្តា​ហានិភ័យ​ទាំងអស់​នោះ មិន​ប្រាកដ​ថា ​នឹង​ពិត​ជា​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ទេ។ កត្តា​ហានិភ័យ​ចម្បង​គេ គឺ កត្តា​អាយុ កត្តា​ពូជ កត្តា​អរមូន និង​កត្តា​បរិស្ថាន​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។

    កត្តាពីរ​ដំបូង ជាអ្វី​ដែល​មិន​អាច​កែ​ប្រែ​បាន។ បើ​តាម​ស្ថិតិ ជំងឺ​មហារីក​សុដន់​មាន​កើត​ជា​ញឹកញយ​ខ្លាំង លើ​មនុស្ស​ស្រី ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង។ ស្ត្រីខ្លះ​មាន​ហ្សែន​ពី​កំណើត ងាយ​លូតលាស់​ក្លាយ​ជា​កោសិកា​មហារីក ឬ​ហៅ​បាន ថា​ជា កត្តាពូជ។ ឆាប់​មាន​រដូវ (ឆាប់​ពេញ​ក្រមុំ) ក្រ​មាន​កូន មិន​បំបៅ​ដោះ​កូន ក្រ​អស់​រដូវ ជា​កត្តា​ហានិភ័យ ដែល​ប្រហែល​អាច​នាំ​ឲ្យ​លេច​ជំងឺ​មហារីក​សុដន់​បាន។

    ធាត់ជ្រុល ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​oestrogestatifs ប្រើ​ថ្នាំ​អរមូន​ពន្យារ​ពេល​កុំ​ឲ្យ​ឆាប់​អស់​រដូវ ផឹកស្រា ជក់បារី ស្រូប​ផ្សែង​បារី ស្រូប​ជាតិ​គីមី​កសិកម្ម គីមី​ពុល ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​កត្តា​ហានិភ័យ ដែល​ជាប់​សង្ស័យ​ថា​អាច​នាំ​មាន​ជំងឺ​មហារីក​សុដន់ និង​ដែល​គេ​អាច​បញ្ចៀស​បាន។

    កត្តាការងារ​ត្រូវបាន​ប្រទេស​ខ្លះ​ចាត់​ទុក ជា​ដើម​ហេតុ​មួយ​នាំ​ឲ្យ​លេច​ឡើង​នូវ​ជំងឺ​មហារីក​សុដន់​ដែរ។ ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចាត់ទុក​ការងារ​ប្រឈម​នឹង​កាំរស្មី X Gamma រលក​ម៉ាញេទិក រលក​វិទ្យុសកម្ម ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ឯ​ការងារ​ពេល​យប់ ត្រូវ​បាន​ចាត់ទុក​ជា​ភ្នាក់ងារ​អាចនាំ​ឲ្យ​មាន​ជំងឺ​មហារីក។ កត្តា​ហានិភ័យ​ផ្សេង​ទៀត​នៃ​ជំងឺមហារីក​សុដន់ ដូចយ៉ាង សារធាតុ​គីមី កំពុង​ស្ថិត​ក្នុង​ការសិក្សា​វិភាគ​របស់​ទីភ្នាក់ងារ​សុវត្ថិភាព​សុខភាព​បារាំង ដែល​នឹង​ចេញ​ផ្សាយ​លទ្ធផល​ការងារ​នៅ​ចុង​ឆ្នាំ​២០២៧។

    តើ​ការងារ​ពេល​យប់​នាំ​ឲ្យ​លេច​ជំងឺ​មហារីក​យ៉ាង​ដូចម្តេច?

    ប្រឈមនឹង​រលក​វិទ្យុសកម្ម កាំរស្មី ... ញឹកញយ អាច​មាន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ជាហេតុផល​ងាយ​យល់។ ចុះ​ការងារ​ពេល​យប់​និង ជំងឺ​មហារីក​សុដន់​វិញ តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់ អំពី​ទំនាក់ទំនង ហេតុ​និង​ផល យ៉ាង​ដូចម្តេច?

