Filtrar por género

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

RFI ខេមរភាសា / Khmer

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

89 - ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?
0:00 / 0:00
1x
  • 89 - ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?

    បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។

    ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងដីពីក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅតែបន្តឈឺចាប់ ពិសេសការឈឺចាប់ផ្លូវចិត្ត ដោយសារតែពួកគេបានសន្សែសន្សំ និងត្បិតត្បៀតការចាយវាយដើម្បីយកលុយទិញផ្ទះ ឬដី សម្រាប់រស់នៅ ឬធ្វើអាជីវកម្មរកប្រាក់ចំណេញ។ ការឈឺចាប់នេះ កើតឡើងក្រោយក្រុមហ៊ុនលក់ផ្ទះ ឬដី មួយចំនួនមិនគោរពតាមកិច្ចសន្យានៃការលក់ ទិញអចលនវត្ថុ ជាហេតុនាំឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារយុត្តិធម៌ ខណៈពួកគេចំណាយលុយទិញផ្ទះ ឬដីរួចហើយ តែមិនបានផ្ទះ ឬដី។

    វិបត្តិសង្គមមួយនេះ ត្រូវបានគេមើលឃើញ និងស្តីបន្ទោសទៅលើក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដែលរងការចោទថាធ្វើជំនួញគ្មានភាពស្មោះត្រង់ រួមមាន ក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស រប់សអតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត។

    តែក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុន ដែលលេចធ្លោលើសំណុំរឿងដីធ្លីទាំងនេះ ខ្លះក៏បានស្ងៀមស្ងាត់ជាបណ្តោះអាសន្ន ខ្លះក៏ត្រូវបានដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការ ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងខ្លះទៀតក៏កំពុងឡើងកម្តៅនៃការតវ៉ានៅឡើយ តួយ៉ាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា។

    ជាការកត់សម្គាល់ អតិថិជន ក្នុងនោះរួមមានប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ បាននិងកំពុងតវ៉ាយ៉ាងស្វិតស្វាញ ដោយទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគេទទួលបានផ្ទះ ពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខណៈអតិថិជនទាំងនោះ មួយចំនួនធំបានបង់ប្រាក់រួចរាល់ និងផុតកុងត្រា ដែលក្រុមហ៊ុនត្រូវប្រគល់ផ្ទះជាច្រើនឆ្នាំមកហើយ តែផ្ទុយទៅវិញពួកគេមិនទទួលបានផ្ទះ។

    តាមរយៈការជួបជុំគ្នាតវ៉ារបស់ពលរដ្ឋ ដែលជាជនរងគ្រោះ ដោយបិទផ្លូវជាតិលេខ 6A និងបិទផ្លូវមុខក្រសួងដែនដីកាលពីពេលថ្មីៗនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគេ បានឆ្លុះបញ្ចាំងពីអារម្មណ៍ដ៏ឈឺចាប់។

    ឈឺចាប់ ដោយសារពួកគេទន្ទឹងរង់ចាំទទួលផ្ទះ ពីក្រុមហ៊ុន ម្នាក់ៗមានរយៈពេលពី៥ ទៅ៦ឆ្នាំមកហើយ។ ជាការរង់ចាំបណ្តើរត្អូញត្អែរបណ្តើរ ត្បិតពលរដ្ឋទាំងនោះ ខ្លះបានខ្ចីបុលពីធនាគារ យកទៅទិញដី ឬផ្ទះបង់ផ្តាច់ និងបង់រំលោះ ដោយប្រឈមនឹងការប្រឹងប្រែងរកប្រាក់បង់សងធនាគារវិញជារៀងរាល់ខែ។

    ទាក់ទងទៅនឹងភាពចម្រូងចម្រាសរវាងអ្នកទិញផ្ទះ និងក្រុមហ៊ុនសង់ផ្ទះលក់នេះ ក្រសួងដែនដី នៅក្នុងអាណត្តិទី៧នេះ តែងបង្ហាញពីលទ្ធផលការងាររបស់ខ្លួន ដោយក្រសួងបានដោះស្រាយជាបន្តបន្ទាប់នូវវិវាទដីធ្លី និងអចលនទ្រព្យដ៏រ៉ាំរ៉ៃនេះ ក្នុងនោះក៏មានករណីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែរ។

