Filtrar por gênero

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

RFI ខេមរភាសា / Khmer

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

69 - នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ
0:00 / 0:00
1x
  • 69 - នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ

    ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​ ព្រម​ទាំង​ជំនឿ​លើ​លទ្ធិ​ឥត​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយដែល​គ្មាន​ឫស​គល់ និង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​មួយ សម្រាប់ពលរដ្ឋ និង​សង្គម​ជាតិ ប្រសិន​​បើ​ការ​ជឿ​នោះ ​មិន​បានឆ្លង​កាត់​ការ​​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ​នោះ​។ 

    ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។

    អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។

    ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។

    ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។

    ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។

    បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​។

    នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ជឿ​លើ​វោហាសាស្ត្រ​របស់​អតីត​អ្នក​នយោបាយ​មួយ​រូប ប្រជាពលរដ្ឋ​ជា​ច្រើន ទាំង​នៅ​ក្រៅ​ស្រុក និង​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​វេច​បង្វិច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​តម្រង់​ទៅ​ខេត្ត​សៀមរាប​។ ជា​ទីកន្លែង​តែ​មួយ​គត់​​ដែលអតីត​អ្នក​នយោបាយ គឺ​​លោក ខឹម វាសនា អះអាង​ថា នឹង​រួច​ផុត​ពី​អាសន្ន​ទឹក​លិច​ភព​ផែន​ដី​។ វោហាសាស្ត្រ​របស់​លោក ខឹម វាសនា ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​។ ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​នេះ វា​កំពុងបង្ក​ជា​បញ្ហា​ដល់​សង្គម​ជាតិ​ខ្មែរ ព្រោះ​សូម​កុំ​ភ្លេច​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​លើ​ការ​អះអាង​របស់​លោក ខឹម វាសនា ហើយ​នាំ​គ្នាធ្វើ​មាតុភូមិ​និវត្តន៍ នឹង​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន​ទេ​។ សំខាន់​ជាង​នេះ វា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ ហើយ​ស្រាប់​តែ​វិល​ត្រឡប់​មក​វិញ​ទាំង​មិន​ទាន់​ចប់​កុងត្រា​។​

    ក្រៅ​ពី​រឿង​លោក ខឹម វាសនា គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​ទៀត ​ជុំ​វិញ​ករណី​បុគ្គល​មួយ​ចំនួន ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។

    ​តាម​រយៈ​ករណី​ទាំង​នេះ យើង​ឃើញ​ថា ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើងបុគ្គល​ដែល​សាច​ព្រាច​ជំនឿ​អរូបិយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ។ ហើយ​​ជា​លទ្ធផល វា​​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។

    សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​ ​គ្រួសារ និង​សង្គម​ជាតិ​​ថែម​ទៀត៕

    Mon, 29 Aug 2022
  • 68 - «វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ

    ប្រតិកម្ម​ចម្រុះ​ធ្លាក់​មក​ព្រោង​ព្រាត ក្រោយ​ពី​កម្ពុជា​សម្រេច​បង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជា​ការ​ចាក់​សាំង​ថែម​ពី​លើ​ភ្លើង អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន បាន​យក​រឿង​នេះ ទៅ​ភ្ជាប់​ជាមួយ​សំណុំ​រឿង​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​និង​កោះ​ត្រល់​ទៅឲ្យ​វៀតណាម ហើយ​​បង្កទៅ​​ជា​ការ​ជជែក​ស្រួចស្រាល់​លើ​បណ្ដាញ​សង្គម​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ សិក្សា​ពី​ទំនាក់​ទំនងរវាង​ជនជាតិ​ខ្មែរ​និង​វៀតណាម។ តើ​ហេតុ​អ្វី​បាន​ជា​​ជន​ជាតិ​ខ្មែរ​ខ្លះ មិន​ទុក​ចិត្ត​វៀតណាម ហើយ​ចាត់​ទុក​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​ថា​​ជាចោរ​លួច​ទឹក​ដី​ខ្មែរ​?