    បើតាមការសិក្សា​របស់​អ្នក​ស្រាវជ្រាវ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​ស្រាវជ្រាវ​សុខាភិបាល​បារាំង​ហានិភ័យ​មាន​ជំងឺ​មហារីក​សុដន់​បាន​កើន​ឡើង​យ៉ាងខ្លាំង ក្នុង​ចំណោម​ស្ត្រី​ធ្វើការ​ពេល​យប់​ដល់​ទៅ​៣០% លើស​ស្ត្រី​ផ្សេង​ទៀត។ កំណើន​ហានិភ័យ​កាន់តែ​គួរ​ឲ្យ​កត់​សម្គាល់​ថែម​ទៀត ចំពោះ​ស្ត្រី​នៅ​ពេល​ធ្វើការ​ពេល​យប់ ចាប់ពី ៤ឆ្នាំ​ឡើង​ទៅ និង​ធ្វើការ​ពេល​យប់​ជាប់​គ្នា​បី​យប់ ក្នុង​មួយ​សប្តាហ៍។ ការងារ​យប់​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ បើ​ស្ត្រី​ចាប់ផ្តើម​ធ្វើការ​នៅ​ពេល​យប់ មុន​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ព្រោះ​កោសិកា​ក្រពេញ​ផលិត​ទឹកដោះ នៅ​ខ្សោយ​ងាយ​រង​គ្រោះ​នៅ​ឡើយ។

    បើតាម​អ្នក​ស្រាវជ្រាវ ផល​ប៉ះពាល់​នៃ​ការងារ​ពេល​យប់ ចំពោះ​សុដន់​បណ្តាល​មកពី​យន្តការ​នៃ​ចង្វាក់​ពេល​វេលា​ជា​ធម្មជាតិ​មនុស្ស​សកម្ម​ខ្លាំង​នៅ​ពេល​ថ្ងៃ​ និង សម្រាក​នៅ​ពេល​យប់ ត្រូវ​បាន​ប្រែប្រួល។ ការរំខាន​ដំណើរ​គ្រប់គ្រង​ពេល​វេលា បាន​ធ្វើ​ឲ្យ​ហ្សែន​ម៉ោង មិន​អាច គ្រប់គ្រង​ការរីក​ដុះដាល​នៃ​កោសិកា។ ធ្វើការ​ពេលយប់ ជា​ការ​រំខាន​យន្តការ​ដំណេក​ដែល​នឹង​ទៅ​បញ្ចុះ​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ការពារខ្លួន​ក្នុង​ការ​ទប់ទល់​នឹង​កោសិកា​មហារីក​ដែល​បង្កើត​ឡើង​សរីរាង្គ​ខ្លួន​ឯង។ 

    និយាយជារួម ការ​ដាច់​ចង្វាក់​ដំណេក​នៅ​ពេល​យប់ ហើយត្រូវប្រឈម​នឹង​ពន្លឺ​នៅ​ពេល​យប់​ដែល​ត្រូវ​ងងឹត ជា​កត្តា​ធំ​ពីរ​ដែល​អាច​ទៅ​រំខាន​ប្រព័ន្ធ​ពេល​ម៉ោង​ដែល​ជា​អ្នក​គ្រប់គ្រង​ដំណើរការ​របស់​សរីរាង្គកាយ។

    យប់ហើយ​មិន​សំរាន្ត និង​នៅ​សកម្ម​ក្រោម​ពន្លឺ​ភ្លើង​អគ្គិសនី គឺ​ជា​ការ​លុប​បំបាត់​ពេល​វេលា ដែល​សរីរាង្គកាយ​ត្រូវ​បញ្ចេញ​អរមូន​មេឡាតូនីន។ អរមូន​មេឡាតូនីន អរមូន​ដំណេក មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។