    ក្រសួងដែនដីតាមរយៈអ្នកនាំពាក្យ លោក សេង ឡូត បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួងត្រូវការរពេលវេលាក្នុងការបន្តកិច្ចការតាមនីតិវិធី និងជួបជាមួយពលរដ្ឋតវ៉ា ដើម្បីជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយនៅរៀងរាល់ ៣ខែម្តង។

    ជាមួយគ្នានេះ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លងមកក៏តែងលើកឡើងពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយផ្ទះជូនអតិថិជន និងស្នើសុំការយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាកផ្នែកសេដ្ឋកិច្ច។ ក្រុមអ្នកតាមដានសង្គម និងអ្នកជំនាញផ្លូវច្បាប់ បានហៅការទិញផ្ទះរបស់ពលរដ្ឋ ហើយមិនបានផ្ទះនេះថា ជាទម្រង់បំពានច្បាប់មួយ ដែលស្ថាប័នមានសមត្ថកិច្ចគួរមានការពិចារណា និងជួយរកដំណោះស្រាយ។

    លោកមេធាវី ផែង ហេង អ្នកជំនាញផ្នែកច្បាប់មួយរូប បានលើកឡើងជាទូទៅថា ក្នុងច្បាប់ព្រហ្មទណ្ឌ នៅពេលភាគីអ្នកទិញបានបង់លុយទៅភាគីអ្នកលក់ហើយ ហើយភាគីអ្នកលក់មិនបានប្រគល់របស់ ឬវត្ថុ ដែលលក់ ឲ្យទៅអ្នកទិញ ដោយមិនស្របទៅនឹងកម្មវត្ថុនៃការទិញ លក់ គឺស្មើនឹងបទល្មើសឆបោក។ ប្រសិនបើរដ្ឋមើលឃើញថាករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ នោះរដ្ឋត្រូវដើរតួនាទីជាដើមបណ្តឹង ដោយមិនចាំបាច់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដាក់ពាក្យបណ្តឹងទេ។ នេះបើតាមលោក ផែង ហេង។

    នៅក្នុងកម្មវិធីបិទសន្និបាតមួយរបស់ក្រសួងរៀបចំដែនដីកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ។

    តែលោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្រប ដែលម្ចាស់បុរីត្រូវផ្តល់ឲ្យពលរដ្ឋនោះទេ។ បើតាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឲ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឲ្យនៅពង» ឬទុកឱកាសឲ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណង ដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឲ្យជាប់គុក។

    ត្រង់ចំណុចនេះ ត្រូវបានលោកមេធាវី ផែង ហេង មើលឃើញថា ការអនុវត្តជាក់ស្តែងហាក់មិនស្របទៅនឹងអ្វីដែលប្រមុខរដ្ឋាភិបាលលើកឡើង។ មិនស្របដោយហេតុថាថៅកែក្រុមហ៊ុនបុរីខ្លះ ដែលប្រៀបបាននឹងមេមាន់ ហាក់កំពុងរស់នៅក្នុងជីវិតហ៊ឺហា ជាមួយនឹងទ្រព្យសម្បត្តិស្តុកស្តម្ភ។ រីឯពលរដ្ឋរងគ្រោះ កំពុងរស់នៅដោយក្តីវេទនា អំឡុងពេល ដែលស្ថានភាពសុខភាពសេដ្ឋកិច្ចបច្ចុប្បន្នមានភាពមិនប្រាកដប្រជា៕

    Fri, 23 Jan 2026
  • 88 - កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?

    តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្រូវបានធ្វើឡើងចំពោះតែក្រុមមនុស្សកំប៉ិកកំប៉ុក។

    ការចាប់ខ្លួនអតីតអ្នកឧកញ៉ា លី គួង ថៅកែកាស៊ីណូមួយនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងបានបញ្ជូនទៅឃុំឃាំងបណ្តោះអាសន្ន ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាង ដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ។

    ជារូបភាពវិនិយោគ ឬជាការរកស៊ី ដែលគ្មានតម្លាភាព និងយកថវិកាទាំងនោះទៅចរាចរណ៍ ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារដើម្បីបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមអនឡាញចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។

    ជាការកត់សម្គាល់ ការចាប់ខ្លួនថៅកែកាស៊ីណូ និងសណ្ឋាគារ លី គួង ធ្វើឡើង ក្រោយការចាប់ខ្លួនដ៏ភ្ញាក់ផ្អើលអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ី និងបក្ខពួក ២នាក់ផ្សេងទៀត បញ្ជូនទៅប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។

    រដ្ឋអំណាចចិនក៏បានសម្រេចចោទប្រកាន់ ចេន ហ្ស៊ី ថាជាអ្នករៀបចំបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍។ បទឧក្រិដ្ឋទាំងនោះ ពាក់ព័ន្ធនឹងការបើកកាស៊ីណូ ការក្លែងបន្លំប្រតិបត្តិការខុសច្បាប់ និងការលាក់បាំងសកម្មភាពប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗទៀត។

    ជាមួយគ្នានេះ ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តយ៉ាងក្តៅគគុក ដោយសមត្ថកិច្ចបង្ក្រាបបទល្មើសបានចំនួន ១១៨ទីតាំង ក្នុងរាជធានី-ខេត្ត ចំនួន១៨ ឃាត់ខ្លួនជនសង្ស័យសរុបជិត ៥ពាន់នាក់ រួមមាន ២៣សញ្ជាតិ និងបានអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ករណី ពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួកប្រមាណ ១៧០នាក់។

    ទាំងអស់នេះត្រូវបានរដ្ឋាភិបាលកម្ពុជាអះអាងថា ជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ការប្រឹងប្រែងនេះបានធ្វើឡើង ក្រោយពីមានការរិះគន់ធ្ងន់ៗពីសំណាក់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលថាប្រទេសកម្ពុជាជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏កក្រើក។

    ទោះជាយ៉ាងណា ការប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការកម្ចាត់សម្បុកឆបោកអនឡាញនេះ បានទទួលស្វាគមន៍ និងលើកទឹកចិត្តពីប្រទេសចិន កូរ៉េ និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។ តែនៅក្នុងក្រសែភ្នែកជនបរទេស និងអ្នកនយោបាយប្រឆាំងខ្មែរមួយជ្រុងទៀត ពួកគេនៅរារែកក្នុងការសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ។ រារែកមិនសាទរដោយសារពួកគេមើលឃើញថា រដ្ឋាភិបាលបានបិទភ្នែក និងទុកបណ្តោយឲ្យឧក្រិដ្ឋកម្មឆបោកអនឡាញអូសបន្លាយយូរ ដែលបានធ្វើឲ្យស្រអាប់កេរ្តិ៍ឈ្មោះប្រទេសនៅពេលនេះ។

    ទោះជាយ៉ាងនេះក្តី អ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត មាស នី បានសម្តែងការគាំទ្រចំពោះចំណាត់ការកណ្តាប់ដៃដែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ។ តែលោក មាស នីមិនភ្លេចបញ្ជាក់ថា ដើម្បីអាចទទួលបានការជឿជាក់ពីសំណាក់អន្តរជាតិ និងដើម្បីស្តារកេរ្តី៍ឈ្មោះប្រទេសឡើងវិញ កម្ពុជាគួរតែមានការស៊ើបអង្កេតលើអ្នកមានអំណាច ដែលរងការសង្ស័យពីបរទេសថាបានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋផ្សេងៗ ដូចជាការឆបោកតាមអនឡាញ ការលាងលុយកខ្វក់ជាដើម។

