Nach Genre filtern
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ទាំងក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកធ្វើការពន្យល់ បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។ ជាការពន្យល់បកសា្រយហេតុផលនៃព្រឹត្តិការណ៍ តាមលក្ខណៈសត្យានុម័តនិងអព្យាក្រឹត។
- 89 - ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?
បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។
ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងដីពីក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅតែបន្តឈឺចាប់ ពិសេសការឈឺចាប់ផ្លូវចិត្ត ដោយសារតែពួកគេបានសន្សែសន្សំ និងត្បិតត្បៀតការចាយវាយដើម្បីយកលុយទិញផ្ទះ ឬដី សម្រាប់រស់នៅ ឬធ្វើអាជីវកម្មរកប្រាក់ចំណេញ។ ការឈឺចាប់នេះ កើតឡើងក្រោយក្រុមហ៊ុនលក់ផ្ទះ ឬដី មួយចំនួនមិនគោរពតាមកិច្ចសន្យានៃការលក់ ទិញអចលនវត្ថុ ជាហេតុនាំឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារយុត្តិធម៌ ខណៈពួកគេចំណាយលុយទិញផ្ទះ ឬដីរួចហើយ តែមិនបានផ្ទះ ឬដី។
វិបត្តិសង្គមមួយនេះ ត្រូវបានគេមើលឃើញ និងស្តីបន្ទោសទៅលើក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដែលរងការចោទថាធ្វើជំនួញគ្មានភាពស្មោះត្រង់ រួមមាន ក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស រប់សអតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត។
តែក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុន ដែលលេចធ្លោលើសំណុំរឿងដីធ្លីទាំងនេះ ខ្លះក៏បានស្ងៀមស្ងាត់ជាបណ្តោះអាសន្ន ខ្លះក៏ត្រូវបានដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការ ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងខ្លះទៀតក៏កំពុងឡើងកម្តៅនៃការតវ៉ានៅឡើយ តួយ៉ាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា។
ជាការកត់សម្គាល់ អតិថិជន ក្នុងនោះរួមមានប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ បាននិងកំពុងតវ៉ាយ៉ាងស្វិតស្វាញ ដោយទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគេទទួលបានផ្ទះ ពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខណៈអតិថិជនទាំងនោះ មួយចំនួនធំបានបង់ប្រាក់រួចរាល់ និងផុតកុងត្រា ដែលក្រុមហ៊ុនត្រូវប្រគល់ផ្ទះជាច្រើនឆ្នាំមកហើយ តែផ្ទុយទៅវិញពួកគេមិនទទួលបានផ្ទះ។
តាមរយៈការជួបជុំគ្នាតវ៉ារបស់ពលរដ្ឋ ដែលជាជនរងគ្រោះ ដោយបិទផ្លូវជាតិលេខ 6A និងបិទផ្លូវមុខក្រសួងដែនដីកាលពីពេលថ្មីៗនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគេ បានឆ្លុះបញ្ចាំងពីអារម្មណ៍ដ៏ឈឺចាប់។
ឈឺចាប់ ដោយសារពួកគេទន្ទឹងរង់ចាំទទួលផ្ទះ ពីក្រុមហ៊ុន ម្នាក់ៗមានរយៈពេលពី៥ ទៅ៦ឆ្នាំមកហើយ។ ជាការរង់ចាំបណ្តើរត្អូញត្អែរបណ្តើរ ត្បិតពលរដ្ឋទាំងនោះ ខ្លះបានខ្ចីបុលពីធនាគារ យកទៅទិញដី ឬផ្ទះបង់ផ្តាច់ និងបង់រំលោះ ដោយប្រឈមនឹងការប្រឹងប្រែងរកប្រាក់បង់សងធនាគារវិញជារៀងរាល់ខែ។
ទាក់ទងទៅនឹងភាពចម្រូងចម្រាសរវាងអ្នកទិញផ្ទះ និងក្រុមហ៊ុនសង់ផ្ទះលក់នេះ ក្រសួងដែនដី នៅក្នុងអាណត្តិទី៧នេះ តែងបង្ហាញពីលទ្ធផលការងាររបស់ខ្លួន ដោយក្រសួងបានដោះស្រាយជាបន្តបន្ទាប់នូវវិវាទដីធ្លី និងអចលនទ្រព្យដ៏រ៉ាំរ៉ៃនេះ ក្នុងនោះក៏មានករណីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែរ។
ក្រសួងដែនដីតាមរយៈអ្នកនាំពាក្យ លោក សេង ឡូត បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួងត្រូវការរពេលវេលាក្នុងការបន្តកិច្ចការតាមនីតិវិធី និងជួបជាមួយពលរដ្ឋតវ៉ា ដើម្បីជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយនៅរៀងរាល់ ៣ខែម្តង។
ជាមួយគ្នានេះ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លងមកក៏តែងលើកឡើងពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយផ្ទះជូនអតិថិជន និងស្នើសុំការយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាកផ្នែកសេដ្ឋកិច្ច។ ក្រុមអ្នកតាមដានសង្គម និងអ្នកជំនាញផ្លូវច្បាប់ បានហៅការទិញផ្ទះរបស់ពលរដ្ឋ ហើយមិនបានផ្ទះនេះថា ជាទម្រង់បំពានច្បាប់មួយ ដែលស្ថាប័នមានសមត្ថកិច្ចគួរមានការពិចារណា និងជួយរកដំណោះស្រាយ។
លោកមេធាវី ផែង ហេង អ្នកជំនាញផ្នែកច្បាប់មួយរូប បានលើកឡើងជាទូទៅថា ក្នុងច្បាប់ព្រហ្មទណ្ឌ នៅពេលភាគីអ្នកទិញបានបង់លុយទៅភាគីអ្នកលក់ហើយ ហើយភាគីអ្នកលក់មិនបានប្រគល់របស់ ឬវត្ថុ ដែលលក់ ឲ្យទៅអ្នកទិញ ដោយមិនស្របទៅនឹងកម្មវត្ថុនៃការទិញ លក់ គឺស្មើនឹងបទល្មើសឆបោក។ ប្រសិនបើរដ្ឋមើលឃើញថាករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ នោះរដ្ឋត្រូវដើរតួនាទីជាដើមបណ្តឹង ដោយមិនចាំបាច់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដាក់ពាក្យបណ្តឹងទេ។ នេះបើតាមលោក ផែង ហេង។
នៅក្នុងកម្មវិធីបិទសន្និបាតមួយរបស់ក្រសួងរៀបចំដែនដីកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ។
តែលោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្រប ដែលម្ចាស់បុរីត្រូវផ្តល់ឲ្យពលរដ្ឋនោះទេ។ បើតាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឲ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឲ្យនៅពង» ឬទុកឱកាសឲ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណង ដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឲ្យជាប់គុក។
ត្រង់ចំណុចនេះ ត្រូវបានលោកមេធាវី ផែង ហេង មើលឃើញថា ការអនុវត្តជាក់ស្តែងហាក់មិនស្របទៅនឹងអ្វីដែលប្រមុខរដ្ឋាភិបាលលើកឡើង។ មិនស្របដោយហេតុថាថៅកែក្រុមហ៊ុនបុរីខ្លះ ដែលប្រៀបបាននឹងមេមាន់ ហាក់កំពុងរស់នៅក្នុងជីវិតហ៊ឺហា ជាមួយនឹងទ្រព្យសម្បត្តិស្តុកស្តម្ភ។ រីឯពលរដ្ឋរងគ្រោះ កំពុងរស់នៅដោយក្តីវេទនា អំឡុងពេល ដែលស្ថានភាពសុខភាពសេដ្ឋកិច្ចបច្ចុប្បន្នមានភាពមិនប្រាកដប្រជា៕
Fri, 23 Jan 2026 - 88 - កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?
តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្រូវបានធ្វើឡើងចំពោះតែក្រុមមនុស្សកំប៉ិកកំប៉ុក។
ការចាប់ខ្លួនអតីតអ្នកឧកញ៉ា លី គួង ថៅកែកាស៊ីណូមួយនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងបានបញ្ជូនទៅឃុំឃាំងបណ្តោះអាសន្ន ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាង ដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ។
ជារូបភាពវិនិយោគ ឬជាការរកស៊ី ដែលគ្មានតម្លាភាព និងយកថវិកាទាំងនោះទៅចរាចរណ៍ ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារដើម្បីបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមអនឡាញចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ជាការកត់សម្គាល់ ការចាប់ខ្លួនថៅកែកាស៊ីណូ និងសណ្ឋាគារ លី គួង ធ្វើឡើង ក្រោយការចាប់ខ្លួនដ៏ភ្ញាក់ផ្អើលអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ី និងបក្ខពួក ២នាក់ផ្សេងទៀត បញ្ជូនទៅប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។
រដ្ឋអំណាចចិនក៏បានសម្រេចចោទប្រកាន់ ចេន ហ្ស៊ី ថាជាអ្នករៀបចំបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍។ បទឧក្រិដ្ឋទាំងនោះ ពាក់ព័ន្ធនឹងការបើកកាស៊ីណូ ការក្លែងបន្លំប្រតិបត្តិការខុសច្បាប់ និងការលាក់បាំងសកម្មភាពប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗទៀត។
ជាមួយគ្នានេះ ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តយ៉ាងក្តៅគគុក ដោយសមត្ថកិច្ចបង្ក្រាបបទល្មើសបានចំនួន ១១៨ទីតាំង ក្នុងរាជធានី-ខេត្ត ចំនួន១៨ ឃាត់ខ្លួនជនសង្ស័យសរុបជិត ៥ពាន់នាក់ រួមមាន ២៣សញ្ជាតិ និងបានអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ករណី ពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួកប្រមាណ ១៧០នាក់។
ទាំងអស់នេះត្រូវបានរដ្ឋាភិបាលកម្ពុជាអះអាងថា ជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ការប្រឹងប្រែងនេះបានធ្វើឡើង ក្រោយពីមានការរិះគន់ធ្ងន់ៗពីសំណាក់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលថាប្រទេសកម្ពុជាជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏កក្រើក។
ទោះជាយ៉ាងណា ការប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការកម្ចាត់សម្បុកឆបោកអនឡាញនេះ បានទទួលស្វាគមន៍ និងលើកទឹកចិត្តពីប្រទេសចិន កូរ៉េ និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។ តែនៅក្នុងក្រសែភ្នែកជនបរទេស និងអ្នកនយោបាយប្រឆាំងខ្មែរមួយជ្រុងទៀត ពួកគេនៅរារែកក្នុងការសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ។ រារែកមិនសាទរដោយសារពួកគេមើលឃើញថា រដ្ឋាភិបាលបានបិទភ្នែក និងទុកបណ្តោយឲ្យឧក្រិដ្ឋកម្មឆបោកអនឡាញអូសបន្លាយយូរ ដែលបានធ្វើឲ្យស្រអាប់កេរ្តិ៍ឈ្មោះប្រទេសនៅពេលនេះ។
ទោះជាយ៉ាងនេះក្តី អ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត មាស នី បានសម្តែងការគាំទ្រចំពោះចំណាត់ការកណ្តាប់ដៃដែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ។ តែលោក មាស នីមិនភ្លេចបញ្ជាក់ថា ដើម្បីអាចទទួលបានការជឿជាក់ពីសំណាក់អន្តរជាតិ និងដើម្បីស្តារកេរ្តី៍ឈ្មោះប្រទេសឡើងវិញ កម្ពុជាគួរតែមានការស៊ើបអង្កេតលើអ្នកមានអំណាច ដែលរងការសង្ស័យពីបរទេសថាបានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋផ្សេងៗ ដូចជាការឆបោកតាមអនឡាញ ការលាងលុយកខ្វក់ជាដើម។
សរុបមក គេមិនទាន់អាចវាយតម្លៃបានយ៉ាងណាទេនៅពេលដែលចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅមិនទាន់បិទបញ្ចប់។ ទន្ទឹមគ្នានេះ មហាជនខ្មែរ ក៏ដូចជាអន្តរជាតិ ក៏កំពុងរង់ចាំមើលពីប្រសិទ្ធភាពរបស់អាជ្ញាធរកម្ពុជាក្នុងការស្តារទំនុកចិត្តឡើងវិញ តាមរយៈការបង្ក្រាបមេខ្លោងឆបោកតាមអនឡាញ និងអ្នកពាក់ព័ន្ធនានា៕
Fri, 16 Jan 2026 - 87 - ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?
តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង និងអាចមានរយៈពេលយូរអង្វែង។
ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានធ្វើការកត់ត្រាមួយផ្នែកធំស្តីពីជម្លោះរវាងកម្ពុជា និងថៃ ពោលចាប់ពីសតវត្សទី១២មក ដោយសារតែមហិច្ឆតាវាតទី និងពង្រីកទឹកដីរបស់ថៃ ឬសៀម ដែលជនជាតិនេះចាប់ផ្តើមធ្វើអន្តោប្រវេសន៍ពីខេត្តយូណានរបស់ចិន ឆ្ពោះមកទិសខាងត្បូងចាប់តាំងពីសតវត្សទី៩មក។
គិតមកត្រឹមបច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល ៧៥ឆ្នាំមកហើយ។ ក្នុងរយៈពេល ៧៥ឆ្នាំនេះ ប្រទេសទាំងពីរ តែងមានអរិភាពនឹងគ្នាជារឿយៗ ដែលជម្លោះទាំងនោះ បញ្ឆេះឡើងដោយអ្នកនយោបាយស្និទ្ធនឹងរាជវាំងថៃ និងក្រុមជាតិនិយមជ្រុល។ ជម្លោះដែលមានការកត់សម្គាល់ទាំងនោះរួមមាន ការលើកឡើងរបស់តារាភាពយន្តថៃ ឈ្មោះ Kob Suvanant Kongying ឬនាងផ្កាយព្រឹក ដែលឈានទៅដល់ការដុតបំផ្លាញស្ថានទូតថៃនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ បន្ទាប់ពីតារាភាពយន្តថៃរូបនេះ បានលើកឡើងថាអង្គរវត្តជារបស់ថៃ។
ក្រោយៗមកទៀត ជម្លោះធំៗ រវាងខ្មែរ និងថៃ ដែលមានស្នាមប្រេះពីអតីតកាលស្រាប់ ក៏ឈានទៅដល់ការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែនប្រទេសទាំងពីរក្នុងឆ្នាំ២០០៨ បន្ទាប់ពីថៃនៅតែប៉ុនប៉ងចង់បានប្រាសាទព្រះវិហាររបស់ខ្មែរ ដែលថៃចាញ់ក្តីខ្មែរម្តងហើយម្តងទៀត ពោលនៅឆ្នាំ១៩៦២ម្តង និងឆ្នាំ២០១៣ ម្តងទៀត នៅពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលដីកាឆ្នាំ ១៩៦២ឡើងវិញ។
ជម្លោះព្រំដែន ខ្មែរ-ថៃ បានចាប់ផ្តើមជាថ្មីម្តងទៀតកាលពីខែកក្កដា និងក្នុងខែធ្នូ ឆ្នាំ២០២៥នេះ ដែលជម្លោះទាំងពីរលើកចុងក្រោយនេះ មានការគាំទ្រពីក្រុមជាតិនិយមទាំងសងខាង ជាពិសេសក្រុមជាតិនិយមជ្រុលថៃ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មដោយខ្លួនឯងផង ជួយរុញ និងញុះញង់ពីក្រោយយោធាថៃផង។
ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានភាគីកម្ពុជាបរិហារថាជាការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដោយសារយោធាថៃ បើកការវាយប្រហារចូលក្នុងទឹកដីកម្ពុជាមិនរើសទីតាំង ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរស្លាប់ របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រយុទ្ធគ្នាចុងក្រោយនេះ ត្រូវពលរដ្ឋខ្មែរមើលឃើញថា ជាសង្គ្រាមសម័យថ្មី ដែលប្រើអាវុធ និងបច្ចេកវិទ្យាទំនើបៗ និងមានចរិតបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រជម្លោះជាមួយថៃ។ តើពលរដ្ឋខ្មែរ និងថៃ នឹងបង្កើនការស្អប់ខ្ពើមគ្នាទៅវិញទៅមកយ៉ាងណាទៅអនាគត?