    បច្ចុប្បន្ន នៅអឺរ៉ុប​និង​នៅ​អាមេរិក ពលរដ្ឋ​ក្នុង​វ័យ​សកម្ម​ប្រមាណ​តែមួយ​ភាគ​បួន​ប៉ុណ្ណោះ ធ្វើការ​ត្រូវ​ពេល​ត្រូវ​ម៉ោង តាម​ដំណើរ​ធម្មជាតិ​មនុស្ស ពោលគឺ​ធ្វើការ​ពេល​ថ្ងៃ និង​ក្នុង​ម៉ោង​ធម្មតា ជា​ទៀងទាត់។ ចំណែក​ពលរដ្ឋ​សកម្ម​ផ្សេង​ទៀត និង ជាពិសេស​ស្វ័យនិយោជ គ្មាន​ពេល​ម៉ោង​ធ្វើការ​ទៀតទាត់ គ្មាន សៅរ៍​អាទិត្យ ឬ យប់​ថ្ងៃ​ទេ។

    ចំណងហេតុនិងផល​នៃ​ការងារ​ខុសម៉ោង (ផ្ទុយ​នឹង​សេចក្តី​ត្រូវការ​តាម​ច្បាប់​ធម្មជាតិ​របស់​សរីរាង្គកាយ) និង​ជំងឺ​មហារីក ត្រូវ​បាន អ្នក​ស្រាវជ្រាវ​ រកឃើញ​ថា​មាន​ទំនាក់ទំនង​គ្នា ​ជាពិសេស​ចំពោះ​ស្ត្រី និង ជំងឺ​មហារីក​សុដន់។

    ប៉ុន្តែទោះបី​ជា​មាន​ភស្តុតាង​វិទ្យាសាស្ត្រ កាន់តែ​ច្រើន​ឡើងៗ បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​លក្ខខណ្ឌ​ការងារ​និង​ជំងឺ​មហារីក​សុដន់​ប្រភេទ​ខ្លះ​ក៏ដោយ ក៏​ស្ត្រី​រងគ្រោះ​ត្រូវ​ចំណាយ​កម្លាំង ប្រមូល​ភស្តុតាង និង​ពេល​វេលា​ច្រើន​ខ្លាំង​ណាស់ ទើប​អាច​ទាមទារ​ឲ្យ​មាន​ការទទួល​ស្គាល់​ថា ជា​មហារីក​សុដន់ ដោយ​ហេតុ​ការងារ​អាជីព​ប្រចាំថ្ងៃ​បាន។ នៅ​ប្រទេស​បារាំង ជា​លើក​ទី​មួយ ដែល​អាជ្ញាធរ​បាន​ប្រកាស​ទទួល​ស្គាល់​កាលពី​កញ្ញា​ករណី​ជំងឺ​មហារីក​សុដន់​របស់​គិលានុដ្ឋាកយិកា​ម្នាក់ ដែល​ធ្វើការ​ពេល​យប់​អស់​រយៈពេល ២៥​ឆ្នាំ ថា ជា​ជំងឺ​បង្ក​មកពី​ការងា បន្ទាប់​ពី​បាន ឆ្លងកាត់​ការ​តវ៉ា​ប្តឹង​ផ្តល់​នៅ​តុលាការ​ជាច្រើន​ឆ្នាំ។ នេះ​ស​ឲ្យ​ឃើញ​ថា បារាំង​ទទួល​ស្គាល់​អំពី​មូលហេតុ​នៃ​ការងារ​ពេល​យប់ ចំពោះ​ជំងឹ​មហារីក​សុដន់​ ទៅ​តាម​ករណី​ជាក់ស្តែង​ប៉ុណ្ណោះ។ ដរាប​ណា​គ្មាន​ការប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​ថា មហារីក​សុដន់​ជា​ជំងឺ​ការងារ​មួយ​ទេ អ្នក​ជំងឺ​ម្នាក់ៗ​អាច​ទទួល​សំណង​ជំងឺ​ចិត្ត នៅពេល​ណា​តែពួកគេ​អាច​ផ្តល់​សក្ខីកម្ម បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ទំនាក់ទំនង​ដោយផ្ទាល់ និង ដ៏ចម្បង រវាង ការងារ​និង​ជំងឺ​មហារីក ហើយ​គ្មាន​កត្តា​ហានិភ័យ​ផ្សេង​ណា​ដែល អាច​ជំរុញ​ឲ្យ​លេច​ជំងឺ​មហារីក។ រក​ឲ្យ​ឃើញ​ថា “គ្មាន​កត្តា​ហានិភ័យ”​ណា​ផ្សេង ពិត​ជា​ការលំបាក​ខ្លាំង​ណាស់។