    សរុបមក គេមិនទាន់អាចវាយតម្លៃបានយ៉ាងណាទេនៅពេលដែលចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅមិនទាន់បិទបញ្ចប់។ ទន្ទឹមគ្នានេះ មហាជនខ្មែរ ក៏ដូចជាអន្តរជាតិ ក៏កំពុងរង់ចាំមើលពីប្រសិទ្ធភាពរបស់អាជ្ញាធរកម្ពុជាក្នុងការស្តារទំនុកចិត្តឡើងវិញ តាមរយៈការបង្ក្រាបមេខ្លោងឆបោកតាមអនឡាញ និងអ្នកពាក់ព័ន្ធនានា៕

    Fri, 16 Jan 2026
  • 87 - ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?

    តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង និងអាចមានរយៈពេលយូរអង្វែង។

    ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានធ្វើការកត់ត្រាមួយផ្នែកធំស្តីពីជម្លោះរវាងកម្ពុជា និងថៃ ពោលចាប់ពីសតវត្សទី១២មក ដោយសារតែមហិច្ឆតាវាតទី និងពង្រីកទឹកដីរបស់ថៃ ឬសៀម ដែលជនជាតិនេះចាប់ផ្តើមធ្វើអន្តោប្រវេសន៍ពីខេត្តយូណានរបស់ចិន ឆ្ពោះមកទិសខាងត្បូងចាប់តាំងពីសតវត្សទី៩មក។

    គិតមកត្រឹមបច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល ៧៥ឆ្នាំមកហើយ។ ក្នុងរយៈពេល ៧៥ឆ្នាំនេះ ប្រទេសទាំងពីរ តែងមានអរិភាពនឹងគ្នាជារឿយៗ ដែលជម្លោះទាំងនោះ បញ្ឆេះឡើងដោយអ្នកនយោបាយស្និទ្ធនឹងរាជវាំងថៃ និងក្រុមជាតិនិយមជ្រុល។ ជម្លោះដែលមានការកត់សម្គាល់ទាំងនោះរួមមាន ការលើកឡើងរបស់តារាភាពយន្តថៃ ឈ្មោះ Kob Suvanant Kongying ឬនាងផ្កាយព្រឹក ដែលឈានទៅដល់ការដុតបំផ្លាញស្ថានទូតថៃនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ បន្ទាប់ពីតារាភាពយន្តថៃរូបនេះ បានលើកឡើងថាអង្គរវត្តជារបស់ថៃ។

    ក្រោយៗមកទៀត ជម្លោះធំៗ រវាងខ្មែរ និងថៃ ដែលមានស្នាមប្រេះពីអតីតកាលស្រាប់ ក៏ឈានទៅដល់ការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែនប្រទេសទាំងពីរក្នុងឆ្នាំ២០០៨​ បន្ទាប់ពីថៃនៅតែប៉ុនប៉ងចង់បានប្រាសាទព្រះវិហាររបស់ខ្មែរ ដែលថៃចាញ់ក្តីខ្មែរម្តងហើយម្តងទៀត ពោលនៅឆ្នាំ១៩៦២ម្តង និងឆ្នាំ២០១៣ ម្តងទៀត នៅពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលដីកាឆ្នាំ ១៩៦២ឡើងវិញ។

    ជម្លោះព្រំដែន ខ្មែរ-ថៃ បានចាប់ផ្តើមជាថ្មីម្តងទៀតកាលពីខែកក្កដា និងក្នុងខែធ្នូ ឆ្នាំ២០២៥នេះ ដែលជម្លោះទាំងពីរលើកចុងក្រោយនេះ មានការគាំទ្រពីក្រុមជាតិនិយមទាំងសងខាង ជាពិសេសក្រុមជាតិនិយមជ្រុលថៃ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មដោយខ្លួនឯងផង ជួយរុញ និងញុះញង់ពីក្រោយយោធាថៃផង។

    ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានភាគីកម្ពុជាបរិហារថាជាការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដោយសារយោធាថៃ បើកការវាយប្រហារចូលក្នុងទឹកដីកម្ពុជាមិនរើសទីតាំង ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរស្លាប់ របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។