ការវាយប្រយុទ្ធគ្នាចុងក្រោយនេះ បង្ហាញថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមថៃទ្វេដង ជាងថៃស្អប់ខ្មែរ។ មានមូលហេតុសំខាន់ៗជាច្រើន ដែលជាទឡ្ហីករណ៍ ឈានទៅរកការសន្និដ្ឋានថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមពូជសាសន៍ថៃកាន់តែខ្លាំង នោះគឹយោធាថៃបានធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជា ដោយប្រើប្រាស់សព្វាវុធមិនសមមូលគ្នា វាយប្រហារមិនរើសទីតាំង ជាហេតុធ្វើឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។
ជាគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិត របួស ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីសុវត្ថិភាព បង្កភាពភ័យខ្លាចធ្ងន់ធ្ងរ រុញច្រានប្រជាជនខ្មែរជាច្រើន ដែលមានជីវភាពក្រីក្រស្រាប់ ឲ្យធ្លាក់ទៅក្នុងរណ្តៅក្រីក្រកាន់តែជ្រៅ។ លើសពីនេះ សាលារៀននៅតាមបណ្តារខេត្តជាប់ព្រំដែនខ្មែរ-ថៃ ជាច្រើនត្រូវបានផ្អាក បណ្តាលឲ្យការសិក្សាររបស់សិស្សរប៉ាត់រប៉ាយ និងខកខាន។
នៅក្នុងសង្គ្រាមព្រំដែននេះដែរ តាមរយៈក្រុមជាតិនិយមជ្រុលរបស់ខ្លួន ថៃបានប្រើយុទ្ធសាស្ត្របំភ័យបន្លាច ប្រមាថមើលងាយគ្រប់បែបយ៉ាងមកលើពលរដ្ឋខ្មែរ ដែលថាប្រជាជនខ្មែរក្រីក្រជាងខ្លួន។ ភាពក្រឡិចក្រឡុចរបស់ថៃ ទាំងអ្នកដឹកនាំរដ្ឋាភិបាល ទាំងយោធាថៃ និងការរំលោភច្បាប់អន្តរជាតិ ចំពោះការចាប់ឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ខុសគោលការណ៍សឹក ក៏ជារូបភាពមួយ ឆ្លុះបញ្ចាំងពីឥរិយាបទរបស់ថៃ ដែលនឹងបង្កើតការចងចាំ និងគំនុំគុំគួនពីសំណាក់ពលរដ្ឋខ្មែរដែរ។ ការបង្ហាញរូបភាពស-ខ្មៅ របស់យុទ្ធជនពលីជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ក៏ជាសោកនាដកម្ម និងការឈឺចាប់ថតជាប់នឹងភ្នែក ដែលមិនអាចបំភ្លេចបាន។
ជាការកត់សម្គាល់ពលរដ្ឋខ្មែរកន្លងមក តែងឆាប់ភ្លេចការឈឺចាប់ ដោយជម្លោះជាមួយថៃជាច្រើនដងកន្លងមក ខ្មែរនៅតែត្រូវការប្រើប្រាស់ទំនិញសព្វសារពើរបស់ថៃ ព្រោះថាសមត្ថភាពផលិតរបស់កម្ពុជា ទាំងបរិមាណ និងគុណភាពនៅមានកម្រិត។ ក៏ប៉ុន្តែតាមរយៈជម្លោះដ៏ស្រួចស្រាល់ចុងក្រោយនេះរវាងកម្ពុជា-ថៃ អ្នកវិភាគនានា មើលឃើញថាទំនងជាពលរដ្ឋខ្មែរទូទាំងប្រទេសអាចកែប្រែប្រវត្តិសាស្ត្របាន តាមរយៈការធ្វើពហិការទំនិញថៃជាទូទៅ និងយូរអង្វែង ហើយងាកមកប្រើផលិតផលក្នុងស្រុក និងផលិតផលនាំចូលក្រៅពីថៃ។
សេចក្តីសន្និដ្ឋានដែលអាចមើលឃើញជាមុននេះ ហាក់ស្របគ្នាទៅនឹងអំណះអំណាង ទាំងរដ្ឋបាល ទាំងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដែលថាតាមរយៈបទពិសោធន៍ពេលនេះ អំណឹះតទៅ ខ្មែរត្រូវតែខ្លាំងដោយខ្លួនឯងលើគ្រប់វិស័យ និងលែងរំពឹងខ្ពស់លើជំនួយបរទេស។ ចំណុចនេះ បើខ្មែរធ្វើបានមែន ថៃនឹងខាតបង់ដ៏ធំធេង។ ខាតបង់ដោយសារថៃបាត់ទីផ្សារ ខណៈដែលពលរដ្ឋថៃមួយភាគ ដែលធ្លាប់ធ្វើជំនួញជាមួយកម្ពុជា នឹងរងផលប៉ះពាល់ ហើយងាកទៅតវ៉ារកការទទួលខុសត្រូវជាមួយរដ្ឋាភិបាលរបស់ខ្លួន។
ទោះយ៉ាងណា ផែនដីខ្មែរ និងថៃ ដែលមានព្រំដែនជាប់គ្នា គឺមិនអាចលើកទៅដាក់កន្លែងផ្សេងបានឡើយ។ ចំណុចនេះ កំរិតរដ្ឋបាល និងទំនាក់ទំនងផ្លូវការនៃប្រទេសទាំងពីរពិតជាមិនអាចខ្វះបាន។ សម្រាប់ប្រជាជន ជាពិសេសប្រជាជនខ្មែរ អាចថាប្រើពេលវេលាយូរអង្វែងទៅមុខ។ ពាក្យថា«សៀមមិនចោលក្បួន» នៅតែជាកណ្តឹងបន្លឺឡើងក្នុងចំណោមមហាជន និងបញ្ញវន្តខ្មែរ៕
Sat, 20 Dec 2025 - 86 - ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?
អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់ផ្តល់ជំនួយដល់យុទ្ធជននៅសមរភូមិ និងជនភៀសសឹកកម្ពុជា។
ចាប់តាំងពីមានការវាយប្រហារសាជាថ្មីពីសំណាក់កងទ័ពថៃ មកលើកងទ័ពកម្ពុជាជាច្រើនចំណុចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធតបតវិញរបស់កម្ពុជា គេសង្កេតឃើញពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានបង្ហាញការគាំទ្រយ៉ាងសកម្ម តាមរយៈការបរិច្ចាគថវិកា សម្ភារៈ និងម្ហូបអាហារដល់កងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក។
អ្វីដែលជាកាកត់សម្គាល់នោះគឺ អ្នកនយោបាយមកពីបក្សប្រឆាំង ឬគណបក្សក្រៅរដ្ឋាភិបាល ក៏បានបង្ហាញសកម្មភាពរបស់ខ្លួន តាមរយៈការគាំទ្រជាទឹកចិត្ត ការចូលរួមជាថវិកាទៅតាមលទ្ធភាព ដែលជាផ្នែកមួយជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹក។
កាយវិកានេះ ឆ្លុះបញ្ចាំងឲ្យឃើញថា នៅពេលប្រទេសមានសង្គ្រាមជាមួយបរទេស អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នាក៏មែនពិត តែពួកគេមានបុព្វហេតុជាតិ និងសត្រូវរួមគ្នា។ យ៉ាងណាក៏ដោយ ក៏មិនទាំងអស់ទេ ព្រោះថា នៅមានអ្នកនយោបាយខ្មែរខ្លះ ដែលនៅតែបន្តប្រើសេរីភាពបញ្ចេញមតិ ក្នុងរូបភាពជាទស្សនៈវាយប្រហារ ឌឺដង ផ្ចាញ់ផ្ចាល ខណៈដែលអ្នកនយោបាយនៃបក្សកាន់អំណាចកំពុងជាប់ដៃ ទប់ទល់នឹងការវាយប្រហាររបស់ថៃ។
ជាគោលការណ៍ ការប្រើសេរីភាព ក្នុងការរិះគន់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនមែនជារឿងខុសទាស់នោះទេ។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាស្រួចស្រាល់ និងការប្រឆាំងគ្នាផ្កាប់មុខ នៅក្នុងកាលៈទេសៈខ្លះ ដូចជាអំឡុងពេលកំពុងមានសង្គ្រាមតាមព្រំដែនជាមួយថៃជាដើម ចង់មិនចង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ និងជាការរុញឲ្យខ្មែរ និងខ្មែរកាន់តែបែកបាក់ និងមិនអាចមានឱកាសផ្សះផ្សារគ្នាបាន។
ប្រវត្តិសាស្ត្រ បានបង្រៀនប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យប្រទេសនេះ ចុះខ្សោយ ទឹកដីកាន់តែរួមតូច ប្រជាជនកាន់តែក្រីក្រ សត្រូវកាន់តែមើលងាយ និងប្រទេសងាយធ្លាក់ទៅក្នុងភយន្តរាយ។
នៅក្នុងពិធីជាសាធារណៈមួយកាលពីខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ ពង្រឹងអត្តសញ្ញាណជាតិ ចៀសវាងការបែកបាក់។ ចំណុចនេះ ក៏ធ្លាប់បានឮចេញពីមាត់អ្នកនយោបាយប្រឆាំងផងដែរ។ តែឯកភាពជាតិពិតប្រាកដមិនត្រូវបានគេមើលឃើញនៅឡើយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានកត់សម្គាល់ថា អ្នកនយោបាយខ្មែរបានមូលមតិគ្នាក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ថៃ តែពួកគេនៅមិនទាន់មូលមតិគ្នាក្នុងរឿងនយោបាយផ្ទៃក្នុង ឬទំលាក់ចោលការគុំគួនគ្នា។
សរុបមក នៅក្នុងកាលៈទេសៈ ដែលប្រទេសកំពុងប្រឈមមុខខាងយោធាជាមួយថៃយ៉ាងដូច្នេះ ការរួបរួមគ្នា ឯកភាពគ្នារវាងខ្មែរ និងខ្មែរ គឺជារឿងសំខាន់ និងចាំបាច់បំផុត។ សំខាន់ និងចាំបាច់ ព្រោះកម្ពុជាត្រូវការកសាងប្រទេស ដើរឲ្យទាន់ស្ថានភាពតំបន់ និងពិភពលោក ចៀសវាងឧបសគ្គដែលបណ្តាលមកពីជម្លោះផ្ទៃក្នុង និងការរំខានពីសត្រូវខាងក្រៅ ដូចជាករណីបង្កហេតុពីសំណាក់ប្រទេសថៃនៅពេលនេះជាដើម៕
Fri, 12 Dec 2025 - 85 - តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?
អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ភ្លាមៗ ក្រោយមានការរិះគន់ដោយប្រើសម្តីធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថា មានភាពអសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតី ដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចដែលមានសមាសភាពមន្ត្រីកងរាជអាវុធហត្ថចំនួន ៨រូប មានភារកិច្ចធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ថែមថា មន្រ្តីណាដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺត្រូវតែបង្រ្កាបដាច់ខាត ហើយជនណា ដែលជេរប្រមាថស្ថាប័នជាតិក៏ត្រូវតែផ្តន្ទាទោសតាមច្បាប់ដែរ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា លោក តាន់ គឹមសួរដែលគេស្គាល់ជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយរូប និងដែលកំពុងដើរតួនាទីជាសកម្មជនការពារធនធានធម្មជាតិ និងបរិស្ថានបានរងនូវការសួរដេញដោលរកលិខិតបេសកម្មដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការសួរនាំនេះត្រូវបានលោក តាន់ គឹមសួរ សង្ស័យថាជារូបភាពដើម្បីរកហេតុផលដាក់បន្ទុកលើលោក។ នៅក្នុងកិច្ចសន្ទនាតាមរយៈឃ្លីបវីដេអូ លោក តាន់ គឹមសួរ បានលើកឡើងពីកាតព្វកិច្ចរបស់លោកក្នុងនាមជាប្រជាពលករដ្ឋម្នាក់ដែលមានសិទ្ធិការពារ និងទប់ស្កាត់បទស្មើសព្រៃឈើ ដែលជាទ្រព្យសម្បត្តិរបស់លោក និងរបស់ពលរដ្ឋខ្មែរទាំងអស់។ ហេតុការណ៍ដែលបានកើតឡើងនៅស្រុកសំបូរ ខេត្តក្រចេះនេះត្រូវបានលោក ផែង វណ្ណៈ ដែលជាអ្នកកាសែតអនឡាញម្នាក់ក្នុងប្រទេសកម្ពុជាលើកយកទៅផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុករបស់លោកដោយធ្វើការរិះគន់ធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ការរិះគន់នេះបានធ្វើឲ្យកងរាជអាវុធហត្ថទូទាំងប្រទេសចេញញត្តិប្រតិកម្ម និងថ្កោលទោសលោក ផែង វណ្ណៈ ពីគ្រប់ទិសទី។ រឿងរ៉ាវដ៏កក្រើកបណ្តាញសង្គមមួយនេះនាំឲ្យមានការលើកឡើងថា តើការដែលសមត្ថកិច្ចមិនអើពើនេះជាការបង្ហាញពីការបន្តកើតមានបទល្មើសនៃការបំផ្លាញធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឬយ៉ាងណា?