    ការ​សិក្សា​របស់​វិទ្យាស្ថាន​សហជីព​អឺរុប បានផ្តល់​ការ​វាយតម្លៃ​ថា ៩,៨% នៃ​ជំងឺ​មហារីក​សុដន់​នៅ​ឆ្នាំ ២០១៧ បណ្តាល​មកពី​ការងារ។ មាន​ការការពារ​ល្អ​ប្រសើរ នៅ​កន្លែង​ធ្វើការ នឹង​កាត់​បន្ថយ​មរណភាព​ដោយ​មហារីក​សុដន់​បាន ៩ពាន់​នាក់ ក្នុង​មួយ​ឆ្នាំៗ នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថាន​សហជីព​អឺរ៉ុប​ដដែល ដោយ​សង្កត់​ធ្ងន់​ថា នេះ​ជា​អ្វី​ដែល​ស្ត្រី​បាន​រង​ថ្ម​បាក់​ពី​ការងារ​អាជីព៕

    Sun, 25 Oct 2026
  • 176 - ហេតុអ្វី​ចំនួន​កុមារមីញ៉ូម​ភ្នែក​កើន​ឡើង​ខ្លាំង​ ស្ទើរ​គុណនឹង​បី ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ?

    បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។ កុំប្រហែសមើលស្រាល​ជំងឺ​មីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ពេល​ចាស់។

    គ្មាន​អ្វី​ប្លែក​ទៀត​ឡើយ នៅ​ពេល​ឃើញ​ក្មេង​ពាក់​វែនតា។ នៅ​ឆ្នាំ​២០៥០ មនុស្សពាក់​កណ្តាលផែន​ដី​នឹង​ពាក់វែនតា មីញ៉ូម។ ប៉ុន្តែ​កំណើន​ករណីមីញ៉ូមភ្នែក មាន​សន្ទុះខ្លាំង ពិសេស​ ក្នុង​ចំណោម​កុមារ។ ដូច្នេះ​ប្រសិន​បើ​កូនមក​ពីសាលា​រៀន​វិញ ថ្នូរ​ថា​ឈឺក្បាល ថ្នូរ​ថាលោក​គ្រូ អ្នកគ្រូ ​សរសេរមិនច្បាស់នៅ​លើ​ក្តារខៀន​ ឬ​ធ្វើ​ភ្នែក​មីៗ នៅ​ពេល​មើល​ឆ្ងាយ​ ... កូនៗរបស់​អ្នក​​ប្រហែល​ជា​មាន​ជំងឺ​មីញ៉ូប និង​ត្រូវ​ការ​ពាក់​វែនតា​ហើយ។ ហើយ​ត្រូវ​តែបង្កើន​ការ​​ប្រុង​ប្រយ័ត្នបន្ថែម​ទៀត បើ​កូន​នៅកំពុង​មាន​អាយុ​ពី​៨​ទៅ ១២​ឆ្នាំ។