    ទស្សនៈ «ស្អប់» វៀតណាម គឺ​ជា​ជំងឺ​ត​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ជំងឺ​នេះ ទំនង​ជា​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ​។ នៅ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន វៀតណាម ឬ យួន កំពុង​តែ​លេប​ត្របាក់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​វៀតណាម​មក​រស់​នៅ រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ និង​ការ​វាត​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​ព្រំដែន​។ ទស្សនៈ​នេះ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​​ប្រជាពលរដ្ឋ​ធម្មតា អ្នក​នយោបាយ និង​បណ្ឌិត​ផង​ដែរ​។

    គំនិត​អគតិ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​វៀតណាម​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​​ឡើយ​។ មិន​ថ្មី​​ព្រោះ​ខ្មែរ​និង​វៀតណាម មាន​ប្រវត្តិ​ជូរ​ចត់​រួម​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ គឺ​​ចាប់​តាំង​ពី​​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៥ ដែល​ដែន​ដី​ខ្មែរត្រូវ​​លេប​ត្របាក់ដោយ​​សៀម​នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាង​កើត ដែល​បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម។

    នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម បាន​កាត់​យក​ទឹក​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​ពី​ខ្មែរ និង​​បាន​លើក​បន្តុប​ក្សត្រិយ អង្គម៉ី ឲ្យ​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​ខ្មែរ​។ ក្រោម​ខ្សែ​ញាក់​របស់​នគរ​អាណ្ណាម ក្សត្រិយ អង្គម៉ី បាន​ព្យាយាម​បំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម​ដោយ​ឥតរើសមុខ​។ ​ការ​បះបោរ​ប្រឆាំង​អាណ្ណាម ឬ វៀតណាម​លើក​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

    ចាប់​តាំង​ពី​ពេល​នោះ មក អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់និងខ្លាំង​ឡើង​ៗ រាប់​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​សព្វ​ថ្ងៃ​។

    សម្រាប់​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​នៅ​តែ​​ជាសភាវៈ​អាក្រក់ ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ ហើយ​ព្យាយាម​ដាក់​អាណានិគម​លើ​ប្រទេស​​ខ្មែរ​​។ វៀតណាម​គឺ​ជា​មូលហេតុ​ដែល​ទឹក​ដី​ខ្មែរ​រួម​តូច​ដូច​សព្វ​ថ្ងៃ​។ ជនជាតិ​វៀតណាម​គឺជា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួនឈឺ​ច្រើន ក៏​ដោយ​សារ​តែ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ចំណែក​ជន​ជាតិ​ខ្មែរ​ដែល​មិន «អគតិ» ជាមួយ​ជនជាតិ​វៀតណាម ជា​រឿយ​ៗ ​ត្រូវ​បាន​លាបពណ៌​ថា​ជា​ជនជាតិ​វៀតណាម​ដែរ​។

    ទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​​វៀតណាម គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​កម្ពុជា​​ត្រូវ​ដោះ​ស្រាយ មុន​ពេល​វា​វិវត្ត​ក្លាយ​ទៅ​ជា​ការ​រើស​អើង​​ប្រឆាំង​ពូជ​សាសន៍​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាងទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​វៀតណាម គឺការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ថា​ជា​វៀតណាម​។ តើ​មិន​មែន​ដោយ​សារ​តែ​ការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​នេះ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ខ្មែរបែក​បាក់​​គ្នា ​គុំ​គួន​សង​សឹក​គ្នា មើល​មុខ​គ្នា​មិន​ត្រង់ និង​បាត់​បង់​មោទនភាព​ជាតិ អស់​ជា​ច្រើន​ទសវត្សរ៍​? ហើយ​ថា​តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការ​​លាប​ពណ៌​គ្នា​ថា​ជាជនជាតិ​​វៀតណាម​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​? ទាំង​នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ត្រូវ​ផ្ដល់​ចម្លើយ​។

    ជា​ការ​ពិត ការ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ថា​ជា​វៀតណាម មិន​មែន​មាន​ន័យ​ថា​ខ្មែរ​ត្រូវ​តែ​ឈប់​ខ្វាយ​ខ្វល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​នៅ​កម្ពុជា​ទេ​។ ខ្មែរ​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន តាម​រយៈ​ការ​រួប​រួម​គ្នា​។ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ សាមគ្គី​ភាព​ជាតិ​នឹង​អាច​ឈាន​ទៅ​​ដោះ​ស្រាយ​បញ្ហា ជា​ជាង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ដោយ​ចោទដាក់​​គ្នា​ថា​ជា «យួន»៕

    Mon, 22 Aug 2022
  • 67 - ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ

    គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ?

    រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។

    នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។

    បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។

    នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។

    ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។

    ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។

    ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។

    នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕

    Mon, 15 Aug 2022
  • 66 - សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ

    ជា​រឿងដ៏​ចម្លែក នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដែល​តែង​តែ​រិះគន់ បរិហារ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ស្រាប់​តែ​ផ្ញើ​សារ​ជូនពរ​លោក ហ៊ុន សែន​។ ជា​សារ​ជូន​ពរ​លោក ហ៊ុន សែន នា​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចម្រើន​វ័យ​បាន​៧០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​០៥​ខែ​សីហា​សប្ដាហ៍​មុន​។ សារ​របស់​លោក សម រង្ស៊ី បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ពុំ​មាន​ភាព​ស្មោះ​ត្រង់​ទេ តែ​វា​បង្កប់​ទៅ​ដោយ​ន័យ​នយោបាយ ដៀមដាម​ដល់​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់។ ​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់ ដែល​លោក សម រង្ស៊ី ប្រាប់​ឲ្យ​ឈប់​ក្រាញ​អំណាច ហើយ​នាំ​គ្នា​​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០​ឡើង​ទៅ​​។

    មែន​ទែន​ទៅ វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក សម រង្ស៊ី អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។ កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​តុលា​ ឆ្នាំ​២០២១ លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​មួយច្បាប់ ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បង្កើត​ច្បាប់​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី និង​អ្នក​កាន់​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។

    នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពន្យល់​ថា ច្បាប់​ដែល​លោក​ស្នើ​នេះ ចាំ​បាច់​ណាស់ ដើម្បី​លើក​តម្កើង​តួនាទី និង​លើក​ទឹក​ចិត្ត​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្នាក់​។

    ងាក​មក​លិខិត​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​០៥ ខែ​សីហា ថ្មី​ៗ​នេះ​វិញ​។ ដ្បិត​តែ​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​កាល​ពី​ឆ្នាំ​២០២១ ប៉ុន្តែ​ការណ៍​ដែល​លោក សម រង្ស៊ី ភ្ជាប់​រឿង​នេះ ទៅ​នឹង​ឱកាស​ខួប​កំណើត​វ័យ​៧០​ឆ្នាំ​របស់​លោក ហ៊ុន សែន វា​មាន​ន័យ​ឌឺដង​ចំពោះ​លោក ហ៊ុន សែន​ និង​ជា​ការ​ចាក់​សាំង​លើ​រងើក​ភ្លើង​ដែលសឹង​តែ​ស្ងប់​ទៅ​ហើយ។

    គិត​ត្រឹម​ឆ្នាំ​២០២២​នេះ​ លោក ហ៊ុន សែន មាន​វ័យ​៧០​ឆ្នាំ​។ លោក​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​បំផុត​ម្នាក់ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ដោយ​បាន​កាន់​តំណែង​​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ បើ​ទោះ​បី​ជា​កាន់​តំណែង​ជា​មេ​ដឹក​នាំ​កម្ពុជា ជិត​៤​ទសវត្ស​ហើយ​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ដឹក​នាំ​កម្ពុជា​ត​ទៅ​ទៀត ប្រសិន​បើ​សុខភាព​របស់​លោក​នៅតែ​អំណោយ​ផល​។

    ចំពោះ​សំណើ​របស់​លោក​សម រង្ស៊ី មែន​ទែន​ទៅ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ​។ កាល​ពី​ឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋ​មន្ដ្រី ត្រឹម​៧០​ឆ្នាំ ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយ​របស់​លោក ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ គូ​ប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​លោក​មិន​ហៅ​ឈ្មោះ​ឲ្យ​ចំនោះ គឺ​គ្មាន​នរណា​ក្រៅតែ​ពី លោក សម រង្ស៊ី ឡើយ។

    ពី​ខាង​លោក សម រង្ស៊ី ឯ​ណោះ​វិញ​។ លិខិត​ចុះ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ពី​ការ​ពិត​មួយ​ប្រកែក​មិន​បាន​។ នោះ​គឺ នៅ​កម្ពុជា មាន​មន្ដ្រី​ក្នុង​មុខងារ​សាធារណៈ​ច្រើន​ណាស់ ដែល​នៅ​កាន់​តំណែង​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​វ័យ​ដល់​៧០​ឆ្នាំ ឬ​លើស​ពី​នេះ​ហើយ​ក៏​ដោយ​។ ការណ៍​នេះ បើ​តាម​លោក សម រង្ស៊ី វា​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​ការ​វិវត្តន៍​នៃ​មុខងារ​របស់​យុវជន។ យុវជន​ជំនាន់​ក្រោយ ដែល​មិន​អាច​ឡើង​បុណ្យ​សក្តិ​បាន ពី​ព្រោះ​ចាស់​ៗ​នៅ​ខាង​លើ ក្រាញ​អំណាច មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​តំណែង​​ បើ​ទោះ​បី​ជា​ពួក​គាត់ថយ​ចុះ​កម្លាំង​កាយ និង​កម្លាំង​ប្រាជ្ញា​ក៏​ដោយ​ចុះ​។