    ការប្រយុទ្ធគ្នាចុងក្រោយនេះ ត្រូវពលរដ្ឋខ្មែរមើលឃើញថា ជាសង្គ្រាមសម័យថ្មី ដែលប្រើអាវុធ និងបច្ចេកវិទ្យាទំនើបៗ និងមានចរិតបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រជម្លោះជាមួយថៃ។ តើពលរដ្ឋខ្មែរ និងថៃ​ នឹងបង្កើនការស្អប់ខ្ពើមគ្នាទៅវិញទៅមកយ៉ាងណាទៅអនាគត?

    ការវាយប្រយុទ្ធគ្នាចុងក្រោយនេះ បង្ហាញថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមថៃទ្វេដង ជាងថៃស្អប់ខ្មែរ។ មានមូលហេតុសំខាន់ៗជាច្រើន ដែលជាទឡ្ហីករណ៍ ឈានទៅរកការសន្និដ្ឋានថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមពូជសាសន៍ថៃកាន់តែខ្លាំង នោះគឹយោធាថៃបានធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជា ដោយប្រើប្រាស់សព្វាវុធមិនសមមូលគ្នា វាយប្រហារមិនរើសទីតាំង ជាហេតុធ្វើឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។

    ជាគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិត របួស ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីសុវត្ថិភាព បង្កភាពភ័យខ្លាចធ្ងន់ធ្ងរ រុញច្រានប្រជាជនខ្មែរជាច្រើន ដែលមានជីវភាពក្រីក្រស្រាប់ ឲ្យធ្លាក់ទៅក្នុងរណ្តៅក្រីក្រកាន់តែជ្រៅ។ លើសពីនេះ សាលារៀននៅតាមបណ្តារខេត្តជាប់ព្រំដែនខ្មែរ-ថៃ ជាច្រើនត្រូវបានផ្អាក បណ្តាលឲ្យការសិក្សាររបស់សិស្សរប៉ាត់រប៉ាយ និងខកខាន។

    នៅក្នុងសង្គ្រាមព្រំដែននេះដែរ តាមរយៈក្រុមជាតិនិយមជ្រុលរបស់ខ្លួន ថៃបានប្រើយុទ្ធសាស្ត្របំភ័យបន្លាច ប្រមាថមើលងាយគ្រប់បែបយ៉ាងមកលើពលរដ្ឋខ្មែរ ដែលថាប្រជាជនខ្មែរក្រីក្រជាងខ្លួន។ ភាពក្រឡិចក្រឡុចរបស់ថៃ ទាំងអ្នកដឹកនាំរដ្ឋាភិបាល ទាំងយោធាថៃ និងការរំលោភច្បាប់អន្តរជាតិ ចំពោះការចាប់ឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ខុសគោលការណ៍សឹក ក៏ជារូបភាពមួយ ឆ្លុះបញ្ចាំងពីឥរិយាបទរបស់ថៃ ដែលនឹងបង្កើតការចងចាំ និងគំនុំគុំគួនពីសំណាក់ពលរដ្ឋខ្មែរដែរ។ ការបង្ហាញរូបភាពស-ខ្មៅ របស់យុទ្ធជនពលីជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ក៏ជាសោកនាដកម្ម និងការឈឺចាប់ថតជាប់នឹងភ្នែក ដែលមិនអាចបំភ្លេចបាន។