    មីញ៉ូបជា​ជំងឺ​រាតត្បាតថ្មី

    ​ការសិក្សា​របស់អ្នកស្រាវជ្រាវ​​អេស្ប៉ាញ ទើប​ចេញផ្សាយ​នៅ​ខែកញ្ញា ក្នុង​ទស្សនាវដ្តី​Ophthalmic and Physiological Optics បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រា​កុមារ​មាន​ជំងឺ​មីញ៉ូម ក្នុង​វ័យ​ពី​៨​ទៅ​១២​ឆ្នាំ​នេះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដល់​ទៅ​ប្រមាណ​ជិត​បីដង​ ពោលគឺពី​១២,៣%​ទៅ​២៨,៧%។ នៅ​ប្រទេសបារាំង ទិន្នន័យ​សិក្សា​អេពីដេមីសាស្ត្រ​ចុងក្រោយ ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២១ ក្នុង​ទស្សនាវដ្តី  le British Journal of Ophtalmology ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ថា គឺ​ក្មេង​ក្នុង​វ័យ​នេះហើយ​​ដែល​មាន​ការ​លូត​លាស់​ជំងឺ​មីញ៉ូម​លឿន​ខ្លាំងជាង​គេ ព្រោះ​ជា​វ័យ​ដែលកុមារពេញ​​លូត​ខ្លាំង។ នៅ​ពេល​ក្មេង​ចាប់​លូត​ធំ ឆ្អឹង​និង​គ្រាប់​ភ្នែក​ក៏​ចាប់​លូត​វែង និង​រីកធំ​ដែរ។ ហើយ​ភ្នែកដែលមីញ៉ូប គឺ​ជា​ភ្នែកដែលមានទម្រង់វែង​និង​ធំ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធាន​ផ្នែក​ចក្ខុ​វិទ្យា​នៅ​មន្ទីរពេទ្យ​CHU Poitiers។ កាលណា​​គ្រាប់​ភ្នែក​លូត​វែង​ជ្រុល ជាផលវិបាក​ រូបភាព​មើល​ឃើញ​មិនផ្តិត​​នៅ​លើ​ប្រសី​នៅ​បាត​ភ្នែក​ ដូច​អ្នក​មាន​​ភ្នែកជា​​​ល្អ​ធម្មតា​ទេ តែ​នៅ​ខាង​មុខ​ប្រសី​ភ្នែក ទើប​បាន​ជា​អ្នក​មីញ៉ូម​មិនអាចមើល​​ឆ្ងាយ​បានឃើញ​ច្បាស់​នោះ។

    ជា​ទូទៅ មូលហេតុ​ចម្បង​ទីមួយ​ដែលនាំឱ្យ​ភ្នែក​មីញ៉ូប គឺ​កត្តាពូជ។ មានម្តាយ​ឬ​ឪពុក​មីញ៉ូម នោះ​កូនក៏​ងាយ​ជួប​គ្រោះ​មាន​ជំងឺមីញ៉ូប​ដែរ។ ហើយ​បើ​ម្តាយ​និង​ឪពុក​សុទ្ធ​តែមីញ៉ូបទាំងពីរ​នាក់ នោះលទ្ធភាព​​មីញ៉ូមរបស់​កូនៗ នឹងកើន​ឡើង​មួយ​ជា​បី​យ៉ាង​តិច និង​អាច​ដល់៨​ដង​លើស​ក្មេង​គ្មាន​ឪពុកម្តាយ​មីញ៉ូមឯណោះ។ តែ​កំណើន​ករណី​ភ្នែក​មីញ៉ូប ដ៏ខ្ពស់​និង​លឿន​ខ្លាំង​ក្នុង​វ័យ​កុមារ អាច​បណ្តាល​មក​ពីកត្តា​ដែល មិនពាក់ព័ន្ធ​នឹង​ពូជ។