    ជា​ការ​ពិត ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ មិន​ខុស​ទេ។ ប៉ុន្តែ​វា​ក៏​មិន​ត្រូវ​ទាំង​ស្រុង​ដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹក​នាំ បាន​ត្រៀម​ជើង​ព្រួល​រួច​រាល់​យូរ​ក្រែល​ដែរ​ហើយ ក្នុង​ការ​បណ្ដុះ​បណ្ដាលអ្នក​បន្ត​វេន​របស់​ខ្លួន​។ ជាក់​ស្ដែង​ គណបក្ស​ប្រជាជន បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ជ្រើស​រើស​លោក ហ៊ុន ម៉ាណែត វ័យ​៤៤​ឆ្នាំ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ឲ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ បើ​តាម​ការ​គូស​បញ្ជាក់​ពី​គណប្រជាជន ការ​បណ្ដុះ​បណ្ដាល​អ្នក​បន្ត​វេន​របស់​គណបក្ស​នេះ មិន​មែន​ធ្វើ​ឡើង​ត្រឹម​ជំនាន់​ទី​២​ទេ ប៉ុន្តែ​កំពុង​បណ្ដុះ​ដល់​ជំនាន់​ទី​៣​ថែម​ទៀត​។

    ទាំង​នេះ គឺ​ជា​ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាគណបក្ស​កាន់​អំណាច​។ ចុះ​គណបក្ស​ដទៃ​ទៀត បាន​គូស​វាស​ផែន​ការ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ហើយ សម្រាប់​ពេល​អនាគត​?

    ប្រសិន​បើ​កម្ពុជា នា​ពេល​អនាគត នឹង​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​វិវត្តន៍​របស់​អ្នក​នយោបាយ ចាប់​ពី​៧០​ឡើង​ទៅ តើ​គណបក្ស​នយោបាយ​ដទៃ​ទៀត រួម​ទាំង​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ផង​នោះ មាន​អ្នក​បន្ត​វេន​ប្រកប​ដោយ​សក្ដានុពល​ហើយ​ឬ​នៅ? មួយ​វិញទៀត លោក សម រង្ស៊ី ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​តាម​សំណើ​របស់​លោក នោះ​វា​មិន​ត្រឹម​តែ​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​របស់​លោក សម រង្ស៊ី​ទេ។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ខ្លួន​ឯង​ក៏​ត្រូវ​​ចប់​ដូច​គ្នា​ដែរ ខណៈ​ដែល​លោក សម រង្ស៊ី មាន​វ័យ៧៣​ឆ្នាំ​ទៅ​ហើយ​៕

     

     

     

     

     

    Mon, 08 Aug 2022
  • 65 - ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោយសារបញ្ហា «ប្រជាធិបតេយ្យ»?

    កាលពីសប្ដាហ៍មុន គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​។ ច្បាប់​នេះ មាន​ខ្លឹមសារ​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ព្រម​ទាំង​អ្នក​ដែល​អាមេរិក​ចាត់​ទុក​ថា បាន​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ​ចង់​ឲ្យ​កម្ពុជា​​ប្រកាន់​ប្រជាធិបតេយ្យ​បែប​ណា ទើប​​ពេញ​ចិត្ត? តើ​កម្ពុជា​គ្មាន​សិទ្ធិ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ស្រប​តាម​បរិបទ​សង្គម​ខ្លួន​ឯង​ទេ​ឬ?

    តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដោយឡែកមួយរបស់ខ្លួនឯង ដែលជារឿយៗ តែងតែទទួលបានការរិះគន់ពីសំណាក់ប្រទេសលោកខាងលិចថា «មិនប្រជាធិបតេយ្យ»។

    មានមូលហេតុច្រើនយ៉ាង ដែលបណ្តាលឲ្យខ្លឹមសារប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងការរិះគន់ពីសំណាក់ប្រទេសលោកខាងលិច។ ដំបូងបង្អស់ គឺដោយសារតែកម្ពុជាមានប្រវត្តិនយោបាយ និងផ្នត់គំនិតសង្គមដោយឡែករបស់ខ្លួនខុសពីគេយ៉ាងខ្លាំង។ បើទោះបីជាប្រជាធិបតេយ្យជាវប្បធម៌នយោបាយដែលចាប់កំណើតជាយូរណាស់មកហើយក្ដី ប៉ុន្តែទម្លាប់នយោបាយនេះ មានប្រើប្រាស់ច្រើនតែនៅតាមប្រទេសលោកខាងលិចប៉ុណ្ណោះ។ ការទទួលយករបបប្រជាធិបតេយ្យមកប្រើប្រាស់ គឺជារឿងថ្មីណាស់សម្រាប់កម្ពុជា ដែលធ្លាប់ភ្លក់អស់ហើយ និងរងគ្រោះរាប់មិនអស់ហើយដែរ ដោយសាររបបដឹកនាំបែបផ្សេងទៀត។