បញ្ហានេះបានបំផុសឲ្យមានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនគឺ ការថតបង្ហាញពីសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់សកម្មជនការពារធនធានធម្មជាតិលោក តាន់ គីមសួរ ការលើកឡើងរបស់សហគមន៍ការពារព្រៃឈើមួយចំនួនជាបន្តបន្ទាប់ និងលទ្ធផលនៃការស៊ើបអង្កេតលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
សូមរម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានសមាសភាពចម្រុះមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហើយដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមរម្លឹកដែរថា បញ្ហាបំផ្លាញធនធានធម្មជាតិនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួនលើកឡើងកាលពីឆ្នាំ២០២៣ថា កម្ពុជាបានបាត់បង់ព្រៃឈើអស់ជាង ១២ម៉ឺនហិកតា ក្នុងនោះមានជាងពាក់កណ្តាលជាព្រៃឈើ ដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។
តែមន្ត្រីកម្ពុជាតែងច្រានចោលនូវការលើកឡើងនេះ និងថា កម្ពុជាមានតំបន់ការពារធម្មជាតិសរុប ៧៣កន្លែងដែលមានផ្ទៃដីទំហំជាង ៧លានហិចតា ស្មើនឹងជាង៤០% នៃផ្ទៃដីប្រទេស។ ទន្ទឹមគ្នានេះ កម្ពុជាមានគោលការណ៍ដាំដើមឈើឲ្យច្រើនជាងការកាប់ ដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើកម្ពុជាឲ្យបាន ៦០% នៅឆ្នាំ២០៥០៕
Fri, 28 Nov 2025 - 84 - លោក ប៉ាង លីដា ត្រូវបានចាត់ទុកជានិមិត្តរូបនៃមន្ត្រីគំរូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា ត្រូវបានមហាជន និងថ្នាក់ដឹកនាំប្រទេសចាត់ទុកថាជាមន្ត្រីគំរូ ដែលមានសកម្មភាពរស់រវើក ក្នុងការបំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន។ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អភិបាលរងខណ្ឌរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា លើកយកមកនិយាយយ៉ាងព្រោងព្រាត នៅពេលដែល លោក ប៉ាង លីដា ត្រូវបានអនុញ្ញាតឲ្យជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាសាធារណៈ។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ ត្រូវបានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ទទួលជួបផ្ទាល់នៅក្រសួងមហាផ្ទៃ។ មហាជនមានការភ្ញាក់ផ្អើល ចំពោះជំនួបនេះ និងកាន់តែភ្ញាក់ផ្អើលទៅទៀត នៅពេលដែលដឹងថាជាជំនួប ដើម្បីសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដោយសារតែលោក ប៉ាង លីដា បានបំពេញតួនាទីជាមន្ត្រីគំរូនៅក្នុងមូលដ្ឋានរបស់លោក។ ជាការកត់សម្គាល់ លោក ប៉ាង លីដា អភិបាលរងខណ្ឌទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងដែលគេតែងហៅលោកថា ជាអភិបាលរងទទួលបន្ទុកលូ និងសំរាមនោះបានដឹកនាំមន្ត្រីដោយផ្ទាល់ចុះរៀបចំចញ្ចើមផ្លូវ មូរជើងខោលាត់ដៃអាវ ចុះកាយលូ និងសំរាម ទាំងក្រោមដំណក់ទឹកភ្លៀង។
ការងារប្រកបដោយឆន្ទៈនេះ ត្រូវគេសម្គាល់ឃើញថា ធ្វើឡើងចាប់តាំងពីមន្ត្រីរងខណ្ឌរូបនេះ ចូលបំពេញការងារនាគ្រាដំបូងមកម្ល៉េះ។ នេះបើតាមបណ្តាញសង្គម និងតាមសារព័ត៌មានក្នុងស្រុកជាច្រើន រួមនឹងការលើកឡើងពីពលរដ្ឋនានាក្នុងខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងការបញ្ចេញមតិតាមបណ្តាញសង្គមវិញ លោក ប៉ាង លីដា ត្រូវបានមហាជនចាត់ទុកថាជាមន្ត្រីដ៏កម្រដែលប្រជាជនផ្តល់ទំនុកចិត្ត។ ស្ទើរ ១០០%នៃអ្នកសម្តែងមតិជាច្រើនពាន់នាក់លើបណ្តាញសង្គម គាំទ្រឲ្យមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន ដោយសារសកម្មភាពរបស់លោកឆ្លើយតបទៅនឹងអ្វីដែល ពលរដ្ឋនៅតាមមូលដ្ឋានចង់បាន នោះគឺឆន្ទៈនៃការរៀបចំឲ្យមូលដ្ឋាន ឬសហគមន៍មួយ មានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន។
ដោយឡែក នៅក្នុងជំនួបផ្ទាល់ និងកម្រជាមួយលោក ស សុខា លោករដ្ឋមន្ត្រីបានស្នើឲ្យលោក ប៉ាង លីដាត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។ លោក ស សុខា បានបង្ហាញអារម្មណ៍ថា លោកមិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដាដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឲ្យពលរដ្ឋចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ លោករដ្ឋមន្ត្រីបន្តលើកសរសើរទៀតថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាននឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។
តាមរយៈការបង្ហាញមន្ត្រីគំរូជាសាធារណៈដោយមិនបារម្ភពីមន្ត្រីឯទៀតច្រណែននៅពេលនេះ បានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងអាចជាសូចនាករមួយក្នុងការវាស់វែងពីឆន្ទៈបំពេញការងាររបស់មន្ត្រីជាទូទៅ នៅក្នុងប្រទេសកម្ពុជា។ ជាការពិត ប្រទេសជាតិមួយដែលរីកចម្រើន និងមានសណ្តាប់ធ្នាប់ គឺផ្តើមចេញពីមូលដ្ឋានថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋពិតជាគាំទ្រដោយឥតងាករេ ប្រសិនបើមានមន្ត្រីមូលដ្ឋានមានឆន្ទៈបំរើពួកគាត់ពិតប្រាកដ តួយ៉ាងដូចជាអភិបាលរងខណ្ឌពោធិ៍សែនជ័យខាងលើ ដែលទាំងអស់គ្នាត្រូវទទួលស្គាល់ការពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន។
ផ្ទុយទៅវិញ ប្រសិនបើមន្ត្រីមូលដ្ឋាន មិនស្គាល់ពីតួនាទីរបស់ខ្លួន គាបសង្កត់ពលរដ្ឋគ្រប់រូបភាព ប្រព្រឹត្តអំពើពុករលួយ អសកម្ម និងខ្វះឆន្ទៈក្នុងការបំរើរាស្ត្រនោះ អាជ្ញាធរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិមិនអាចឆក់យកបេះដូងពលរដ្ឋបានជាដាច់ខាត។ ជាលទ្ធផល រដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋាភិបាលទាំងមូលនឹងរងនូវការខាតបង់ បាត់ទំនុកចិត្ត ដោយសារតែមន្ត្រីថ្នាក់ក្រោមជាតិមិនអាចបម្រើរាស្ត្របានល្អ។ ក៏ប៉ុន្តែ បញ្ហានេះក៏វាអាស្រ័យទៅលើការអនុវត្តយន្តការវិមជ្ឈការឲ្យបានម៉ឺងម៉ាត់ និងមន្ត្រីថ្នាក់កណ្តាលត្រូវធ្វើជាគំរូល្អដល់ថ្នាក់ក្រោមជាតិផងដែរ។
សរុបមក ដើម្បីឲ្យប្រទេសជាតិជឿនលឿនឆ្ពោះទៅរកភាពស៊ីវីល័យ កម្ពុជាគួរតែបន្តផ្តល់តម្លៃ និងលើកទឹកចិត្តដល់មន្ត្រីសកម្ម មានឆន្ទៈក្នុងការងារ បើកបេះដូងឲ្យទូលាយទទួលយកការពិតទាំងអស់គ្នា ពោលមន្ត្រីធ្វើការល្អ ត្រូវសរសើរ មន្ត្រីអសកម្ម ត្រូវដាក់ទោស ដោយចៀសវាងការអនុវត្តស្តង់ដារពីរ ដែលធ្វើឲ្យសង្គមបន្តការបែកបាក់ និងឈឺចាប់៕
Fri, 31 Oct 2025 - 83 - ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើបដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា។ លោក ចេន ហ្ស៊ី ដែលបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ បានកើតនៅក្នុងប្រទេសចិន តែលោកបានបោះបង់សញ្ជាតិកំណើត និងទទួលបានសញ្ជាតិខ្មែរ អង់គ្លេស និងស៊ីព។
បុរសវ័យក្មេងរូបនេះ គឺជាមហាសេដ្ឋី តែមានការលើកឡើងមួយចំនួនថា ប្រភពដើមនៃទ្រព្យសម្បត្តិរបស់គាត់នៅមានភាពមិនច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
លោក ចេន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ដ៏លេចធ្លោដោយលោកទទួលបានគោរមងារឧកញ៉ាកាលពីខែ កម្ភៈ ឆ្នាំ២០១៦ និងតមកទទួលបានគោរមងារខ្ពស់មួយកាំទៀតគឺ «អ្នកឧកញ៉ា» នៅអំឡុងខែកក្កដា ឆ្នាំ២០២០។
ក្រៅពីទទួលបានគោរមងារជាអ្នកឧកញ៉ា លោក ចេន ហ្ស៊ី ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនដែលមានឋានៈស្មើ«រដ្ឋមន្ត្រី» ដូចជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហេង សំរិន និងលោក ស ខេង អំឡុងពេលដែលលោក ហេង សំរិន និងលោក ស ខេង នៅធ្វើជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមរយៈ AFP អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ លោក ហ្សាកុប ស៊ីម(Jacob Sims) បានឲ្យដឹងថា លោក ចេន គឺជាតួអង្គម្នាក់ដែលបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងរដ្ឋអំណាចកម្ពុជា។ តាមអ្នកជំនាញរូបនេះ ឥទ្ធិពលរបស់លោក ចេន ហ្ស៊ី បានលាតសន្ធឹងលើគ្រប់កម្រិតនៃរដ្ឋាភិបាល ហើយព្រីនស៍ គ្រុប ដែលបានដំណើរការជាយូរយារណាស់មកហើយនោះបានដើរតួនាទីជាអង្គការឧបត្ថម្ភដ៏ចម្បងមួយសម្រាប់គណបក្សកាន់អំណាច។
ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នេះ ក៏បានដកស្រង់ការអះអាងរបស់ ព្រីនស៍ គ្រុប មកបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងរបាយការណ៍មួយ ដោយលោក ស៊ីម និងដែលបានផ្សព្វផ្សាយនៅឆ្នាំ២០២៥ គឺជាការអះអាងដែលបង្ខូចកេរ្តិ៍ឈ្មោះ គ្មានភស្តុតាង និងការសម្រេចរបស់តុលាការ។
សូមបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប របស់លោក ចេន ហ្ស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗ ជាច្រើននៅកម្ពុជាដូចជាក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group។
នៅក្នុងប្រទេសកម្ពុជា មហាសេដ្ឋីវ័យ៣៧ឆ្នាំ ចេន ហ្ស៊ី រូបនេះ បានបរិច្ចាកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈមេដឹកនាំកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិត ការបរិច្ចាកដល់កាកបាទក្រហម និងការផ្តល់ជំនួយទិញវ៉ាក់សាំងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។
ក៏ប៉ុន្តែនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group រួមទាំងបណ្តាញអង្គភាពទីផ្សារងងឹតសរុបចំនួន ១៤៦ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញ។
សហរដ្ឋអាមេរិក តាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ។ ចំណែករដ្ឋាភិបាលអង់គ្លេសវិញបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលរងការចោទថាជាមេបណ្តាញឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ ១៧៦លានដុល្លារ។ ចំណាត់ការរបស់អាមេរិក និងអង់គ្លេសមកលើសេដ្ឋីខ្មែរដើមកំណើតចិនរូបនេះ ធ្វើឡើងដោយយោងទៅលើហេតុផលថា លោក ចេន ហ្ស៊ី បានប្រមូលប្រាក់ពីឧស្សាហកម្មឆបោកអនឡាញ យកទៅសូកប៉ាន់មន្ត្រីមួយចំនួន និងយកទៅលាងជាមួយអាជីវកម្មផ្សេងទៀតរបស់ខ្លួន ដូចជាអាជីវកម្មកាស៊ីណូអនឡាញ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូជាដើម។
បញ្ហានេះត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុបារាំង RFI កាលពីពេលថ្មីៗនេះថា កម្ពុជានឹងត្រៀមសហការតាមទិដ្ឋភាពច្បាប់ ប្រសិនបើមានការស្នើសុំធ្វើកិច្ចសហការផ្សេងៗ ព្រោះលោកមិនចង់ឱ្យអន្តរជាតិមើលមកកម្ពុជាថានៅពីក្រោយបុគ្គល ដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ និងថា កម្ពុជាក៏មិនចោទប្រកាន់ក្រុមហ៊ុន Prince Group ឬអ្នកឧកញ៉ា ចេន ហ្ស៊ី ថា ពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ដូចការចោទរបស់សហរដ្ឋអាមេរិក និងអង់គ្លេសឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះសង្ឃឹមថា សហរដ្ឋអាមេរិក និងអង់គ្លេសមានភស្តុតាងរឹងមាំ ដែលស៊ីសង្វាក់នឹងទង្វើរបស់លោក ចេន ហ្ស៊ី៕
Fri, 17 Oct 2025 - 82 - តើចិនកំពុងមានជំហរមិនច្បាស់លាស់នៅក្នុងជម្លោះកម្ពុជា-ថៃ ឬយ៉ាងណា?
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឲ្យពលរដ្ឋ និងរដ្ឋាភិបាលថៃមានមន្ទិល និងបានសុំការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក ទាក់ទងនឹងការលើកឡើងរបស់តំណាងចិននៅកម្ពុជា។ ចម្លើយរបស់តំណាងចិនប្រចាំប្រទេសថៃគឺ ចិនឈរនៅអព្យាក្រឹតក្នុងជម្លោះកម្ពុជា-ថៃ។
«ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីប្រវែងពីរបន្ទាត់នៅលើហ្វេសប៊ុករបស់លោក វ៉ាង វេនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ពលរដ្ឋ និងបញ្ញវន្តកម្ពុជា គឺមានន័យពេញលេញ និងគ្រប់គ្រាន់ថា ជាសារមួយដែលអាចទុកចិត្ត និងជឿជាក់បាន។
ប៉ុន្តែសម្រាប់ពលរដ្ឋ និងរដ្ឋាភិបាលថៃវិញ សាររបស់លោក វ៉ាង វេនប៊ីន បានធ្វើឲ្យរំជើបរំជួលនៅកណ្តាលទីក្រុងបាងកក។ រំជើបរំជួលដោយសារពលរដ្ឋ និងមន្ត្រីថៃបានយល់ឃើញថា សាររបស់តំណាងទីក្រុងប៉េកាំងប្រចាំកម្ពុជា ហាក់លម្អៀង ពីព្រោះវាបង្ហាញនូវការគាំទ្រត្រង់ៗមកលើភាគីកម្ពុជា នៅក្នុងជម្លោះកម្ពុជា-ថៃ ខណៈថៃ និងកម្ពុជា សុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់ចិនដូចគ្នា។
ជាការកត់សម្គាល់ នៅក្រោយសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្រសួងការបរទេសថៃបានកោះហៅសាកសួរឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក។ នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និងលោក ចាង ចៀនវៃ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី៩ ខែតុលាម្សិលមិញ លោក ចាង បានបញ្ជាក់ប្រាប់ប្រមុខការទូតថៃជាថ្មីថា ជំហររបស់ចិនចំពោះជម្លោះកម្ពុជា-ថៃ គឺអព្យាក្រឹត ដោយចិនប្រកាន់ខ្ជាប់នូវគោលនយោបាយជាប់លាប់របស់ខ្លួន ហើយមិនផ្គត់ផ្គង់អាវុធដល់ភាគីជម្លោះណាមួយឡើយ។
ចិនសង្ឃឹមថា ប្រទេសថៃ និងកម្ពុជានឹងដោះស្រាយបញ្ហារវាងគ្នា ដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី ហើយប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងជម្លោះកម្ពុជា-ថៃនេះ។ នេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វេនប៊ីន មិនបានអត្ថាធិប្បាយបន្ថែម ឬឆ្លើយតបណាមួយ ទៅនឹងមន្ទិលសង្ស័យរបស់រដ្ឋាភិបាលទីក្រុងបាងកក ទៅលើសាររបស់លោក ជុំវិញជំហររបស់ចិនសម្រាប់កម្ពុជានោះទេ។
លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា សារបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ ហាក់មិនមានអ្វីខុសគ្នានោះទេ។ លោកបណ្ឌិតបានលើកហេតុផលថាតំណាងចិនប្រចាំកម្ពុជាបានបង្ហាញនូវការការពារភាពស្របច្បាប់របស់កម្ពុជា និងមិនបានបញ្ជាក់ពីការប្រឆាំងចំពោះប្រទេសណាមួយនោះទេ។
បើតាមបណ្ឌិត ស៊ឺន សំ ប្រតិកម្មរបស់ពលរដ្ឋថៃ និងបញ្ញវន្តថៃខ្លះ ដែលមិនពេញចិត្តនឹងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏ដូចជាទូតចិននៅបាងកក គ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ។ ទោះយ៉ាងណា កម្ពុជាតែងប្រកាន់ខ្ជាប់នូវដំណោះស្រាយជម្លោះទៅតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងផ្សេងៗរវាងប្រទេសទាំងពីរ។ នេះបើតាមលោកបណ្ឌិត សឺន សំ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP)បានយល់ឃើញដែរថា ចិនតែងព្យាយាមឈរនៅចំណុចកណ្តាល មិនចំពោះតែជម្លោះកម្ពុជា-ថៃ នោះទេ ពោលគឺខុសពីអាមេរិក។ តាមលោកបណ្ឌិត ភាគីកម្ពុជាគួរទទួលស្គាល់ការពិតដែរថា ចិនបានដើរតួនាទីសំខាន់នៅក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់តាមរយៈការជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះរវាងកម្ពុជា និងថៃ តែមិនលូកចូលជ្រៅដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗឡើយ។
ជាសរុបមក សាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាត្រូវពលរដ្ឋកម្ពុជាមើលឃើញថា ជាសំណេរមួយដ៏វិជ្ជមានសម្រាប់កម្ពុជា និងដែលត្រូវបានសាទរ។ ផ្ទុយទៅវិញសាររបស់តំណាងចិននៅកម្ពុជានេះ នៅតែជាមន្ទិលចំពោះទីក្រុងបាងកក ប្រសិនបើប្រជាជន និងរដ្ឋាភិបាលថៃប្រកាន់គំនិតជាតិនិយមជ្រុល និងមានមហិច្ឆតាចង់វាតទីយកដីប្រទេសជិតខាង៕
Fri, 10 Oct 2025 - 81 - តើសមយុទ្ធរួមគ្នា និងការទិញ លក់សព្វាវុធរវាងថៃ-ចិនរំខានដល់ទំនាក់ទំនងកម្ពុជា-ចិនដែរឬទេ?
ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើង បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងថៃ និងចិនហាក់រំលេចឡើងតាមរយៈលំហាត់សឹកកងទ័ពអាកាស និងការចុះកិច្ចសន្យាទិញនាវាមុជទឹកពីចិនរបស់ថៃនាអំឡុងខែកញ្ញានេះ។ រូបភាពទាំងអស់នេះត្រូវគេមើលឃើញថាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនដែលជាមិត្តដែកថែប បើទោះបីជាចិនអះអាងថា មិត្តភាពរវាងកម្ពុជា និងចិននៅបន្តរឹងមាំដូចថ្មក៏ដោយ។
អំឡុងពេលដែលកម្ពុជា និងថៃកំពុងតានតឹងលើជម្លោះព្រំដែន ចិន និងថៃបានធ្វើលំហាត់សឹកទ័ពអាកាសរួមគ្នានៅក្នុងខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike-2025»។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ដដែលនេះ ចិនក៏បានចុះកិច្ចព្រមព្រៀងសំខាន់មួយទៀតក្នុងការលក់នាវាមុជទឹកទៅឲ្យថៃ។ ចំណុចសំខាន់ៗខាងលើនេះបានធ្វើឲ្យមហាជន និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល បើទោះជាផែនការសមយុទ្ធទ័ពអាកាស និងការលក់សព្វាវុធយុទ្ធសាស្ត្ររបស់ចិនទៅឲ្យថៃត្រូវបានគ្រោងទុកជាយូរមកហើយក៏ដោយ។
បញ្ញវន្តក៏ដូចជាមហាជនខ្មែរមួយចំនួនមើលឃើញស្របគ្នាលើចំណុចមួយចំនួនដែលថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនហាក់ស្មើនឹងក្រដាស១សន្លឹកប៉ុណ្ណោះ ពោលពុំមានអត្ថន័យធំធេងអ្វីទេ។
ចំណែកផែនការសមយុទ្ធយោធាជើងអាកាសរវាងចិន និងថៃ ហើយកិច្ចព្រមព្រៀងលក់នាវាមុជទឹកចិនឲ្យថៃក៏ត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពពន្យារពេលបាន ដើម្បីទប់សភាពការណ៍ដែលកំពុងក្តៅរវាងកម្ពុជា និងថៃលើបញ្ហាព្រំដែន។ លោកបណ្ឌិត យ៉ង ពៅ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយម្នាក់យល់ឃើញថា ចិន និងថៃ បានយកប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាធំ ជាជាងគុណធម៌មិត្តភក្តិ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
ចំណុចនេះក៏ត្រូវបានលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលើកឡើងថា ផលប្រយោជន៍ជាតិនីមួយៗជារឿងសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនជាមួយថៃធំជាងច្រើនជាមួយកម្ពុជា។
តែទាំងលោកបណ្ឌិត យង់ ពៅ និងលោក សេង វណ្ណលី បានបញ្ជាក់ជារួមថា កម្ពុជាមិនអាចហាមឃាត់ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសនានាបានទេ ព្រោះវាជាសិទ្ធិអធិបតេយ្យរបស់ប្រទេសរៀងៗខ្លួនក្នុងការធ្វើជំនួញរវាងគ្នា។ សម្រាប់កម្ពុជា ចំណុចនេះគឺជាមេរៀនដែលខ្លួនត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពសម្រាប់ថ្ងៃអនាគត។ ទោះជាយ៉ាងណា និងសម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា ចិនមានសិទ្ធិធ្វើជំនួញ។
តែក្នុងនាមជាមិត្តភាពដែកថែបជាមួយកម្ពុជា ចិនគួរតែយោគយល់ និងពន្យារពេលលក់សព្វាវុធ និងធ្វើលំហាត់យោធារួមជាមួយថៃ។ លោក សេង វណ្ណលី បានមើលឃើញដោយត្រង់ៗថា សមយុទ្ធរួមគ្នា និងការលក់សព្វាវុធរបស់ចិនទៅឲ្យថៃបានបង្កឲ្យមានការមិនពេញចិត្តក្នុងចំណោមមហាជនខ្មែរ និងប៉ះពាល់ដល់ប្រទេសកម្ពុជា ខណៈចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមិត្តភាពដែកថែបរវាងគ្នា។
ទាក់ទងនឹងវិស័យសន្តិសុខក៏មិនខុសគ្នាពីសេដ្ឋកិច្ចដែរ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយខ្មែរលើកឡើងដូចៗគ្នាដោយស្នើឲ្យកម្ពុជាពង្រឹងខ្លួនឯងជាជាងពឹងផ្អែកតែទៅលើប្រទេសណាមួយ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីគុណធម៌របស់កម្ពុជាក្នុងការជួយលើកស្ទួយមុខមាត់របស់ចិននៅលើឆាកអន្តរជាតិចាប់តាំងពីជំនាន់អតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ដោយបានបោះឆ្នោតដកតៃវ៉ាន់ពីកៅអីអង្គការសហប្រជាជាតិ។ អំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ពេញទំហឹង មេដឹកនាំខ្មែរលោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបញ្ចប់ភាពឯកោរបស់ចិន។ កម្ពុជាក៏ត្រូវគេមើលឃើញថា ជាទីតាំងមួយដែលចិនចាប់យកដើម្បីជួយរក្សាតុល្យភាពភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វេនប៊ីនបានសរសេរនៅលើបណ្តាញសង្គមរបស់លោកក្នុងខែកញ្ញានេះថា កងទ័ពចិន និងកម្ពុជាបានរៀបចំសមយុទ្ធរួមគ្នា «នាគមាស ២០២៥» ដោយជោគជ័យ ហើយមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោក វ៉ាង បញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជារឹងមាំដូចថ្ម។ ជាសរុបមក ការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នារវាងចិន និងថៃ និងការដែលចិនលក់សព្វាវុធយុទ្ធសាស្ត្រឲ្យថៃក្នុងអំឡុងពេលថៃ និងកម្ពុជាកំពុងមានជម្លោះព្រំដែនត្រូវបានមហាជនក៏ដូចជាបញ្ញវន្តខ្មែរយល់ឃើញថា គឺជារូបភាពដែលប៉ះពាល់ដល់ទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន នោះទោះបីជាទំនាក់ទំនងរវាងចិន និងថៃ ជាទំនាក់ទំនងអន្តរជាតិរវាងប្រទេស និងប្រទេសក៏ដោយ៕
Fri, 26 Sep 2025 - 80 - បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥% គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា?
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។
លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត្រូវប្រកាសពិស្តារ និងព្រមគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ក៏ប៉ុន្តែនៅថ្ងៃទី១៩ ខែកញ្ញានេះ ក្រសួងអប់រំគ្រាន់តែប្រកាសបឋមជារួមថាចំនួនសិស្ស ដែលប្រលងជាប់សញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ។
សេចក្តីប្រកាសលទ្ធផលដោយសង្ខេបរបស់ក្រសួងអប់រំបង្ហាញថា បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ១២២ ៤៧៣នាក់ ត្រូវជា ៨៤,៥៦% នៃចំនួនបេក្ខជនសរុបចំនួន ១៤៦ ៧២០នាក់ ក្នុងនោះស្រី ៨១ ៤៤២នាក់។ ជាមួយគ្នានេះ ចំនួនសិស្សដែលទទួលបាននិទ្ទេស A ក៏មានការកើនឡើងច្រើនដែរ គឺកើន រហូតដល់ ៣ ០០៣នាក់ ខណៈឆ្នាំ២០២៤ សិស្សនិទ្ទេស A មានត្រឹម ២ ២១៦នាក់។ ដោយឡែកសិស្សដែលប្រលងជាប់និទ្ទេស B កើនឡើងតិចតួច និទ្ទេស C និងD ក៏មានការកើនឡើងដែរ តែនិទ្ទេស E ទាបជាងឆ្នាំ២០២៤បន្តិច។
តាមរយៈលទ្ធផលនេះ សបញ្ជាក់ជាទូទៅថាការសិក្សារបស់សិស្សថ្នាក់បាក់ឌុប ក្នុងឆ្នាំ២០២៥ មានភាពវិជ្ជមាន។ ក៏ប៉ុន្តែនៅពីក្រោយនៃលទ្ធផលប្រកបដោយមោទនភាពនេះ ក៏មានសំណួរចោទសួរដែរថា តើកំណើននៃការប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ជាលទ្ធផលដែលប្រកបដោយគុណភាព ឬយ៉ាងណា?
តាមរយៈដំណើរការនៃការប្រលងបាក់ឌុប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផងនោះ បង្ហាញថាការប្រលងបានប្រព្រឹត្តិទៅ ដោយមិនមានបាតុភាពអវិជ្ជមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ជាការពិតក្រោយការប្រលង គេនៅចាំថា មានការលេចចេញនូវព័ត៌មានតាមបណ្តាញសង្គម ស្តីពីបាតុភាពដ៏អាក្រក់មួយ ដែលថាមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងនៃសម័យប្រលងបាក់ឌុបឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែតាមរយៈលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បង្ហាញថាវិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងនោះទេ។
ក្រៅពីនេះ ការរំខានផ្សេងៗនៅមុន និងក្នុងអំឡុងនៃការប្រលងបាក់ឌុប ដូចជាការផ្ទុះអាវុធនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ ស្ថានភាពនៃការភៀសសឹករបស់ប្រជាជន និងសិស្សានុស្សិសមួយចំនួនជាដើម ទាំងអស់នេះ មិនត្រូវបានក្រសួងអប់រំ ចាត់ទុកថាជាឧបសគ្គធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រលងទេ។
តែរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបង្ហើបនៅមុនការប្រលងបាក់ឌុបថា ក្រសួងនឹងមាន វិធានការពិសេសលើកទឹកចិត្តចំពោះបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជិត ៤ពាន់នាក់។
ទោះយ៉ាងនេះក្តី ក្រសួងអប់រំនៅតែប្រកាន់ជំហរដូចឆ្នាំកន្លងទៅដែរថាគោលការណ៍«អ្នកចេះគឺជាប់» នៅតែត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ដើម្បីធានាគុណភាពសិស្សនៅក្នុងការប្រលងបាក់ឌុបឆ្នាំនេះ។ ដោយឡែក ការដែលមានបេក្ខជនប្រលងជាប់សញ្ញាបត្រដល់ទៅជាង ៨០% ត្រូវគេមើលឃើញថា ជាអត្រាមួយដ៏ខ្ពស់ ដែលបង្ហាញពីបរិមាណដ៏ច្រើន។
ជាសរុបមក ប្រសិនបើគុណភាព មិនរងនូវការរិះគន់ពីភាពមិនប្រក្រតីណាមួយទេ នោះបេក្ខជនដែលប្រលងជាប់បាក់ឌុបដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៥នេះ នឹងក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពរបស់កម្ពុជាទៅថ្ងៃអនាគត។ ជាធនធាន ដែលប្រទេសកម្ពុជា ត្រូវការចាំបាច់ នៅក្នុងដំណើរការអភិវឌ្ឍប្រទេស អំឡុងពេលដែលពិភពលោក និងតំបន់មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសវិស័យបច្ចេកវិទ្យា៕
Fri, 19 Sep 2025 - 79 - ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?
ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។
រថយន្តក្រុងចំណុះពី ២៥ដល់ ៤០កៅអីចំនួន ៤៩៧គ្រឿង ត្រូវបានរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញប្រកាសដាក់ឲ្យពលរដ្ឋជិះពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។
តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តក្រុងទាំងជិត៥០០គ្រឿងនេះ ត្រូវបានបែងចែកជាខ្សែររត់ធំៗចំនួន ៧គោលដៅ ឆ្ពោះទៅកាន់ខេត្តទាំង២៤ និងមានផ្តល់ជូនទឹកសុទ្ធដល់អ្នកជិះដោយឥតគិតថ្លៃផងដែរ។
ការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រដ្ឋដូចនេះ ត្រូវគេមើលឃើញថាជាដំណោះស្រាយមួយដ៏ល្អក្នុងការជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ ដែលឡើងមកស្នាក់នៅ និងធ្វើការនៅភ្នំពេញបានមួយកំរិត។ តាមធម្មតានៅពេលមានបុណ្យទានធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌនេះជាដើម ពលរដ្ឋខ្មែរចំណាកស្រុកភាគច្រើនមកធ្វើការនៅភ្នំពេញ តែងនាំគ្នាត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាមរយៈមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនខ្លះ និងតាមរថយន្តឈ្នួល ភាគច្រើនសម្រាប់អ្នករស់នៅតាមខេត្តឆ្ងាយៗ។
ទោះជិត ឬក៏ឆ្ងាយ ពលរដ្ឋចំណាកស្រុកទាំងនោះ ចាំបាច់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន តាមរយ
ៈការចាយវាយទៅលើថ្លៃប្រេងឥន្ធនៈ និងការចំណាយលើសពីប្រក្រតីទៅលើរថយន្តឈ្នួល។ តែសម្រាប់ការធ្វើដំណើរតាមរយៈរថយន្តក្រុង ដែលអាជ្ញាធរជួយដឹកជញ្ជូនដោយមិនគិតថ្លៃ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្របានមួយគ្រាហ៍ៗដែរ។
ក្នុងន័យនេះ ថវិកាដែលពលរដ្ឋត្រូវចំណាយរាប់ម៉ឺនរៀលក្នុងម្នាក់ៗ ទៅលើមធ្យោបាយធ្វើដំណើរកន្លងទៅតាមរថយន្តតាក់ស៊ី ពេលនេះបានសល់ក្នុងហោប៉ៅ និងអាចយកថវិកានេះ ទៅចំណាយនៅក្នុងការធ្វើបុណ្យទាន ចំណាយលើគ្រួសារ និងមានលទ្ធភាពចែកចាយដល់ញាតិមិត្ត និងមនុស្សវ័យចំណាស់ដែលនៅចាំផ្ទះផងដែរ។ ដោយឡែកការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋវិញ ក៏ជាការចូលរួមប្រកបដោយទឹកមុខរីករាយ ដោយមិនខ្វាយខ្វល់ច្រើន ពីរឿងខ្វះខាតក្រោយបុណ្យភ្ជុំបិណ្ឌ។
លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានយល់ឃើញពីចំណុចវិជ្ជមានចំពោះការរៀបចំរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅកាន់បណ្តាខេត្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ តាមលោក យង់ គិមអេង សកម្មភាពនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលក្រីក្រ ជាពិសេសអ្នកដែលមិនមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអំឡុងពេលបុណ្យធំៗកន្លងទៅ។ លោកថា ដើម្បីឲ្យពលរដ្ឋមានជំនឿជឿជាក់កាន់តែខ្លាំង គប្បីរដ្ឋត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើងបន្ថែមទៀត។
គេនៅចាំបានថា រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤ មានប្រជាពលរដ្ឋសរុបជាង ៧ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត។ សូមបញ្ជាក់ថា តាមជំរឿនប្រជាជនឆ្នាំ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានប្រជាជនរស់នៅច្រើនជាងគេប្រមាណ ២,៣លាននាក់ ស្មើនឹង ១៣,៦% នៃប្រជាជនទូទាំងប្រទេសជាង ១៧លាននាក់។
កំណើនប្រជាជននៅរាជធានីភ្នំពេញ គឺដោយសារកំណើនសិស្ស និស្សិត ឡើងមករៀនបន្តនៅតាមសាកលវិទ្យាល័យនានា ការបម្លាស់ទីរបស់អាជីវករ ពាណិជ្ជករ ពីខេត្តមករាជធានី និងការធ្វើចំណាកស្រុករបស់ពលរដ្ឋតាមបណ្ដាខេត្តមករកការងារធ្វើនៅភ្នំពេញដូចជាកម្មករ កម្មការិនីរោងចក្រជាដើម៕
Sat, 13 Sep 2025 - 78 - តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?
ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។
ក្រោយមានការលើកឡើងថាការផ្សព្វផ្សាយរបស់កម្ពុជាទៅកាន់ពិភពលោកមានភាពយឺតយ៉ាវជាងថៃ ទាក់ទងទៅនឹងការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥មក គេសង្កេតឃើញថាកម្ពុជាបានស្ទុះស្ទាបង្កើនសកម្មភាពការទូតយ៉ាងខ្លាំង ដែលចាប់ផ្តើមតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ជាកិច្ចសន្ទនាដែលនាំមកនូវភាពវិជ្ជមាន ដោយធ្វើឲ្យភាគីកម្ពុជា-ថៃ ដែលកំពុងច្បាំងគ្នាតាមព្រំដែនបញ្ឈប់ការប្រយុទ្ធ ហើយងាកទៅរកការប្រជែងគ្នាស្វែងរកការគាំទ្រតាមរយៈការទូត។
សម្រាប់កម្ពុជា ការសម្របសម្រួលពីសំណាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហីម ដែលជាប្រធានអាស៊ានប្តូរវេន ឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចូលរួមពីចិន និងរុស្ស៊ី គឺជាទំនុកចិត្តមួយដ៏កក់ក្តៅ បើទោះណាជាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវគេមើលឃើញថាមានភាពផុយស្រួយក៏ដោយ។
ជាមួយគ្នានោះ សហគមន៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជា ក៏បានបង្ហាញប្រតិកម្មជាបន្តបន្ទាប់ដែរ ដោយអាមេរិកយល់ព្រមទម្លាក់ពន្ធបដិការដល់ទំនិញកម្ពុជានាំចូលអាមេរិកនូវអត្រាពី៣៦% មកត្រឹម១៩%។ ចំណែកឯ ចិន សហភាពអឺរ៉ុប និងបារាំងវិញ ប្រទេសទាំងនេះ បានសម្តែងការព្រួយបារម្ភចំពោះជម្លោះ រវាងកម្ពុជា និងថៃ ដោយជំរុញឱ្យប្រទេសទាំងពីរឈប់ប្រយុទ្ធគ្នា ហើយងាកមកដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយសន្តិវិធី។
ជាបន្តបន្ទាប់កម្ពុជាតាមរយៈក្រសួងការបរទេសបានធ្វើលិខិតតវ៉ាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីរាយការណ៍ពីការគំរាមកំហែងចំពោះបទឈប់បាញ់ ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់។
បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ក៏បានផ្ញើសារទៅកាន់ពិភពលោក តាមរយៈការធ្វើសន្និសីទកាសែតយ៉ាងទៀងទាត់ជាភាសាខ្មែរ និងភាសាបរទេសជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃការគោរពបទឈប់បាញ់។ បទឈប់បាញ់ដ៏កម្រ និងផុយស្រួយនេះ ត្រូវភាគីកម្ពុជាអះអាងថាបានគោរពយ៉ាងខ្ជាប់ខ្ជួន។ ផ្ទុយទៅវិញ ភាគីថៃ តែងតែបំពានបទឈប់បាញ់ តាមរយៈកាបង្ករឿងមួយចំនួនដូចជាការល្បាតជាន់មីន និងការរាយលួសបន្លានៅលើទឹកដីកម្ពុជាជាដើម។
លោកបណ្ឌិត អេង កុកថាយ អ្នកស្រាវជ្រាវនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជាបានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងតែធ្វើការងារការទូតយ៉ាងសកម្ម និងមានប្រៀបតាមរយៈជំនួបជាមួយមេដឹកនាំប្រទេសនានា និងធ្វើការងារការទូតក្រៅឆាកផងដែរ។ តាមអ្នកស្រាវជ្រាវរូបនេះ ការទូតគឺជាចំណុចលេចធ្លោរបស់កម្ពុជា ដែលជាប្រទេសតូច តែមានឥទ្ធិពលការទូតកម្រិតខ្ពស់ បើផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៅប្រទេសអូស្ត្រាលី។
តាមរយៈកម្មវិធីសំខាន់ៗមួយចំនួន មេដឹកនាំកម្ពុជាបានជួបមេដឹកនាំប្រទេសនានាទាំងផ្ទាល់ និងមិនផ្ទាល់ ជាក់ស្តែងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំកំពូលចិន និងមេដឹកនាំផ្សេងៗទៀតក្នុងឱកាសនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីនប្រទេសចិនកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
បន្ថែមពីនេះ នៅថ្ងៃទីនៅថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ មេដឹកនាំកម្ពុជានឹងទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថាជាឱកាសដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងការធ្វើការងារការទូតជាមួយមេដឹកនាំអាស៊ាន នៅក្នុងជម្លោះជាមួយថៃ៕
Fri, 05 Sep 2025 - 77 - ១៧ឆ្នាំ ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ
០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។
០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី០៧ ខែកក្កដានេះ ប្រទេសកម្ពុជាចាប់តាំងពីប្រជាពលរដ្ឋរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងព្រះមហាក្សត្របានចងចាំថ្ងៃជាប្រវត្តិសាស្ត្រនេះ តាមរយៈការចេញសារអបអរនៅតាមបណ្តាញសង្គម និងការចេញផ្សាយជាផ្លូវការផងដែរ។
សម្រាប់ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឲ្យប្រទេសកម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ ព្រះរាជសារព្រះមហាក្សត្រក៏បានរំលឹកផងដែរពីព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។
ក្រៅពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារអបអរខ្លីៗតាមរយៈសំណេរ និងឃ្លីបវីដេអូ រំលឹកខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា«ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!»
ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានចេញសារខ្លីតាមបណ្តាញសង្គមផងដែរ ដោយអាមេរិកចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ទោះជាកម្ពុជា និងពិភពលោកចាត់ទុកថាប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជាយ៉ាងណាក៏ដោយ រយៈពេល១៧ឆ្នាំ ក្រោយប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ មិនរាថយឡើយ។
តាមពិតមហិច្ឆតារបស់ថៃចង់បានប្រាសាទព្រះវិហាររបស់ខ្មែរបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៦២មកម្ល៉េះ ពោលគឺក្រោយថៃចាញ់ក្តីកម្ពុជាលើសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់។ ចាប់តាំងពីពេលនោះមក ថៃជាពិសេសក្រុមជាតិនិយម និងបញ្ញវន្តខិលខូចមួយចំនួន បានអប់រំ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាជនខ្លួនឲ្យវង្វេងប្រវត្តិសាស្ត្រតាមរយៈការចាត់ទុកប្រាសាទព្រះវិហារថាជារបស់ថៃ។
ចំណុចនេះលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូបបានហៅឥរិយាបទរបស់ថៃថា ថៃមិនមែនជារដ្ឋទំនើបស៊ីវីល័យនោះទេ។ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចាប់អារម្មណ៍ និងរៀបរាប់ពីអាកប្បកិរិយាមិនល្អរបស់ថៃចាប់តាំងពីចាញ់ក្តីខ្មែររឿងប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៦២។
ការកើតទុក្ខមិនសុខចិត្តរបស់ថៃបានបង្ហាញឡើងតាមរយៈការកសាងប្រាសាទព្រះវិហារមួយនៅប្រទេសថៃ ដោយចំលងពីប្រាសាទព្រះវិហារពិតរបស់ខ្មែរ ក្រោយចាញ់ក្តីខ្មែរភ្លាមៗ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរអន្តរជាតិមានការភ័ន្តច្រឡំ។ ក្រោយអង្គការយូណេស្កូបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរដោយខុសច្បាប់ម្តងទៀត និងមានការផ្ទុះអាវុធជាមួយកងទ័ពកម្ពុជានៅឆ្នាំ២០១១។
ក្រោយពីឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានពេលនោះមិនអាចសម្របសម្រួលបាន កម្ពុជាបានជ្រើសរើសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ម្តងទៀត ដើម្បីឲ្យ ICJ បកស្រាយសាលដីកាឆ្នាំ១៩៦២ រឿងប្រាសាទព្រះវិហារ ពេលនោះហើយដែលកម្ពុជាបានឈ្នះថៃម្តងទៀតក្នុងឆ្នាំ២០១៣។
ទោះយ៉ាងណា លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង យល់ឃើញថាការមិនទទួលយកនូវសាលដីការបស់តុលាការ ICJ នៅឆ្នាំ១៩៦២ ក៏ដូចជាការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រឿងប្រាសាទព្រះវិហារ មិនមែនមានគ្រប់បញ្ញវន្តថៃទាំងអស់ទេ។
ដូច្នេះការទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរយៈពេល១៧ឆ្នាំ កន្លងទៅ ពិតជាខែលការពារមួយដ៏រឹងមាំបន្ថែមទៀត ពីលើអ្វីដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីម្តងហើយម្តងទៀត ដោយកម្ពុជាត្រូវតែមានការសាទរ និងមិនអាចបំភ្លេចបានចំពោះថ្ងៃទី០៧ ខែកក្កដា ជារៀងរាល់ឆ្នាំ៕
Mon, 07 Jul 2025 - 76 - តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?
កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានាមើលឃើញថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។
បញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence(AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើង ដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយ ដែលមានសមត្ថភាពធ្វើឲ្យម៉ាស៊ីនមានរបៀបគិតបានដូច ឬស្រដៀងមនុស្ស។
ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃកក្រើកឡើងវិញកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ គេសង្កេតឃើញមានព័ត៌មាន រូបភាព និងឃ្លីបវីដេអូមួយចំនួននៅលើបណ្តាញសង្គមត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
មាតិការទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសម្លេង រូបភាពកងទ័ព និងសព្វាវុធ និងជាឃ្លីបវីដេអូខ្លីៗ។ ចុងក្រោយនេះ ជនអនាមិកជនជាតិថៃបានបង្កើតវីដេអូឃ្លីបខ្លី ដោយកាត់តវីដេអូលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅខេត្តព្រះវិហារកាលពី សប្តាហ៍មុន ដោយបន្លំសម្លេងរបស់លោក ហ៊ុន សែន ទៅជាភាសាថៃតាមរយៈបច្ចេកវិទ្យា AI។
ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវគេមើលឃើញថាមានលទ្ធផលពីរផ្សេងគ្នា ពោលគឺទី១បង្ហាញពីការលូតលាស់បែបបច្ចេកវិទ្យាប្រកបដោយភាពវិជ្ជមាន និងទី២ AI ក៏បង្ហាញពីចំណុចអវិជ្ជមានដែរអាស្រ័យទៅលើអ្នកប្រើប្រាស់ និងកាលៈទេសៈ។ សម្រាប់បរិបទនៃប្រទេសកម្ពុជា និងថៃ បច្ចុប្បន្ន ការប្រើប្រាស់ AI នៅលើបណ្តាញសង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយពិតជាប្រឈមនឹងហានិភ័យខ្ពស់ ដោយសារពលរដ្ឋខ្លះពិបាកនឹងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយបានកើតមានចំនួនប្រមាណ ១ ៨០០ករណី ក្នុងនោះប្រធានបទទាក់ទងទៅនឹងការប្រើបច្ចេកវិទ្យា AI មានប្រមាណជាង ២០ករណី។ នេះគ្រាន់តែជាការកត់ត្រារបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលពីស្ថាប័នផ្សេងៗទៀតនៅឡើយ។
លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលមួយរូប មើលឃើញថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានវិវត្តទៅមុខឥតឈប់ឈរ ដោយមិនមានអ្វីអាចបង្អាក់ដំណើរការបច្ចេកវិទ្យា AI បានទេ។ ទន្ទឹមគ្នានេះ ក៏មានការកេងចំណេញពី AI ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្ថាប័នផងដែរ ដែលទាំងអស់នេះធ្វើឲ្យ
មានផលប៉ះពាល់ច្រើនក្នុងការទទួលបានព័ត៌មានរបស់មហាជនជាពិសេសនៅលើបណ្តាញសង្គម។ តាមលោក ជី សុផាត បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រឹតតែមានហានិភ័យថែមទៀតនៅពេលដែលមានការប្រើប្រាស់ ព័ត៌មាន និងរូបភាពបែប AI ទាក់ទងទៅនឹងជម្លោះនៃប្រទេសទាំងពីរ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញពីហានិភ័យធំធេងដែរ ប្រសិន
ជម្លោះព្រំដែនកម្ពុជា-ថៃ ឈានទៅដល់ការប្រើប្រាស់ និងផ្សព្វផ្សាយក្នុងទម្រង់ AI។ ហានិភ័យគឺដោយសារភាគីម្ខាង ដែលមានបច្ចេកវិទ្យាជឿនលឿនជាងខាង AI ហាក់មានប្រៀបជាងភាគីម្ខាងទៀត ខណៈដែលពិភពលោកមិនទាន់អាចកំណត់បានពីទំហំ និងការប្រើប្រាស់នៃការរីកចម្រើនរបស់បច្ចេកវិទ្យា AI នៅឡើយ។
ទោះយ៉ាងណាជម្លោះរវាងកម្ពុជា និងថៃ នៅពេលនេះ នៅមិនទាន់ឃើញមានគ្រោះថ្នាក់ធំដុំនៅឡើយពីការផលិតព័ត៌មាន រូបភាព វីដេអូ ដោយប្រើបច្ចេកវិទ្យា AI។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត AI នៅតែបន្តផ្តល់ប្រយោជន៍ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍរបស់មនុស្ស៕
Mon, 30 Jun 2025 - 75 - តើពលករខ្មែរគួរត្រលប់មកស្រុកវិញឬយ៉ាងណា អំឡុងពេលតានតឹងរឿងព្រំដែនខ្មែរ-ថៃ?
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ តាមរយៈជម្លោះព្រំដែននេះ ក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ ស្របពេលគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបណ្តោយទឹក ដោយអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ និងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានជះឥទ្ធិពលទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ ភាពតានតឹងនៃប្រទេសទាំងពីរបានជំរុញឲ្យពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃគ្មានភាពនឹងនរ និងបានវិលត្រលប់មកកាន់ប្រទេសកំណើតវិញជាបន្តបន្ទាប់។
ស្ថាប័នអន្តោប្រវេសន៍ខ្មែរនៅមិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ ថាតើមានពលករខ្មែរប៉ុន្មាននាក់ ក្នុងចំណោមពលករស្របច្បាប់ និងខុសច្បាប់រាប់លាននាក់ ដែលធ្វើការនៅក្នុងប្រទេសថៃ ហើយដែលបានវិលត្រលប់មកប្រទេសខ្លួនវិញ អំឡុងពេលដែលមានភាពតានតឹង និងឈានទៅដល់ការបិទបើកច្រកព្រំដែនកម្ពុជា-ថៃ ខុសពីប្រក្រតី។
ទោះជាយ៉ាងនេះក្តី មេដឹកនាំកម្ពុជារួមមានប្រធានព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ ដោយប្រាប់ឲ្យអាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីទទួលពលករខ្មែរចាប់តាំងពីច្រកព្រំដែន ត្រៀមផ្តល់ស្បៀងអាហារ ការដឹកជញ្ជូន ផ្តល់ការងារ និងត្រៀមសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ពលករដែលជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។
នៅក្នុងស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ តើជាឱកាសឬ ជាសម្ពាធសម្រាប់ពលករខ្មែរចំណាកស្រុកនៅពេលពួកគេសម្រេចចិត្តវិលមកប្រទេសកំណើតវិញ?
ជាការពិតក្រសួងការងារកម្ពុជាបានប្រកាសថាកម្ពុជានៅខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង និងត្រៀមផ្តល់ជូនដល់ពលករ ដែលត្រលប់មកពីប្រទេសថៃជាពិសេស។ ក្រសួងការងារបានដាក់ក្រុមការងារចល័តជាច្រើនទីតាំងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរ ដែលត្រលប់មកពីថៃ។ ក្រៅពីផ្តល់ការងារភ្លាមៗ ក្រសួងការងារក៏ផ្តល់នូវជំនាញវិជ្ជាជីវៈដល់ពលករ ដែលមិនមានជំនាញផងដែរ តាមរយៈយន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។
ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលមើលឃើញថាការយកចិត្តទុកដាក់ទទួលពលករខ្មែរពីប្រទេសថៃពេលនេះ គឺជាឱកាសសម្រាប់ពលករច្រើនជាងការប្រឈម។ ជាឱកាសគឺដោយសារពលករអាចមកបំរើការងារនៅស្រុកកំណើតរបស់ខ្លួន ដោយចៀសវាងការធ្វើចំណាកស្រុកឆ្លងប្រទេស ដែលលាយឡំទៅដោយបញ្ហាប្រឈមផ្សេងៗ។ វត្តមានរបស់ពលករខ្មែរ ដែលបំរើការងារនៅក្នុងស្រុក ធ្វើឲ្យចរន្តប្រាក់ចរាចរណ៍នៅក្នុងប្រទេស ដែលចំណុចនេះជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ទោះយ៉ាងណា ការវិលមកធ្វើការនៅក្នុងប្រទេសរបស់ពលករចំណាកស្រុកខ្មែរពីប្រទេសថៃ ត្រូវអ្នកតាមដានសង្គមមើលឃើញថា ទំនងជាមិនអាចធ្វើទៅបានទាំងស្រុងនោះទេ ប្រសិនបើមើលទៅលើចំណុចមួយចំនួន។ ចំណុចទាំងនោះគឺភាពខុសគ្នានៃប្រាក់ឈ្នួល អតិផរណា ភាពសម្បូរបែបនៃការងារ ទម្លាប់ និងបរិយាកាសស៊ីវីល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជាជាដើម។
ក៏ប៉ុន្តែ នៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នារវាងថៃ និងកម្ពុជា នៅក្នុងលក្ខខណ្ឌ ដែលមានការប្រមាថមើលងាយពីសំណាក់ក្រុមជ្រុលនិយមថៃ និងប្រសិនបើប្រាក់ឈ្នួលការងារនៅក្នុងប្រទេសថៃ និងកម្ពុជាប្រហាក់ប្រហែលគ្នា ពលករគួរតែជ្រើសរើសយកជម្រើសការងារនៅក្នុងប្រទេសកំណើតខ្លួនឯង ជាជាងទៅផ្ញើវាសនានៅក្នុងប្រទេសគេ។ នេះជាការមើលឃើញជាទូទៅពីមជ្ឈដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថាតាមតួលេខផ្លូវការរបស់ក្រសួងការងារកម្ពុជា មានពលករខ្មែរប្រមាណ ១,២លាននាក់ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ។ ពលករទាំងនេះ បានផ្ញើថវិកាត្រលប់មកប្រទេសកម្ពុជាវិញ ជាមធ្យមជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះមិនទាន់គិតដល់ពលករចំណាកស្រុកដែលមិនស្របច្បាប់៕
Mon, 16 Jun 2025 - 74 - ឯកភាពជាតិគឺជាកត្តាចាំបាច់ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង?
ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។
ផ្តើមចេញពីការលួចវាយឆ្មក់របស់កងទ័ពថៃនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។
លោកនាយករដ្ឋមន្ត្រីពន្យល់ថាលោកបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាគឺទី១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ទី២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តែម្ដង។
ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។
ក្រៅពីការបញ្ជាក់ច្បាស់ៗពីប្រមុខរដ្ឋាភិបាល យន្តការផ្សេងៗទៀតក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ដែលមានថៃជាប្រទេសហត្ថលេខីផងនោះ។
មួយវិញទៀត បញ្ហាឯកភាពជាតិត្រូវបានចាត់ទុកថាជារឿងសំខាន់ នៅក្នុងដំណោះស្រាយជម្លោះអធិបតេយ្យភាពជាមួយប្រទេសជិតខាង ដោយសារឯកភាពជាតិគឺជាខែលការពារជាតិដ៏រឹងមាំ។ តើខ្មែរអាចរួបរួមគ្នាដើម្បីជាតិកំរិតណានៅពេលប្រទេសកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃពេលនេះ?