    កាលពីមុន​ក្មេង​កើតមីញ៉ូប​ច្រើន​នៅពេល​ចូល​ដល់​វ័យ​សិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែល​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អាន ក្នុង​ការ​សិក្សា។ ជា​មីញ៉ូបនិស្សិត។ តែពេល​នេះ មីញ៉ូប​និស្សិត​ក្លាយជា​មីញ៉ូបសិស្ស មីញ៉ូបកុមារ​និងក្មេង​ជំទង់ ដែល​វក់​ខ្លាំង​នឹង​អេក្រង់។ នៅ​ពេល​អាន នៅពេល​មើល​ទូរស័ព្ទ ចំណុចប្រសព្វ​នៃ​ភ្នែក​ផ្តោត​មើល​​លើរយៈចម្ងាយ​ខ្លី​។ ធ្លាប់​តែមើលជិតយូរៗ​ទៅ​ ភ្នែក​មាន​ទម្លាប់ប្រឹង​មើល​តែ​របស់​ជិតៗ ក្លាយ​ជា​ភ្នែក​ខ្ជិល បាត់​បង់​ទម្លាប់​ប្រឹង​មើល​ឆ្ងាយ។ បន្ទាប់​មក​ទៀត កុមារជំនាន់​ថ្មី ចំណាយ​ពេលវេលា​តិច​តួច​ណាស់​ សម្រាប់​រត់​លេង​នៅ​ក្រៅ​ផ្ទះ នៅ​ទីលាន​ ទីវាល។ នៅ​ពេល​ក្មេងបាន​​រត់​​លេងនៅ​​ក្រៅ​ផ្ទះ នៅក្នុង​សួន ក្នុង​កន្លែងក្មេងលេង ក្មេង​អាច​មើល​អ្វីៗ​ដែល​នៅ​ឆ្ងាយ មើលសត្វស្លាប​ហោះហើរ មើលវត្ថុ​នៅ​លើមេឃ​ មើល​ព្រៃព្រឹក្សា ។ល។ គឺ​ ជា​ការ​បង្ហាត់​ភ្នែក​ឱ្យ​ប្រឹង​មើល​ឆ្ងាយ​ផង និងជា​ឱកាស​ផលិត​ជាតិ​អរមូន​ដួប៉ាមីន​។ អរមូនដូប៉ាមីននេះ​មាន​សកម្មភាព​លើ​ភ្នែក ដោយ​ទៅ​រារាំង​មិន​ឱ្យ​គ្រាប់​ភ្នែក លូតដុះវែងទេ។ ដូច​និយាយ​ពី​ខាង​ដើម មក​ពី​​​គ្រាប់​ភ្នែក​លូត​វែង ទើប​មានរោគមីញ៉ូប។ ក្មេង​នៅ​រត់​លេង​ខាង​ក្រៅ​ផ្ទះ​កាន់តែ​យូរ​ ភ្នែក​ផលិត​អរមូនដូប៉ាមីន​កាន់តែ​ច្រើន​ដែរ ហើយ​មិន​សូវ​លូត ជំងឺ​មីញ៉ូប​ក៏​លែង​សូវមាន។

    ប៉ុន្តែ​បច្ចុប្បន្ននេះ ក្មេង​ជក់​នឹង​ទូរស័ព្ទ អេក្រង់​ មិនចង់​ចេញ​ទៅ​រត់​លេង​នៅ​ក្រៅ​ផ្ទះ​ នៅ​ឧទ្យានទេ។ ជា​លទ្ធផល​ចំនួន​កុមារមីញ៉ូប កើន​ឡើង​ជា​លំដាប់​និង​យ៉ាង​លឿន។

    ដើម្បី​ទប់​ស្កាត់​បាតុភូតមីញ៉ូបកុមារ ត្រូវ​ការពារ​ភ្នែកកូនដោយ​វិធីសាស្ត្រ​ពីរ​យ៉ាង​សំខាន់ៗ​ គឺ​ទីមួយ ត្រូវ​ឱ្យ​ក្មេង​ចេញ​លេង​នៅ​វាល​ខាង​ក្រៅ​ រត់​បញ្ចេញសកម្មភាព​កាយ​សម្បទា ត្រូវ​ពន្លឺថ្ងៃ ត្រូវ​ខ្យល់ ​យ៉ាងហោច​ណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​កាត់​បន្ថយ​ ឬ​កំរិត​រយៈ​ពេល​លេង​ទូរស័ព្ទ នៅ​មុខ​អេក្រង់ និង​បើ​អាច​ ត្រូវ​ដាក់​​អេក្រង់​នៅ​ឆ្ងាយ​ពី​ភ្នែក។