    ផ្នត់គំនិតចាស់ៗរបស់អ្នកនយោបាយ ក៏ជាមូលហេតុសំខាន់មួយដែរ។ អ្នកនយោបាយខ្មែរមួយចំនួន ដែលតែងតែចាត់ទុកខ្លួនឯងថា ជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចកិច្ចការទាំងឡាយរបស់ប្រទេសជាតិនោះ បានដិតដាមយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ បើទោះជាដោយចេតនា ឬ អចេតនាក្តី ពួកគេហាក់ពិបាកនឹងបន្សាំខ្លួនទៅនឹងវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋជាធំ។

    ចំណែកប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែផ្ញើវាសនាទាំងស្រុងទៅលើអ្នកនយោបាយនោះក៏នៅមិនទាន់ស៊ាំនឹងវប្បធម៌ប្រជាធិបតេយ្យនៅឡើយដែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតែម្ដង។

    យ៉ាងណាក៏ដោយ គេត្រូវទទួលស្គាល់ថា កម្ពុជាត្រូវការពេលដើម្បីធ្វើឲ្យប្រជាធិបតេយ្យរបស់ខ្លួនមានភាពចាស់ទុំ។ ហើយគេក៏ត្រូវតែទទួលស្គាល់ការពិតមួយទៀតដែលថា ប្រទេសមួយមិនអាចចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីប្រទេសមួយទៀតមកអនុវត្តបានឡើយ។ សូម្បីតែលោកខាងលិច ដែលអ្នកខ្លះហៅថាជា «បិតាប្រជាធិបតេយ្យ» នោះ ក៏អនុវត្តប្រជាធិបតេយ្យតាមរបៀបខុសៗគ្នាដែរ ពីព្រោះប្រទេសនីមួយៗ មានវប្បធម៌ ប្រពៃណី និងទម្លាប់រស់នៅរបស់មនុស្សខុសៗគ្នា។

    ប៉ុន្តែ ការផ្តេកផ្តួលទៅលើតែពេលវេលាខ្លាំងពេកអាចនឹងក្លាយជាលេសក្នុងការលួងចិត្ត ដើម្បីបិទបាំងភាពយឺតយ៉ាវនៃការអភិវឌ្ឍប្រទេសក៏ថាបាន។ ដូច្នេះ ដល់ពេលហើយដែលកម្ពុជាគួរទម្លុះទម្លាយរនាំងទាំងនេះចោល។ ទោះបីជាមិនអាចចម្លងពុម្ពគំរូប្រជាធិបតេយ្យពីប្រទេសណាមួយទាំងស្រុងបានក៏ដោយ ក៏កម្ពុជាអាចទាញយកចំណុចល្អៗមួយចំនួនពីប្រទេសប្រជាធិបតេយ្យដទៃទៀត មកស្លឲ្យចេញជាប្រជាធិបតេយ្យរបស់ខ្លួន ដោយរៀនសូត្រនិងទាញយកចំណុចល្អមួយចំនួនពីប្រទេសមួយទៀតមកអនុវត្តបាន។

    របបប្រជាធិបតេយ្យ មានសម្រស់នៅពេលដែលវាត្រូវបានអនុវត្តស្របតាមទ្រឹស្តី និងអនុលោមទៅតាមវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងទម្លាប់នៃការរស់នៅនៃប្រទេស។ ការងារទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជាចាំបាច់ ដោយមិនអាចខ្វះមួយណាបានឡើយ។ អ្នកដែលប្រាថ្នាចង់ចម្លងទាំងស្រុងនូវគំរូប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច មកអនុវត្តនៅកម្ពុជានោះ គឺពិតជាមិនអាចទៅរួចឡើយ។ ចំណែក អ្នកដែលប្រកាន់គំនិតអភិរក្សនិយមជ្រុលដោយបដិសេធមិនទទួលយកគំរូពីប្រទេសណាទាំងអស់នោះក៏មិនត្រឹមត្រូវដែរ៕

    Mon, 01 Aug 2022
Mostrar mais episódios