    ជាការកត់សម្គាល់ពលរដ្ឋខ្មែរកន្លងមក តែងឆាប់ភ្លេចការឈឺចាប់ ដោយជម្លោះជាមួយថៃជាច្រើនដងកន្លងមក ខ្មែរនៅតែត្រូវការប្រើប្រាស់ទំនិញសព្វសារពើរបស់ថៃ ព្រោះថាសមត្ថភាពផលិតរបស់កម្ពុជា ទាំងបរិមាណ និងគុណភាពនៅមានកម្រិត។ ក៏ប៉ុន្តែតាមរយៈជម្លោះដ៏ស្រួចស្រាល់ចុងក្រោយនេះរវាងកម្ពុជា-ថៃ អ្នកវិភាគនានា មើលឃើញថាទំនងជាពលរដ្ឋខ្មែរទូទាំងប្រទេសអាចកែប្រែប្រវត្តិសាស្ត្របាន តាមរយៈការធ្វើពហិការទំនិញថៃជាទូទៅ និងយូរអង្វែង ហើយងាកមកប្រើផលិតផលក្នុងស្រុក និងផលិតផលនាំចូលក្រៅពីថៃ។

    សេចក្តីសន្និដ្ឋានដែលអាចមើលឃើញជាមុននេះ ហាក់ស្របគ្នាទៅនឹងអំណះអំណាង ទាំងរដ្ឋបាល ទាំងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដែលថាតាមរយៈបទពិសោធន៍ពេលនេះ អំណឹះតទៅ ខ្មែរត្រូវតែខ្លាំងដោយខ្លួនឯងលើគ្រប់វិស័យ និងលែងរំពឹងខ្ពស់លើជំនួយបរទេស។ ចំណុចនេះ បើខ្មែរធ្វើបានមែន ថៃនឹងខាតបង់ដ៏ធំធេង។ ខាតបង់ដោយសារថៃបាត់ទីផ្សារ ខណៈដែលពលរដ្ឋថៃមួយភាគ ដែលធ្លាប់ធ្វើជំនួញជាមួយកម្ពុជា នឹងរងផលប៉ះពាល់ ហើយងាកទៅតវ៉ារកការទទួលខុសត្រូវជាមួយរដ្ឋាភិបាលរបស់ខ្លួន។

    ទោះយ៉ាងណា ផែនដីខ្មែរ និងថៃ ដែលមានព្រំដែនជាប់គ្នា គឺមិនអាចលើកទៅដាក់កន្លែងផ្សេងបានឡើយ។ ចំណុចនេះ កំរិតរដ្ឋបាល និងទំនាក់ទំនងផ្លូវការនៃប្រទេសទាំងពីរពិតជាមិនអាចខ្វះបាន។ សម្រាប់ប្រជាជន ជាពិសេសប្រជាជនខ្មែរ អាចថាប្រើពេលវេលាយូរអង្វែងទៅមុខ។ ពាក្យថា«សៀមមិនចោលក្បួន» នៅតែជាកណ្តឹងបន្លឺឡើងក្នុងចំណោមមហាជន និងបញ្ញវន្តខ្មែរ៕

    Sat, 20 Dec 2025
  • 86 - ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?

    អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់ផ្តល់ជំនួយដល់យុទ្ធជននៅសមរភូមិ និងជនភៀសសឹកកម្ពុជា។

    ចាប់តាំងពីមានការវាយប្រហារសាជាថ្មីពីសំណាក់កងទ័ពថៃ មកលើកងទ័ពកម្ពុជាជាច្រើនចំណុចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធតបតវិញរបស់កម្ពុជា គេសង្កេតឃើញពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានបង្ហាញការគាំទ្រយ៉ាងសកម្ម តាមរយៈការបរិច្ចាគថវិកា សម្ភារៈ និងម្ហូបអាហារដល់កងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក។

    អ្វីដែលជាកាកត់សម្គាល់នោះគឺ អ្នកនយោបាយមកពីបក្សប្រឆាំង ឬគណបក្សក្រៅរដ្ឋាភិបាល ក៏បានបង្ហាញសកម្មភាពរបស់ខ្លួន តាមរយៈការគាំទ្រជាទឹកចិត្ត ការចូលរួមជាថវិកាទៅតាមលទ្ធភាព ដែលជាផ្នែកមួយជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹក។