    មីញ៉ូបខ្លាំង​ឡើង​ជា​លំដាប់

    សូម​កុំ​មើល​ស្រាល​ជំងឺ​មីញ៉ូប ដោយ​គិត​ថា​នាំ​កូន​ទៅរក​វែនតាពាក់ ជា​ការស្រេច។ បន្ថែម​ពី​លើ​កាត់​វែនតា​តម្រូវ​ភ្នែកមីញ៉ូបឱ្យ​​កូន​ហើយ ដើម្បី​ផាសុខភាព​របស់​កូន អ្នក​ជា​ឪពុកម្តាយ​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រភេទ​ជំងឺ​មីញ៉ូបរបស់​កូន​ទៀត។ ជំងឺភ្នែកមីញ៉ូបរបស់​កុមារ​អាច​មាន​ពីរ​ទម្រង់។ ទីមួយ​គឺ​កំរិត​ដឺក្រេមីញ៉ូប របស់​កូន​មិនប្រែប្រួល​ ក្នុង​រយៈ​ពេល​យូរ ប្រមាណមួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ។ នេះ​ជាករណី​មីញ៉ូបស្រាល ដែល​គ្មាន​អ្វីគួរឱ្យ​ព្រួយបារម្ភ តែ​ត្រូវ​តាមដាន​សុខភាព​ភ្នែក​របស់​កូន​ជារៀង​រាល់មួយ​ឆ្នាំ​ម្តង​ឱ្យ​បាន​ទៀងទាត់។ ករណីទីពីរ កុមារ​មាន​ជំងឺ​មីញ៉ូប​ដែល​វិវឌ្ឍ ខ្លាំង​ឡើង​ជា​លំដាប់។ មួយ​ឆ្នាំឡើង​កន្លះឬ​១​លេខ។ កុមារ ​មានមីញ៉ូបកំរិត-១ នៅ​អាយុ៦​ឆ្នាំ អាច​ឡើង​ដល់​-១០​ នៅពេល​ចូល​វ័យជំទង់។ មីញ៉ូបចាប់​ពី កំរិត​៦​ឡើង​ទៅ គេ​ហៅ​ថា​ជា​ជំងឺ​មីញ៉ូបធ្ងន់ធ្ងរ​ហើយ។ ហើយ​ក្នុងករណី​នេះ ការការពារសុខភាព​ភ្នែក​ឱ្យ​កូន​មិនមែន​ត្រឹម​ដើម្បី​បាន​ “មើល​ឃើញ​ច្បាស់​” មួយ​មុខ​ទេ។

    “មីញ៉ូប​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​មើលមិនឆ្ងាយ​មិន​ច្បាស់​ហើយ​ត្រូវ​កែដោយពាក់​វែនតាទេ។​ មីញ៉ូប គឺ​ជា​ជំងឺ​ដ៏​ពិតៗ​ជាក់​ស្តែង​មួយ។ បើកុមារមីញ៉ូបកាន់​តែ​ខ្លាំង ហានិភ័យ​មានផលវិបាក​ចំពោះ​សុខភាព​ភ្នែក មាន​កាន់តែ​ខ្លាំង​ នៅ​​ធំពេញ​វ័យ។ ហានិភ័យ​ខ្លាំង​ជាង​គេ​គឺ​គ្រោះ​ងងឹតភ្នែក​តែម្តង។ នេះ​បើ​តាម​ពាក្យ​ដាស់​តើន​ របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត  Dominique​ Brémond-Gignac ប្រធា​ន​សមាគម​មីញ៉ូបអឺរ៉ុប ដោយ​ពន្យល់​ថា នៅពេល​គ្រាប់​ភ្នែក​លូត​ធំជ្រុល​ ប្រសីភ្នែក និង​រចនា​សម្ព័ន្ធក្តោបគ្រាប់​ភ្នែក​ទាំងមូល ត្រូវ​ទាញ​យារ​ខ្លាំង​ខុស​ប្រក្រតី ដែល​មិនអាច​ទ្រទ្រង់បាន​យូរ។ គ្រាន់តែ​មានអាយុ៣០-៤០​ ស្រាប់​តែ​លេច​ជំងឺ​ភ្នែក​ឡើង​បាយមុនអាយុ Cataracte glaucome ដាច់​របើកប្រសីភ្នែក និង​ជំងឺ​ភ្នែកមួយ​ចំនួន​ផ្សេងៗ​ទៀត។

    វិធី​ទប់ស្កាត់ និង​ព្យាបាល​ជំងឺមីញ៉ូបកុមារ

    និយាយបែបនេះ​មិនមែន​ជាការបំភ័យ​ទេ។ តែ​ជា​សំណាង​ល្អ វេជ្ជសាស្ត្រ​មាន​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​វិធី​ទប់ស្កាត់​ជំងឺ​មីញ៉ូប​កុមារ និង​រារាំង​មិនឱ្យ​កុមារ​ធ្លាក់​ខ្លួន​ឈឺ​មីញ៉ូប​កំរិត​គ្រោះថ្នាក់បាន។ ប្រទេស​បារាំង​មានសំណើ​ព្យាបាល​ច្រើនយ៉ាងដែល​សម្រេច​ដោយ​គ្រូពេទ្យ​ឯកទេស​ភ្នែក។