ឯកភាពជាតិពិតប្រាកដត្រូវគេមើលឃើញថានៅឆ្ងាយនៅឡើយ ខណៈដែលប្រទេសកំពុងប្រឈមជាក់ស្តែងជាមួយថៃរឿងព្រំដែនជាច្រើនចំណុចចាប់តាំងពីតំបន់មុំបីរហូតដល់ប្រាសាទ តាមាន់ តាក្របី និងកោះគុតជាដើម។ ការដែលខ្មែរមិនមានឯកភាពជាតិគ្នាបានពេលនេះ ដោយយោងទៅលើហេតុផលថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា ត្រូវបានលុបចោលទាំងស្រុងចាប់តាំងពីឆ្នាំ២០១៤មក។
ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាកង្វះឯកភាពជាតិជាហេតុធ្វើឲ្យសត្រូវមើលងាយ បាត់បង់ផលប្រយោជន៍រួម និងអាចធ្វើឲ្យប៉ះពាល់ដល់ការដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិ។
គួរបញ្ជាក់ដែរថាកាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ថៃ។ នេះក៏ដោយសារពេលនោះ ត្រូវគេមើលឃើញថាកម្ពុជាមានឯកភាពជាតិរឹងមាំ។
ទោះយ៉ាងណា សំណុំរឿងជម្លោះព្រំដែនជាមួយថៃនាពេលនេះ ត្រូវអ្នកនយោបាយខ្មែរបដិបក្ខនឹងគ្នា បានបង្ហាញនូវចំណុចរួមមួយ គឺគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីបញ្ចប់នូវវិវាទព្រំដែនដ៏រុាំរ៉ៃជាមួយថៃ តាមលំនាំឆ្នាំ១៩៦២៕
Mon, 02 Jun 2025 - 73 - គ្រោះធម្មជាតិរន្ទះបាញ់នៅរមណីយដ្ឋានអង្គរជាមេរៀនដែលត្រូវប្រុងប្រយ័ត្នសម្រាប់កម្ពុជា?
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានណែនាំឲ្យក្រសួងវប្បធម៌ និងសមត្ថកិច្ចពាក់ព័ន្ធសិក្សាឡើងវិញ និងពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងវប្បធម៌ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការសិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសរមណីយដ្ឋានអង្គរដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរចំពោះគ្រោះធម្មជាតិ ដូចជារន្ទះជាដើមដែលកាន់តែមានសភាពខ្លាំងជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ការណែនាំរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងតែ១សប្តាហ៍ ក្រោយហេតុការណ៍រន្ទះបាញ់មួយនៅក្នុងបរិវេណរមណីយដ្ឋានអង្គរដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន។
បាតុភូតរន្ទះបាញ់នៅប្រាសាទអង្គរវត្តមួយនេះត្រូវបានមហាជនបង្ហាញចេញនូវភាពចម្រូងចម្រាសមតិគ្នាជាមួយនឹងមន្ត្រី និងអ្នកគាំទ្ររដ្ឋាភិបាលដែលមិនចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានបាតុភូតធម្មជាតិនេះ។ តែមហាជនខ្មែរមួយចំនួនទៀតចង់ឲ្យអាជ្ញាធរទទួលស្គាល់ការពិត ជាជាងលាក់លៀម។
ទោះយ៉ាងណា រន្ទះបាញ់នៅអង្គរបានបង្កើតជាសំណួរ និងចម្ងល់នៅក្នុងចំណោមមហាជនដែលថា តើតំបន់ប្រាសាទអង្គរមានបានដាក់ប្រព័ន្ធការពាររន្ទះ ឬក៏មិនមាន?។ តែតាមរយៈការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ជាំងថា កន្លងទៅ ស្ថាប័នអាជ្ញាធរជាតិអប្សរា រួមទាំងក្រសួងវប្បធម៌ក៏មានការរៀបចំប្រព័ន្ធការពារគ្រោះធម្មជាតិគ្រប់ប្រភេទដែរ តែគ្រាន់នៅមានចន្លោះប្រហោង។
ជាការពិត មិនមានអ្វីល្អឥតខ្ចោះទេនៅលើលោកនេះ។ តែអ្វីដែលសំខាន់ គឺការហ៊ានទទួលស្គាល់ការពិតនៅចំពោះហេតុការណ៍ដែលបានកើតឡើងដោយអចេតនា និងដែលជាគ្រោះធម្មជាតិមិនអាចគេចបាន។ ដូច្នេះ បញ្ហារន្ទះបាញ់នៅតំបន់អង្គរ គឺជាមេរៀនដែលអាជ្ញាធរត្រូវយកជាបទពិសោធន៍ក្នុងស្មារតីការពារជាមុន ប្រសើរជាងការព្យាបាលជាក្រោយ។
ជាការកត់សម្គាល់ គ្រោះធម្មជាតិរន្ទះបាញ់ដ៏កម្រនៅក្នុងប្រាសាទអង្គរពេលនេះបានឆ្លុះបញ្ចាំងពីកង្វះខាតនៅក្នុងការប៉ាន់ស្មានស្ថានការណ៍ជាមុន ខណៈអ្នកធ្វើការងារលើវិស័យទេសចរណ៍នានាកំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាអង្គរវត្តដូចមុនផ្ទុះវិបត្តិជំងឺកូវីដ១៩។
សូមរម្លឹកជូនថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលជាសេនាធិការរបស់ក្រសួងវប្បធម៌ រមណីយដ្ឋានអង្គរដែលមានទំហំ ៤០០គីឡូម៉ែត្រការ៉េត្រូវបានអភិវឌ្ឍន៍ អភិរក្ស និងកែលម្អឲ្យប្រសើរឡើងជាបន្តបន្ទាប់។
អាជ្ញាធរជាតិអប្សរាបាន និងបន្តធ្វើការងារសំខាន់ៗជាច្រើនដូចជា ការជួសជុលប្រាសាទ ជួសជុលរូបចម្លាក់ និងស្ពានហាល ការស្តារស្រះ ការស្រាវជ្រាវបុរាណវិទ្យា ការថែទាំដើមឈើ និងព្រៃ បង្កើតភ្នាក់ងារសង្គ្រោះបឋម និងការបង្កើតសេវាធ្វើដំណើរកម្សាន្តសប្បាយផ្សេងៗនៅក្នុងតំបន់អង្គរជាដើម។
ទោះជាយ៉ាងនេះក្តី រន្ទះបាញ់នៅប្រាសាទអង្គរថ្មីៗកន្លងទៅអាចចាត់ទុកជាភាពចន្លោះប្រហោង និងជាមេរៀនដែលត្រូវមានការប្រុងប្រយ័ត្នជាមុន ពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាព មិនចំពោះតែនៅតំបន់អង្គរតែមួយនោះទេ។
មួយវិញទៀត ការបង្ហាញពីតម្លាភាពចំពោះភាពចន្លោះប្រហោងដោយអចេតនា គឺជាការទទួលខុសត្រូវមួយប្រកបដោយកិត្តិយសដើម្បីបង្កើតឲ្យមានទំនុកចិត្តពីមហាជន ក៏ដូចពីទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីតំបន់អង្គរ ទីកន្លែងផ្សេងដែលមហាជនចង់ឃើញមានស្វ័យការពារសុវត្ថិភាពពីគ្រោះធម្មជាតិដែរនោះ គឺកន្លែងកម្សាន្ត រមណីយដ្ឋាន ឬទីប្រជុំជនផ្សេងៗទៀត ដោយមិនចាំបាច់មានអនុសាសន៍ពីនាយករដ្ឋមន្ត្រី៕
Mon, 26 May 2025 - 72 - ទិវាជាតិនៃការចងចាំ ២០ឧសភានិង១៧មេសា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏អាក្រក់ដូចគ្នាសម្រាប់កម្ពុជា?
ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជា«ទិវាជាតិនៃការចងចាំ»។ ទិវាជាតិនៃការចងចាំនេះត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរដែនដីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់ប្រជាជនខ្មែរជិត ២លាននាក់ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។ រដ្ឋាភិបាល និងគណបក្សប្រជាជនបានឲ្យតម្លៃថ្ងៃ២០ ឧសភា ជាថ្ងៃដែលត្រូវចងកំហឹងឈឺចាប់ធំជាងថ្ងៃ១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាច។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា«ទិវាចងកំហឹង» ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផនដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនខ្មែរ ហើយទិវាមួយនេះត្រូវបានប្រារព្ធធ្វើចាប់តាំងពីឆ្នាំ ១៩៨៤ មក។ តែនៅក្រោយឆ្នាំ ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងក្រោយមកទៀតបានប្តូរទៅជា « ទិវាជាតិនៃការចងចាំ »។
នៅក្នុងសារលិខិតមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញផ្សាយនាថ្ងៃទី១៩ ខែឧសភានេះ ការកំណត់យកថ្ងៃទី២០ ឧសភា ជាទិវាជាតិនៃការចងចាំមានចំណុចពីរសំខាន់ ទី១ ថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត «សហករណ៍» ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គីដោយលុបបំបាត់កម្មសិទ្ធិឯកជននៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ចំណុចសំខាន់ទី២ មុនពេលឈានដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំខ្មែរក្រហម ប៉ុល ពត និងនួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ក្នុងនោះមានការជម្លៀសមនុស្សដោយបង្ខំពីទីក្រុង ធ្វើការដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារ និងសហករណ៍ ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាដើម។ ប្រជាជនស្លូតត្រង់ប្រមាណជិត ២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។
ផ្ទុយពីរដ្ឋាភិបាល និងមេដឹកនាំគណបក្សកាន់អំណាច សកម្មជន និងអ្នកនយោបាយប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសបានចាត់ទុកថ្ងៃទី១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាចជាថ្ងៃសំខាន់ដែលត្រូវរំលឹក និងចងចាំ។
នៅចំពោះមុខស្តូបតម្កល់លលាដ៍ឆ្អឹងជនរងគ្រោះជាង ២ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅវាលពិឃាតបឹងជើងឯកក្នុងសម័យខ្មែរក្រហម គណបក្សប្រឆាំងក៏ធ្លាប់បានរៀបចំពិធីជួបជុំ បង្សុកូល និងរាប់បាត្រ ឧទ្ធិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែរ។ ទន្ទឹមគ្នានេះ គណបក្ស និងអ្នកនយោបាយប្រឆាំងមិនភ្លេចរម្លឹកដល់ព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ១៩៧៥ ដែលជាថ្ងៃខ្មែរក្រហមឡើងកាន់អំណាច និងក៏ជាថ្ងៃផ្តើមឲ្យមានការធ្វើទារុណកម្ម និងការសម្លាប់ជីវិតពលរដ្ឋខ្មែរយ៉ាងរង្គាលអស់ជិត ២លាននាក់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។
កន្លងមក អ្នកនយោបាយរបស់គណបក្សកាន់អំណាចក៏ធ្លាប់បានរំលឹកព្រឹត្តិការណ៍ថ្ងៃ១៧ មេសាដែរ គ្រាន់តែមិនមានរៀបចំពិធី ឬមិទ្ទិញអ្វីផ្លូវការក្រៅពីការលើកឡើងតាមរយៈបណ្តាញសង្គមពីអនុស្សាវរីយ៍ដ៏ជូរចត់ដែលបានឆ្លងកាត់ក្នុងរបបដ៏ព្រៃផ្សៃដឹកនាំដោយ ប៉ុល ពត ទេ។
សម្រាប់ថ្ងៃ២០ ឧសភា ថ្នាក់ដឹកនាំ និងអ្នកនយោបាយគណបក្សប្រជាជនកម្ពុជាតែងបានគូសបញ្ជាក់ថាជាថ្ងៃដែលគេត្រូវរៀបចំពិធីរំលឹកដោយមិនអាចបំភ្លេចបាន។ ជារៀងរាល់ឆ្នាំ ទោះតូច ឬធំក្តី គណបក្សកាន់អំណាចតែងរៀបចំពិធីនេះដោយចាត់ទុកជាថ្ងៃកាន់ទុក្ខជាប្រវត្តិសាស្ត្រ។
ទោះជាយ៉ាងនេះក្តី ថ្ងៃ១៧ មេសា និងថ្ងៃ២០ ឧសភា ត្រូវបានគ្រប់គ្នាចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដូចគ្នា ព្រោះវាបានធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជាក្រឡាប់ចក្រ វិនាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត និងត្រូវហែលនៅក្នុងសោកនាដកម្មដ៏ខ្លោចផ្សារជាទីបំផុត៕
Mon, 19 May 2025 - 71 - ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?
នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។
ជាទូទៅ បញ្ហាព្រំដែនទាំងព្រំដែនកម្ពុជាជាមួយវៀតណាម និងជាមួយថៃបានក្លាយជាប្រធានបទនយោបាយដ៏សកម្មនៅក្នុងប្រទេសកម្ពុជា។ ស្ងប់ស្ងាត់បន្តិចទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមតាមរយៈតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) តែកំពុងពុះកញ្ជ្រោលនៅព្រំដែនភាគខាងលិចរវាងកម្ពុជា និងថៃ។ ព្រំដែនកម្ពុជា-ថៃដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ និងដែលនៅមានចំណុចសំខាន់ៗមួយចំនួនត្រូវបានអ្នកនយោបាយលើកយកមកធ្វើជារបៀបវារៈក្នុងការស្អំកម្តៅនោះ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ដែនទឹកត្រួតស៊ីគ្នា និងកោះគុត។
កោះគុតអាចជាប្រធានបទដំបូងដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០២៤ បន្ទាប់ពីបញ្ហាព្រំដែនត្រូវបានបង្វែរពីតំបន់ CLV-DTA ជាប់វៀតណាម។ អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរជាតិនិយមខ្លះបានលើកយកបច្ចុប្បន្នភាពនៃកោះគុតមកចោទសួរ និងផុសតាមបណ្តាញសង្គម។ ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មក ប្រាសាទតាមាន់ធំបានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយទៀត ក្រោយមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃបន្ទាប់ពីទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យច្រៀងចម្រៀងជាតិនៅលើប្រាសាទតាមាន់ធំ។ តែកាលពីពេលថ្មីៗនេះ ប្រាសាទតាមាន់ធំហាក់បានវិលមករកស្ថានភាពដើមវិញ តាមរយៈការសម្រួលឲ្យមានទាហានឈរជើងនៅទីនោះពីភាគីកម្ពុជា និងថៃម្ខាងៗ ៥នាក់។
សំណុំរឿងព្រំដែនធំៗជាមួយថៃទាំងនេះជាឱកាសផ្តល់ឲ្យអ្នកនយោបាយ ក៏ដូចជាអ្នកជាតិនិយមខ្មែរ និងថៃមិនទុកចិត្តលើមេដឹកនាំនៃប្រទេសទាំងពីរទាក់ទងនឹងដំណោះស្រាយដែលពួកគេចង់ឲ្យរដ្ឋាភិបាលទាញយកឈ្នះរៀងៗខ្លួន។ តែគេបានសង្កេតឃើញថា របៀបរបបនៃការធ្វើការរបស់កម្ពុជាលើកិច្ចការព្រំដែនជាមួយប្រទេសជិតខាងហាក់ត្រូវបានអនុវត្តខុសពីលើកមុន។ ខុសពីមុនដោយសាររដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានច្រើនដែលជាការវិវត្តន៍ថ្មីៗបំផុតពីដំណោះស្រាយព្រំដែនឲ្យសារធារណជនបានដឹង ពិសេសជាមួយថៃរឿងកោះគុត និងរឿងប្រាសាទតាមាន់ធំ។
ចំណែកនៅខាងថៃ មេដឹកនាំតែងបានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយពីស្ថានភាពច្បាស់លាស់នៃតំបន់ជម្លោះជាមួយកម្ពុជាដែលធ្វើឲ្យអ្នកជាតិនិយម និងអ្នកនយោបាយប្រឆាំងថៃមានការស្ងប់ចិត្ត។ រីឯនៅកម្ពុជា អ្នកនយោបាយ និងអ្នកជាតិនិយមខ្មែរមួយចំនួនមិនទាន់ស្ងប់ចិត្តដូចថៃនៅឡើយ ព្រោះពួកគេចង់ស្តាប់ការបញ្ជាក់ច្បាស់ៗចេញពីមាត់មេដឹកនាំខ្មែរដូចដែលមេដឹកនាំថៃបានថ្លែងប្រាប់ពលរដ្ឋខ្លួន។ ចំណុចនេះធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត រិះគន់ក្រុមប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសថាបានតែមាត់ និងតាំងខ្លួនជាអ្នកស្នេហាជាតិ ដោយចង់រុញឲ្យផ្ទុះសង្គ្រាមរវាងកម្ពុជា និងថៃ នៅចំណុចព្រំដែនដូចជាប្រាសាទតាមាន់ធំជាដើម។
ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីរូបភាពនៃការប្រឹងប្រែងរបស់ខ្លួនដែរ។ តាមរយៈពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃ ប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផង។ តាមរយៈការដំឡើងសំឡេងខ្លាំងៗរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជាសាធារណៈដូច្នេះត្រូវបានគេមើលឃើញថា គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេដឹកនាំខ្មែរក្នុងការទទួលស្គាល់អធិបតេយ្យភាពនៃទឹកដីរបស់ខ្លួននៅតំបន់ជម្លោះជាមួយថៃ គ្រាន់តែថាមិនបានបញ្ជាក់ចំៗឈ្មោះ និងទីតាំងប៉ុណ្ណោះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សំណុំរឿងកោះគុតត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអះអាងថា គឺនៅតែបន្តចរចា ពោលមិនទាន់មានការឯកភាពគ្នានៅឡើយទេ។ លើសពីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាក៏បានបង្ហាញពីការងារសកម្មភាពរបស់ខ្លួន ដោយចុះទៅតាមបន្ទាត់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)រវាងកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ។ ដំណាលគ្នានេះ កងទ័ពកម្ពុជា-និងថៃដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏បានបើកកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ទាក់ទងទៅនឹងគណៈកម្មាធិការព្រំដែនទូទៅ(GBC)។
ជារួម បញ្ហាព្រំដែនជារបៀបវារៈធំទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនឹងក្លាយជារបៀបវារៈនយោបាយសំខាន់ និងរសើបនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។ ដូច្នេះ ទាំងរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាច និងគណបក្សប្រឆាំង តោងមានភាពប្រាកដប្រជាចំពោះរឿងព្រំដែននេះ ដោយហេតុថាវានឹងប៉ះពាល់ដល់ប្រជាប្រិយភាព និងទំនុកចិត្តរបស់ពលរដ្ឋ ប្រសិនបើគេមើលទៅឃើញការលើកឡើងរបស់អ្នកនយោបាយប្រឆាំងមានភាពខុសឆ្គង។ ចំពោះភាគីអ្នកកាន់អំណាចក៏ដូចគ្នាដែរ ប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់រដ្ឋាភិបាលនឹងរងផលប៉ះពាល់ ប្រសិនបើលទ្ធផលការងាររបស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនមិនដូចអ្វីដែលបានអះអាង និងប្តេជ្ញាចិត្តនៅចំពោះមុខមហាជននោះ៕
Mon, 12 May 2025 - 70 - ទោះបីមានអ្នកដឹកនាំថ្មី តែបន្ទាត់នយោបាយកម្ពុជាបន្តគូសវាសដោយលោកហ៊ុន សែន?
បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។
ក្រោយឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសតែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក គឺលោកហ៊ុន សែនដែលបានកាន់អំណាចនៅកម្ពុជាជិត ៤០ឆ្នាំ។ ក្នុងនាមជាអ្នកបន្តវេនដែលទទួលបានការសិក្សា រៀនសូត្រជ្រៅជ្រះពីលោកខាងលិច លោកហ៊ុន ម៉ាណែតជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការដឹកនាំប្រទេសកម្ពុជានៅក្នុងសម័យទំនើប។ តែក្រោមក្រសែភ្នែករបស់ក្រុមអ្នកប្រឆាំង រួមទាំងកាសែតបរទេសមួយចំនួន លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឪពុកនៅតែមានឥទ្ធិពល និងនៅជាអ្នកដែលកំពុងបន្តគូសវាសខ្សែបន្ទាត់នយោបាយរបស់កម្ពុជាដដែល។
តាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានបារាំង AFP ថ្ងៃទី១៤តុលា លោកហ៊ុន ម៉ាណែតនៅតែស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់ឪពុក។ ការហ៊ានលើកឡើងយ៉ាងដូច្នេះដោយ AFP ដោយសំអាងថា ក្នុងរយៈពេល ១៤ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែតនៅមិនទាន់បានធ្វើសន្និសីទកាសែតជាចំហរ នៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាកំពុងពើបប្រទះ ពិសេសពីការរក្សាតុល្យភាពអំណាចចិន និងលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកត់សម្គាល់ឃើញទៀតថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវថ្មីៗនេះ នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាមានចេតនាមិនចង់បង្ហាញមុខមាត់ ឬកិត្តិនាមរបស់ខ្លួនដោយគេចវេសមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់ មិនថាទាក់ទងនឹងជំនួបក្នុងក្របខណ្ឌអាស៊ាន ឬក្រៅក្របខណ្ឌអាស៊ាន។
ផ្ទុយទៅវិញ និងបើតាម AFP ដដែល ឪពុកលោកហ៊ុន ម៉ាណែត គឺលោកហ៊ុន សែនបែរជាសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្ហាញការខ្វល់ខ្វាយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ ទន្ទឹមគ្នានោះ លោកហ៊ុន សែនក៏បានបញ្ចេញប្រតិកម្មតបចំៗទៅលើសំឡេងប្រឆាំងក្នុងសំណុំរឿងដ៏ចម្រូងចម្រាសស្តីពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA រួមទាំងបានចង្អុលឱ្យមានការអនុវត្តទោសទណ្ឌទៅលើអ្នកប្រឆាំងជាចំហទៀតផង។ គួរបញ្ជាក់ថា ក្រោយពីបានផ្ទេរអំណាចទៅឱ្យកូនកាលពីជាង ១ឆ្នាំមុន លោកហ៊ុន សែនដែលបានកាច់ចង្កូតប្រទេសកម្ពុជាជិត ៤ទសវត្សរ៍កំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភា។
សម្រាប់អ្នកវិភាគនយោបាយមួយចំនួន ការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីទៅដឹកនាំស្ថាប័នព្រឹទ្ធសភារបស់លោកហ៊ុន សែន គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូន គឺលោកហ៊ុន ម៉ាណែត។ តើអ្វីដែលក្រុមអ្នកប្រឆាំង រួមទាំងអ្នកវិភាគនយោបាយបានលើកឡើង និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួនពេលនេះ ជារឿងគួរឱ្យចំឡែក និងជារឿងគួរឱ្យឆ្ងល់ដែរ ឬទេ?។ សម្រាប់លោកប៉ែន បូណាដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គឺជារឿងធម្មតាដែលមិនគួរឱ្យឆ្ងល់សោះឡើយចំពោះការដែលលោកហ៊ុន ម៉ាណែតដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយលោកហ៊ុន សែន។
ជារឿងធម្មតា និងមិនគួរឱ្យឆ្ងល់ដោយលោកប៉ែន បូណាពន្យល់ថា លោកហ៊ុន ម៉ាណែតគឺជាអ្នកបន្តវេនចេញពីគណបក្សប្រជាជនកម្ពុជាដែលមានលោកហ៊ុន សែនជាប្រធានបក្ស។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល លោកហ៊ុន ម៉ាណែតមិនមែនជាមនុស្សកំណាញ់សម្តីទេ ពោលគឺជាមេដឹកនាំបើកចំហដែលតែងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋជាប់ជាប្រចាំស្តីពីបញ្ហាក្នុងស្រុក ឬបញ្ហាអន្តរជាតិនានា។ លោកប៉ែន បូណាបានបន្ថែមថា គ្មាននរណាអាចធ្វើបានដូចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទេ បើនិយាយពីការថ្លែងសារជាសាធារណៈ ក្នុងនោះក៏មានសារជាសំឡេង និងសារជាសំណេរនៅតាមបណ្តាញទំនាក់ទំនងសង្គម។
ពិតណាស់ ក្រោមភ្នែកចម្រុះរបស់ក្រុមអ្នកប្រឆាំង អ្នកវិភាគនយោបាយខ្លះ និងកាសែតបរទេសមួយចំនួន ការផ្ទេរអំណាចពីឪពុកទៅកូន និងការដែលកូនដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយឪពុកជារឿងដែលមិនគួរមាន និងពិបាកទទួលយក។ តែគេមិនត្រូវភ្លេចចោទជាសំណួរត្រឡប់វិញថា តើវាមិនមែនជារឿងល្អទៅវិញទេឬដែលមានឪពុកជួយគូសវាស និងតម្រែតម្រង់ផ្លូវឱ្យកូនដើរនោះ?។ ចូរកុំភ្លេចថានៅក្នុងរដ្ឋាភិបាលថ្មីសព្វថ្ងៃ ក្រៅពីលោកហ៊ុន ម៉ាណែតដែលបានស្នងតំណែងពីឪពុក គេក៏ឃើញមានថ្នាក់ដឹកនាំច្រើននាក់ផ្សេងទៀតបានស្នងតំណែងពីឪពុកដែរ ដូចជាលោកទៀ សីហា ឬលោកស សុខា។
សម្រាប់ពលរដ្ឋខ្មែរមួយចំនួនធំ អ្វីដែលសំខាន់មិនមែននៅត្រង់ថា អ្នកណាស្នងតំណែងពីអ្នកណា ឬអ្នកណាផ្ទេរតំណែងឱ្យទៅអ្នកណានោះទេ។ អ្វីដែលសំខាន់ គឺស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍប្រទេស ព្រោះចូរកុំភ្លេចថា កម្ពុជា និងពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់សង្រ្គាម និងដូចជាឆ្អែតឆ្អន់ លែងចង់ឃើញសង្រ្គាមផ្ទុះឡើងជាថ្មីទៀតឡើយ។ ដូច្នេះសម្រាប់លោកហ៊ុន សែនក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន រួមទាំងគណបក្សប្រជាជនដែលបានក្តោបក្តាប់អំណាចសឹងផ្តាច់មុខ ការការពារសន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្នជារឿងអាទិភាពមិនអាចចៀសរួច ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ៕
Tue, 15 Oct 2024 - 69 - នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតា ព្រមទាំងជំនឿលើលទ្ធិឥតមូលដ្ឋានផ្សេងៗទៀត។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយដែលគ្មានឫសគល់ និងគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ គឺជាហានិភ័យមួយ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ប្រសិនបើការជឿនោះ មិនបានឆ្លងកាត់ការគិតពិចារណាឲ្យបានវែងឆ្ងាយទេនោះ។
ជំនឿអរូបិយមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ពោលគឺយូរជាងការចូលមកដល់នៃព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាទៅទៀត។ ជនជាតិខ្មែរដើម មានជំនឿលើកម្លាំងក្រៅធម្មជាតិ និង កម្លាំងក្រៅខ្លួន ដែលជាទូទៅគោរពបូជាវត្ថុអរូបដូចជា អាទិទេព ទេវតា អារុក្ខអារក្ស និងអ្នកតានានា។
អស់រយៈពេលរាប់រយឆ្នាំកន្លងទៅនេះ ជំនឿអរូបិយនៅក្នុងសង្គមខ្មែរមិនធ្លាប់ឃ្លាតចាកទៅណាទេ។ ពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅតាមជនបទ នៅតែមានជំនឿលើរឿងអរូបិយដដែល។ សត្វជ្រូកជើងប្រាំ សត្វគោក្បាលពីរ និងភាពមិនប្រក្រតីខុសធម្មជាតិផ្សេងៗ អាចធ្វើឲ្យមនុស្សម្នាផ្អើលអុជទៀនធូបគោរពបូជាយ៉ាងភ្លូកទឹកភ្លូកដី។ ករណីខ្លះថែមទាំងត្រូវបានយកទៅចុះនៅលើទំព័រសារព័ត៌មានទៀតផង។ សម្រាប់អ្នកដែលមានជំនឿលើរឿងអរូបិយ ករណីចម្លែកទាំងនេះ កើតឡើងដោយសារតែបារមីសក្តិសិទ្ធខ្លាំងពូកែចូលសន្ធិត។ ហើយការអុជទៀនធូបគោរពបូជានានា នឹងនាំមកនូវលាភសំណាងដល់ពួកគេ។ នេះជារឿងមួយ។
ក្រៅពីជំនឿលើភាពមិនប្រក្រតីនៃធម្មជាតិ គេសង្កេតឃើញថា ពលរដ្ឋខ្មែរថែមទាំងមានជំនឿលើអាគមអរូបិយ និងសិល្ប៍សាស្ត្រវិទ្យាការផ្សេងៗទៀតផង។ ជំនឿនេះស្ដែងឲ្យឃើញតាមរយៈការទៅរកគ្រូទាយ៖ ខ្លះដើម្បីជោគសំណាងក្នុងការងារមុខរបរ ខ្លះដើម្បីរំដោះគ្រោះអាក្រក់ ហើយខ្លះទៀតទៅរកគ្រូទាយ ដើម្បីភាពសមបំណងក្នុងរឿងស្នេហាជាដើម។
ជាការកត់សម្គាល់ ជំនឿលើរឿងអរូបិយ បារមីសក្តិសិទ្ធអស់ទាំងនេះ មិនមែនមានតែនៅក្នុងចំណោមពលរដ្ឋនៅតាមជនបទ ដែលមានចំណេះដឹងទាប ខ្វះទីពឹងពំនាក់ទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ ពលរដ្ឋខ្មែរខ្លះដែលជាអ្នកមានទ្រព្យធន ជាពិសេសអ្នកដែលប្រកបមុខរបររកស៊ី អ្នកនយោបាយ និងមន្ដ្រីអ្នកមុខអ្នកការដែលមានតំណែងខ្ពស់មួយចំនួន ក៏ជឿលើរឿងទាំងនេះដែរ។
ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ការជឿជាក់ទៅលើអារុក្ខអារក្សអ្នកតា ឬដាក់ចិត្តដាក់ថ្លើមជឿទៅលើគ្រូបារ្យអាចារ្យណាមួយ គឺជាជំនឿដូចគ្នានឹងការបូជាចំពោះព្រះព្រហ្ម ព្រះសិវៈ និងព្រះវិស្ណុនៅក្នុងព្រហ្មញ្ញសាសនា ឬការគោរពបូជាព្រះពុទ្ធសាសនាដូច្នោះដែរ។ ការមិនជឿលើសាសនា ឬ លទ្ធិណាមួយសោះ ក៏ជាសិទ្ធិ និងជាជំនឿមួយប្រភេទដែរ។
បើទោះបីជាវាជាសិទ្ធិសេរីភាពរៀងៗខ្លួនក៏ដោយ ក៏ពលរដ្ឋម្នាក់ៗគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នដោយចំពោះជំនឿអរូបិយតែម្ដង ព្រោះខុសពីសាសនាផ្សេងៗ ជំនឿអរូបិយជាទូទៅត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈបុគ្គលប៉ុណ្ណោះ ដោយមិនមានក្បួនខ្នាតច្បាស់លាស់ ដើម្បីវាស់ស្ទង់ពីភាពត្រឹមត្រូវនៃការអនុវត្តឡើយ។ ភាពមិនច្បាស់លាស់ និងជំនឿងប់ងល់របស់ពលរដ្ឋ ផ្ដល់ឱកាសយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មបោកបញ្ឆោតរបស់បុគ្គលមួយចំនួន។
នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយជឿលើវោហាសាស្ត្ររបស់អតីតអ្នកនយោបាយមួយរូប ប្រជាពលរដ្ឋជាច្រើន ទាំងនៅក្រៅស្រុក និងជាពិសេសបងប្អូនខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង នាំគ្នាវេចបង្វិចត្រឡប់មកស្រុកខ្មែរវិញ ហើយតម្រង់ទៅខេត្តសៀមរាប។ ជាទីកន្លែងតែមួយគត់ដែលអតីតអ្នកនយោបាយ គឺលោក ខឹម វាសនា អះអាងថា នឹងរួចផុតពីអាសន្នទឹកលិចភពផែនដី។ វោហាសាស្ត្ររបស់លោក ខឹម វាសនា ជាសិទ្ធិបញ្ចេញមតិរបស់លោក។ ប៉ុន្តែសិទ្ធិបញ្ចេញមតិនេះ វាកំពុងបង្កជាបញ្ហាដល់សង្គមជាតិខ្មែរ ព្រោះសូមកុំភ្លេចថា ពលរដ្ឋខ្មែរដែលជឿលើការអះអាងរបស់លោក ខឹម វាសនា ហើយនាំគ្នាធ្វើមាតុភូមិនិវត្តន៍ នឹងមិនអាចត្រឡប់ទៅធ្វើការវិញបានទេ។ សំខាន់ជាងនេះ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលពលរដ្ឋខ្មែរទៅធ្វើការ ហើយស្រាប់តែវិលត្រឡប់មកវិញទាំងមិនទាន់ចប់កុងត្រា។
ក្រៅពីរឿងលោក ខឹម វាសនា គេធ្លាប់ឃើញមានឧទាហរណ៍ជាច្រើនទៀត ជុំវិញករណីបុគ្គលមួយចំនួន ដែលឆ្លៀតឱកាសយកជំនឿអរូបិយរបស់ពលរដ្ឋ មកធ្វើអាជីវកម្មស្វែងរកផលប្រយោជន៍បំពេញកិលេសផ្ទាល់ខ្លួន។ ជាក់ស្ដែងដូចជាករណីអតីតចៅអធិការវត្តស្រះចក នេត ខៃ ដែលបានលួចថតរូបអាសអាភាសរបស់ស្ដ្រីមិនតិចជាង៦០០នាក់ឡើយ នៅពេលពួកគេមកស្រោចទឹកមន្តនៅវត្តស្រះចក។ និងករណី បុរសឈ្មោះធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រិយ៍ ស្លៀកស ពាក់ស នៅវត្តទួលព្រះរាជា ហើយបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួនជាដើម។
តាមរយៈករណីទាំងនេះ យើងឃើញថា ទង្វើបោកបញ្ឆោតដោយឈរលើជំនឿអរូបិយ នៅតែមានជាប់ជានិច្ចនៅក្នុងសង្គមខ្មែរ។ យ៉ាងណាក៏ដោយ គេពិបាកនឹងលុបបំបាត់ ឬគាស់រំលើងបុគ្គលដែលសាចព្រាចជំនឿអរូបិយគ្មានមូលដ្ឋានច្បាស់លាស់នោះណាស់ ខណៈពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើរឿងទាំងនោះ។ ហើយជាលទ្ធផល វាគ្មានអ្វីក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាសនោះឡើយ។
សរុបមកវិញ បើទោះបីជាជំនឿ គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗក៏ដោយ ក៏ពលរដ្ឋគួរតែត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយ មុននឹងដាក់ចិត្តជឿទៅលើអ្វីមួយ ឬបុគ្គលណាម្នាក់។ ការជឿជាក់លើជំនឿមិនសមហេតុផល គ្មានឫសគ្មានគល់ និង គ្មានមូលដ្ឋានរឹងមាំ គ្មាននាំប្រយោជន៍អ្វីដល់ខ្លួនឡើយ ក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាស ហើយពេលខ្លះ វិនាសខូចខាតដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិថែមទៀត៕
Mon, 29 Aug 2022 - 68 - «វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិងវៀតណាម។ តើហេតុអ្វីបានជាជនជាតិខ្មែរខ្លះ មិនទុកចិត្តវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមនិងជនជាតិវៀតណាម ថាជាចោរលួចទឹកដីខ្មែរ?