    កាយវិកានេះ ឆ្លុះបញ្ចាំងឲ្យឃើញថា នៅពេលប្រទេសមានសង្គ្រាមជាមួយបរទេស អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នាក៏មែនពិត តែពួកគេមានបុព្វហេតុជាតិ និងសត្រូវរួមគ្នា។ យ៉ាងណាក៏ដោយ ក៏មិនទាំងអស់ទេ ព្រោះថា នៅមានអ្នកនយោបាយខ្មែរខ្លះ ដែលនៅតែបន្តប្រើសេរីភាពបញ្ចេញមតិ ក្នុងរូបភាពជាទស្សនៈវាយប្រហារ ឌឺដង ផ្ចាញ់ផ្ចាល ខណៈដែលអ្នកនយោបាយនៃបក្សកាន់អំណាចកំពុងជាប់ដៃ ទប់ទល់នឹងការវាយប្រហាររបស់ថៃ។

    ជាគោលការណ៍ ការប្រើសេរីភាព ក្នុងការរិះគន់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនមែនជារឿងខុសទាស់នោះទេ។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាស្រួចស្រាល់ និងការប្រឆាំងគ្នាផ្កាប់មុខ នៅក្នុងកាលៈទេសៈខ្លះ ដូចជាអំឡុងពេលកំពុងមានសង្គ្រាមតាមព្រំដែនជាមួយថៃជាដើម ចង់មិនចង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ និងជាការរុញឲ្យខ្មែរ និងខ្មែរកាន់តែបែកបាក់ និងមិនអាចមានឱកាសផ្សះផ្សារគ្នាបាន។

    ប្រវត្តិសាស្ត្រ បានបង្រៀនប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យប្រទេសនេះ ចុះខ្សោយ ទឹកដីកាន់តែរួមតូច ប្រជាជនកាន់តែក្រីក្រ សត្រូវកាន់តែមើលងាយ និងប្រទេសងាយធ្លាក់ទៅក្នុងភយន្តរាយ។

    នៅក្នុងពិធីជាសាធារណៈមួយកាលពីខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ ពង្រឹងអត្តសញ្ញាណជាតិ ចៀសវាងការបែកបាក់។ ចំណុចនេះ ក៏ធ្លាប់បានឮចេញពីមាត់អ្នកនយោបាយប្រឆាំងផងដែរ។ តែឯកភាពជាតិពិតប្រាកដមិនត្រូវបានគេមើលឃើញនៅឡើយ។

    លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានកត់សម្គាល់ថា អ្នកនយោបាយខ្មែរបានមូលមតិគ្នាក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ថៃ តែពួកគេនៅមិនទាន់មូលមតិគ្នាក្នុងរឿងនយោបាយផ្ទៃក្នុង ឬទំលាក់ចោលការគុំគួនគ្នា។

    សរុបមក នៅក្នុងកាលៈទេសៈ ដែលប្រទេសកំពុងប្រឈមមុខខាងយោធាជាមួយថៃយ៉ាងដូច្នេះ ការរួបរួមគ្នា ឯកភាពគ្នារវាងខ្មែរ និងខ្មែរ គឺជារឿងសំខាន់ និងចាំបាច់បំផុត។ សំខាន់ និងចាំបាច់ ព្រោះកម្ពុជាត្រូវការកសាងប្រទេស ដើរឲ្យទាន់ស្ថានភាពតំបន់ និងពិភពលោក ចៀសវាងឧបសគ្គដែលបណ្តាលមកពីជម្លោះផ្ទៃក្នុង និងការរំខានពីសត្រូវខាងក្រៅ ដូចជាករណីបង្កហេតុពីសំណាក់ប្រទេសថៃនៅពេលនេះជាដើម៕

    Fri, 12 Dec 2025
  • 85 - តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

    អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

    ភ្លាមៗ ក្រោយមានការរិះគន់ដោយប្រើសម្តីធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថា មានភាពអសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតី ដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចដែលមានសមាសភាពមន្ត្រីកងរាជអាវុធហត្ថចំនួន ៨រូប មានភារកិច្ចធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

    ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ថែមថា មន្រ្តីណាដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺត្រូវតែបង្រ្កាបដាច់ខាត ហើយជនណា ដែលជេរប្រមាថស្ថាប័នជាតិក៏ត្រូវតែផ្តន្ទាទោសតាមច្បាប់ដែរ។