    ពាក់វែនតា​ដែល​មាន​កញ្ចក់​ពិសេស​ មើល​ពី​ក្រៅ​ឃើញ​ដូច​កញ្ចក់​វែនតាមីញ៉ូបធម្មតា​ តែ​ឌីសាញ​ខាង​ក្នុង​កញ្ចក់​ មាន​ស្នូល​កណ្តាលពីរបី​មីល្លីម៉ែត្រ​ សម្រាប់​កែ​ទាំងស្រុង ហើយ​នៅ​ជុំ​វិញ​ជា​តំបន់​បញ្ចាំងរូប​នៅមុខ​ប្រសី។ កញ្ចក់វែនតា​ពិសេស​នេះ​អាច​​ជួយ​ទប់​ការ​វិវឌ្ឍ​នៃ​ភាព​មីញ៉ូបបាន។ លទ្ធភាពព្យាបាល​មួយ​ទៀត គឺ ការ​ប្រើ​ថ្នាំ​ជា​តំណក់​ទឹក ច្របាច់​ដាក់ក្នុង​​ភ្នែក​ជា​រៀង​រាល់​ល្ងាច តែ​ថ្នាំ​ប្រភេទ​នេះ មាន​ប្រើ​តែ​ក្នុង​មន្ទីរពេទ្យ​ទេ។ គេ​ត្រូវ​រង់ចាំ​បន្តិចទៀត​សិន មុន​នឹង​បានទទួល​ការ​អនុញ្ញាតឱ្យ​ថ្នាំ​នេះ​ធ្វើ​ចរាចរណ៍​តា​ម​ឱសថស្ថានទូទៅបាន។

    ក្នុង​ពេល​រង់ចាំ​ ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​អនុគ្រោះ​សម្រាប់​ស្ទើរ​គ្រប់​កុមារ និង​ទប់​ជំងឺមីញ៉ូបាន​ពី​​៦០ទៅ​៨០%​ គេអាច​កាត់​បន្ថយ​គ្រោះ​មីញ៉ូបភ្នែក​ ដោយ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់នៅ​របស់​កុមារ។ ដោយ​ផាត់កត្តាពូជ​ចេញ គេ​អាច​ការពារ​ជំងឺ​មីញ៉ូប​ដោយ​លុប​បំបាត់​កត្តា​ហានិភ័យ​ក្រៅ​ខ្លួន ដោយ​ទម្លាប់​កូន​តាំង​ពី​តូច​ខ្ចី ឱ្យរត់លេង​ ធ្វើ​កីឡា នៅ​ក្រៅ​ផ្ទះ ឱ្យ​បាន​យូរ ដើម្បី​បាន​ត្រូវ​ពន្លឺ​ថ្ងៃ ដែល​ជះ​ឥទ្ធិពល​ខ្លះ​ទៅលើ​ការ​លូត​លាស់​នៃ​គ្រាប់​ភ្នែក។ កាត់​បន្ថយ​ និង​កំរិត​ពេល​ម៉ោង​នៅ​មុខ​អេក្រង់ ដោយ​ចង​ចាំ​ថា មួយ​ម៉ោង​នៅមុខ​អេក្រង់ក្នុង​មួយថ្ងៃ បង្កើន​គ្រោះ​មីញ៉ូប២០%។ បន្ទប់​គេង កន្លែង​រៀន និង​អាន​​របស់​កូន​មាន​ពន្លឺ​ច្រើន​គ្រប់គ្រាន់ ហើយ​ត្រូវ​ធានា​ថា​កុមារ​បាន​គេង​គ្រប់​ម៉ោង និង​យ៉ាងទៀង​ទាត់៕

    Wed, 07 Oct 2026
Mostra altri episodi