ទស្សនៈ «ស្អប់» វៀតណាម គឺជាជំងឺតជំនាន់នៅក្នុងសង្គមខ្មែរ ហើយជំងឺនេះ ទំនងជាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ នៅក្នុងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន វៀតណាម ឬ យួន កំពុងតែលេបត្របាក់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនប្រជាពលរដ្ឋវៀតណាមមករស់នៅ រកស៊ីដោយខុសច្បាប់នៅស្រុកខ្មែរ និងការវាតយកទឹកដីខ្មែរនៅតាមខ្សែព្រំដែន។ ទស្សនៈនេះចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋធម្មតា អ្នកនយោបាយ និងបណ្ឌិតផងដែរ។
គំនិតអគតិរបស់ពលរដ្ឋខ្មែរចំពោះជនជាតិវៀតណាមដូច្នេះ មិនមែនជារឿងថ្មីឡើយ។ មិនថ្មីព្រោះខ្មែរនិងវៀតណាម មានប្រវត្តិជូរចត់រួមគ្នាជាច្រើនជំនាន់មកហើយ គឺចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៥ ដែលដែនដីខ្មែរត្រូវលេបត្របាក់ដោយសៀមនៅខាងលិច និងអាណ្ណាម នៅខាងកើត ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។
នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម បានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោមពីខ្មែរ និងបានលើកបន្តុបក្សត្រិយ អង្គម៉ី ឲ្យឡើងគ្រងរាជ្យជាមហាក្សត្រខ្មែរ។ ក្រោមខ្សែញាក់របស់នគរអាណ្ណាម ក្សត្រិយ អង្គម៉ី បានព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។ ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាមដោយឥតរើសមុខ។ ការបះបោរប្រឆាំងអាណ្ណាម ឬ វៀតណាមលើកនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ចាប់តាំងពីពេលនោះ មក អំពើហិង្សា និងការលាបពណ៌ ប្រឆាំងនឹងជនជាតិវៀតណាមនៅកម្ពុជាកើតមានជាបន្តបន្ទាប់និងខ្លាំងឡើងៗ រាប់ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យរដ្ឋកម្ពុជា និងសម័យព្រះរាជាណាចក្រកម្ពុជាទី២សព្វថ្ងៃ។
សម្រាប់ជនជាតិខ្មែរមួយចំនួន ប្រទេសវៀតណាមនិងជនជាតិវៀតណាម នៅតែជាសភាវៈអាក្រក់ ជាចោរលួចទឹកដីខ្មែរ ហើយព្យាយាមដាក់អាណានិគមលើប្រទេសខ្មែរ។ វៀតណាមគឺជាមូលហេតុដែលទឹកដីខ្មែររួមតូចដូចសព្វថ្ងៃ។ ជនជាតិវៀតណាមគឺជាមូលហេតុដែលពលរដ្ឋខ្មែរគ្មានការងារធ្វើ ហើយត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។ ពលរដ្ឋខ្មែរធ្លាក់ខ្លួនឈឺច្រើន ក៏ដោយសារតែទទួលទានបន្លែផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម។ ចំណែកជនជាតិខ្មែរដែលមិន «អគតិ» ជាមួយជនជាតិវៀតណាម ជារឿយៗ ត្រូវបានលាបពណ៌ថាជាជនជាតិវៀតណាមដែរ។
ទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺជារឿងគួរឲ្យព្រួយបារម្ភមួយ ដែលកម្ពុជាត្រូវដោះស្រាយ មុនពេលវាវិវត្តក្លាយទៅជាការរើសអើងប្រឆាំងពូជសាសន៍។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺការលាបពណ៌ខ្មែរគ្នាឯងថាជាវៀតណាម។ តើមិនមែនដោយសារតែការលាបពណ៌ខ្មែរគ្នាឯងនេះទេឬ ដែលធ្វើឲ្យខ្មែរបែកបាក់គ្នា គុំគួនសងសឹកគ្នា មើលមុខគ្នាមិនត្រង់ និងបាត់បង់មោទនភាពជាតិ អស់ជាច្រើនទសវត្សរ៍? ហើយថាតើវាគួរតែដល់ពេលហើយឬនៅ ដែលខ្មែរគួរតែបញ្ឈប់ការលាបពណ៌គ្នាថាជាជនជាតិវៀតណាម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម? ទាំងនេះជាសំណួរដែលពលរដ្ឋខ្មែរគ្រប់គ្នាត្រូវផ្ដល់ចម្លើយ។
ជាការពិត ការបញ្ឈប់ការលាបពណ៌គ្នាថាជាវៀតណាម មិនមែនមានន័យថាខ្មែរត្រូវតែឈប់ខ្វាយខ្វល់ពីបញ្ហាព្រំដែនជាមួយវៀតណាម និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនៅកម្ពុជាទេ។ ខ្មែរនៅតែអាចដោះស្រាយបញ្ហាទាំងនោះបាន តាមរយៈការរួបរួមគ្នា។ ក្នុងកាលៈទេសៈណាក៏ដោយ សាមគ្គីភាពជាតិនឹងអាចឈានទៅដោះស្រាយបញ្ហា ជាជាងយកខ្មែរគ្នាឯងជាសត្រូវ ដោយចោទដាក់គ្នាថាជា «យួន»៕
Mon, 22 Aug 2022 - 67 - ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ
គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្តនិងរាជធានីខ្មែរដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។ លុយដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើនិយាយឲ្យស្រួលស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែងសូវប្រើប្រាក់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។
បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជាការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការបើកប្រាក់បៀរវត្សមន្ដ្រីរាជការ ការទូទាត់ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។ ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើទោះបីជាមានការកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាចនឹងតម្រូវឲ្យគិតថ្លៃខ្ពស់ជាងបន្តិច។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យធនាគារថា សេដ្ឋកិច្ចស្រុកខ្មែរ ឆ្នាំ២០២១ មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២០។ យ៉ាងណាក៏ដោយ បើតាមធនាគារជាតិនៃកម្ពុជា កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម បានដាក់សម្ពាធលើការអនុវត្តនយោបាយរូបិយវត្ថុខ្មែរ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា និន្នាការនៃការប្រើលុយដុល្លារនៅកម្ពុជា មិនមានការថយចុះទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមានអត្រាអតិផរណាមិនខ្ពស់ហួសហេតុក៏ដោយ។
ជាការពិតហើយថា ការអនុញ្ញាតឲ្យចាយលុយដុល្លារយ៉ាងទូលំទូលាយបែបនេះអាចបញ្ចៀសមិនឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និងជួយសម្រួលកម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការចាយលុយដុល្លារ ក៏អាចបង្កនូវផលវិបាកអវិជ្ជមានច្រើនផងដែរដល់សេដ្ឋកិច្ចខ្មែរ។
ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជាត្រូវបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យមានការរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអាចបង្កជាហានិភ័យខ្ពស់ ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ដោយឡែក ទាក់ទងនឹងបញ្ហាសង្គមវិញ ដុល្លាររូបនីយកម្ម បានរួមចំណែកបង្កើតឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ដូចបានលើកឡើងខាងដើមហើយថា ការទិញដូរនៅកម្ពុជា ភាគច្រើនត្រូវបានកំណត់ជាប្រាក់ដុល្លារ។ ហើយមានតែបុគ្គលដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ ឬជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ ចំណែកពលរដ្ឋដែលមានប្រាក់ខែជាប្រាក់រៀល ត្រូវប្រឈមមុខនឹងការខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ។
ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះថា វាជាការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង។ ការចាយប្រាក់រៀល មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទកភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ព្រោះរូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទកភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ។
នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនុកចិត្តលើប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ និងជាស្វ័យប្រវត្តិ។ ការលើកដម្កើងការប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារក្នុងស្រុក ក៏ដូចជាការកំណត់ការទូទាត់ជាប្រាក់រៀល ក៏ជាមធ្យោបាយក្នុងការធ្វើបដិដុល្លាររូបនីយកម្មប្រកបដោយប្រសិទ្ធភាពដែរ។ ការប្រើប្រាស់ប្រាក់រៀល ប្រសិនបើអាចធ្វើបានយ៉ាងទូលំទូលាយ នោះវានឹងជួយពង្រឹងប្រសិទ្ធភាព អធិបតេយ្យភាព និងឯករាជភាពនៃនយោបាយរូបិយវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្ដល់ការគាំទ្រដល់ការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចខ្មែរនៅថ្ងៃខាងមុខទៀតផង៕
Mon, 15 Aug 2022 - 66 - សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះត្រង់ទេ តែវាបង្កប់ទៅដោយន័យនយោបាយ ដៀមដាមដល់អ្នកនយោបាយខ្មែរវ័យចំណាស់។ អ្នកនយោបាយខ្មែរវ័យចំណាស់ ដែលលោក សម រង្ស៊ី ប្រាប់ឲ្យឈប់ក្រាញអំណាច ហើយនាំគ្នាចូលនិវត្តន៍ចាប់ពីអាយុ៧០ឡើងទៅ។
មែនទែនទៅ វាមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងចាស់វស្សា ស្នើឲ្យមានការរៀបចំច្បាប់ ដើម្បីឲ្យអ្នកនយោបាយខ្មែរ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះលិខិតមួយច្បាប់ លើបណ្ដាញសង្គមផ្លូវការរបស់លោក ស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្កើតច្បាប់ឲ្យនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។
នៅក្នុងលិខិតនោះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពន្យល់ថា ច្បាប់ដែលលោកស្នើនេះ ចាំបាច់ណាស់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់។
ងាកមកលិខិតចុងក្រោយរបស់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ទី០៥ ខែសីហា ថ្មីៗនេះវិញ។ ដ្បិតតែមានអត្ថន័យដូចគ្នាទៅនឹងលិខិតកាលពីឆ្នាំ២០២១ ប៉ុន្តែការណ៍ដែលលោក សម រង្ស៊ី ភ្ជាប់រឿងនេះ ទៅនឹងឱកាសខួបកំណើតវ័យ៧០ឆ្នាំរបស់លោក ហ៊ុន សែន វាមានន័យឌឺដងចំពោះលោក ហ៊ុន សែន និងជាការចាក់សាំងលើរងើកភ្លើងដែលសឹងតែស្ងប់ទៅហើយ។
គិតត្រឹមឆ្នាំ២០២២នេះ លោក ហ៊ុន សែន មានវ័យ៧០ឆ្នាំ។ លោកជាមេដឹកនាំដែលកាន់តំណែងយូរបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥មក។ បើទោះបីជាកាន់តំណែងជាមេដឹកនាំកម្ពុជា ជិត៤ទសវត្សហើយក៏ដោយ ក៏លោក ហ៊ុន សែន នៅតែប្រកាន់ជំហរបន្តដឹកនាំកម្ពុជាតទៅទៀត ប្រសិនបើសុខភាពរបស់លោកនៅតែអំណោយផល។
ចំពោះសំណើរបស់លោកសម រង្ស៊ី មែនទែនទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានឆ្លើយតបរួចទៅហើយ។ កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងស្នើច្បាប់ដើម្បីកំណត់អាយុរបស់នាយករដ្ឋមន្ដ្រី ត្រឹម៧០ឆ្នាំ ទៅតាមការចង់បានរបស់គូប្រជែងនយោបាយរបស់លោក ដែលកំពុងរស់នៅឯក្រៅប្រទេស។ គូប្រជែងនយោបាយរបស់លោក ហ៊ុន សែន ដែលលោកមិនហៅឈ្មោះឲ្យចំនោះ គឺគ្មាននរណាក្រៅតែពី លោក សម រង្ស៊ី ឡើយ។
ពីខាងលោក សម រង្ស៊ី ឯណោះវិញ។ លិខិតចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានលើកឡើងពីការពិតមួយប្រកែកមិនបាន។ នោះគឺ នៅកម្ពុជា មានមន្ដ្រីក្នុងមុខងារសាធារណៈច្រើនណាស់ ដែលនៅកាន់តំណែងនៅឡើយ បើទោះបីជាមានវ័យដល់៧០ឆ្នាំ ឬលើសពីនេះហើយក៏ដោយ។ ការណ៍នេះ បើតាមលោក សម រង្ស៊ី វាធ្វើឲ្យជាប់គាំងដល់ការវិវត្តន៍នៃមុខងាររបស់យុវជន។ យុវជនជំនាន់ក្រោយ ដែលមិនអាចឡើងបុណ្យសក្តិបាន ពីព្រោះចាស់ៗនៅខាងលើ ក្រាញអំណាច មិនព្រមដកខ្លួនចេញពីតំណែង បើទោះបីជាពួកគាត់ថយចុះកម្លាំងកាយ និងកម្លាំងប្រាជ្ញាក៏ដោយចុះ។
ជាការពិត ការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះ មិនខុសទេ។ ប៉ុន្តែវាក៏មិនត្រូវទាំងស្រុងដែរ។ គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ បានត្រៀមជើងព្រួលរួចរាល់យូរក្រែលដែរហើយ ក្នុងការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់ខ្លួន។ ជាក់ស្ដែង គណបក្សប្រជាជន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ជ្រើសរើសលោក ហ៊ុន ម៉ាណែត វ័យ៤៤ឆ្នាំ ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ បើតាមការគូសបញ្ជាក់ពីគណប្រជាជន ការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់គណបក្សនេះ មិនមែនធ្វើឡើងត្រឹមជំនាន់ទី២ទេ ប៉ុន្តែកំពុងបណ្ដុះដល់ជំនាន់ទី៣ថែមទៀត។
ទាំងនេះ គឺជាការត្រៀមខ្លួនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ចុះគណបក្សដទៃទៀត បានគូសវាសផែនការយុទ្ធសាស្ត្រអ្វីខ្លះហើយ សម្រាប់ពេលអនាគត?
ប្រសិនបើកម្ពុជា នាពេលអនាគត នឹងរៀបចំច្បាប់កំណត់អាយុចូលវិវត្តន៍របស់អ្នកនយោបាយ ចាប់ពី៧០ឡើងទៅ តើគណបក្សនយោបាយដទៃទៀត រួមទាំងគណបក្សដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាចផងនោះ មានអ្នកបន្តវេនប្រកបដោយសក្ដានុពលហើយឬនៅ? មួយវិញទៀត លោក សម រង្ស៊ី ត្រូវដឹងថា នៅពេលដែលកម្ពុជារៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍តាមសំណើរបស់លោក នោះវាមិនត្រឹមតែបិទបញ្ចប់ជីវិតនយោបាយរបស់លោក ហ៊ុន សែន ដែលជាគូប្រជែងរបស់លោក សម រង្ស៊ីទេ។ ប៉ុន្តែជីវិតនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងក៏ត្រូវចប់ដូចគ្នាដែរ ខណៈដែលលោក សម រង្ស៊ី មានវ័យ៧៣ឆ្នាំទៅហើយ៕
Mon, 08 Aug 2022
Podcasts ähnlich wie ទស្សនៈព្រឹត្តិការណ៍ខ្មែរ
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Es la Mañana de Federico esRadio
La noche de Cuesta esRadio
Au Coeur du Crime Europe1
Affaires sensibles France Inter
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Le grand récit RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
HISTORIAS DE LA HISTORIA VIVA RADIO
Les Grosses Têtes RTL
Hondelatte Raconte Europe 1
Entrez dans l'Histoire RTL
LEGEND Guillaume Pley
C dans l'air France Télévisions
L'After Foot RMC
Enquêtes criminelles RTL
Au Cœur de l'Histoire Europe 1
L'œil de Philippe Caverivière RTL
La dernière Radio Nova
Laurent Gerra RTL
L’heure du crime : les archives de Jacques Pradel RTL
CRIMES • Histoires Vraies Minuit
Les récits de Stéphane Bern Europe 1
Super Moscato Show RMC
Les Grandes Gueules RMC
Hondelatte Raconte - Cote B Europe 1
Rothen s'enflamme RMC
La riposte Radio Nova
Pascal Praud et vous Europe 1