    ជុំវិញបញ្ហានេះ គេសង្កេតឃើញថា លោក តាន់ គឹមសួរដែលគេស្គាល់ជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយរូប និងដែលកំពុងដើរតួនាទីជាសកម្មជនការពារធនធានធម្មជាតិ និងបរិស្ថានបានរងនូវការសួរដេញដោលរកលិខិតបេសកម្មដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ការសួរនាំនេះត្រូវបានលោក តាន់ គឹមសួរ សង្ស័យថាជារូបភាពដើម្បីរកហេតុផលដាក់បន្ទុកលើលោក។ នៅក្នុងកិច្ចសន្ទនាតាមរយៈឃ្លីបវីដេអូ លោក តាន់ គឹមសួរ បានលើកឡើងពីកាតព្វកិច្ចរបស់លោកក្នុងនាមជាប្រជាពលករដ្ឋម្នាក់ដែលមានសិទ្ធិការពារ និងទប់ស្កាត់បទស្មើសព្រៃឈើ ដែលជាទ្រព្យសម្បត្តិរបស់លោក និងរបស់ពលរដ្ឋខ្មែរទាំងអស់។ ហេតុការណ៍ដែលបានកើតឡើងនៅស្រុកសំបូរ ខេត្តក្រចេះនេះត្រូវបានលោក ផែង វណ្ណៈ ដែលជាអ្នកកាសែតអនឡាញម្នាក់ក្នុងប្រទេសកម្ពុជាលើកយកទៅផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុករបស់លោកដោយធ្វើការរិះគន់ធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

    ការរិះគន់នេះបានធ្វើឲ្យកងរាជអាវុធហត្ថទូទាំងប្រទេសចេញញត្តិប្រតិកម្ម និងថ្កោលទោសលោក ផែង វណ្ណៈ ពីគ្រប់ទិសទី។ រឿងរ៉ាវដ៏កក្រើកបណ្តាញសង្គមមួយនេះនាំឲ្យមានការលើកឡើងថា តើការដែលសមត្ថកិច្ចមិនអើពើនេះជាការបង្ហាញពីការបន្តកើតមានបទល្មើសនៃការបំផ្លាញធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឬយ៉ាងណា?

    បញ្ហានេះបានបំផុសឲ្យមានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនគឺ ការថតបង្ហាញពីសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់សកម្មជនការពារធនធានធម្មជាតិលោក តាន់ គីមសួរ ការលើកឡើងរបស់សហគមន៍ការពារព្រៃឈើមួយចំនួនជាបន្តបន្ទាប់ និងលទ្ធផលនៃការស៊ើបអង្កេតលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

    សូមរម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានសមាសភាពចម្រុះមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហើយដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

    សូមរម្លឹកដែរថា បញ្ហាបំផ្លាញធនធានធម្មជាតិនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួនលើកឡើងកាលពីឆ្នាំ២០២៣ថា កម្ពុជាបានបាត់បង់ព្រៃឈើអស់ជាង ១២ម៉ឺនហិកតា ក្នុងនោះមានជាងពាក់កណ្តាលជាព្រៃឈើ ដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។

    តែមន្ត្រីកម្ពុជាតែងច្រានចោលនូវការលើកឡើងនេះ និងថា កម្ពុជាមានតំបន់ការពារធម្មជាតិសរុប ៧៣កន្លែងដែលមានផ្ទៃដីទំហំជាង ៧លានហិចតា ស្មើនឹងជាង៤០% នៃផ្ទៃដីប្រទេស។ ទន្ទឹមគ្នានេះ កម្ពុជាមានគោលការណ៍ដាំដើមឈើឲ្យច្រើនជាងការកាប់ ដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើកម្ពុជាឲ្យបាន ៦០% នៅឆ្នាំ២០៥០៕

    Fri, 28 Nov 2025
Mostrar más episodios